មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​ចុះ​ពិនិត្យ​អាហារ​សមុទ្រ​ស្រស់​និង​បន្លែ​ផ្លែ​ឈើ​​រក​សារធាតុ​គីមី

ដោយ ដែន អយុធ្យា
2017-08-25
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ លោក ជា ប៉ិច (រូប​កំពុង​សរសេរ) ដឹកនាំ​ក្រុម​ការងារ​ជំនាញ​ចុះ​ពិនិត្យ​ម្ហូប​អាហារ ចំណី​ត្រី​សាច់ បន្លែ​ផ្លែ​ឈើ និង​មុខ​សមុទ្រ​ស្រស់​នៅ​ផ្សារ​វាលរេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៧។
អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ លោក ជា ប៉ិច (រូប​កំពុង​សរសេរ) ដឹកនាំ​ក្រុម​ការងារ​ជំនាញ​ចុះ​ពិនិត្យ​ម្ហូប​អាហារ ចំណី​ត្រី​សាច់ បន្លែ​ផ្លែ​ឈើ និង​មុខ​សមុទ្រ​ស្រស់​នៅ​ផ្សារ​វាលរេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៧។
RFA/Den Ayuthyea

អគ្គនាយកដ្ឋាន​កាំកុងត្រូល​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ចុះ​ពិនិត្យ​ម្ហូប​សមុទ្រ​ស្រស់ និង​បន្លែ​ផ្លែ​ឈើ​ជាង ១០០​ប្រភេទ​គំរូ ដែល​អាជីវករ​ដាក់​លក់​នៅ​ផ្សារ​វាលរេញ និង​ផ្សារ​លើ​ខេត្ត​ព្រះសីហនុ រក​សារធាតុ​គីមី​ហាមឃាត់ ដើម្បី​ឈាន​ទៅ​រួម​ចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​នេះ​បាន​ច្រើន​នា​ឆ្នាំ​ខាង​មុខ។

អ្នក​ឃ្លាំ​មើល​សង្គម និង​ស្ត្រី​មេផ្ទះ គាំទ្រ​សកម្មភាព​នេះ និង​ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​កាំកុងត្រូល ត្រូវ​ចុះ​ពិនិត្យ​គុណភាព​ចំណី​អាហារ​នេះ​ឲ្យ​បាន​ជា​ប្រចាំ និង​ត្រូវ​ផ្ដន្ទាទោស​អ្នក​ប្រព្រឹត្ត​ល្មើស​ឲ្យ​បាន​ធ្ងន់ធ្ងរ។

អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ លោក ជា ប៉ិច ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ពុធ ទី​២៣ ខែ​សីហា ថា អគ្គនាយកដ្ឋាន​កាំកុងត្រូល​បាន​នាំ​យក​រថយន្ត​មន្ទីរ​ពិសោធន៍​ចល័ត ដើម្បី​ធ្វើ​ពិសោធន៍​អាហារ​សមុទ្រ​ស្រស់ និង​បន្លែ​ផ្លែ​ឈើ​គ្រប់​ប្រភេទ​នៅ​ផ្សារ​ទាំង​ពីរ ដើម្បី​ទប់ស្កាត់​ការ​ប្រើប្រាស់​សារធាតុ​គីមី​ទៅ​លើ​ចំណី​អាហារ ធ្វើ​យ៉ាង​ណា​ឲ្យ​អាហារ​ទទួល​ទាន​របស់​ប្រជាពលរដ្ឋ​មាន​សុវត្ថិភាព។ ជាង​នេះ ដើម្បី​ផ្តល់​ទំនុក​ចិត្ត​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ មាន​កំណើន​ខ្ពស់​ជា​រៀង​រាល់​ឆ្នាំ។

លោក ជា ប៉ិច បន្ថែម​ថា អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ នឹង​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​បន្ត​សកម្មភាព​ចុះ​ត្រួត​ពិនិត្យ​គុណភាព​ចំណី​អាហារ​នៅ​តាម​ទីផ្សារ​នានា និង​តាម​ច្រក​កំពង់ផែ​នាំ​ចូល​ទំនិញ​ជាដើម ឲ្យ​មាន​សកម្មភាព​រស់​រវើក​ជា​ប្រចាំ។

