កម្មការិនី​ម្នាក់​ស្លាប់​និង​១៦​នាក់​ទៀត​សន្លប់​នៅ​ព្រៃវែង

ដោយ ថា កិត្យា
2015.11.06
មន្ទីរពេទ្យ ព្រៃវែង ៦២០ មន្ទីរពេទ្យ​​​ខេត្ត​ព្រៃវែង។ រូបថត​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៥
RFA/Rann Samnang

កម្មករ​រោងចក្រ អរ សម្បត្តិ ត្រេឌីង (R. Sambath Trading) នៅ​ខេត្ត​ព្រៃវែង ម្នាក់​បាន​ស្លាប់ និង ១៦​នាក់​ទៀត​បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ តាំង​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា។ ករណី​នេះ​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​ព្រៃវែង អះអាង​ថា មូលហេតុ​នៃ​បញ្ហា​នេះ​គឺ​ដោយសារ​ពុល​ក្លិន​ថ្នាំ​ដែល​ភាយ​ចេញ​ពី​ក្រណាត់​ទើប​បណ្ដាល​ឲ្យ​ថប់​ដង្ហើម។

ប្រធាន​​មន្ទីរពេទ្យ​ខេត្ត​ព្រៃវែង លោក អ៊ុង ចាន់ធឿន អះអាង​ថា កម្មការិនី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ បន្ទាប់​ពី​ដឹក​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត កាល​ពី​ល្ងាច​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា។ ចំណែក​កម្មករ​ដែល​ដួល​សន្លប់ គឺ​កើន​ឡើង​ដល់ ១៦​នាក់​ហើយ នៅ​ថ្ងៃ​ព្រឹក​ទី​៦ ខែ​វិច្ឆិកា បន្ទាប់ពី​ចូល​ធ្វើ​ការ​បាន​មួយ​សន្ទុះ។

​ករណី​ដែល​បណ្ដាល​ឲ្យ​កម្មករ​ស្លាប់ និង​ដួល​សន្លប់​ជា​បន្តបន្ទាប់​នេះ លោក អ៊ុង ចាន់ធឿន រក​ឃើញ​ថា គឺ​ដោយសារ​ពុល​ថ្នាំ​ក្លិន​ថ្នាំ​ចេញ​ពី​ក្រណាត់​ដែល​រោងចក្រ​អោយ​ពួកគេ​ដេរ ហើយ​បណ្ដាល​ឲ្យ​កម្មករ​ថប់​ដង្ហើម៖ «ដោយសារ​ជាតិ​ធុំ​នៅ​លើ​ក្រណាត់ ដែល​ធ្វើ​អោយ​គាត់​ពុល។ អ្នក​ដែល​ស្លាប់​នោះ គឺ​ធ្ងន់ធ្ងរ​ដោយសារ​ថប់​ដង្ហើម និង​ខួរក្បាល​គាត់​មិន​ធ្វើ​ការ ធ្វើ​អោយ​ខាង​មន្ទីរពេទ្យ​យើង​ជួយ​អត់​ទាន់»

​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​ព្រៃវែង អះអាង​ថា មក​ទល់​ពេល​នេះ កម្មករ​ដួល​សន្លប់​ទាំង​នោះ​មាន​អាការៈ​ធម្មតា​ខ្លះ​វិញ​ហើយ ប៉ុន្តែ​គ្រូពេទ្យ​មិន​ទាន់​អនុញ្ញាត​អោយ​ចេញ​ពី​មន្ទីរពេទ្យ​នៅ​ឡើយ ដោយ​នៅ​បន្ត​តាម​ដាន​សុខភាព។ កម្មការិនី​ដែល​ស្លាប់​នោះ​មាន​ឈ្មោះ រ៉ន ស្រីនាង អាយុ ១៩​ឆ្នាំ មាន​លំនៅ​ភូមិ​ព្រៃឫស្សី ឃុំ​ជាខ្លាង។

