មន្ត្រីសុខភាពសាធារណៈបាននិយាយថា ទោះយ៉ាងណា ក៏គេត្រូវតែចាត់វិធានការការពារជាបន្ទាន់ចំពោះជំងឺឆ្លងប្រភេទនេះ ដើម្បីកុំឱ្យចម្លងទៅកុមារកាន់តែកើនឡើងៗបាន។
លោកវេជ្ជបណ្ឌិត ក្រូស សារ៉ាត់ ជាប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោកបានមានប្រសាសន៍ថា បច្ចុប្បន្ននេះមន្ទីរសុខាភិបាល បានរៀបចំក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់មួយ ដោយមានរថយន្តសង្គ្រោះនៅតាមមន្ទីរពេទ្យជាច្រើនកន្លែង ដើម្បីជួយសង្គ្រោះកុមារដែលកើតជំងឺពងបែកលើដៃ ជើង និងក្នុងមាត់ ព្រមទាំងធ្វើការតាមដានជាប្រចាំទៅលើជំងឺនោះផង។
លោកវេជ្ជបណ្ឌិត ក្រូស សារ៉ាត់ បានឱ្យដឹងទៀតថា ក្រៅពីបានរៀបចំក្រុមគ្រូពេទ្យដើម្បីឆ្លើយតបជាបន្ទាន់ គឺមន្ទីរសុខាភិបាលក៏បានរៀបចំភ្នាក់ងារសុខភាព ឱ្យចុះធ្វើការអប់រំប្រជាពលរដ្ឋនៅតាមតំបន់ ឱ្យយល់អំពីកិច្ចការពារ និងអាចជៀសផុតពីជំងឺនេះផងដែរ៖ «ជំងឺនេះ គឺឆ្លងដោយសារតែបញ្ហាអនាម័យ វាមិនមែនដូចសារស៍ (SARS) ដូចអីទេ ហើយយើងបានរៀបចំផ្សព្វផ្សាយទៅអស់ហើយ តាមមណ្ឌលសុខភាព តាមមន្ទីរពេទ្យ។ យើងបានសហការជាមួយខាងមន្ទីរពេទ្យកុមារអង្គរ ផលិតចេញជាលីហ្វឡិត (Leaflet=ខិត្តប័ណ្ណ) យើងឱ្យទៅតាមមណ្ឌលសុខភាព ដើម្បីឱ្យគាត់ផ្សព្វផ្សាយបន្ត អប់រំបន្ត»។
ទោះយ៉ាងណា មន្ត្រីមន្ទីរសុខាភិបាលខេត្តសៀមរាប មិនអាចបញ្ជាក់បានច្បាស់លាស់ទេថា តើមានកុមារចំនួនប៉ុន្មាននៅក្នុងខេត្តនេះ ដែលបានកើតជំងឺពងបែក លើដៃ ជើង និងក្នុងមាត់នោះ ពីព្រោះតែនៅក្នុងមន្ទីរពេទ្យរដ្ឋ មិនមានកុមារកើតជំងឺនេះចូលទៅព្យាបាលទេ គឺមានតែមន្ទីរពេទ្យគន្ធបុប្ផាជ័យវរ្ម័នទី៧ និងមន្ទីរពេទ្យកុមារអង្គរមិត្តគ្មានព្រំដែន ដែលទទួលបាន ទទួលព្យាបាលកុមារកើតជំងឺនេះ។
លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា ជាអនុប្រធានមន្ទីរពេទ្យកុមារអង្គរមិត្តគ្មានព្រំដែន បានមានប្រសាសន៍ថា ចាប់តាំងពីមន្ទីរពេទ្យរបស់លោកបានចាប់ផ្ដើមទទួលព្យាបាលកុមារពីឆ្នាំ១៩៩៩ មក គឺបានជួបប្រទះកុមារដែលកើតជំងឺនេះ ហើយកាលពីពេលថ្មីៗ មន្ទីរពេទ្យរបស់លោក ក៏បានទទួលព្យាបាលកុមារដែលកើតជំងឺនេះដែរ ក៏ប៉ុន្តែឆ្នាំនេះ ហាក់ដូចជាវាមានសភាពធ្ងន់ធ្ងរ ដោយសារវីរុសប្រែទៅជាកាចសាហាវ បណ្ដាលឱ្យកុមារខ្លះស្លាប់។
លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា៖ «យើងជួបប្រហែលជា ៥ទៅ៦ករណី ជំងឺនៅក្នុងមន្ទីរពេទ្យរបស់យើង នៅផ្នែកពិគ្រោះជំងឺក្រៅ។ យើងឃើញរោគសញ្ញា ប៉ុន្តែជំងឺហ្នឹង វាស្រាលហើយយើងឱ្យត្រឡប់ទៅផ្ទះ ហើយយើងតាមដាន លើកលែងតែកុមារដែលមានបញ្ហានេះធ្ងន់ធ្ងរ ដែលគាត់មិនអាចញ៉ាំបានដោយសារពងបែកនៅនឹងមាត់ឈឺ ដូច្នេះយើងត្រូវការដាក់សម្រាកពេទ្យ»។
លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា បានពន្យល់ថា ជំងឺពងបែកលើដៃ ជើង និងមាត់ គឺឆ្លងមកពីវីរុសម្យ៉ាង ដែលគំរាមកំហែងទៅលើក្មេងអាយុក្រោម ៥ឆ្នាំ។ វីរុសប្រភេទនោះ អាចចម្លងពីក្មេងដែលឈឺទៅកាន់អ្នកផ្សេងទៀត តាមរយៈការប៉ះពាល់សំបោរ ឬការថើប និងប្រើប្រាស់វត្ថុផ្សេងទៀតជាមួយអ្នកជំងឺជាដើម។