ត្រង់​ចំណុច​នេះ លោក ជា ប៉ិច បាន​ស្នើ​ឲ្យ​អាជីវករ​លក់ដូរ​នៅ​តាម​ទីផ្សារ​នានា ទាំង​អ្នក​លក់​បោះ​ដុំ និង​អ្នក​លក់​រាយ ចំណី​អាហារ ឬ​ទំនិញ​គ្រប់​ប្រភេទ មិន​ត្រូវ​បន្ត​ប្រើប្រាស់​សារធាតុ​គីមី​ហាមឃាត់​ដាក់​ទៅ​លើ​ចំណី​អាហារ ឬ​បន្លែ​ផ្លែ​ឈើ​គ្រប់​ប្រភេទ ដើម្បី​ឲ្យ​អ្នក​ទិញ​មើល​ឃើញ​ស្រស់ និង​ទុក​លក់​បាន​យូរ​ថ្ងៃ​ទៀត​ទេ ព្រោះ​ទង្វើ​នេះ​ខុស​ច្បាប់ និង​ត្រូវ​ផ្ដន្ទាទោស៖ «សូម​បង​ប្អូន​អាជីវករ​ទាំងអស់ ចូលរួម​លើក​កិត្តិយស​មុខ​មាត់​ខេត្ត​ព្រះសីហនុ យើង ដើម្បី​ឲ្យ​មាន​សុវត្ថិភាព​ទៅ​លើ​ផលិតផល​ចំណី​អាហារ​ទទួល​ទាន ជាពិសេស​មុខ​ម្ហូប​សមុទ្រ​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទាំង​ក្នុង និង​ក្រៅ​ស្រុក ដើម្បី​ឲ្យ​ពួក​គេ​មាន​ទំនុក​ចិត្ត​មក​លើ​សុវត្ថិភាព​ចំណី​អាហារ។ តាម​រយៈ​នេះ ខ្ញុំ​សូម​សំណូមពរ​ដល់​បង​ប្អូន​អាជីវករ ឲ្យ​ជួយ​សហការ​ទាំងអស់​គ្នា ព្រោះ​ថា​ច្បាប់​សុវត្ថិភាព​ម្ហូប​អាហារ​ត្រូវ​តែ​រួម​គ្នា​គោរព​ឲ្យ​បាន​ទាំងអស់​គ្នា»

លោក ជា ប៉ិច ឲ្យ​ដឹង​ទៀត​ថា សកម្មភាព​ចុះ​ពិនិត្យ​មុខ​ម្ហូប​សមុទ្រ​ស្រស់ និង​បន្លែ​ផ្លែ​ឈើ​ជាង ១០០​ប្រភេទ​គំរូ រយៈពេល ២​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៣ ខែ​សីហា នៅ​ផ្សារ​វាលរេញ និង​ផ្សារ​លើ ខេត្ត​ព្រះសីហនុ មន្ត្រី​ជំនាញ​រក​ឃើញ និង​រឹប​អូស​យក​មឹក​ស្រស់ ត្រសក់ ស្លឹក​គូឆាយ និង​ម្ទេស​ប្លោក ជាដើម​ជាង ៣០​គីឡូក្រាម មាន​ផ្ទុក​សារធាតុ​គីមី​យក​ទៅ​បំផ្លាញ​ចោល៖ «មាន​ម្ហូប​សមុទ្រ​ស្រស់​មួយ​មុខ គឺ​ត្រី​មឹក ដែល​យើង​បាន​ដក​ហូត និង​ប្រភេទ​បន្លែ​មាន​ប្រភេទ​គូឆាយ ម្ទេស​ប្លោក និង​ត្រសក់​ស្រស់​ជាដើម ត្រូវ​មន្ត្រី​កាំកុងត្រូល​ពិនិត្យ​រក​ឃើញ​មាន​ដាក់​សារធាតុ​គីមី ហើយ​ត្រូវ​រឹប​អូស​យក​ទៅ​កម្ទេច​ចោល ហើយ​ក្រុម​អាជីវករ​លក់​បន្លែ​ទាំងនោះ​ក៏​បាន​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ទាំងអស់​គ្នា និង​បាន​សន្យា​ថា​នឹង​ឈប់​ទិញ​ផលិតផល​ប្រភព​ដែល​គាត់​បាន​ទិញ​បន្លែ​យក​មក​លក់​បន្ត។ ហើយ​ករណី​នេះ យើង​នឹង​តាមដាន​រក​ប្រភព​ដែល​ចែកចាយ​បន្លែ​មាន​សារធាតុ​គីមី​នេះ​ជា​បន្ត​ទៀត​នៅ​ពេល​ខាង​មុខ»

