កម្មការិនី​រោងចក្រ​នៅ​ស្រុក​ខ្សាច់កណ្ដាល​ម្នាក់​ស្លាប់​ក្រោយ​ដួល​សន្លប់​មុខ​រោងចក្រ

ដោយ រាជ វិញ្ញូ
2017.08.19
ផែនទី​ខេត្ត​កណ្ដាល ៦២០ ផែនទី​ខេត្ត​កណ្ដាល។
Photo: RFA

មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) កំពុង​បើក​ការ​ស្រាវជ្រាវ​រក​ការពិត​ជុំវិញ​ហេតុការណ៍​បណ្ដាល​ឲ្យ​កម្មការិនី​រោងចក្រ​ត្រូវ​ដួល​សន្លប់ និង​ស្លាប់​ជា​បន្តបន្ទាប់។ ការ​ស្រាវជ្រាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សង្គម​ស៊ីវិល​សង្ស័យ​ថា បរិយាកាស​មិន​ល្អ ខ្យល់​អាកាស​ចេញ​ចូល​មិន​គ្រប់គ្រាន់​ក្នុង​រោងចក្រ ការ​ធ្វើ​ការ​លើស​ពី ១០​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​ការ​ហូប​ចុក​ខ្វះ​ជីវជាតិ គឺ​ជា​កត្តា​នាំ​ឲ្យ​កម្មការិនី​ត្រូវ​ខ្សត់​កម្លាំង​ដួល​សន្លប់ និង​ស្លាប់។

ចាប់​តាំង​ពី​ថ្ងៃ​ទី​៣ សីហា មក​ដល់​ថ្ងៃ​ទី​១៩ សីហា នេះ មាន​កម្មការិនី​រោងចក្រ​កាត់​ដេរ​មិន​ក្រោម ១០០​នាក់​ឡើយ ដែល​ខ្លះ​ត្រូវ​ដួល​សន្លប់ និង​ជាសះស្បើយ​ឡើង​វិញ និង​មួយ​ចំនួន​តូច​ក្នុង​ចំណោម​នោះ​បាន​ស្លាប់​ភ្លាមៗ​ក្រោយ​ពី​ការ​ដួល​សន្លប់​បាត់​ស្មារតី។

មន្ត្រី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ស៊ីវិល ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ សីហា នៅ​រោងចក្រ ខេបូយូនិសូល អិល.ធី.ឌី (Cambounisol Ltd) ស្ថិត​ក្នុង​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល មាន​កម្មការិនី​ម្នាក់​ទៀត​ឈ្មោះ ហ៊ៅ ស្រីនាត បាន​ដួល​សន្លប់​បាត់​ស្មារតី ហើយ​ក្រោយ​មក​បាន​ស្លាប់​ភ្លាមៗ​នៅ​ពេល​កំពុង​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្យាបាល។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស (សង់ត្រាល់) លោក មឿន តុលា ថ្លែង​ថា ខាង​លោក​កំពុង​ស្វែងរក​ឲ្យ​បាន​ច្បាស់លាស់ ថា​តើ​បញ្ហា​អ្វី​ខ្លះ​នាំ​ឲ្យ​កម្មការិនី​ត្រូវ​ដួល​សន្លប់ និង​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​ធ្វើ​ការ បន្ទាប់​ពី​សង្ស័យ​ថា បញ្ហា​នេះ​បណ្ដាល​មក​ពី​កត្តា​ខ្វះ​របប​អាហារ រោងចក្រ​គ្មាន​អុកស៊ីហ្សែន​ចេញ​ចូល​គ្រប់គ្រាន់ និង​ការ​ធ្វើ​ការ​ថែម​ម៉ោង ជាដើម។ លោក​បន្ត​ថា ការ​ដួល​ស្លាប់ និង​សន្លប់​របស់​កម្មករ ដែល​កើត​ឡើង​ជា​បន្តបន្ទាប់​នេះ គឺ​នៅ​ចំ​រដូវ​កាល​ដែល​រោងចក្រ​ជាច្រើន​នៅ​កម្ពុជា កំពុង​សម្រុក​ឲ្យ​កម្មករ​ធ្វើ​ការ​ថែម​ម៉ោង ហើយ​ជា​មូលហេតុ​អាច​នាំ​ឲ្យ​កម្មករ​ត្រូវ​ធ្វើ​ការ​លើស​ពី ១០​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ លោក​ក៏​សង្ឃឹម​ថា ស្ថាប័ន​មួយ​ចំនួន​ដូចជា​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ជាដើម នឹង​ចូលរួម​ស្វែងរក​ការពិត​អំពី​បញ្ហា​នាំ​ឲ្យ​កម្មករ​ត្រូវ​ដួល​សន្លប់ និង​ស្លាប់​នេះ«ទី​មួយ​ត្រូវ​ស្រាវជ្រាវ​រក​ឲ្យ​ឃើញ​ច្បាស់​អំពី​មូលហេតុ​ដែល​គាត់​ស្លាប់​ហ្នឹង តើ​ការ​ស្លាប់​ហ្នឹង​មាន​ចំណែក និង​កំហុស​ខាង​រោងចក្រ​ដែរ​អត់? រោងចក្រ​ហ្នឹង​មាន​គីមី​ទេ? ហើយ​រោងចក្រ​ហ្នឹង​មាន​អាកាស​យ៉ាង​ម៉េច​ដែរ»

