សមយុទ្ធ​ស្ដីពី​ការ​ជួយ​សង្គ្រោះ​អ្នក​ដំណើរ​​នៅ​​ពេល​ធ្លាក់​យន្តហោះ

ដោយ ហង្ស សាវយុត
2014.09.01

រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​កំពុង​ជំរុញ​ឱ្យ​បុគ្គលិក​បម្រើ​ការ​នៅ​តាម​ព្រលានយន្តហោះ និង​ស្ថាប័ន​ពាក់ព័ន្ធ​ខ្លះ​ទៀត មាន​សមត្ថភាព​ជំនាញ​​​​ចូល​រួម​ជួយ​សង្គ្រោះ​បន្ទាន់​ទៅ​លើ​អ្នក​រង​គ្រោះ​នៅ​ពេល​ដែល​មាន​យន្តហោះ​ធ្លាក់ ឬ​ក៏​មាន​គ្រោះ​ថ្នាក់​អ្វី​មួយ​ជាយថាហេតុ​ភ្លាមៗ។

ការបណ្ដុះ​បណ្ដាល​ជំនាញ​នេះ ​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ធ្វើ​លំហាត់​បែប​សិប្បនិមិត្ត​មួយ​នៅ​ឯ​ទីវាល​ជនបទ ​នា​ខេត្ត​សៀមរាប។

បុគ្គលិក​ព្រលានយន្តហោះ ក្រុម​គ្រូពេទ្យ ​រួម​ទាំង​យោធា កងរាជអាវុធហត្ថ ប៉ូលិស និង​អាជ្ញាធរ​ពាក់ព័ន្ធ​មកពី​ស្ថាប័ន​​ខ្លះ​ទៀត​ជិត ៥០០​នាក់ បាន​ចូល​រួម​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១ ខែ​កញ្ញា ​ស្ដីពី​ការ​ជួយ​សង្គ្រោះ​អ្នក​ដំណើរ​​នៅ​​ពេល​ដែល​មាន​យន្តហោះ​ធ្លាក់។

សមយុទ្ធ​ថ្នាក់​ជាតិ​ដែល​ធ្វើ​ឡើង​នៅ​​ចម្ងាយ​ប្រមាណ ១៥​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប​នេះ ​គឺ​គេ​បាន​យក​បំពង់​ដែក​ធំៗ​ជា​ច្រើន​កំណាត់​ទៅ​ដាក់​តម្រៀប​គ្នា​​​កណ្ដាល​វាលស្រែ ​ហើយ​ដុត​កង់​ឡាន​ចាស់ៗ ឱ្យ​ឆេះ​មាន​ផ្សែង​ហុយទ្រលោម​ ​ជា​និមិត្តរូប​នៃ​យន្តហោះ​ធ្លាក់​ឆេះ ​បន្ទាប់​មក​ក្រុម​សន្តិសុខ​និង​សុវត្ថិភាព​​របស់​ព្រលានយន្តហោះ បាន​ស្រែក​ប្រកាស​អាសន្ន​តាម​វិទ្យុ​ទាក់ទង ហាក់​ដូច​ជា​ព្រឹត្តិការណ៍​ពិតៗ ដើម្បី​ឱ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​​ជា​ច្រើន​​ចាប់​ផ្ដើ​ម​ប្រតិបត្តិការ​សង្គ្រោះ។

​អនុ​ប្រធាន​នាយកដ្ឋាន​សន្តិសុខ សុវត្ថិភាព​អាកាសចរណ៍ ​និង​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មការ​រៀបចំ​សមយុទ្ធ​ គឺ​លោក តុល បូរិន។ លោក​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១ ខែ​កញ្ញា ថា៖ សមយុទ្ធ​ពេល​នេះ ក្រោម​ប្រធាន​បទ​យន្ត​ហោះ​ធ្លាក់​នៅ​ខាង​ក្រៅ​អាកាសយានដ្ឋាន ​ដើម្បី​ត្រៀម​ខ្លួន​ឆ្លើយ​តប​នឹង​គ្រោះ​អាសន្ន​ដែល​អាច​កើត​ឡើង​​​ជាយថាហេតុ។

លោក តុល បូរិន៖ «ការ​ធ្វើ​សមយុទ្ធ​លើក​នេះ គឺ​យើង​មាន​គ្រប់​ស្ថាប័ន មាន​មន្ទីរ​ក្រសួង​នៅ​ជុំវិញ​ខេត្ត ពិសេស​កង​កម្លាំង​រាជអាវុធហត្ថ ប៉ូលិស ​ខេត្ត អាជ្ញាធរ​ដែន​ដី​មន្ទីរ​សុខាភិបាល មន្ទីរ​ព័ត៌មាន​ខេត្ត។ ការ​ធ្វើ​លំហាត់​សមយុទ្ធ​ថ្ងៃ​នេះ គឺ​យើង​ប្រើ​រថយន្ត​ពេទ្យ អូប័រ ការ​សង្គ្រោះ​នៅ​លើ​ដី ហើយ​ការ​ជួយ​សង្គ្រោះ​នេះ គឺ​មាន​ការ​សែង​អ្នក​ស្លាប់ រៀបចំ​គឺ​ដូច​ករណី​ជាក់ស្ដែង​អ៊ីចឹង»