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បាន​ចុះ​ធ្វើ​តេស្ដ​លើ​គ្រឿង​សមុទ្រ​ស្រស់ មាន​បង្គា មឹក ប្រហិត​ចម្រុះ បន្លែ និង​សរសៃ​គុយទាវ ជាដើម ដើម្បី​រក​សារធាតុ​គីមី​ដែល​អាជីវករ​ដាក់​លក់​នៅ​ក្នុង​ផ្សារ​លើ ហើយ​រក​ឃើញ​បង្គា​ស្រស់ ១៣​គីឡូក្រាម​មាន​សារធាតុ​គីមី​ហ្វ័រម៉ាលីន (FORMALINE) ហាមឃាត់ ព្រោះ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួល​ទាន។

សកម្មភាព​នេះ មន្ត្រី​កាំកុងត្រូល​មិន​បាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ភ្លាមៗ​ទៅ​លើ​ក្រុម​អាជីវករ​ដែល​លក់​ម្ហូប​សមុទ្រ​ស្រស់​ផ្ទុក​សារធាតុ​គីមី​នេះ​ទេ ប៉ុន្តែ​បាន​ឲ្យ​ធ្វើ​កិច្ចសន្យា បើ​ទៅ​ថ្ងៃ​ខាង​មុខ អាជីវករ​ទាំងនោះ​មិន​រាង​ចាល នឹង​អនុវត្ត​តាម​ផ្លូវ​ច្បាប់។

អាជីវករ​លក់​ម្ហូប​សមុទ្រ​ស្រស់ និង​លក់​បន្លែ​ផ្លែ​ឈើ​មួយ​ចំនួន​នៅ​ផ្សារ​លើ និង​ផ្សារ​វាលរេញ បាន​អះអាង​ថា កន្លង​ទៅ ផ្សារ​ទាំង​ពីរ​នេះ​ពិត​ជា​មាន​អាជីវករ​ខិលខូច​នៅ​តាម​តូប​លក់ដូរ​ខ្លះ បាន​លួច​ដាក់​សារធាតុ​គីមី​ដោយ​ខ្លួន​ឯង​ចូល​ទៅ​ក្នុង​មុខ​ម្ហូប​សមុទ្រ​ស្រស់ និង​បន្លែ​ត្រី​សាច់​ជាដើម ដើម្បី​ទុក​លក់​បាន​យូរ​ថ្ងៃ និង​មើល​ឃើញ​ស្រស់។

