ស្ថានភាព​អ្នក​ជំងឺ​ផ្ដាសាយ​ប្រភេទ​ថ្មី A (H1N1) មិន​ទាន់​មាន​ការ​ប្រែប្រួល

ដោយ ឡេង ម៉ាលី
2016.02.21
ផ្ដាសាយ​ជ្រូក ៨៥៥ ២០១៦ អ្នក​កើត​ជំងឺ​ផ្ដាសាយជ្រូក (H1N1) លោក ឃុន ណូ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត នៅ​ថ្ងៃ​ទី​២០ កុម្ភៈ ឆ្នាំ​២០១៦។
RFA/Sireymuny

ស្ថានភាព​របស់​អ្នក​ជំងឺ​ផ្ដាសាយ​ប្រភេទ​ថ្មី A (H1N1) លោក ឃុន ណូ ដែល​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព-ខ្មែរ​សូវៀត ត្រូវ​បាន​គ្រូពេទ្យ​វាយ​តម្លៃ​ថា មាន​សភាព​នៅ​នឹង មិន​មាន​សញ្ញា​វិវឌ្ឍ​មិន​ល្អ​ណា​មួយ​នៅ​ឡើយ​ទេ។ គ្រូពេទ្យ​កំពុង​តាម​ដាន និង​ព្យាបាល​បន្ត។

ប្រធាន​ផ្នែក​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត វេជ្ជបណ្ឌិត លឹម ស៊ីវុត្ថា មាន​ប្រសាសន៍​ថា ស្ថានភាព​របស់​អ្នក​ជំងឺ​ផ្ដាសាយ​ប្រភេទ​ថ្មី A (H1N1) មិន​មាន​ការ​ប្រែប្រួល​នៅ​ឡើយ​ទេ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២១ កុម្ភៈ៖ «តាំង​ពី​គាត់​ចូល​មក​ដល់​ថ្ងៃ​នេះ យើង​ឃើញ​ស្ថានភាព​គាត់​នៅ​នឹង អត់​មាន​រោគ​សញ្ញា​ណា​អាក្រក់​ចំពោះ​គាត់​ទេ គ្រាន់​តែ​នៅ​ពេល​នេះ ត្រូវ​ប្រើ​ម៉ាស៊ីន​ដើម្បី​ដក​ដង្ហើម ព្រោះ​យើង​ប្រើ​តាំង​ពី​ថ្ងៃ​ដំបូង​ម៉េ្លះ ដោយសារ​ដង្ហើម​អូស​អត់​គ្រប់។ ប្រហែល​ជា​ត្រូវ​រង់ចាំ​ការ​ប្រើប្រាស់​ម៉ាស៊ីន​ហ្នឹង​រហូត​ដល់​មួយ​អាទិត្យ ដើម្បី​មើល​ស្ថានភាព​ថា តើ​វា​អាច​ដក​ម៉ាស៊ីន​ចេញ​វិញ​បាន​ឬ​អត់?»

លោក​ឲ្យ​ដឹង​ថា អ្នក​ជំងឺ​រូប​នេះ​ចូល​មក​សម្រាក​នៅ​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ ហើយ​ចាប់​ប្រើ​ម៉ាស៊ីន​ដក​ដង្ហើម​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៧ កុម្ភៈ រហូត​មក ព្រោះ​ជំងឺ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​សួត៖ «បញ្ហា​សំខាន់​ជាង​គេ ក្ដៅ​បន្ទាប់​បន្សំ​ទេ តែ​បញ្ហា​ធំ​ជាង​គេ​បញ្ហា​ដក​ដង្ហើម។ ដង្ហើម​គាត់​មិន​អាច​ឲ្យ​អុកស៊ីហ្សែន​គ្រប់​កម្រិត​អុកស៊ីហ្សែន​គ្រប់គ្រាន់ បាន​យើង​បង្ខំ​ចិត្ត​ប្រើប្រាស់​ម៉ាស៊ីន ដើម្បី​ជួយ​ដល់​ផ្លូវ​ដង្ហើម​របស់​គាត់។ ជំងឺ​នេះ​វា​ប៉ះពាល់​សំខាន់ ពេល​គាត់​ចូល​មក​យើង គឺ​បញ្ហា​ទាក់ទង​ជាមួយ​នឹង​សួត ព្រោះ​មេរោគ​វា​ប៉ះពាល់​ទៅ​លើ​សួត​គាត់ ដែល​ធ្វើ​ឲ្យ​គាត់​មាន​បញ្ហា​សួត​ហ្នឹង ហើយ​គាត់​ដក​ដង្ហើម​អត់​បាន»