នៅ​ឯ​កន្លែង​លំហាត់​សមយុទ្ធ​ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ​ក្រុម​អ្នក​សង្គ្រោះ​ចម្រុះ​បាន​ប្រើ​រថយន្ត​ពន្លត់​ អគ្គីភ័យ​រថយន្ត​ស៊ីរ៉ែន រថយន្ត​ពេទ្យ ​ព្រមទាំង​ អូរប័រ ជាច្រើន​គ្រឿង ហើយ​ក្រុម​សមត្ថកិច្ច​ចម្រុះ ​បាន​ចូល​​ទៅ​សែង​អ្នក​រងគ្រោះ​ ​ដឹក​តាម​ឡាន​ពេទ្យ ដូច​ជា​ហេតុការណ៍​កើត​មាន​ពិតៗ។

ស្នងការ​រង​នៃ​ស្នងការដ្ឋាន​ផែនការ ប្រតិបត្តិការ​របស់​បញ្ជា​ការដ្ឋាន​​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែល​​ដឹក​នាំ​កម្លាំង​កងរាជអាវុធហត្ថ ចូលរួម​​ធ្វើ​សមយុទ្ធ​នោះ​ដែរ លោក​ឧត្ដមសេនីយ៍ត្រី តាត ចាន្ថា មាន​ប្រសាសន៍​ថា កង​រាជអាវុធហត្ថ ក្រៅ​ពី​ធ្វើ​ការ​អនុវត្ត​ច្បាប់ គឺ​ធ្លាប់​​បាន​ចូលរួម​សម​យុទ្ធ​ជា​ច្រើន​លើក​ក្រោម​ជំនួយ​ពី​កងទ័ព​ម៉ារីន និង​កងទ័ព​ជើង​គោក​របស់​សហរដ្ឋ​អាមេរិក​ស្ដីពី​ការ​សង្គ្រោះ​ពេល​មាន​អគ្គីភ័យ ​ពេល​មាន​គ្រោះ​ធម្មជាតិ​ទឹក​ជំនន់​ជាដើម។ បន្ទាប់​ពី​ការ​ចូលរួម​សម​យុទ្ធ​ជា​ច្រើន​មក គឺ​កងរាជអាវុធហត្ថ​តែង​​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ​ហើយ​​ការ​ធ្វើ​សមយុទ្ធ​ស្ដីពី​ការ​ធ្លាក់​យន្តហោះ​ពេល​នេះ វា​ហាក់​ដូចជា​ការ​ដុសខាត់​ចំណេះ​ដល់​កងកម្លាំង​ទៅ​លើ​​ជំនាញ​ជួយ​សង្គ្រោះ​នានា​ឡើង​វិញ។

លោក​ឧត្ដមសេនីយ៍ត្រី តាត ចាន្ថា៖ «តាម​រយៈ​ការ​អនុវត្ត​ផ្ទាល់​នេះ​ហើយ បាន​ផ្ដល់​ឱ្យ​យើង​នូវ​បទពិសោធន៍​ថ្មីៗ រួម​ទាំង​យើង​សិក្សា​យល់​ដឹង​ពី​ភាព​ចន្លោះ​ប្រហោង ​ដើម្បី​កែទម្រង់​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​លើ​ការ​សង្គ្រោះ​បន្ទាន់​ហ្នឹង។ បើ​យើង​និយាយ​ពី​សមយុទ្ធ​សង្គ្រោះ​ធ្លាក់​យន្តហោះ​នេះ វា​សាហាវ​ជាង​សមយុទ្ធ​ដទៃ​ទៀត ​ដូច​ទឹក​ជំនន់​ក្តី គ្រោះថ្នាក់​ផ្សេងៗ​ទៀត ដោយ​គ្រោះ​ធម្មជាតិ ព្រោះ​នេះ​វា​ទាមទារ​ពេល​វេលា​យ៉ាង​លឿន​បំផុត​ក្នុង​សង្គ្រោះ»

មន្ត្រី​អាកាសចរណ៍​ស៊ីវិល​ឱ្យ​ដឹង​ថា សមយុទ្ធ​ស្ដីពី​ការ​ធ្លាក់​យន្តហោះ​នៅ​ក្រៅ​អាកាសយានដ្ឋាន​នេះ​គឺ​ជា​លើក​ដំបូង​ដែល​ធ្វើ​នៅ​កម្ពុជា។ ១០​ថ្ងៃ​នៅ​​មុន​ពេល​ចាប់​ធ្វើ​សមយុទ្ធ​ស្ដីពី​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នេះ រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ប្រាប់​ដល់​សាធារណជន​ទាំង​អស់​ឱ្យ​បាន​​​ដឹង ដើម្បី​ជៀសវាង​ការ​ភ្ញាក់ផ្អើល​និង​យល់​ច្រឡំ​ទៅ​លើ​ហេតុការណ៍​ពិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។