អាជីវករ​ផ្សារ​លើ​ស្នើ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ប្រភេទ​បន្លែ​ស្រស់ៗ​មាន​ត្រសក់ ស្លឹក​គូឆាយ និង​ម្ទេស​ប្លោក ជាដើម ដែល​មន្ត្រី​កាំកុងត្រូល​ពិសោធ​រក​ឃើញ​មាន​ផ្ទុក​សារធាតុ​គីមី​នេះ គឺ​បាន​នាំ​ចូល​ពី​ប្រទេស​ចិន ថៃ និង​វៀតណាម ដោយ​ឈ្មួញ​ចែកចាយ​មក​តាម​បណ្តា​ខេត្ត មាន​ប្រភព​ចេញ​ពី​រាជធានី​ភ្នំពេញ ហើយ​បន្លែ​ភាគច្រើន​ត្រូវ​គេ​ដាក់​សារធាតុ​គីមី​ដើម្បី​រក្សា​ទុក​បាន​យូរ​ថ្ងៃ និង​មើល​ឃើញ​ស្រស់។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ត្រូវ​កសាង​សំណុំ​រឿង​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ដាក់​លក់​ម្ហូប​អាហារ​មាន​ផ្ទុក​សារធាតុ​គីមី ទំនិញ​ខូច​គុណភាព និង​ផលិត​គ្មាន​បច្ចេកទេស ជាដើម ត្រូវ​បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស​តាម​ច្បាប់​ឲ្យ​បាន​ធ្ងន់ធ្ងរ ទើប​ពួក​គេ​ខ្លាចរអា៖ «សំខាន់​ខាង​មន្ត្រី​ជំនាញ​កាំកុងត្រូល និង​មន្ត្រី​គយ​ជាដើម នៅ​ពេល​ដែល​ឈ្មួញ​នាំ​ចូល​ទំនិញ​គ្រប់​ប្រភេទ​នៅ​តាម​ច្រក​ព្រំដែន​ជាដើម គឺ​ត្រូវ​តែ​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​ផង​ដែរ ជាពិសេស​អ្នក​ទទួល​លក់ ក៏​ជា​ឈ្មួញ​កណ្តាល​មួយ​ដែរ ដែល​ត្រូវ​ចូលរួម​ត្រួត​ពិនិត្យ​ទៅ​លើ​គុណភាព​ចំណី​អាហារ ឬ​គុណភាព​ទំនិញ​ឲ្យ​បាន​ទាំងអស់​គ្នា​ជា​ប្រចាំ។ ករណី​នេះ យើង​កត់​សម្គាល់​ថា មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ នៅ​ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ បាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៅ​លើ​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​គុណភាព​ទំនិញ​គ្រប់​បែប​យ៉ាង ទាំង​ចំណី​អាហារ​ហូប​ចុក និង​គ្រឿង​កំប៉ុង​ដប អាហារ​ក្រៀម​វេច​ខ្ចប់​ស្រាប់​នៅ​តាម​ទីផ្សារ​នានា​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ពិសេស​បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ការងារ​នេះ​ជូន​ដល់​សិស្សានុសិស្ស​នៅ​តាម​សាលា​នានា​ជា​បន្តបន្ទាប់ ឲ្យ​បាន​យល់​ដឹង​អំពី​គុណភាព​ចំណី​អាហារ និង​ការ​ជ្រើស​ទៅ​ទទួល​ទាន​ឲ្យ​មាន​គុណភាព និង​មាន​សុវត្ថិភាព»

អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ លោក ជា ប៉ិច ប្រកាស​លេខ​ទូរស័ព្ទ​ជូន​ប្រជាពលរដ្ឋ ឬ​ភ្ញៀវ​ទេសចរ បើ​ដឹង​ថា​ទីតាំង​ណា​មួយ​មាន​លក់​ទំនិញ​ខូច​គុណភាព អាហារ​ស្រស់ ចំណី​អាហារ​ទាំង​ភេសជ្ជៈ​កំប៉ុង ឬ​ដប​គ្រប់​ប្រភេទ​សង្ស័យ​មាន​ដាក់​សារធាតុ​គីមី និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ជាដើម ត្រូវ​ផ្ដល់​ព័ត៌មាន​ឲ្យ​បាន​ឆាប់​មក​កាន់​មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ តាម​រយៈ​ទូរស័ព្ទ​លេខ ០៩៨ ៥៥៥ ៦៦៦ លេខ ០១៧ ៤៤៣ ៧៣៧ និង​លេខ ០១២ ៩៤៦ ០៤៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល