សហគមន៍​នេសាទ​ខេត្ត​បាត់ដំបង​ស្នើ​ឲ្យ​តុលាការ​ដាក់​ទោស​អ្នក​នេសាទ​ខុស​ច្បាប់

ក្នុង​ទិសដៅ​ការពារ​ធនធាន​ជលផល នៅ​ក្នុង​ទឹក​បឹង​ទន្លេសាប ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​វិញ សហគមន៍​នេសាទ និង​អាជ្ញាធរ​ពាក់ព័ន្ធ រួម​ទាំង​ប្រជាពលរដ្ឋ បាន​ចូល​រួម​គ្នា​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​នេសាទ។
ដោយ សួន សុផលមុន្នី
2012-10-06
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ជាក់​ស្ដែង កាល​ពី​ថ្ងៃ​ទី៤ ខែ​តុលា ក្រុម​ការងារ​ចម្រុះ​បាន​ចុះ​ចាប់​បាន​ជន​ប្រព្រឹត្តិ​បទល្មើស​នេសាទ ១នាក់ ដែល​បាន​ដាក់​ស្បៃ​មង​ក្រឡា​ល្អិត​នៅ​ភូមិសាស្ត្រ ឃុំ​ព្រៃចាស់ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។

មន្ត្រី​ជលផល​អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​នេសាទ​សរុប ៣២​នាក់ បាន​ចុះ​ទៅ​ចាប់​បុរស​មាន​វ័យ ៥០ឆ្នាំ​ម្នាក់ ដោយ​ចោទ​ថា បាន​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ចាប់​ត្រី​នៅ​ក្នុង​ទឹក​បឹង​ទន្លេសាប ស្ថិត​នៅ​ឃុំ​ព្រៃចាស់ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។

លោក សៀង ដារិទ្ធិ ជា​មន្ត្រី​ជលផល​នៅ​សង្កាត់​ព្រែកទាល់ បាន​ថ្លែង​នៅ​ថ្ងៃ​សុក្រ ទី៥ ខែ​តុលា ថា លោក សៅ ផាត អាយុ ៥០ឆ្នាំ រស់នៅ​ភូមិ​ព្រៃចាស់ ឃុំ​ព្រៃចាស់ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង បាន​ប្រើ​ស្បៃ​មង​ក្រឡា​ល្អិត (ណរ៉ាវ) ដាក់​ចាប់​ត្រី​នៅ​ក្នុង​ទឹក​បឹង​ទន្លេសាប។

ក្រុម​ការងារ​ចម្រុះ ចាប់​បាន​ទូក​នេសាទ​មួយ​គ្រឿង និង​ស្បៃ​មង​ក្រឡា​ល្អិត​ជាច្រើន​រយ​ម៉ែត្រ។ ការ​ឃាត់​ខ្លួន​នេះ បាន​ធ្វើ​ឡើង​កាល​ពី​រសៀល​ថ្ងៃ​ទី៤ ខែ​តុលា ឆ្នាំ​២០១២៖ «អា​ហ្នឹង​នៅ​អតីត​ឡូត៍​លេខ ១០ ចំណុច​ដាក់​នៅ​រាំង​ជ្រំ ឃុំ​ព្រៃចាស់។ កម្លាំង​ចុះ​ចាប់​ទាំង​អស់ ៣២នាក់ ទាំង​សមត្ថកិច្ច ទាំង​សហគមន៍ កំពុង​កសាង​សំណុំ​បែបបទ​ហ្នឹង រក្សា​នៅ​អធិការដ្ឋាន​ប៉ូលិស។ ប្រធាន​ជាប់​ចុះ​បេសកកម្ម​ទៅ​បឹង​ទន្លេសាប»

