អ្នក​ជំងឺ​ផ្ដាសាយ​ប្រភេទ​ថ្មី A (H1N1) នៅ​មន្ទីរពេទ្យ​រុស្ស៊ី​មាន​ស្ថានភាព​ជំងឺ​នៅ​នឹង

ដោយ ឡេង ម៉ាលី
2016.02.22
ផ្ដាសាយ​ជ្រូក ៨៥៥ ២០១៦ អ្នក​កើត​ជំងឺ​ផ្ដាសាយជ្រូក (H1N1) លោក ឃុន ណូ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត នៅ​ថ្ងៃ​ទី​២០ កុម្ភៈ ឆ្នាំ​២០១៦។
RFA/Sireymuny

ស្ថានភាព​របស់​អ្នក​ជំងឺ​ផ្ដាសាយ​ប្រភេទ​ថ្មី A (H1N1) លោក ឃុន ណូ ដែល​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព-ខ្មែរ​សូវៀត ត្រូវ​បាន​គ្រូពេទ្យ​វាយ​តម្លៃ​ថា មាន​សភាព​នៅ​នឹង មិន​មាន​សញ្ញា​វិវឌ្ឍន៍​ណា​មួយ​នៅ​ឡើយ​ទេ។ គ្រូពេទ្យ​កំពុង​តាម​ដាន និង​ព្យាបាល​បន្ត។

ប្រធាន​ផ្នែក​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត វេជ្ជបណ្ឌិត លឹម ស៊ីវុត្ថា មាន​ប្រសាសន៍​ថា អ្នក​ជំងឺ​ឆ្លង​មេរោគ​ផ្ដាសាយ​ប្រភេទ​ថ្មី A (H1N1) នៅ​មាន​ស្ថានភាព​ដដែល​ទេ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២២ កុម្ភៈ៖ «ល្ងាច​នេះ បើ​គិត​ទៅ​មិន​ខុស​ពី​ម្សិលមិញ​ប៉ុន្មាន​ទេ។ ស្ថានភាព​នឹងន ប៉ុន្តែ​គ្រាន់​តែ​ថា​មិន​ទាន់​ធូរ​ស្រាល នៅ​បន្ត​ការ​ព្យាបាល​ដូច​កាល​ពី​ម្សិលមិញ​អ៊ីចឹង។ ប៉ុន្តែ​អត់​ទាន់​ឃើញ​សញ្ញា​អី​បញ្ជាក់​ថា​គ្រោះ​ថ្នាក់​ទេ ហើយ​ក៏​មិន​ទាន់​ឃើញ​សញ្ញា​បញ្ជាក់​ធូរ​ស្រាល​មក​វិញ​ដែរ។ ឃើញ​ថា​វា​នៅ​នឹង​ល្អ​ប៉ុន្មាន​ថ្ងៃ​ហ្នឹង​ជាប់»

ស្ថានភាព​អ្នក​ជំងឺ​ស្ថិត​នៅ​ពឹង​ផ្អែក​លើ​ម៉ាស៊ីន​ដក​ដង្ហើម​នៅ​ឡើយ ហើយ​គ្រូពេទ្យ​ចាប់​ផ្ដើម​ផ្លាស់ប្ដូរ​សម្ភារៈ និង​បំពង់​បើក​ផ្លូវ​ដង្ហើម​ថ្មី បន្ទាប់​ពី​បាន​ដាក់​ជាច្រើន​ថ្ងៃ​មក។

លោក​វេជ្ជបណ្ឌិត លឹម ស៊ីវុត្ថា ឲ្យ​ដឹង​ថា អ្នក​ជំងឺ​រូប​នេះ​ចូល​មក​សម្រាក​នៅ​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ ហើយ​ចាប់​ប្រើ​ម៉ាស៊ីន​ដក​ដង្ហើម​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៧ កុម្ភៈ រហូត​មក ព្រោះ​មេរោគ​ផ្ដាសាយ​ថ្មី​ប្រភេទ A (H1N1) នេះ ធ្វើ​ឲ្យ​ប៉ះពាល់​សួត។

បង​ប្រុស​របស់​អ្នក​ជំងឺ គឺ​លោក កើត ឃីន ឲ្យ​ដឹង​ពី​ប្រវត្តិ​ធ្វើ​ដំណើរ​របស់​ប្អូន​លោក​ថា មុន​ពេល​ឈឺ ប្អូន​របស់​លោក​ធ្លាប់​ទៅ​ប្រទេស​ថៃ និង​វៀតណាម និង​ទៅ​យក​ព័ត៌មាន​នៅ​ពិធី​បុណ្យ​សមុទ្រ​នៅ​ខេត្ត​កំពត ហើយ​ចុង​ក្រោយ ទៅ​ចូលរួម​ពិធី​រៀបការ​មួយ​នៅ​ស្រុក​ឧត្ដុង្គ ខេត្ត​កំពង់ស្ពឺ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។