លោក មឿន តុលា បញ្ជាក់​ថា លទ្ធផល​ស្រាវជ្រាវ នឹង​ធ្វើ​ជា​មូលដ្ឋាន​យក​ទៅ​ជជែក​ជាមួយ​អ្នក​បញ្ជា​ទិញ ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួម​គ្នា។ លោក​ថ្លែង​ទៀត​ថា ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា បណ្ដែតបណ្ដោយ​ឲ្យ​មាន​កម្មករ​ត្រូវ​ដួល​សន្លប់ និង​ស្លាប់​បែប​នេះ​បន្ត​ទៀត នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​កាត់​ដេរ​របស់​កម្ពុជា ឬ​អាច​ថា​អ្នក​បញ្ជា​ទិញ​ទាំងនោះ​នឹង​ស្ទាក់ស្ទើរ​ចិត្ត​ទិញ​សម្លៀកបំពាក់​នាំ​ចេញ​ពី​កម្ពុជា ផង​ដែរ។

លោក ជាវ ប៊ុនរិទ្ធ មន្ត្រី​នាំ​ពាក្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (..) បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក (facebook) របស់​លោក​នៅ​ថ្ងៃ​ទី​១៩ សីហា ថា កម្មការិនី​រោងចក្រ ខេមបូយូនិសូល ឈ្មោះ ហ៊ៅ ស្រីនាត បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់កណ្ដាល។ កម្មការិនី​រូប​នេះ​កើត​អាការៈ​វិល​មុខ ធីងធោង និង​សន្លប់​បាត់​ស្មារតី ខណៈ​ចុះ​ពី​លើ​រថយន្ត​ដឹក​កម្មករ​ដើរ​ចូល​ទៅ​ដល់​ខាង​មុខ​នៃ​រោងចក្រ។ លោក​បន្ត​ថា ថ្វីត្បិតតែ​មាន​ការ​ដាក់​អុកស៊ីហ្សែន​ដើម្បី​ធ្វើ​ចលនា​បេះដូង ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​យ៉ាង​ណា​ក្ដី ប៉ុន្តែ​នៅ​តែ​មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​កម្មការិនី​នេះ​បាន​នោះ​ទេ។

