មន្ត្រី​ជំនាញ​ស្ថាប័ន​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​ចុះ​ពិសោធ​រក​សារធាតុ​គីមី​ផ្ទុក​ក្នុង​ស្ករ​ត្នោត

ដោយ ដែន អយុធ្យា
2016-01-28
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
មន្ត្រី​កាំកុងត្រូល​សាខា​ខេត្ត​ព្រះសីហនុ ចុះ​ពិសោធ​ស្ករ​ត្នោត​រក​សារធាតុ​គីមី​ឈ្មោះ សូដ្យូម អ៊ីដ្រូសូលហ្វីត (sodium hydrosulfite) នៅ​ផ្សារ​ឃ្លាំង​លើ និង​ផ្សារ​លើ នា​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៦។ RFA/Den Ayuthyea
មន្ត្រី​កាំកុងត្រូល​សាខា​ខេត្ត​ព្រះសីហនុ ចុះ​ពិសោធ​ស្ករ​ត្នោត​រក​សារធាតុ​គីមី​ឈ្មោះ សូដ្យូម អ៊ីដ្រូសូលហ្វីត (sodium hydrosulfite) នៅ​ផ្សារ​ឃ្លាំង​លើ និង​ផ្សារ​លើ នា​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៦។ RFA/Den Ayuthyea
RFA/Den Ayuthyea

មន្ត្រី​ជំនាញ​ស្ថាប័ន​កាំកុងត្រូល​សាខា​ខេត្ត​ព្រះសីហនុ បើក​យុទ្ធនាការ​ចុះ​ពិសោធ​មុខ​ទំនិញ​ស្ករ​ត្នោត ដែល​អាជីវករ​បោះ​ដុំ និង​លក់​រាយ​នៅ​ផ្សារ​មួយ​ចំនួន​ក្នុង​មូលដ្ឋាន​នេះ ដើម្បី​រក​សារធាតុ​គីមី​ម្យ៉ាង​ដែល​គេ​ដាក់​ចូល​ទៅ​ក្នុង​ស្ករ​ត្នោត នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស។

បញ្ហា​នេះ ទាំង​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ជា​អ្នក​ប្រើប្រាស់​ស្ករ​ត្នោត បាន​ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​កាំកុងត្រូល ពិសេស​មន្ត្រី​ប្រចាំ​ការ​នៅ​តាម​ច្រក​ព្រំដែន​នានា ត្រូវ​ទប់ស្កាត់​សារធាតុ​គីមី កុំ​ឲ្យ​ចូល​ពី​ក្រៅ​ប្រទេស ទើប​ទប់ស្កាត់​បទល្មើស​នេះ​មាន​ប្រសិទ្ធភាព។

អនុប្រធាន​កាំកុងត្រូល​សាខា​ខេត្ត​ព្រះសីហនុ លោក ជា ប៉ិច បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ ពិសេស​អាជីវករ​លក់​ដូរ​ស្ករ​ត្នោត​ទាំង​បោះ​ដុំ និង​លក់​រាយ ត្រូវ​ចូលរួម​សហការ​ទប់ស្កាត់​ស្ករ​ត្នោត​មាន​សារធាតុ​គីមី នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់ ជាពិសេស ត្រូវ​ផ្តល់​ព័ត៌មាន​ទៅ​កាន់​មន្ត្រី​ជំនាញ ឲ្យ​ចុះ​ពិសោធ​ស្ករ​ត្នោត​របស់​លោក​អ្នក ដើម្បី​ចូលរួម​ថែ​រក្សា​សុខភាព​តាម​គ្រួសារ​នីមួយៗ។

