​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​​នៅ​មណ្ឌលគិរី​តវ៉ា​ទាមទារ​ឲ្យ​ក្រុមហ៊ុន​សម្បទាន​គោរព​កិច្ច​សន្យា

ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ជាង ៦០​នាក់ រស់​នៅ​ភូមិ​ចំនួន​ពីរ ក្នុង​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១២ បាន​នាំ​គ្នា​ទៅ​តវ៉ា​ទាមទារ​ឲ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច សុកហ្វីន ខេ.ស៊ី.ឌី (Socfin KCD) គោរព​កិច្ចសន្យា​បី​ចំណុច​ដែល​ក្រុមហ៊ុន​បាន​ចុះ​ហត្ថលេខា​ជាមួយ​ប្រជាពលរដ្ឋ​កាល​ពី​ឆ្នាំ​២០១០។
ដោយ រដ្ឋា វីសាល
2012-11-12
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

កិច្ច​សន្យា​ទាំង​បី​ចំណុច​រួម​មាន ប្រជាពលរដ្ឋ​យល់​ព្រម​ឲ្យ​ក្រុមហ៊ុន​ឈូស​ឆាយ​ដី​ដាំ​កៅស៊ូ​លើ​ដី​ចំការ​ចាស់ និង​ដី​ចំការ​វិល​ជុំ​ប្រជាពលរដ្ឋ ជា​ថ្នូរ​នឹង​ក្រុមហ៊ុន​យល់​ព្រម​ផ្តល់​សំណង​ជា​ប្រាក់ ឬ​ផ្តល់​ដី​ជា​ថ្នូរ និង​ដាំ​កៅស៊ូ​ប្រវាស់​ជាមួយ​ប្រជាពលរដ្ឋ​តាម​ទំហំ​ដី​របស់​គ្រួសារ​ម្នាក់ៗ។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក ហូ សំអុល ដែល​បាន​ឃ្លាំ​មើល​ហេតុការណ៍​នេះ ឲ្យ​ដឹង​ថា ការ​តវ៉ា​នោះ​មិន​ទាន់​បាន​លទ្ធផល​អ្វី​ទេ ក៏​ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​បាន​អនុញ្ញាត​ឲ្យ​តំណាង​ប្រជាពលរដ្ឋ ៤​នាក់ ចូល​ជួប​ចរចា និង​សន្យា​ថា ក្នុង​រយៈពេល​មួយ​ខែ​ទៀត ក្រុមហ៊ុន​នឹង​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​តាម​កិច្ចសន្យា។

លោក ហូ សំអុល៖ «គាត់​បាន​ទៅ​ត្រឹម​តែ​ខ្លោងទ្វារ​របស់​ក្រុមហ៊ុន​នោះ​ទេ ក៏​ប៉ុន្តែ​ថ្ងៃ​ម៉ោង ២​នេះ គេ​សន្យា គេ​នឹង​ធ្វើ​កិច្ច​សន្យា​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ឲ្យ​អស់​ចិត្ត អ៊ីចឹង​ប្រជាពលរដ្ឋ​គាត់​បាន​ចេញ​ពី​ក្រុមហ៊ុន​ហ្នឹង​វិញ​ហើយ»

តំណាង​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា រហូត​មក​ទល់​នឹង​ឆ្នាំ​២០១២ នេះ ក្រុមហ៊ុន​បាន​កាត់​ដី​ដែល​បាន​ដាំ​កៅស៊ូ​រួច​ជូន​ប្រជាពលរដ្ឋ ប៉ុន្តែ​បែរ​ជា​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ចុះ​កិច្ច​សន្យា​ជួល​ដី​នោះ​ពី​ក្រុមហ៊ុន​វិញ ក្នុង​កិច្ចសន្យា ៦០​ឆ្នាំ។ ករណី​នេះ​ប្រជាពលរដ្ឋ​មិន​យល់​ព្រម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល