មន្ត្រី​សុខាភិបាល​មិន​ទាន់​រក​ឃើញ​មូលហេតុ​នៃ​ការ​ស្លាប់​ស្ត្រី​ពោះ​ធំ​ម្នាក់​នៅ​ពោធិ៍សាត់

ដោយ ជិន ជេដ្ឋា
2016-01-24
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពេទ្យ​បង្អែក ពោធិ៍សាត់ ៦២០
មន្ទីរពេទ្យ​បង្អែក​ខេត្ត​ពោធិ៍សាត់ (មន្ទីរពេទ្យ​បង្អែក​សំពៅមាស) ស្ថិត​ក្រុង​ពោធិ៍សាត់។ រូបថត​ខែ​ធ្នូ ២០១៤
RFA/Chin Chetha

គណៈកម្មការ​មរណៈ​មាតា នៃ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ពោធិ៍សាត់ ឬ​ហៅ​មន្ទីរពេទ្យ​បង្អែក​សំពៅមាស មិន​ទាន់​រក​ឃើញ​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ស្លាប់​ស្ត្រី​ពោះ​ធំ​ម្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា នោះ​នៅ​ឡើយ​ទេ។ គ្រួសារ​ស្ត្រី​រង​គ្រោះ​ក៏​ចង់​ដឹង​ពី​មូលហេតុ​នៃ​ការ​ស្លាប់​នេះ​ដែរ ខណៈ​ពួកគាត់​មិន​ពេញ​ចិត្ត​ចំពោះ​ពាក្យ​សម្ដី និង​ឥរិយាបថ​របស់​គ្រូ​ពេទ្យ​នោះ។

ក្រុម​គ្រួសារ និង​ស្វាមី​របស់​ស្ត្រី​រងគ្រោះ​វ័យ​ជាង ៤០​ឆ្នាំ ឈ្មោះ ញឹក ណាន កំពុង​ពិភាក្សា​គ្នា​រក​នីតិវិធី​ដើម្បី​ស្វែង​រក​យុត្តិធម៌​ដល់​អ្នក​ស្លាប់ បន្ទាប់​ពី​បញ្ចប់​ពិធី​បុណ្យ​ភ្លាមៗ។

ប្ដី​ជន​រង​គ្រោះ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ខែ​មករា ថា រយៈ​ពេល​សម្រាក​រង់ចាំ​សម្រាល​កូន​នៅ​ក្នុង​មន្ទីរពេទ្យ​ចំនួន ១១​ថ្ងៃ គឺ​មាន​តែ​គ្រូពេទ្យ​ក្មេងៗ ហើយ​ឥរិយាបថ និង​ការ​ប្រើ​ពាក្យ​សម្ដី​គំរោះគំរើយ​នៅ​ពេល​ប្រពន្ធ​គាត់​ទៅ​សុំ​ពិគ្រោះ​យោបល់។

បុរស​វ័យ ៣៣​ឆ្នាំ ដែល​ប្រពន្ធ​ស្លាប់​ចោល​បន្សល់​ទុក​កូន​កំព្រា​ក្នុង​បន្ទុក​ចំនួន ៣​នាក់ គឺ​លោក អ៊ុន តឿ រៀបរាប់​ថា ប្រពន្ធ​លោក​មាន​សុខភាព​មាំមួន​តាំង​ពី​កូន​ទី​១ រហូត​មាន​ផ្ទៃ​ពោះ​កូន​ទី​៤​នេះ ប៉ុន្តែ​ជិត​ដល់​ពេល​សម្រាល​កូន​ទី​៤ ស្រាប់​តែ​ប្រពន្ធ​គាត់​មាន​អាការ​ឈឺ​ពោះ​មួយៗ និង​ធ្លាក់​ឈាម។

លោក​ថា មក​ដល់​យប់​ថ្ងៃ​ទី​២២ ខែ​មករា ស្រាប់​តែ​ប្រពន្ធ​លោក​ថប់​ដង្ហើម​ស្លាប់​ភ្លាម​តែម្ដង៖ «ប្រពន្ធ​ខ្ញុំ​ក៏​សួរ​ទៀត​ថា គ្រូ​ពេទ្យ​កូន​ខ្ញុំ​កើត​ថ្ងៃ​ណា ហើយ​កើត​រួច​អត់? ពេល​ហ្នឹង​ពេទ្យ​ថា ខ្លួន​មីង​ឯង​មិន​ដឹង​កើត​ថ្ងៃ​ណា​ផង មក​សួរ​ខ្ញុំ ខ្ញុំ​ម៉េច​ដឹង។ ហើយ​ចុះ​ពេទ្យ​អី​ក៏​ម្ល៉េះ​មិន​ដឹង​កើត​ថ្ងៃ​ណា។ មាន​តែ​ពេទ្យ​ក្មេង​ស្រីៗ ទៅ​ពិនិត្យ​មើល​ពោះ ពិនិត្យ​ឈាម ជីពចរ ហើយ​ដាក់​សេរ៉ូម​អី​អត់​ផង»

លោក អ៊ុន តឿ ដែល​បច្ចុប្បន្ន​រស់​នៅ​ភូមិ​អន្លង់មាន ឃុំ​ស្នាមព្រះ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ជាមួយ​កូន​កំព្រា​បី​នាក់​បញ្ជាក់​ថា ក្នុង​រយៈ​ពេល ១១​ថ្ងៃ នៃ​ការ​សម្រាក​រង់ចាំ​ឆ្លងទន្លេ​របស់​ប្រពន្ធ​លោក​នៅ​ក្នុង​បន្ទប់​សម្រាក​ក្រោយ​ពេល​សម្រាល​កូន​ក្នុង​មន្ទីរពេទ្យ​បង្អែក​សំពៅមាស ក្រុម​គ្រូពេទ្យ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់ ឬ​សួរ​នាំ និង​ដាក់​សេរ៉ូម​នោះ​ទេ ក្រៅ​ពី​ឲ្យ​លេប​ថ្នាំ ១ ឬ ២​គ្រាប់​ក្នុង​១​ថ្ងៃ បើ​ទោះ​បី​ជា​មាន​អាការ​មិន​សូវ​ស្រូល។

