មន្ត្រី​សុខាភិបាល​ខេត្ត​រតនគិរី​សំណូមពរ​ពលរដ្ឋ​កុំ​រំខាន​មន្ត្រី​ចុះ​ដាក់​ថ្នាំ​អាប៊ែត

មន្ត្រី​សុខាភិបាល​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ពុធ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១២ ឲ្យ​ដឹង​ថា នៅ​ចុង​ខែ​នេះ ភ្នាក់ងារ​សុខាភិបាល​នឹង​ចុះ​ដាក់​ថ្នាំ​អាប៊ែត (Abet) ជូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​ភូមិ​គោល​ដៅ ដែល​ប្រឈម​មុខ​នឹង​ជំងឺ​គ្រុន​ឈាម។
ដោយ រដ្ឋា វីសាល
2012-07-04
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​រតនគិរី លោក សន ស៊ីមឡៃ សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​កុំ​រារាំង ឬ​ធ្វើ​ឲ្យ​រំខាន​ដល់​មន្ត្រី​សុខាភិបាល ក្នុង​ពេល​ចុះ​ដាក់​ថ្នាំ​អាប៊ែត តាម​ពាង ឬ​អាង​ស្តុក​ទឹក​របស់​ប្រជាពលរដ្ឋ ដើម្បី​ការពារ​កុំ​ឲ្យ​កើត​មាន​មូស​ខ្លា​ភ្នាក់ងារ​ចម្លង​មេរោគ​គ្រុន​ឈាម។

លោក​បន្ត​ថា ការ​ចុះ​ដាក់​ថ្នាំ​អាប៊ែត នេះ គឺ​ជា​គោល​នយោបាយ​របស់​ក្រសួង​សុខាភិបាល ដែល​កំណត់​ធ្វើ​ឡើង​ពីរ​លើក នៅ​រៀង​រាល់​ឆ្នាំ ដើម្បី​រួម​គ្នា​លប់​បំបាត់​ជំងឺ​គ្រុន​ឈាម៖ «ប្រៀប​ធៀប​ឆ្នាំ​ទៅ ឆ្នាំ​នេះ​ល្អ​ជាង អត់​មាន​សញ្ញា​អ្វី​ធ្វើ​ឲ្យ​យើង​ព្រួយ​បារម្ភ​ទេ។ វិធានការ​យើង យើង​នឹង​ចាប់​ផ្ដើម​ដាក់​អាប៊ែត ការពារ​នៅ​ចុង​ខែ​៧ នេះ​ត​ទៅ​ទៀត ដើម្បី​ឲ្យ​ការ​គ្រប់​គ្រង​ជំងឺ​គ្រុន​ឈាម​ហ្នឹង ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព»

មន្ត្រី​ជាន់​ខ្ពស់​នៃ​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ និង​កម្មវិធី​ជាតិ​ប្រយុទ្ធ​ជំងឺ​គ្រុន​ឈាម បាន​ឲ្យ​ដឹង​ថា ក្នុង​៦​ខែ​ដើម​ឆ្នាំ​២០១២ នេះ គេ​បាន​រក​ឃើញ​ជំងឺ​គ្រុន​ឈាម​រាតត្បាត​មនុស្ស​ជិត​៩​ពាន់​នាក់ នៅ​ទូទាំង​ប្រទេស និង​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ ចំនួន ៣៨​នាក់។

នៅ​ឯ​ខេត្ត​រតនគិរី របាយការណ៍​របស់​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​ឲ្យ​ដឹង​ថា រយៈពេល​៦​ខែ​ដើម​ឆ្នាំ​២០១២ នេះ មិន​មាន​ករណី​ប្រជាពលរដ្ឋ​ណា​ម្នាក់​រង​ការ​រាតត្បាត​ដោយ​សារ​ជំងឺ​គ្រុន​ឈាម បាន​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ឬ​មណ្ឌល​សុខភាព​ឡើយ។ តួ​លេខ​នេះ​បង្ហាញ​ថា ជំងឺ​គ្រុន​ឈាម​បាន​ធ្លាក់​ចុះ​ច្រើន បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១១ មន្ត្រី​សុខាភិបាល​បាន​រក​ឃើញ​មាន​ប្រជាពលរដ្ឋ​ចំនួន​៤​នាក់ មាន​មេរោគ​គ្រុន​ឈាម បាន​បញ្ជូន​មក​មន្ទីរ​ពេទ្យ ក្នុង​នោះ​ប្រជាពលរដ្ឋ​ម្នាក់​បាន​ស្លាប់។

ប្រធាន​មណ្ឌល​សុខភាព​ស្រុក​បរកែវ លោក ប៉ាន់ សារ៉ន កត់​សម្គាល់​ថា នៅ​មណ្ឌល​សុខភាព​ស្រុក​បរកែវ ក៏​មិន​ឃើញ​មាន​អ្នក​ជំងឺ​មាន​រោគ​សញ្ញា​គ្រុន​ឈាម​នៅ​ឡើយ​ទេ ចាប់​ពី​ដើម​រដូវ​ធ្លាក់​ភ្លៀង​ឆ្នាំ​នេះ រហូត​មក​ទល់​នឹង​ដើម​ខែ​កក្កដា នេះ។

