ពួកគាត់ថ្លែងថា ការដោះលែងនោះ ជាឆន្ទានុសិទ្ធិរបស់តុលាការក៏ពិតមែន ប៉ុន្តែករណីនេះ បានជះឥទ្ធិពលអាក្រក់ដល់ឆន្ទៈរបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ។
ក្នុងទិសដៅការពារធនធានជលផល នៅក្នុងទឹកបឹងទន្លេសាប ឲ្យមានភាពប្រសើរឡើងវិញ សហគមន៍នេសាទ និងអាជ្ញាធរពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋ បានចូលរួមគ្នាក្នុងការទប់ស្កាត់បទល្មើសនេសាទ។ ជាក់ស្ដែង កាលពីថ្ងៃទី៣ ខែកញ្ញា កន្លងទៅ ពួកគេបានចុះចាប់បានជនប្រព្រឹត្តិបទល្មើសនេសាទចំនួនពីរនាក់ នៅចំណុចទឹកឃ្មុំ ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
លោក រឹម រំដួល លេខាសហគមន៍នេសាទព្រែកហ្លួង បានថ្លែងថា ក្នុងនោះពួកគេបានរឹបអូសបានឧបករណ៍ល្មើស ដូចជាស្បៃមងក្រឡាល្អិត (ណរ៉ាវ) បានប្រវែង ១.៥០០ម៉ែត្រ បង្គោលចំនួន ២០០ដើម ទូកចាប់ត្រីពីរគ្រឿង កាណូត ១គ្រឿង។ ជនសង្ស័យទាំងពីរនាក់ ត្រូវបានជំនាញជលផល កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ប៉ុន្តែក្រោយមក មានការដោះលែងវិញ។
ការដោះលែងនោះ បានធ្វើឲ្យសហគមន៍ខកចិត្តយ៉ាងខ្លាំង៖ «ប្រជាជន និងសហគមន៍ហ្នឹង សំណូមពរអោយអនុវត្តតាមផ្លូវច្បាប់។ អ៊ីចឹង បើយើងចាប់មកលែង ចាប់មកលែង ធ្វើឲ្យជនល្មើស និងអត់រាងចាលទេ។ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ហ្នឹង គាត់អត់មានទឹកចិត្តលើការងារហ្នឹងទៀតទេ។ គាត់ខំប្រឹងប្រែង ដើម្បីចុះបង្ក្រាប គឺដើម្បីធនធានត្រី។ អ៊ីចឹង បើចាប់លែងចាប់លែង អ៊ីចឹងគាត់ម៉េចមានទឹកចិត្តទៀត»។
ប្រតិកម្មនេះ បានកើតមាននៅក្នុងសិក្ខាសាលា ស្ដីពីការរួមគ្នាអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ដើម្បីការពារធនធានជលផល នៅក្នុងសណ្ឋាគារមួយ នៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្រុមអ្នកភូមិ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ស៊ឹម ហ៊ន និងកម្មករម្នាក់ទៀត ដែលសហគមន៍នេសាទ និងសមត្ថកិច្ចពាក់ព័ន្ធ ចាប់ខ្លួនជាមួយនឹងសម្ភារៈល្មើសនេសាទជាច្រើននោះ ត្រូវបានតុលាការដោះលែងវិញ។ បច្ចុប្បន្ន មនុស្សទាំងពីរនាក់ កំពុងរស់នៅក្នុងភូមិថ្វាង ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង៖ «ឈ្មោះមួយទៀតកម្មករ ខ្ញុំអត់ស្គាល់ទេ ប៉ុន្តែគ្រាន់តែស្គាល់ឈ្មោះ ស៊ឹម ហ៊ន។ ឈ្មោះហ្នឹងគាត់អញ្ជើញទៅផ្ទះវិញហើយ នៅភូមិថ្វាង ឃុំកោះជីវាំង ឃើញនៅផ្ទះ ខ្ញុំសួរទៅមិញហ្នឹងឯង»។
ពាក់ព័ន្ធករណីនេះ មន្ត្រីជលផលដែលបានចូលរួមក្នុងកិច្ចពិភាក្សានោះ បានលើកឡើងថា សមត្ថកិច្ចជលផលបានកសាងសំណុំរឿងជនសង្ស័យក្នុងការប្រព្រឹត្តិបទល្មើសនេសាទ បញ្ជូនទៅស្ថាប័នតុលាការ ប៉ុន្តែការដោះលែងជនសង្ស័យទៅវិញ ដោយពុំកាត់ក្ដីឲ្យទទួលទោសតាមច្បាប់នោះ ខាងជំនាញជលផលពុំបានជាប់ពាក់ព័ន្ធទេ។