ជំងឺប្រភេទនេះមិនទាន់មានវ៉ាក់សាំង សម្រាប់ការពារនៅឡើយទេ ប៉ុន្តែវិធានការការពារគឺត្រូវលាងដៃឱ្យបានស្អាតជាមួយសាប៊ូ បន្ទាប់ពីទៅប៉ះពាល់អ្នកជំងឺរួចមក និងទី២ គឺកុំប៉ះពាល់ និងជៀសវាងការប្រើប្រាស់សម្ភារៈរួមគ្នាជាមួយអ្នកជំងឺ ហើយជាពិសេសកុំឱ្យយកកុមារដែលមានជំងឺទៅលេងជាមួយនឹងកុមារផ្សេងទៀត ដែលមិនមានជំងឺ។
នៅខេត្តសៀមរាប ពេលបច្ចុប្បន្ន ចាប់តាំងពីមានការភ្ញាក់ផ្អើលអំពីជំងឺពងបែកលើដៃ ជើង និងក្នុងមាត់ មក គឺឪពុកម្តាយរបស់កុមារមួយចំនួនបានផ្អាកមិនយកកូនតូចៗទៅសាលា និងយកទៅក្នុងទីផ្សារដែលមានប្រជុំហ្វូងមនុស្សកុះករទេ។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានអះអាងថា បើទោះបីជាទូទាំងប្រទេសកំពុងមានការភ្ញាក់ផ្អើលអំពីជំងឺពងបែកលើដៃ ជើង និងក្នុងមាត់ក៏ដោយ ក៏នៅខេត្តសៀមរាប មិនបានធ្លាក់ចុះចំនួនភ្ញៀវទេសចរបរទេសទេ ក្នុងមួយរយៈពេលមកនេះ។ លោក ង៉ូវ សេងកាក់ បានបញ្ជាក់ថា ការហោះហើរដែលដឹកជញ្ជូនអ្នកទេសចរបរទេស នៅតែមានចំនួនពី ២៥ទៅ៣០ជើងក្នុង១ថ្ងៃៗ ហើយចំនួនអ្នកទេសចរបរទេស មានតែកើនឡើងមិនថយចុះ ដោយសារតែការភ័យខ្លាចនឹងជំងឺពងបែកលើដៃ ជើង និងក្នុងមាត់ នោះទេ។
លោក ង៉ូវ សេងកាក់ បានឱ្យដឹងថា ពេលបច្ចុប្បន្នក្នុង១ថ្ងៃៗមានអ្នកទេសចរបរទេសប្រមាណ ៥ពាន់នាក់ បានចូលមកទស្សនាប្រាសាទបុរាណនៃខេត្តសៀមរាប៖ «និយាយឱ្យចំទៅ មិនមានសញ្ញាណាដែលធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរទេ នៅធម្មតាអត់មានបញ្ហាទេ អ្វីដែលសំខាន់ មន្ទីរទេសចរណ៍បានអប់រំទៅម្ចាស់ភោជនីយដ្ឋាននានា ឱ្យគាត់ធ្វើយ៉ាងណាឱ្យបានស្អាត ហើយបងប្អូនត្រូវលាងដៃមុនទទួលទានអាហារផ្សេងៗហ្នឹង»។
ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា និងអង្គការសុខភាពពិភពលោក (WHO) ដែលកំពុងប្រឹងប្រែងធ្វើការរួមគ្នា បានរំពឹងទុកថា គេនឹងពង្រឹងការតាមដាន ដើម្បីរកឱ្យឃើញករណីថ្មីៗនៃស្ថានភាពធ្ងន់ធ្ងររបស់ជំងឺនេះ នៅពេលប៉ុន្មានខែខាងមុខនេះទៀត។
កាលពីថ្ងៃទី១២ ខែកក្កដា កន្លងទៅ ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោកបានឱ្យដឹងថា យោងតាមការស្រាវជ្រាវ គេបានរកឃើញកុមារចំនួន ៧៨នាក់ ដែលមន្ទីរពេទ្យគន្ធបុប្ផា នៅទីក្រុងភ្នំពេញ និងមន្ទីរពេទ្យផ្សេងទៀត បានជួបប្រទះ។ ក្នុងចំណោមករណីនោះ គឺអ្នកជំងឺចំនួន ៥៤នាក់បានស្លាប់។
ក្នុងវិធានការឆ្លើយតបដើម្បីទប់ស្កាត់ជំងឺនេះ រដ្ឋាភិបាលកម្ពុជាដែលមានការគាំទ្រពីអង្គការសុខភាពពិភពលោក បានដាក់ចេញនូវគោលការណ៍ចាប់ផ្ដើមពង្រឹងការតាមដានរោគសញ្ញាសរសៃប្រសាទ និងផ្លូវដង្ហើម ព្រមទាំងរោគសញ្ញាគន្លឹះមួយចំនួនទៀត ក្នុងចំណោមអ្នកកើតជំងឺដែលពងបែក ដៃ ជើង និងក្នុងមាត់ធ្ងន់ធ្ងរ ដែលបង្កឡើងដោយមេរោគ EV-71 នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។