លោក ជា ប៉ិច ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​២៨ ខែ​មករា លោក​បាន​ដឹក​នាំ​មន្ត្រី​ជំនាញ​ស្ថាប័ន​កាំកុងត្រូល និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ នាំ​យក​ឧបករណ៍​ទៅ​ពិសោធ​ស្ករ​ត្នោត​ដែល​អាជីវករ​ដាក់​លក់​នៅ​ផ្សារ​ឃ្លាំង​លើ និង​ផ្សារ​លើ ហើយ​រក​ឃើញ​ស្ករ​ត្នោត​ប្រមាណ ៦០​គីឡូក្រាម​មាន​ជាតិ​គីមី​ម្យ៉ាង នាំ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់៖ «គោលដៅ​របស់​យើង គឺ​ស្វែងរក​ស្ករ​ត្នោត​ដែល​មាន​លាយ​សារធាតុ​គីមី​ម្យ៉ាង​ហៅ​ថា សូដ្យូម អ៊ីដ្រូសូលហ្វីត (sodium hydrosulfite)។ ក្នុង​ការ​ចុះ​ត្រួត​ពិនិត្យ ឬ​ពិសោធ​ដោយ​ក្រុម​ការងារ​ជំនាញ​កាំកុងត្រូល និង​មន្ត្រី​ជំនាញ​ស្ថាប័ន​ដទៃ​ទៀត នៅ​ថ្ងៃ​ទី​២៨ ខែ​មករា នៅ​តាម​ផ្សារ​ឃ្លាំង​លើ និង​ផ្សារ​លើ​ខេត្ត​ព្រះសីហនុ ទៅ​លើ​អាជីវករ​លក់​បោះ​ដុំ​ភាគ​ច្រើន គឺ​រក​មិន​ឃើញ​សារធាតុ​គីមី​នោះ​ទេ ប៉ុន្តែ​សម្រាប់​អាជីវករ​លក់​រាយ គឺ​បាន​រក​ឃើញ​សារធាតុ​គីមី​ទាំង​នេះ​ផ្ទុក​ក្នុង​ស្ករ​ត្នោត​មាន​ចំនួន​ប្រមាណ ៦០​គីឡូក្រាម»

ទោះ​បី​មន្ត្រី​ជំនាញ​កាំកុងត្រូល មិន​បាន​បញ្ជាក់​លម្អិត​អំពី​ផល​ប៉ះពាល់​នៃ​ស្ករ​ត្នោត​មាន​ជាតិ​គីមី​ខាង​លើ មាន​ផល​ប៉ះពាល់​សុខភាព​មនុស្ស​កម្រិត​ណា​ក្តី ប៉ុន្តែ លោក ជា ប៉ិច សង្កត់​ធ្ងន់​ថា សារធាតុ​គីមី​ដែល​រក​ឃើញ​ក្នុង​ស្ករ​ត្នោត ដែល​ដាក់​លក់​តាម​ផ្សារ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ ពេល​នេះ គឺ​ហាម​ដាច់​ខាត​មិន​ឲ្យ​ដាក់​ទៅ​លើ​មុខ​ម្ហូប ឬ​មុខ​ទំនិញ​ផ្សេងៗ​នោះ​ទេ។

ទាក់ទិន​បញ្ហា​នេះ ទាំង​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ភាគ​ច្រើន បាន​គាំទ្រ​សកម្មភាព​របស់​មន្ត្រី​ជំនាញ​ស្ថាប័ន​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ដែល​ចុះ​ពិនិត្យ​គុណភាព​ប្រភេទ​ទំនិញ​ផ្សេងៗ​ជា​បន្តបន្ទាប់ ដើម្បី​ជួយ​ការពារ​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ និង​ស្នើ​ឲ្យ​មន្ត្រី​ស្ថាប័ន​នេះ បន្ត​សកម្មភាព​ជា​ប្រចាំ។

ចំណែក​ក្រុម​អាជីវករ​លក់​ដូរ​ស្ករ​ត្នោត​ទាំង​បោះ​ដុំ និង​លក់​រាយ​នៅ​ផ្សារ​ឃ្លាំង​លើ និង​ផ្សារ​លើ នា​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា នឹង​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​កាំកុងត្រូល ហើយ​សន្យា​ថា ឈប់​ទទួល​លក់​ស្ករ​ត្នោត​ដែល​សង្ស័យ​មាន​ផ្ទុក​សារធាតុ​គីមី។