លោក​វេជ្ជបណ្ឌិត​បញ្ជាក់​បន្ថែម​ថា ទន្ទឹម​គ្នា​នឹង​ការ​ប្រើ​ម៉ាស៊ីន​ដក​ដង្ហើម គ្រូពេទ្យ​ផ្ដល់​ថ្នាំ​ងងុយ​ដេក​ឲ្យ​គាត់ ដើម្បី​សម្រួល​ចង្វាក់​ម៉ាស៊ីន​ដក​ដង្ហើម​នោះ។ លោក​ថា ក្រុម​គ្រូពេទ្យ​នឹង​តាម​ដាន​ករណី​នេះ​បន្ត​ទៀត ដោយ​ចាំបាច់​ត្រូវ​ប្រើ​ម៉ាស៊ីន​ដក​ដង្ហើម​ជួយ រហូត​ដល់​អ្នក​ជំងឺ​អាច​ដក​ដង្ហើម​ស្រូប​យក​អុកស៊ីហ្សែន​គ្រប់គ្រាន់​ដោយ​ខ្លួន​ឯង​បាន។

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង វេជ្ជបណ្ឌិត លី សូវ៉ាន់ ពន្យល់​ថា ជំងឺ​ផ្ដាសាយ​ថ្មី​ប្រភេទ A (H1N1) នេះ មាន​ត្រកូល​ជាមួយ​គ្នា​នឹង​ជំងឺ​ផ្ដាសាយ​តាម​រដូវ​ភ្លៀង​ដែរ ប៉ុន្តែ​គឺ​ជា​ជំងឺ​ផ្ដាសាយ​ថ្មី​ប្រភេទ A (H1N1) មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​ប្រភេទ​ពីរ​ផ្សេង​ទៀត គឺ​ប្រភេទ B និង C«វា​មាន A B ហើយ​និង C។ ភាគ​ច្រើន Influenza B and C ស្រាល​ទេ វា​អត់​សូវ​ធ្ងន់ធ្ងរ​ទេ។ មាន​តែ Influenza A ច្រើន​តែ​មាន​ធ្ងន់ធ្ងរ វា​អាច​រាល​ដាល (Pandemic) អាច​ចល័ត​ស៊ី​ទៅ​ដល់​សួត។ វា​នៅ​លើ​ខ្លួន​យើង​រហូត។ ករណី​មាន​ច្រើន យើង​ឃើញ​នៅ​រដូវ​ភ្លៀង។ កើត​ឡើង​រដូវ​មិន​មែន​ភ្លៀង​តិចតួច​ណាស់។ អ៊ីចឹង​ហើយ​បាន​ជា​ពេល​ដែល​យើង​ចូល​ដល់​ខែ​១២ ឬ​ខែ​១ ឃើញ​អាកាសធាតុ​ត្រជាក់ បង​ប្អូន​ខ្លះ​ថា​ផ្ដាសាយ តែ​មិន​ផ្ដាសាយ​ទេ។ មិន​ប្រាកដ​ថា​បណ្ដាល​មក​ពី​មេរោគ​ផ្ដាសាយ​ទេ។ មក​ពី​ត្រូវ​នឹង​អាកាសធាតុ វា​បណ្ដាល​ឲ្យ​មាន​ក្អក កណ្ដាស់ តឹង​ច្រមុះ​ដូច​ផ្ដាសាយ​ដែរ»

លោក​ថា ជំងឺ​ផ្ដាសាយ​នេះ​មិន​មាន​រោគ​សញ្ញា​អ្វី​ប្លែក​ជាក់លាក់​សម្គាល់​ដាច់​ដោយឡែក​ពី​ជំងឺ​ផ្ដាសាយ​តាម​រដូវ​ភ្លៀង ឬ​រដូវ​ត្រជាក់​ទេ។ ប្រការ​សំខាន់​ដែល​ត្រូវ​បង្ការ​ការ​ឆ្លង គឺ​រក្សា​អនាម័យ​ផ្ទាល់​ខ្លួន​ឲ្យ​បាន​ស្អាត ឧស្សាហ៍​លាង​ដៃ​នឹង​សាប៊ូ និង​ខ្ទប់​មាត់​ក្អក ឬ​កណ្ដាស់។ ករណី​ជំងឺ​ផ្ដាសាយ​ថ្មី A (H1N1) របស់​អ្នក​ជំងឺ​ឈ្មោះ ឃុន ណូ គឺ​ជា​ករណី​ទី​មួយ​នៅ​ដើម​ឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។