លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៦២ ពីខេត្តកំពង់ធំ ទៅក្រុងព្រះវិហារ ព្រឹកថ្ងៃពុធ ទី៨ ខែសីហា ឆ្នាំ២០១២ លោកបានរំលឹកស្មារតីប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នគ្រោះធម្មជាតិទឹកជំនន់ ដែលអាចកើតឡើងជាយថាហេតុ។
លោកឲ្យដឹងថា ប៉ុន្មានថ្ងៃមកនេះ ស្ថានភាពខ្យល់ព្យុះ និងទឹកជំនន់បានហក់ឡើង។ ហើយថាបច្ចុប្បន្ននេះ ទោះទំហំទឹកទន្លេនៅស្ទឹងត្រែង ក្រចេះ បានស្រក់ចុះបន្តិចក្តី ក៏ប៉ុន្តែនៅរាជធានីភ្នំពេញ ទឹកទន្លេនៅបន្តហក់ខ្ពស់ ដែលទាមទារឲ្យពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធប្រុងប្រយ័ត្ន។
លោកឲ្យដឹងថា កាលពីឆ្នាំ២០១១ ខេត្តកំពង់ធំ ជាខេត្តមួយទទួលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរជាងគេ បើធៀបនឹងខេត្តដទៃ។
បន្ថែមលើនេះ គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានជំរុញទៅមន្ត្រីដឹកនាំតាមខេត្ត ក្រុង ស្រុក ខណ្ឌ និងតំបន់គោលដៅងាយរងគ្រោះទឹកជំនន់ ត្រូវផ្សព្វផ្សាយបន្តឲ្យប្រជាពលរដ្ឋបានដឹងពីគ្រោះទឹកជំនន់ ដែលអាចនឹងកើតមានឡើងនៅឆ្នាំនេះ ដើម្បីបានត្រៀមលក្ខណៈប្រុងប្រយ័ត្នជាមុន។
លោក ម៉ៅ ហាក់ អគ្គនាយករងទទួលបន្ទុកកិច្ចការបច្ចេកទេស និងជាប្រធាននាយកដ្ឋានជលសាស្ត្រ នៃក្រសួងធនធានទឹក និងឧតុនិយម ក៏បានឲ្យដឹងថា ទឹកទន្លមេគង្គបានជន់ឡើងខ្លាំងក្នុងរយៈពេលពីរបីថ្ងៃកន្លងមកនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។