អាជីវករ​មួយ​ចំនួន​ដែល​លក់​ស្ករ​ត្នោត​នៅ​ផ្សារ​ឃ្លាំង​លើ ដែល​មន្ត្រី​កាំកុងត្រូល​ពិសោធ​ស្ករ​ត្នោត​ដែល​ពួក​គាត់​កំពុង​ដាក់​លក់ ហើយ​រក​ឃើញ​មាន​ផ្ទុក​ជាតិ​គីមី ថ្លែង​ថា មិន​បាន​ដឹង​ស្ករ​ត្នោត​ដែល​ដាក់​លក់​នោះ មាន​ជាតិ​គីមី​នោះ​ទេ។ អាជីវករ​ទាំង​នោះ​ឲ្យ​ដឹង​ថា ស្ករ​ត្នោត​ដែល​ពួក​គាត់​បាន​ទិញ​មក​លក់​បន្ត​ពេល​នេះ គឺ​ភាគ​ច្រើន​មាន​ប្រភព​ចេញ​ពី​ឈ្មួញ​ស្ករ​ត្នោត​នៅ​ខេត្ត​កំពង់ស្ពឺ៖ «ពី​មុន​ពួក​ខ្ញុំ​មិន​បាន​ដឹង​ថា ស្ករ​ត្នោត​ដែល​ខ្ញុំ​បាន​ទិញ​ពី​ខេត្ត​កំពង់ស្ពឺ ដែល​ឈ្មួញ​បាន​មក​បោះ​លក់​ឲ្យ​ដល់​ទីផ្សារ​នេះ មាន​ផ្ទុក​ជាតិ​គីមី​នោះ​ទេ ប៉ុន្តែ​ពេល​នេះ​បាន​ដឹង​ហើយ ហើយ​ពួក​ខ្ញុំ​ឈប់​ទទួល​លក់​ស្ករ​ត្នោត​ប្រភេទ​នេះ​ទៀត​ហើយ។ ពួក​ខ្ញុំ​នឹង​ជ្រើសរើស​ស្ករ​ពី​ម្ចាស់​ផ្សេង​មក​លក់​ម្តង ដើម្បី​ជួយ​រក្សា​សុខភាព​បង​ប្អូន​ប្រជាពលរដ្ឋ​យើង»

អាជីវករ​លក់​ស្ករ​ត្នោត​នៅ​ផ្សារ​លើ ខេត្ត​ព្រះសីហនុ លោកស្រី ឃុត សុភា មាន​ប្រសាសន៍​ថា មិន​ជំទាស់​ការ​ចុះ​ពិសោធ​ស្ករ​ត្នោត​រក​សារធាតុ​គីមី​របស់​មន្ត្រី​កាំកុងត្រូល​ទេ ហើយ​បាន​ត្រៀម​សហការ​លុប​បំបាត់​ជាតិ​គីមី​នៅ​លើ​ចំណី​អាហារ​ជានិច្ច។ បន្ថែម​លើ​នេះ លោកស្រី ឃុត សុភា ក៏​បាន​អំពាវនាវ​ដល់​មន្ត្រី​ជំនាញ​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន ត្រូវ​ទប់ស្កាត់​ការ​នាំ​ចូល​សារធាតុ​គីមី​ពី​ក្រៅ​ប្រទេស​ឲ្យ​មាន​ប្រសិទ្ធភាព​ជា​មុន៖ «យើង​ចង់​ប្រាប់ ឬ​ផ្ដាំ​ទៅ​មន្ត្រី​រាជការ​ទាំង​ថ្នាក់​តូច ទាំង​ថ្នាក់​ធំ​ទាំងអស់ គឺ​មិន​មែន​ប្រាប់​ត្រឹម​ម្ចាស់​ស្ករ​ត្នោត ឬ​អ្នក​ធ្វើ​ស្ករ​ត្នោត​នោះ​ទេ។ សូម​ឲ្យ​មន្ត្រី​រាជការ​ទាំងអស់ កុំ​ឲ្យ​នាំ​សារធាតុ​គីមី​ហ្នឹង​ពី​ក្រៅ​ប្រទេស​ចូល​មក​ស្រុក​ខ្មែរ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​អ្នក​ធ្វើ​ស្ករ​ត្នោត ទិញ​មក​ដាក់​លាយ​ជាមួយ​ស្ករ​ត្នោត ព្រោះ​ថា សារធាតុ​គីមី​ទាំងអស់​ហ្នឹង គឺ​បាន​នាំ​មក​ពី​បរទេស។ ដូច្នេះ បើ​មន្ត្រី​ជំនាញ​រដ្ឋាភិបាល​នៅ​តាម​ច្រក​ព្រំដែន មិន​ឲ្យ​នាំ​ចូល គឺ​មិន​អាច​ចូល​បាន​ទេ ព្រោះ​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា កសិករ​ខ្មែរ​មិន​អាច​ផលិត ឬ​មាន​ពូជ​ដាំ​សារធាតុ​គីមី​ទាំងអស់​ហ្នឹង​ទេ»

