យុវជនឈ្មោះ វឿន វី អាយុ១៩ឆ្នាំ នៅភូមិផ្កាឈូក ឃុំគោកថ្នល់ ស្រុកអង្គរជុំ ខេត្តសៀមរាប ឲ្យដឹងថា រូបគេចាញ់បោកមេខ្យល់ ដោយគេសន្យាថា ឲ្យបម្រើការនៅក្នុងរោងចក្រចែកចាយស្រាបៀ ហើយគេនឹងផ្ដល់ប្រាក់កម្រៃលើកម្លាំងពលកម្មក្នុងមួយថ្ងៃចំនួន២៥០បាត ឬស្មើប្រមាណជិត៣ម៉ឺនរៀល។
លោក វឿន វី បន្តថា តែនៅទីបំផុតរូបគេ និងបងប្រុសម្នាក់ទៀត ត្រូវគេជួញដូរឡើងទូកនេសាទពីប្រទេសថៃ រហូតដល់ប្រទេសម៉ាឡេស៊ី និងត្រូវជាប់ពន្ធនាគារអស់រយៈពេលជិត៣ខែ នៅទីនោះ មុននឹងត្រូវសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ជួយអន្តរាគមន៍មកវិញ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១២។
វឿន វី ឲ្យដឹងទៀតថា ការធ្វើការនៅលើទូកនេសាទតាមសមុទ្រនោះ គឺពេលខ្លះត្រូវគេបង្អត់អាហារ និងវាយធ្វើបាប ដែលជាហេតុធ្វើឲ្យរូបគេត្រូវបង្ខំចិត្តលោតចេញពីទូកចុះគោកចូលដីម៉ាឡេស៊ី៖ «ខ្ញុំចុះទូក ក៏គេធ្វើបាបខ្ញុំណាស់ពេក ប្រើមិនដឹងថ្ងៃ ខ្ញុំនាំពីរនាក់បងប្អូនហ្នឹងរត់មក ដូចថា គេបង្ខំឲ្យយើងធ្វើក្នុងមួយយប់មួយថ្ងៃ ពេលសម្រាកបានតែ៤ម៉ោង មានមនុស្សស្ត្រីម្នាក់ គាត់រកការងារឲ្យខ្ញុំធ្វើ ថាកន្លែងសុងស្រាសុងអីហ្នឹង សុងដាក់តាមរ៉ានគេ ដល់ពេលខ្ញុំទៅដល់ពុំមានផងហ្នឹង។ គេឲ្យខ្ញុំដេកក្នុងរោងចក្រ៤ថ្ងៃ បានគេបញ្ជូនឲ្យខ្ញុំទៅចុះទុក»។
ទាក់ទិនករណីនេះ អនុប្រធានកម្មវិធីស្ត្រីរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) អ្នកស្រី លឹម មុនី រកឃើញថា គិតត្រឹមរយៈពេល៧ខែដើមឆ្នាំ២០១២ នេះ ការជួញដូរកម្លាំងពលកម្មមានចំនួន២៧៩ករណី ខណៈការជួញដូរលើផ្លូវភេទចំពោះស្ត្រី មាន១០ករណី តាមរយៈក្រុមហ៊ុននាំពលករ និងទៅដោយខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។