ចៅក្រមតុលាការខេត្តបាត់ដំបង លោក សាអឿន កោសល្យមុនី ដែលបានចូលរួមក្នុងការពិភាក្សារបស់សហគមន៍នោះ បានថ្លែងថា លោកពុំបានដឹងថាជនប្រព្រឹត្តិបទល្មើសនេសាទ ត្រូវបានគេដោះលែងនោះទេ។ ករណីនេះ ស្ថិតលើសេចក្ដីសម្រេចរបស់តំណាងអយ្យកា។ លោកបញ្ជាក់ថា ចៅក្រមម្នាក់ទទួលរឿងក្ដីមួយ មុនពេលសម្រេចចិត្តឃុំខ្លួនបុគ្គលនោះ បានគិតគ្រប់ជ្រុង។ លោកថា មិនមែនគិត ៨ជ្រុងទេ គឺគិតរហូតដល់ ១២ជ្រុង។ មនុស្សឃុំខ្លួន កុំថាឡើយមួយសប្ដាហ៍ មួយថ្ងៃក៏បាត់សិទ្ធិដែរ។
លោកបានលើកឡើងពីផលលំបាករបស់តុលាការ នៅពេលទទួលបទបញ្ជាពីរាជរដ្ឋាភិបាលម្តងៗ៖ «បទបញ្ជាសម្ដេចនាយកមកថា ដោះលែងជាបន្ទាន់។ ចៅក្រមខ្លះអត់បានជុះអាចម៍ទេ តាំងពីភ្នំពេញ ងើបមកតាំងពីម៉ោង ប្រាំ ប្រាំបួនយប់ មកដល់បាត់ដំបង ម៉ោង ៦ភ្លឺ ព្រលឹមឡើងធ្វើដីកា។ នេះជាក់ស្ដែង ប៉ុន្តែគ្រាន់ថា យ៉ាងណាក៏ដោយ ទុក្ខលំបាកបើយើងមិននិយាយ យើងមិនថា គ្មានអ្នកណាថា គ្មានអ្នកណាដឹងថា យើងលំបាកប៉ុន្មានទេ។ អ៊ីចឹង សូមភ្ជាប់ទៅវិញ ធ្វើយ៉ាងក៏ដោយ រងគ្រោះទាំងអស់គ្នា គឺសហគមន៍នេសាទយើងជួយផ្សព្វផ្សាយយ៉ាងម៉េច ការយោគយល់គ្នាយ៉ាងម៉េច កុំឲ្យឈានទៅដល់មានទង្វើមួយ ដែលមិនអាចអនុគ្រោះឲ្យបាន»។
លោក តួ កុសល ប្រធានកម្មវិធីអង្គការទ្រទ្រង់ភូមិ (Village Support Group) បានថ្លែងថា ប្រជាពលរដ្ឋសព្វថ្ងៃ គាត់បានដឹងពីការលំបាក ការរស់នៅក្នុងស្ថានភាពក្រីក្រ។ គាត់ដឹងពីលក្ខខណ្ឌសេរីភាព ដើរហើរ រស់នៅត្រឹមត្រូវ ប៉ុន្តែ ពួកគាត់ចង់ឲ្យមានទិសដៅការពារធនធានជលផលទៅថ្ងៃមុខ។ ពួកគាត់សុំឲ្យខាងមន្ទីរស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ចូលរួមអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព៖ «ហើយគាត់មិនដែលហ៊ានទៅចាប់អីទេ ព្រោះជលផលអញ្ជើញគាត់ទៅសុំកម្លាំងគាត់ទៅ។ គាត់ប្រកែកទៀត ពេលខ្លះគាត់អត់ទៅទេ នេះជាតួនាទីរបស់ជលផល គាត់ថាអ៊ីចឹង។ ប៉ុន្តែ ជលផលមួយកន្លែងៗ មានតែពីរនាក់បីនាក់ យើងគ្រាន់តែទៅអែប។ ដូចខាងផ្នែកតុលាការអ៊ីចឹង យើងគ្រាន់តែអែបទៅទេ។ យើងមិនមែនអ្នកចាប់ទេ អ៊ីចឹង កាលណាដល់តុលាការហើយ យើងអត់មានសិទ្ធិទេ នគរបាលយុត្តិធម៌ហ្នឹងអស់សិទ្ធិហើយដល់តុលាការចាត់ចែង»។
លោកបានទទូចសុំឲ្យស្ថាប័នតុលាការ ធ្វើយ៉ាងម៉េច ជួយគ្នាក្នុងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។ ព្រោះមានកន្លែងខ្លះ មានរឿងខ្លះ ស្ថាប័នតុលាការប្រែក្លាយរឿងសទៅជាខ្មៅ និងខ្មៅទៅជាស។ ដូច្នេះ សូមរួមគ្នាដោយមានស្មារតីអនុវត្តច្បាប់ទាំងអស់គ្នា ឲ្យមានប្រសិទ្ធភាពខ្ពស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។