ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី លោក សន ស៊ីមឡៃ សំណូមពរឲ្យប្រជាពលរដ្ឋកុំរារាំង ឬធ្វើឲ្យរំខានដល់មន្ត្រីសុខាភិបាល ក្នុងពេលចុះដាក់ថ្នាំអាប៊ែត តាមពាង ឬអាងស្តុកទឹករបស់ប្រជាពលរដ្ឋ ដើម្បីការពារកុំឲ្យកើតមានមូសខ្លាភ្នាក់ងារចម្លងមេរោគគ្រុនឈាម។
លោកបន្តថា ការចុះដាក់ថ្នាំអាប៊ែត នេះ គឺជាគោលនយោបាយរបស់ក្រសួងសុខាភិបាល ដែលកំណត់ធ្វើឡើងពីរលើក នៅរៀងរាល់ឆ្នាំ ដើម្បីរួមគ្នាលប់បំបាត់ជំងឺគ្រុនឈាម៖ «ប្រៀបធៀបឆ្នាំទៅ ឆ្នាំនេះល្អជាង អត់មានសញ្ញាអ្វីធ្វើឲ្យយើងព្រួយបារម្ភទេ។ វិធានការយើង យើងនឹងចាប់ផ្ដើមដាក់អាប៊ែត ការពារនៅចុងខែ៧ នេះតទៅទៀត ដើម្បីឲ្យការគ្រប់គ្រងជំងឺគ្រុនឈាមហ្នឹង ឲ្យកាន់តែមានប្រសិទ្ធភាព»។
មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងកម្មវិធីជាតិប្រយុទ្ធជំងឺគ្រុនឈាម បានឲ្យដឹងថា ក្នុង៦ខែដើមឆ្នាំ២០១២ នេះ គេបានរកឃើញជំងឺគ្រុនឈាមរាតត្បាតមនុស្សជិត៩ពាន់នាក់ នៅទូទាំងប្រទេស និងមានអ្នកស្លាប់ដោយសារជំងឺនេះ ចំនួន ៣៨នាក់។
នៅឯខេត្តរតនគិរី របាយការណ៍របស់មន្ត្រីមន្ទីរសុខាភិបាលខេត្តឲ្យដឹងថា រយៈពេល៦ខែដើមឆ្នាំ២០១២ នេះ មិនមានករណីប្រជាពលរដ្ឋណាម្នាក់រងការរាតត្បាតដោយសារជំងឺគ្រុនឈាម បានមកព្យាបាលនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពឡើយ។ តួលេខនេះបង្ហាញថា ជំងឺគ្រុនឈាមបានធ្លាក់ចុះច្រើន បើប្រៀបធៀបទៅនឹងឆ្នាំ២០១១ មន្ត្រីសុខាភិបាលបានរកឃើញមានប្រជាពលរដ្ឋចំនួន៤នាក់ មានមេរោគគ្រុនឈាម បានបញ្ជូនមកមន្ទីរពេទ្យ ក្នុងនោះប្រជាពលរដ្ឋម្នាក់បានស្លាប់។
ប្រធានមណ្ឌលសុខភាពស្រុកបរកែវ លោក ប៉ាន់ សារ៉ន កត់សម្គាល់ថា នៅមណ្ឌលសុខភាពស្រុកបរកែវ ក៏មិនឃើញមានអ្នកជំងឺមានរោគសញ្ញាគ្រុនឈាមនៅឡើយទេ ចាប់ពីដើមរដូវធ្លាក់ភ្លៀងឆ្នាំនេះ រហូតមកទល់នឹងដើមខែកក្កដា នេះ។
យ៉ាងនេះក្តី លោកទទួលបានព័ត៌មានថា នៅតាមកន្លែងព្យាបាលជំងឺឯកជនមួយចំនួនបានអះអាងថា បានព្យាបាលប្រជាពលរដ្ឋមានជំងឺគ្រុនឈាម៖ «ឃើញភាគច្រើន ពេទ្យខាងក្រៅយើង គេរកឃើញ ខ្ញុំអត់ដឹងដែរ មិនដឹងគេបានបច្ចេកទេសពីណា គេមានអ្វីមើល គេថាគ្រុនឈាម ប៉ុន្តែខ្លះថា គ្រុនឈាម ដល់ទៅមើលមន្ទីរពិសោធន៍ក្នុងខេត្តចេញលទ្ធផលអត់មាន»។
ទីពិសោធន៍អមវេជ្ជសាស្ត្រឯកជនចំនួនពីរ នៅក្រុងបានលុង ខេត្តរតនគិរី ឲ្យដឹងដែរថា គេបានរកឃើញមេរោគគ្រុនឈាមកំរិតស្រាលចំនួន៥ករណី ក្នុងការពិនិត្យឈាមអ្នកជំងឺ ចាប់ពីដើមឆ្នាំ២០១២ រហូតបច្ចុប្បន្ន។
អ្នកវិភាគបន្ទប់ពិសោធន៍អមវេជ្ជសាស្ត្រ លោក គឺម ហាក់ មានប្រសាសន៍បញ្ជាក់ថា ឆ្នាំនេះមិនឃើញមានសញ្ញាណរាតត្បាតដោយសារជំងឺគ្រុនឈាមកើតមាននៅខេត្តរតនគិរី នោះទេ។
លោកបន្តថា មានរោគសញ្ញាគ្រុនឈាមកំរិតស្រាលនៅក្នុងឈាមអ្នកជំងឺតែប៉ុន្មាននាក់ ដែលអាចព្យាបាលនៅតាមមន្ទីរពេទ្យ ឬគ្លីនិកឯកជនបាន៖ «ឃើញតែពីរបីករណីហ្នឹង តែយើងអត់ឃើញអាសភាពគួរឲ្យចាប់អារម្មណ៍ ដើម្បីយើងទប់ស្កាត់វាដូចអត់ទាន់មានឃើញ»។
ក្រសួងសុខាភិបាល គ្រោងនឹងបើកយុទ្ធនាការចែកថ្នាំអាប៊ែត ប្រមាណ ១៤០តោន ជាថ្មីទៀត នៅពាក់កណ្ដាលខែកក្កដា ខាងមុខនេះ ដើម្បីការពារកុំឲ្យកើតមូសខ្លា។
យ៉ាងនេះក្តី ប្រធានមន្ទីរសុខាភិបាលដដែលបានណែនាំបន្ថែមថា ប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្ន ស្លៀកពាក់ខោជើងវែង អាវដៃវែងដល់កូនក្រោមអាយុ ១៥ឆ្នាំ ឬឲ្យកូនដេកក្នុងមុង។ ត្រូវសម្អាតបរិស្ថានជុំវិញផ្ទះ បំផ្លាញជម្រកមូសខ្លា។ ប្រើថ្នាំអាប៊ែត ក្នុងពាងទឹក ឬអាងស្តុកទឹក និងត្រូវប្រញាប់នាំកូនចៅទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព កាលណាសង្ស័យថា មាននរណាម្នាក់មានជំងឺគ្រុនឈាម។
ជាពិសេស មន្ត្រីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ត្រូវអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។