សូមបញ្ជាក់ថា នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ កម្ពុជានឹងឈានដល់ការបោះឆ្នោតសកលជ្រើសរើសអ្នកតំណាងរាស្ត្រនិងមេដឹកនាំរដ្ឋាភិបាលអាណត្តិទី៤នោះហើយ ។
មន្ត្រីសិទ្ធិមនុស្ស អាដហុក លោកស្រី ទ្រី ឈូន ដែលបម្រើការឲ្យក្រុមអង្គការឃ្លាំមើលការបោះឆ្នោតផងដែរនោះ បានថ្លែងថា លោកស្រីបារម្ភនៅពេលដែលកន្លែងអ្នកស្រុក ៤០០គ្រួសារ ធ្លាប់តែរស់នៅស្រាប់តែបាត់អស់រលីង មកដល់ថ្ងៃនេះ ។
លោកស្រី ទ្រី ឈូន មានប្រសាសន៍ថា ៖ «នៅអន្លង់ក្រោមនេះ ខ្ញុំមកដល់ឃើញថា ផ្ទះប្រជាជនអស់រលីង សូម្បីមនុស្សតែម្នាក់ ក៏អត់ដែរ ។ យើងឃើញមានការបោះផ្លាករបស់រដ្ឋបាលព្រៃឈើដើម្បីកូនឈើឡើងវិញនៅតំបន់ហ្នឹង» ។
លោកស្រី ទ្រី ឈូន ដែលបម្រើការឲ្យអង្គការសង្កេតការណ៍បោះឆ្នោតខុមហ្វ្រែល ផងដែរនោះ បានថ្លែងថា លោកស្រីមិនសង្ឃឹមថា អ្នកស្រុកទាំងនោះ នឹងអាចទៅបោះឆ្នោតតាមការរំពឹងទុកនោះទេ។
អ្នកស្រុកភូមិជ័យសេនា បានប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទថា ពួកគេបានរស់នៅបែកខ្ញែកគ្នា ។ អ្នកខ្លះភៀសមកភ្នំពេញ។ អ្នកខ្លះនាំគ្នាទៅរស់នៅក្នុងវត្តក្បែរៗនោះ ។ អ្នកខ្លះនាំគ្នាទៅរស់នៅជាយៗភូមិ ។
អ្នកស្រុកម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានរៀបរាប់តាមទូរស័ព្ទពីកន្លែងមួយមកថា អ្នកភូមិត្រូវក្រុមទាហានកងពលតូចលេខ៣១ បានបង្ខំឲ្យចាកចេញពីភូមិតាំងពីថ្ងៃទី៥ កក្កដានោះមក ៖ «ពួកខ្ញុំ ១៥គ្រួសារហ្នឹង រស់នៅខាងជើងហ្នឹង នៅសុំដីខាងត្រពាំងស្នេហ៍ ហើយបងប្អូនមួយចំនួនទៀតនៅខាងលិចផ្លូវហ្នឹង នៅចំនួនប្រហែល១០គ្រួសារដែរ ហើយទៅនៅវត្តវាលធំ មួយចំនួនទៀត» ។
ម៉ាយ៉ារិទ្ធិ ៖ បងប្អូនសុទ្ធតែមានសិទ្ធិបោះឆ្នោត អ៊ីចឹងដល់ពេលទៅបោះឆ្នោត តើដឹងថា ត្រូវទៅបោះនៅឯណា ឬទេ?
អ្នកភូមិ ៖ អត់ដឹងថា ត្រូវទៅបោះនៅឯណាទេ ។ ខ្ញុំចង់ថា ឲ្យគេជួយរកដំណោះស្រាយបញ្ហាបោះឆ្នោតហ្នឹងផង ខ្ញុំស្ដាយសន្លឹកឆ្នោត ពួកខ្ញុំមានគ្នាច្រើន ។
មន្ត្រីសិទ្ធិមនុស្ស អ្នកស្រី ទ្រី ឈូន បានថ្លែងថាលោកស្រីនឹងធ្វើសេចក្តីរាយការណ៍នេះ ទៅលើដើម្បីរកមធ្យោបាយថា តើគេនឹងត្រូវដោះស្រាយដោយមធ្យោបាយណា ៕
