គ្រូ​ពេទ្យ​​ថា​អ្នក​ស្លាប់​ដោយ​​ជំងឺ​ផ្ដាសាយ​ជ្រូក​ដោយសារ​​​​មក​ព្យាបាល​​យឺត

ដោយ ឡេង ម៉ាលី
2016.02.23
ផ្ដាសាយ​ជ្រូក ៨៥៥ ២០១៦ អ្នក​កើត​ជំងឺ​ផ្ដាសាយជ្រូក (H1N1) លោក ឃុន ណូ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត នៅ​ថ្ងៃ​ទី​២០ កុម្ភៈ ឆ្នាំ​២០១៦។
RFA/Sireymuny

អ្នក​ជំងឺ​ដែល​ឆ្លង​មេរោគ​ផ្ដាសាយ​ប្រភេទ​ថ្មី A (H1N1) ឈ្មោះ ឃុន ណូ ទទួល​មរណភាព​ហើយ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៤ កុម្ភៈ។ មរណភាព​របស់​លោក ឃុន ណូ គឺ​បន្ទាប់​ពី​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត ហៅ​ពេទ្យ​រុស្ស៊ី រយៈ​ពេល​មួយ​សប្ដាហ៍។

ប្រធាន​ផ្នែក​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត វេជ្ជបណ្ឌិត លឹម ស៊ីវុត្ថា បញ្ជាក់​ថា ការ​ស្លាប់​របស់​អ្នក​ជំងឺ​ផ្ដាសាយ​ប្រភេទ​ថ្មី A (H1N1) នេះ គឺ​បណ្ដាល​មក​ពី​បញ្ហា​រលាក​​សួត​ធ្ងន់ធ្ងរ ហើយ​គ្រូពេទ្យ​មិន​អាច​ស្ដារ​បាន៖ «គាត់​ស្លាប់​នៅ​ម៉ោង ៥​ព្រឹក​ យើង​ព្យាយាម​អស់​ហើយ បើ​គិត​ទៅ​ការ​ដែល​យើង​ព្យាយាម​ជួយ​គាត់​នៅ​ក្នុង​មួយ​អាទិត្យ​ពេញ​នេះ គឺ​ធ្ងន់ធ្ងរ។ មន្ទីរពេទ្យ​ប្រឹង​អស់​លទ្ធភាព»

វេជ្ជបណ្ឌិត លឹម ស៊ីវុត្ថា បន្ត​ថា អ្នក​ជំងឺ​មាន​បញ្ហា​រលាក​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ ហើយ​មក​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​យឺត៖ «គាត់​ក្រ​មក​យើង​ពេក។ បើ​គិត​ទៅ​មួយ​អាទិត្យ​ហើយ​បាន​គាត់​មក​ដល់​យើង។ ដក​ដង្ហើម​លែង​រួច​ហើយ បាន​គាត់​ចូល​មក​យើង។ កំហុស​គាត់​ទុក​ចោល​យូរ​ពេក គាត់​នៅ​ព្យាបាល​នៅ​ក្រៅ​មួយ​អាទិត្យ បាន​ចូល​មក​យើង»

លោក​បន្ត​ថា សម្ពាធ​ឈាម និង​ចំនួន​អុកស៊ីហ្សែន​របស់​អ្នក​ជំងឺ​ហៀប​នឹង​ធ្លាក់​ចុះ​តាំង​ពី​យប់​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ។

លោក​ឱ្យ​ដឹង​ថា អ្នក​ជំងឺ​ឈ្មោះ ឃុន ណូ បាន​ចូល​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រស្ស៊ី នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ ដោយសារ​មាន​បញ្ហា​រលាក​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ។ គ្រូពេទ្យ​រក​ឃើញ​គាត់​ឆ្លង​​មេរោគ​ផ្ដាសាយ​ថ្មី​ប្រភេទ A (H1N1) នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ ហើយ​ដាក់​ម៉ាស៊ីន​ឱ្យ​ជួយ​ដក​ដង្ហើម​ចាប់​តាំង​ពី​ពេល​នោះ​មក។

លោក​វេជ្ជបណ្ឌិត​ពន្យល់​ថា មេរោគ​នៃ​ជំងឺ​ផ្ដាសាយ​ប្រភេទ​ថ្មី A(H1N1)នេះ មិន​កាច​សាហាវ​ដូច​ផ្ដាសាយ​បក្សី​ប្រភេទ A (H5N1) ដែល​ត្រូវ​ប្រកាស​អាសន្ន​ទេ។ លោក​ណែនាំ​ទៀត​ថា សាធារណជន​មិន​គួរ​ភ័យ​ខ្លាច​ជំងឺ​នេះ​ឡើយ៖ «កុំ​ឱ្យ​មាន​ការ​រអើល ពី​ព្រោះ​មិន​មែន​ជា H5 ទេ។ បើ​អា H5 អា​ហ្នឹង​វា​ធ្ងន់ធ្ងរ គ្រូ​ពេទ្យ​ក៏​ខ្លាច​ដែរ។ ពួក​យើង​ខ្ញុំ ការ​ប្រូតិចស្យុង (Protection=ការ​ការពារ) របស់​យើង យើង​គ្រាន់​តែ​ពាក់​ស្រោម​ដៃ គ្រាន់​តែ​ពាក់​ម៉ាស់ មិន​ធ្វើ​អី​ធ្ងន់ធ្ងរ​ទេ»

បង​ប្រុស​របស់​អ្នក​ជំងឺ​ គឺ​លោក កើត ឃីន ឱ្យ​ដឹង​ថា ប្អូន​របស់​លោក​ឈ្មោះ ឃុន ណូ ដែល​ជា​បុគ្គលិក​ផ្នែក​កាមេរ៉ា​ថត​រូប​នៃ​​ស្ថានីយ​ទូរទស្សន៍ MY TV និង CTN នៅ​មុន​ពេល​ឈឺ ធ្លាប់​ទៅ​ប្រទេស​ថៃ និង​វៀតណាម និង​ទៅ​យក​ព័ត៌មាន​នៅ​ពិធី​បុណ្យ​សមុទ្រ​នៅ​ខេត្ត​កំពត ហើយ​ចុង​ក្រោយ​ទៅ​ចូល​រួម​ពិធី​រៀបការ​មួយ​នៅ​ស្រុក​ឧត្ដុង្គ ខេត្ត​កំពង់ស្ពឺ។ លោក​ថ្លែង​ថា មុន​ចូល​មន្ទីរពេទ្យ ប្អូន​របស់​លោក​មាន​ជំងឺ​ផ្ដាសាយ។

លោក​វេជ្ជបណ្ឌិត លឹម ស៊ីវុត្ថា ចាត់​ទុក​មរណភាព​របស់​លោក ឃុន ណូ ជា​ករណី​កម្រ​មួយ​សម្រាប់​ជំងឺ​ផ្ដាសាយ​ថ្មី A (H1N1) ពី​ព្រោះ​ជំងឺ​នេះ​ក្លាយ​ជា​ជំងឺ​ផ្ដាសាយ​ធម្មតា​ទៅ​ហើយ​នៅ​ពេល​បច្ចុប្បន្ន​នេះ។ លោក​ថា ករណី​ស្លាប់​នេះ ដូច​គ្នា​នឹង​ករណី​អ្នក​ជំងឺ​មាន​បញ្ហា​សួត​ធ្ងន់ធ្ងរ បណ្ដាល​មក​ពី​មេរោគ​ផ្សេង​ដែរ ដែល​មាន​អត្រា​ស្លាប់​ខ្ពស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។