គិត​ចាប់​ពី​ដើម​ខែ​សីហា រហូត​មក​ដល់​ពេល​នេះ ករណី​កម្មការិនី​រោងចក្រ​បម្រើ​ការ​ក្នុង​វិស័យ​កាត់​ដេរ​បាន​ដួល​សន្លប់ និង​ដួល​ស្លាប់​ស្ទើរ​បន្ត​កន្ទុយ​គ្នា។ កាល​ពី​ថ្ងៃ​ទី​៣ សីហា កម្មការិនី​កាត់​ដេរ​ម្នាក់​នៅ​ក្នុង​រោងចក្រ យ៉ាកជីន (Yakjin) ក្នុង​ខេត្ត​កំពង់ស្ពឺ ឈ្មោះ មាស ស្រីល័ក្ខ ក៏​បាន​ដួល​សន្លប់ និង​ស្លាប់ បន្ទាប់​ពី​ធ្វើ​ការ​ថែម​ម៉ោង។ ចំណែក​នៅ​រាជធានី​ភ្នំពេញ​វិញ កម្មការិនី​ចំនួន ១០៦​នាក់​នៅ​រោងចក្រ ញ៉ូវ អរេន ខេមបូឌា ហ្គាមិន (New Orient) និង​កម្មការិនី​ចំនួន ៩​នាក់​នៅ​រោងចក្រ លូស៊ីដា កម្ពុជា (Lucida Cambodia Enterprise Co., Ltd) ដែល​រោងចក្រ​ទាំង​ពីរ​នេះ​ស្ថិត​នៅ​ម្ដុំ​ផ្លូវ​វ៉េងស្រេង ក្នុង​សង្កាត់​ចោមចៅ ក៏​បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ ហើយ​ដែល​គេ​សង្ស័យ​ថា កត្តា​ទាំងនេះ​ដោយសារ​ហូប​ចុក​អាហារ​គ្មាន​ជីវជាតិ ព្រម​ទាំង​រោងចក្រ​គ្មាន​បរិយាកាស​ល្អ និង​គ្មាន​ស្តង់ដារ ជាដើម។

ចំណែក​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ព្រួយ​បារម្ភ​ថា​នឹង​អាច​មាន​កម្មករ​កម្មការិនី​ត្រូវ​ដួល​សន្លប់ និង​ស្លាប់​បន្ថែម​ទៀត ប្រសិន​បើ​រដ្ឋាភិបាល​នៅ​តែ​គ្មាន​វិធានការ​បន្ទាន់​ដើម្បី​ដោះស្រាយ​បញ្ហា«ពន្លឺ​មិន​គ្រប់គ្រាន់ ហើយ​អគារ​ហ្នឹង​វា​មិន​ត្រូវ​ស្តង់ដារ ដែល​ហប់ និង​ខ្វះ​អុកស៊ីសែន គឺ​ក្រសួង​មិន​មែន​ទៅ​ឃើញ​ហើយ​រាយការណ៍​មក​ដដែលៗ អត់​កែប្រែ​ទេ ហើយ​ខ្ញុំ​ថា​បើ​មិន​កែប្រែ បញ្ឈប់ ឬ​បិទ​មួយ​រយៈ​ទៅ ក្រុមហ៊ុន​គេ​នឹង​ខ្លាច​ហើយ»

រីឯ​លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស បញ្ជាក់​ថា ប្រឈម​នឹង​បញ្ហា​នាំ​ឲ្យ​កម្មករ​ដួល​សន្លប់​នេះ រដ្ឋាភិបាល​ត្រូវ​ឲ្យ​តាម​រោងចក្រ​នានា​កំណត់​កម្រិត​កម្ដៅ​ឲ្យ​បាន​ច្បាស់លាស់ ឈប់​ប្រើប្រាស់​កិច្ចសន្យា​រយៈពេល​ខ្លី​ជាមួយ​កម្មករ ជាពិសេស​ត្រូវ​គិតគូរ​អំពី​ប្រាក់ខែ​អប្បបរមា​ឡើង​វិញ​សម្រាប់​កម្មករ ពីព្រោះ​ការ​អប់រំ​កម្មករ​ឲ្យ​ឈប់​ហូប​លៀស​ហាល និង​ខ្ចៅ​ខ្យង​ដែល​ជា​អាហារ​គ្មាន​សុខភាព និង​ទៅ​ហូប​ចុក​អាហារ​សុខភាព ដូចជា​ត្រី​សាច់​ដូច​គ្នា​នោះ មិន​បាន​ជោគជ័យ​ឡើយ ដរាប​ណា​ប្រាក់ខែ​កម្មករ​នៅ​តែ​ទាប​ដូច​សព្វថ្ងៃ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។