យ៉ាង​ណា​ក៏ដោយ​ចុះ អនុប្រធាន​កាំកុងត្រូល​សាខា​ខេត្ត​ព្រះសីហនុ លោក ជា ប៉ិច បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ មន្ត្រី​រាជការ ពិសេស​អាជីវករ​លក់​ដូរ​ទំនិញ ឬ​អាហារ​ហូប​ចុក​ទូទាំង​ប្រទេស ពិសេស​ខេត្ត​ព្រះសីហនុ ត្រូវ​ចូលរួម​សហការ និង​ផ្តល់​ព័ត៌មាន​ទៅ​កាន់​ស្ថាប័ន​នេះ បើ​សង្ស័យ​ថា ទីតាំង​បោះ​ដុំ​ស្ករ​ត្នោត ឬ​លក់​រាយ​ជាដើម សង្ស័យ​ដាក់​លក់​ទំនិញ ឬ​ស្ករ​ត្នោត​មាន​ដាក់​សារធាតុ​គីមី ដើម្បី​រក្សា​មុខ​ទំនិញ​ទុក​បាន​យូរ​ថ្ងៃ​ជាដើម មក​កាន់​ស្ថាប័ន​កាំកុងត្រូល​តាម​រយៈ​ទូរស័ព្ទ​លេខ ០១៧ ៤៤៣ ៧៣៧ និង​លេខ ០១២ ៩៧៥ ៦៥៧។

មន្ត្រី​ជំនាញ​ស្ថាប័ន​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ថា នឹង​ចុះ​ពិសោធ​រក​សារធាតុ​គីមី​នៅ​លើ​ការ​បោះ​ដុំ និង​លក់​រាយ​នៅ​តាម​ទីផ្សារ​ជាច្រើន​ទៀត​នៅ​តាម​ទីប្រជុំជន​នានា ក្នុង​មូលដ្ឋាន​ខេត្ត​ទេសចរណ៍​មួយ​នេះ ដើម្បី​ឈាន​ទៅ​រួម​ចំណែក​ថែ​រក្សា​សុខភាព​ប្រជាពលរដ្ឋ​ឲ្យ​បាន​ប្រសើរ​ឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Dr. Chea Moneth

ពី Phnom Penh City

ពង្រឹង គុណភាព ការត្រួតពិនិត្យ (ការផលិត + ការនាំចូល +ការចែកចាយ) បានល្អ = ចំណីអាហារ មាន គុណភាព +សុវត្ថិភាព) បានល្អ = ប្រជាពលរដ្ឋខ្មែរយើងមានសុខភាពល្អ
រឿងនេះ រាជរដ្ឋាភិបាលថ្មី ឆ្នាំ២០១៨ (អាណត្តិទី៦) ត្រូវឲ្យ
ក្រសួងសុខាភិបាល ជាអ្នក ពង្រឹង គុណភាព ការត្រួតពិនិត្យ
Dr. Chea Moneth

Jan 28, 2016 08:52 PM

អ្នក​អាន​អនាមិក

ចេះនិយាយថាការពារសុខភាពប្រជាពលរដ្ឋទៅកើត មិនដឹងជាធ្វើតាំងពីអង្កាល ហើយម្នាក់ៗហូបមិនដឹងជាអស់ប៉ុន្មានហើយទេ ម្ហូបអាហារផង ស្ករប្រើប្រាស់មួយថ្ងៃមានតាយ៉ាងហោចណាស់៣ដងរៀងរាល់ថ្ងៃ។ អោយរាយការទៅសមត្ថកិច្ចស្រួលមិនស្រួល រាយការទៅបានដៃបណ្តោយ។

Jan 28, 2016 08:29 PM

អ្នក​អាន​អនាមិក

>. សារធាតុមានជាតិពុល នេះ អត់មានអ្នកទិញ ក៏អត់មានអ្នកយកមកលក់ដែរ !

Jan 28, 2016 09:37 AM

គេហទំព័រ​ទាំងមូល