យ៉ាង​នេះ​ក្តី លោក​ទទួល​បាន​ព័ត៌មាន​ថា នៅ​តាម​កន្លែង​ព្យាបាល​ជំងឺ​ឯកជន​មួយ​ចំនួន​បាន​អះអាង​ថា បាន​ព្យាបាល​ប្រជាពលរដ្ឋ​មាន​ជំងឺ​គ្រុន​ឈាម៖ «ឃើញ​ភាគ​ច្រើន ពេទ្យ​ខាង​ក្រៅ​យើង គេ​រក​ឃើញ ខ្ញុំ​អត់​ដឹង​ដែរ មិន​ដឹង​គេ​បាន​បច្ចេកទេស​ពី​ណា គេ​មាន​អ្វី​មើល គេ​ថា​គ្រុន​ឈាម ប៉ុន្តែ​ខ្លះ​ថា គ្រុន​ឈាម ដល់​ទៅ​មើល​មន្ទីរ​ពិសោធន៍​ក្នុង​ខេត្ត​ចេញ​លទ្ធផល​អត់​មាន»

ទី​ពិសោធន៍​អម​វេជ្ជសាស្ត្រ​ឯកជន​ចំនួន​ពីរ នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី ឲ្យ​ដឹង​ដែរ​ថា គេ​បាន​រក​ឃើញ​មេរោគ​គ្រុន​ឈាម​កំរិត​ស្រាល​ចំនួន​៥​ករណី ក្នុង​ការ​ពិនិត្យ​ឈាម​អ្នក​ជំងឺ ចាប់​ពី​ដើម​ឆ្នាំ​២០១២ រហូត​បច្ចុប្បន្ន។

អ្នក​វិភាគ​បន្ទប់​ពិសោធន៍​អម​វេជ្ជសាស្ត្រ លោក គឺម ហាក់ មាន​ប្រសាសន៍​បញ្ជាក់​ថា ឆ្នាំ​នេះ​មិន​ឃើញ​មាន​សញ្ញាណ​រាតត្បាត​ដោយ​សារ​ជំងឺ​គ្រុន​ឈាម​កើត​មាន​នៅ​ខេត្ត​រតនគិរី នោះ​ទេ។

លោក​បន្ត​ថា មាន​រោគ​សញ្ញា​គ្រុន​ឈាម​កំរិត​ស្រាល​នៅ​ក្នុង​ឈាម​អ្នក​ជំងឺ​តែ​ប៉ុន្មាន​នាក់ ដែល​អាច​ព្យាបាល​នៅ​តាម​មន្ទីរ​ពេទ្យ ឬ​គ្លីនិក​ឯកជន​បាន៖ «ឃើញ​តែ​ពីរ​បី​ករណី​ហ្នឹង តែ​យើង​អត់​ឃើញ​អា​សភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដើម្បី​យើង​ទប់​ស្កាត់​វា​ដូច​អត់​ទាន់​មាន​ឃើញ»

ក្រសួង​សុខាភិបាល គ្រោង​នឹង​បើក​យុទ្ធនាការ​ចែក​ថ្នាំ​អាប៊ែត ប្រមាណ ១៤០​តោន ជា​ថ្មី​ទៀត នៅ​ពាក់​កណ្ដាល​ខែ​កក្កដា ខាង​មុខ​នេះ ដើម្បី​ការពារ​កុំ​ឲ្យ​កើត​មូស​ខ្លា។

យ៉ាង​នេះ​ក្តី ប្រធាន​មន្ទីរ​សុខាភិបាល​ដដែល​បាន​ណែនាំ​បន្ថែម​ថា ប្រជាពលរដ្ឋ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ស្លៀក​ពាក់​ខោ​ជើង​វែង អាវ​ដៃ​វែង​ដល់​កូន​ក្រោម​អាយុ ១៥​ឆ្នាំ ឬ​ឲ្យ​កូន​ដេក​ក្នុង​មុង។ ត្រូវ​សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ បំផ្លាញ​ជម្រក​មូស​ខ្លា។ ប្រើ​ថ្នាំ​អាប៊ែត ក្នុង​ពាង​ទឹក ឬ​អាង​ស្តុក​ទឹក និង​ត្រូវ​ប្រញាប់​នាំ​កូន​ចៅ​ទៅ​មន្ទីរ​ពេទ្យ ឬ​មណ្ឌល​សុខភាព កាល​ណា​សង្ស័យ​ថា មាន​នរណា​ម្នាក់​មាន​ជំងឺ​គ្រុន​ឈាម។

ជា​ពិសេស មន្ត្រី​សុខាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ឈាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល