អ្នកភូមិម្នាក់ឈ្មោះ ហេង អាន បានថ្លែងថា កាលពីយប់ថ្ងៃទី៦ កក្កដា គ្រួសារគាត់ ជាមួយនឹងអ្នកភូមិឯទៀត ដែលទីលំនៅត្រូវគេរុះរើ បាននាំគ្នាឱបដៃទ្រាំរងានឹងទឹកភ្លៀងពេញមួយយប់ ដោយសារតែគ្មានទីជម្រកត្រូវក្រុមទាហានកងពលតូចលេខ៣១ បានរុះរើអស់គ្មានសល់ ។
អ្នកភូមិដដែល បានថ្លែងថា ឥឡូវនេះ ផ្ទះរាប់រយត្រូវក្រុមទាហានបានដើរបំផ្លាញស្ទើរអស់ទៅហើយ ហើយនៅសល់តែតិចតួចប៉ុណ្ណោះ ៖ «ខ្សែចុងក្រោយហើយ បើអត់មានអង្គការណា គាត់អត់មានមុខមកទេ សំឡេងពួកខ្ញុំបាត់ហើយ ពីរថ្ងៃទៀតបាត់សំឡេងហើយ គេនឹងធ្វើគ្រប់រូបភាពដើម្បីបោសសំអាតចេញ ហើយបើយ៉ាងខ្លាំង ពួកខ្ញុំទៅនៅវត្ត» ។
មន្ត្រីសិទ្ធិមនុស្សអង្គការអាដហុក លោកស្រី ទ្រី ឈួន បានមានប្រសាសន៍នៅថ្ងៃនេះថា ក្រុមអង្គការសិទ្ធិមនុស្ស កំពុងតែធ្វើកិច្ចការនេះយ៉ាងយកចិត្តទុកដាក់ ហើយនៅថ្ងៃច័ន្ទ ស្អែកនេះ ក្រុមសិទ្ធិមនុស្សនឹងចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីស្នើសុំឲ្យក្រុមអាជ្ញាធរពិចារណារឿងរុះរើផ្ទះប្រជាជននៅភូមិជ័យសេនានោះម្តងទៀត ។
ទោះជាយ៉ាងណាក៏ដោយ អ្នកភូមិដដែលថ្លែងថា គេស្ទើរតែអស់សង្ឃឹមទៅហើយ ចំពោះការអំពាវនាវរកការជួយសង្គ្រោះពីក្រុមអង្គការសិទ្ធិមនុស្សនោះ ៖ «អង្គការថា ដោះស្រាយអត់មានអ្នកណាចេញមកជួយពិតប្រាកដ គ្រាន់តែឮ ។ ចង់ឲ្យមកឃើញផ្ទាល់ ជាពិសេសអង្គការក្រៅរដ្ឋាបាល បើលោកចង់ជួយ សូមមកផ្ទាល់ បើឃើញលទ្ធភាពប៉ុណ្ណាលោកវាយតម្លៃទៅ ។ ការលំបាករបស់ពួកខ្ញុំ រៀបរាប់មួយថ្ងៃមិនអស់ទេ» ៕