លោក រឹម រំដួល លេខា​សហគមន៍​នេសាទ​ព្រែកហ្លួង បាន​ថ្លែង​ថា កន្លង​ទៅ​ថ្មីៗ​នេះ ជន​សង្ស័យ​ទាំង​ពីរ​នាក់ ត្រូវ​បាន​មន្ត្រី​ជលផល​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់​ការ​តាម​នីតិវិធី​ច្បាប់ ប៉ុន្តែ ក្រោយ​មក​មាន​ការ​ដោះ​លែង​វិញ។ ករណី​នេះ សហគមន៍​ស្នើ​សុំ​ឲ្យ​តុលាការ​ចូល​រួម​គ្នា​លើក​ទឹក​ចិត្ត ដើម្បី​អនុវត្ត​ច្បាប់​ការពារ​ធនធាន​ជលផល​ទាំង​អស់​គ្នា៖ «ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ចង់​បាន​ឲ្យ​តុលាការ​អនុវត្ត​ទៅ​តាម​ច្បាប់ ហើយ​វែក​មុខ​ឲ្យ​ឃើញ​អ្នក​នៅ​ពី​ក្រោយ​ខ្នង ព្រោះ​អី​អ្នក​ប្រព្រឹត្តិ​ហ្នឹង បើ​អត់​មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង គាត់​ដាក់​អត់​បាន​ទេ ហើយ​គាត់​ក៏​ជា​ជន​រងគ្រោះ​ដែរ»

ពាក់ព័ន្ធ​ករណី​នេះ លោក ស៊ុន តឹក ជា​អ្នក​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​បាត់ដំបង បាន​ស្នើ​ឲ្យ​តុលាការ ពង្រឹង​ការ​អនុវត្ត​ច្បាប់ ដើម្បី​រក​អ្នក​នៅ​ពី​ក្រោយ​ខ្នង​បទល្មើស​នេសាទ។ សមត្ថកិច្ច​ជលផល បាន​កសាង​សំណុំ​រឿង​ជន​សង្ស័យ​ក្នុង​ការ​ប្រព្រឹត្តិ​បទល្មើស​នេសាទ បញ្ជូន​ទៅ​ឲ្យ​តុលាការ ប៉ុន្តែ​ការ​ដោះ​លែង​ជន​សង្ស័យ ទំនង​បង្ក​ឲ្យ​មាន​ការ​រិះគន់​ច្រើន។

លោក ស៊ុន តឹក៖ «រយៈ​កាល​កន្លង​មក យើង​ឃើញ​ថា ថៅកែ​ដែល​មាន​លុយ​សម្រាប់​ធ្វើ​ណរ៉ាវ​អី​ហ្នឹង អត់​មាន​កាត់​ទោស​ទេ ព្រោះ​ចាប់​បាន​តែ​ថៅកែ​ពាក់​ស្បែក​ជើង ចាប់​បាន​តែ​អ្នក​ក្រីក្រ។ អ៊ីចឹង វា​អត់​មាន​អី​ទេ។ ចៅក្រម​គាត់​ពិចារណា​ទៅ​ឃើញ​អ្នក​ក្រីក្រ​អាច​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។ ក្នុង​នាម​អង្គការ​សង្គម​ស៊ីវិល​នៅ​បាត់ដំបង សំណូមពរ​ដល់​តុលាការ ជាពិសេស​លោក​ចៅក្រម​ហ្នឹង ស្វែង​រក​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ដែល​ជា​ថៅកែ​ធំៗ ដើម្បី​ឲ្យ​មក​ទទួល​ទោស​តាម​ច្បាប់»

មន្ត្រី​ជលផល និង​សហគមន៍​នេសាទ បាន​បញ្ជាក់​ថា ពួក​គេ​បាន​ខំ​ប្រឹង​រួម​គ្នា​បង្ក្រាប​បទល្មើស​នេសាទ ដោយ​ចាប់​បាន​អ្នក​ប្រព្រឹត្តិ​បទល្មើស​ជាច្រើន​នាក់ នា​រយៈកាល​កន្លង​ទៅ​នេះ ហើយ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ឲ្យ​តុលាការ។ តាម​គោលការណ៍​ច្បាប់ តុលាការ​មាន​ឆន្ទានុសិទ្ធិ​ក្នុង​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ និង​ប្រកប​ដោយ​ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល