ស្ត្រីអ្នកភូមិឈ្មោះ ពេជ្រ ស៊ីណា អាយុ៣៦ឆ្នាំ ជាប្រជាពលរដ្ឋនៅភូមិព្រងិល ឃុំព្រងិល គាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ កញ្ញា ថា សំណាប និងសន្ទូងរបស់គាត់ និងរបស់អ្នកភូមិព្រងិលជាច្រើនហិកតារ បានខូចខាតបណ្ដាលមកពីទឹកភ្លៀងបានដក់នៅមិនអាចហូរចេញរួច។ គាត់បន្តថា កត្តានេះកើតឡើងដោយសារក្រុមហ៊ុនភាពីម៉ិច (PHEAPIMEX) បានបិទលូ និងប្រឡាយដែលមានស្រាប់ នៅពេលដែលក្រុមហ៊ុននេះបានពង្រីក និងជួសជុលផ្លូវ ដោយពុំព្រមដាក់លូ និងកាយប្រឡាយឲ្យទឹកហូរចេញដូចពីមុន៖ «កាលភូមិឃុំធ្វើ គេដាក់លូ៣កន្លែង។ ដល់ឥឡូវហ្នឹង ខាងក្រុមហ៊ុនចាក់ដីបន្ថែមដាក់បុកថ្មពីក្រោម ហើយអត់ដាក់លូទេ អត់ឲ្យទឹកហូរទាំងអស់។ ឥឡូវ សន្ទូងពួកខ្ញុំវាលិចអស់ហើយ បើតែ២ ឬ៣ថ្ងៃទៀត គឺរលួយអស់ ព្រោះសន្ទូងទើបតែបានស្ទូង។ អ៊ីចឹង ខ្ញុំសូមជំរាបជូនទៅថ្នាក់លើឲ្យជួយដោះស្រាយផង»។
ស្ត្រីអ្នកភូមិម្នាក់ទៀតឈ្មោះ ឃិន គី អាយុ៦៤ឆ្នាំ បានឲ្យដឹងបន្ថែមថា គាត់ជាអ្នកមករស់នៅចំណុចច្រកចង្អៀតភូមិព្រងិល នេះតាំងពីឆ្នាំ១៩៨៩។ គាត់ថា តាំងពីដើមរៀងមក ផ្លូវនេះមានដាក់លូកាត់ថ្នល់៣កន្លែង ព្រមទាំងមានប្រឡាយសម្រាប់បង្ហូរទឹកចេញផង តែបន្ទាប់ពីក្រុមហ៊ុនភាពីម៉ិច ជួសជុលផ្លូវនេះ ក្រុមហ៊ុនមិនព្រមដាក់លូដូចដើមវិញទេ។ ម្យ៉ាងទៀត ក្រុមហ៊ុនបានពង្រីកផ្លូវ ធ្វើឲ្យប្រឡាយអមផ្លូវត្រូវលុបបាត់ ទើបបណ្ដាលឲ្យស្ទះទឹកយ៉ាងដូច្នេះ៖ «រឿងលិចសន្ទូងពួកខ្ញុំអស់នេះ មកពីក្រុមហ៊ុនចិនមិនព្រមដាក់លូ។ ហេតុអីបានជាអស់លោកមិនឲ្យចិនដាក់លូ និងធ្វើប្រឡាយដូចពីមុន។ សូមអស់លោកមេត្តាជួយឲ្យចិនហ្នឹង ស្ដារប្រឡាយ និងដាក់លូឲ្យពួកខ្ញុំវិញ លិចសន្ទូងពួកខ្ញុំអស់ហើយ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបំភ្លឺពីតំណាងក្រុមហ៊ុនភាពីម៉ិច បានទេ នៅល្ងាចថ្ងៃទី១៧ កញ្ញា នេះ។
យ៉ាងនេះក្ដី អនុប្រធានភូមិព្រងិល គឺលោក យឹម ប៊ុនលី ពន្យល់ចំពោះបញ្ហានេះថា អាជ្ញាធរភូមិ និងឃុំ ធ្លាប់ប្រាប់ឲ្យក្រុមហ៊ុនដាក់លូកាត់ថ្នល់ និងកាយប្រឡាយ សម្រាប់បង្ហូរទឹកចេញដែរ តែក្រុមហ៊ុនហាក់មិនយកចិត្តទុកដាក់ចំពោះសម្ដីរបស់អាជ្ញាធរ ភូមិ ឃុំ ទេ៖ «យើងថា ឲ្យក្រុមហ៊ុនកាយ ដើម្បីដាក់លូឲ្យយើងវិញដែរ យើងបានស្នើសុំបញ្ហានេះដល់ថ្នាក់ស្រុក តែគេចេះតែពន្យារមករហូតទាល់តែរាល់ថ្ងៃហ្នឹង»។
ទាក់ទិនចំពោះបញ្ហាលិចលង់សំណាប និងសន្ទូងរបស់អ្នកភូមិនេះដែរ មេឃុំព្រងិល គឺលោក ឱក ឆឹម មានប្រសាសន៍ថា អាជ្ញាធរកំពុងសហការជាមួយប្រជាពលរដ្ឋកាយថ្មចេញពីមាត់លូចាស់ ដើម្បីឲ្យទឹកអាចហូរចេញជាបណ្ដោះអាសន្ន។ លោកថា ការចាក់ពង្រីកថ្នល់បានធ្វើឲ្យលុបមាត់លូចាស់ដែលមានស្រាប់ និងធ្វើឲ្យប្រឡាយរួមតូចស្ទើរបាត់ទាំងស្រុង៖ «ផ្លូវហ្នឹង គេធ្វើឲ្យធំដល់អ៊ីចឹង វារីកហួសមាត់លូ ធ្វើឲ្យស្ទះទឹក។ ដល់ឥឡូវហ្នឹង យើងបានកាយថ្មចេញពីមាត់លូឲ្យទឹកហូរបានហើយ»។
យ៉ាងនេះក្ដី លោកមេឃុំអះអាងថា ការលិចនេះមិនបណ្ដាលឲ្យខូចសន្ទូង និងសំណាបរបស់អ្នកភូមិទេ ព្រោះទឹកអាចហូរចេញអស់ក្នុងពេលដ៏ខ្លីខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។