​ប្រធាន​សហជីព​កម្ពុជា អ្នកស្រី ញឹម យូអេង ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ដំបូង​ឡើយ​កម្មករ​ដែល​ស្លាប់​នេះ ត្រូវ​បាន​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយអន្ទរ បន្ទាប់ពី​មាន​អាការៈ​ទន់​ដៃ​ទន់​ជើង និង​ថប់ៗ​ដង្ហើម ប៉ុន្តែ​មន្ទីរពេទ្យ​ស្រុក​ហាក់​មាន​ការ​ធ្វេសប្រហែស​ច្រើន លុះ​មើល​ទៅ​ស្ថានភាព​ជន​រង​គ្រោះ​ធ្ងន់ធ្ងរ ទើប​បញ្ជូន​ទៅ​ពេទ្យ​ខេត្ត៖ «ពេល​មើល​ទៅ គេ​អត់​ដឹង​កម្មករ​ហ្នឹង​ឈឺ​រោគ​អី ហើយ​បង​ប្អូន​គេ​សុំ​ចេញ​ដែរ ប៉ុន្តែ​ពេទ្យ​នោះ​មិន​អោយ​ចេញ លុះ​មើល​ទៅ​ដូច​ជា​ល្ងាច ហើយ​ស្ថានភាព​មិន​សូវ​ស្រួល ទើប​បញ្ជូន​ទៅ​ពេទ្យ​ខេត្ត ហើយ​ពេទ្យ​ខេត្ត​គេ​ជួយ​ដែរ តែ​ជួយ​មិន​ទាន់»

​រោងចក្រ​ដែល​មាន​កម្មករ​ស្លាប់ និង​ដួស​សន្លប់​នេះ គឺ​មាន​ឈ្មោះ​ថា អរ សម្បតិ្ត ត្រេឌីង ស្ថិត​នៅ​ភូមិ​ពោធិចិន្ដាំ ឃុំ​ស្វាយអន្ទរ ស្រុក​ស្វាយអន្ទរ ខេត្ត​ព្រៃវែង។

កម្មការិនី​ម្នាក់​ដែល​បាន​ដួល​សន្លប់​នោះ រៀបរាប់​ថា បរិយាកាស​នៅ​ក្នុង​រោងចក្រ​ពុំ​មាន​ផាសុកភាព​ឡើយ គឺ​ស្អុះស្អាប់ និង​មាន​ក្លិន​មិន​ល្អ​ដែល​ធ្វើ​អោយ​ពួកគាត់​ទន់ដៃទន់ជើង​ដួល​សន្លប់​ជា​បន្តបន្ទាប់៖ «កង្ហារ​វា​នៅ​ឆ្ងាយ មួយ​ថ្ងៃៗ​បក់​មិន​ដល់​ផង ហើយ​ក្ដៅ​ស្អុះ​សឹង​អី​ហ្នឹង ហើយ​ក្លិន​រោងចក្រ​វា​រាង​ធុំ​ដែរ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​ខាង​ភាគី​ក្រុមហ៊ុន​បាន​នៅ​ឡើយ នៅ​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា។

ប្រធាន​សហជីព​កម្ពុជា អ្នកស្រី ញឹម យូអេង បញ្ជាក់​ថា មក​ទល់​ពេល​នេះ​មិន​ទាន់​បាន​ជួប​ដោះស្រាយ​ជាមួយ​ភាគី​ក្រុមហ៊ុន​នៅ​ឡើយ ព្រោះ​កំពុង​រវល់​នៅ​មើល​ស្ថានភាព​របស់​កម្មករ​នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រៃវែង។

​កន្លង​មក​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ធ្លាប់​បញ្ជាក់​ថា មូលហេតុ​ជា​ច្រើន​ដែល​នាំ​ឲ្យ​កម្មករ​រោងចក្រ​កាត់ដេរ​ដួល​សន្លប់​នៅ​ពេល​ធ្វើ​ការ​នោះ គឺ​អាច​មក​ពី​កម្មករ​ទទួល​ទាន​អាហារ​ខ្វះ​ជីវជាតិ មាន​បញ្ហា​ចិត្តសាស្ត្រ កម្ដៅ​ឡើង​ខ្លាំង​ក្នុង​រោងចក្រ ខ្វះ​ខ្យល់​ចេញ​ចូល សារជាតិ​គីមី និង​កម្មករ​ធ្វើ​ការ​ថែម​ម៉ោង​ច្រើន​ជាដើម៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។