ការ​ស្លាប់​របស់​ស្ត្រី​ពោះ​ធំ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខែត្រ​ពោធិ៍សាត់ នេះ នៅ​ក្រោយ​ពេល​លោក​ឧកញ៉ា គួច ម៉េងលី បាន​រិះគន់​ថា មន្ទីរពេទ្យ​រដ្ឋ​បើ​គ្មាន​លុយ​ទេ គ្រូពេទ្យ​នឹង​មិន​យក​ចិត្ត​ទុក​ដាក់​ទេ ដោយ​លោក​បាន​លើក​ជា​ឧទាហរណ៍​ថា ក្នុង​ចំណោម​អ្នក​ជំងឺ ១០​នាក់​ទៅ​ទទួល​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ បើសិនជា​គ្មាន​លុយ​ទេ​នោះ គឺ​មាន​តែ​ម្នាក់​ទេ​ដែល​គ្រូពេទ្យ​ទទួល​ព្យាបាល។

ចំណែក​ប្រធាន​មន្ទីរពេទ្យ​បង្អែក​សំពៅមាស គឺ​លោក ច័ន្ទ សុខា បញ្ជាក់​ថា លោក​នឹង​សាកសួរ​បុគ្គលិក​របស់​លោក​ជុំវិញ​ការ​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​នេះ​ដើម្បី​កែតម្រូវ ប៉ុន្តែ​កន្លង​ទៅ​គណៈកម្មការ​មន្ទីរពេទ្យ​តែងតែ​ពង្រឹង និង​ប្រាប់​ពី​ក្រម​សីលធម៌​ដល់​បុគ្គលិក​គ្រប់​រូប​ដើម្បី​បម្រើ​អ្នក​ជំងឺ ឬ​ប្រជាពលរដ្ឋ​ទូទៅ។

លោក​រំលឹក​ថា ក្នុង​ឆ្នាំ​២០១៥ មាន​ករណី​ស្លាប់​ម្ដាយ និង​ទារក​នៅ​ពេទ្យ​ប្រមាណ ៤​ករណី​ប៉ុណ្ណោះ។ ចំពោះ​ការ​ស្លាប់​របស់​ស្ត្រី​រងគ្រោះ​វិញ​លោក​ពន្យល់​ថា ស្ត្រី​ពោះ​ធំ​នេះ​មាន​អាការៈ​ថប់ដង្ហើម​ស្លាប់​ភ្លាមៗ​មុន​ចូល​បន្ទប់​សម្រាល​កូន​ដែល​អាច​សន្និដ្ឋាន​បឋម​ថា ការ​ស្លាប់​បណ្ដាល​មក​ជំងឺ​បេះដូង៖ «គាត់​សន្លប់​ភ្លាម បេះដូង​គាំង​ភ្លាម​តែម្ដង ដោយ​យើង​អត់​បាន​ទៅ​ធ្វើ​អី​ទេ។ អ្នក​ខ្លះ​យល់​ច្រឡំ​ថា សម្រាល​ហើយ​បាន​ស្លាប់​អី អត់​ទេ អត់​មាន​ទេ​រឿង​ហ្នឹង! នាង​ហ្នឹង​រង់ចាំ​សម្រាល​ប្រកាច់​អ៊ីចឹង​តែម្ដង ហើយ​មាន​គ្រូពេទ្យ​នៅ​ច្រើន​ណាស់​ដែល​បាន​ជួយ​ទៅ​លើ​ស្ដ្រី​រងគ្រោះ ប៉ុន្តែ​ការ​ជួយ​ហ្នឹង​វា​អត់​បាន​ជោគជ័យ។ អ៊ីចឹង​បាន​ពួក​ខ្ញុំ​គិត​ថា ជំងឺ​មួយ​ដែល​កើត​ឡើង​ភ្លាមៗ ប្រភេទ​ហ្នឹង វា​ជា​ជំងឺ​អី? អ៊ីចឹង​ពួក​ខ្ញុំ​នឹង​លៃលក​រក​ពេល​វេលា​ណា​មួយ​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​សម្រាប់​អ្នក​ជំងឺ​ដែល​ស្លាប់​ហ្នឹង»

លោក ច័ន្ទ សុខា បញ្ជាក់​ថា នៅ​ពេល​រសៀល​ស្ត្រី​រងគ្រោះ​ចាប់​ផ្ដើម​ឈឺ​ពោះ​រួច​គ្រូពេទ្យ​ពិនិត្យ​ស្បូន​ឃើញ​ទើប​តែ​បើក ២​សង់ទីម៉ែត្រ រហូត​ដល់​ម៉ោង ៧​យប់​ស្ត្រី​រងគ្រោះ​ឈឺ​ពោះ​សម្រាល​កូន​ដូច​ស្ត្រី​ធម្មតា។ គ្រូពេទ្យ​បាន​ពិនិត្យ​មាត់​ស្បូន​ម្ដង​ទៀត​ឃើញ​បើក​បាន ៤​សង់ទីម៉ែត្រ ដែល​ជា​កម្រិត​មួយ​មិន​ទាន់​អាច​សម្រាល​កូន​បាន ស្រាប់​មួយ​សន្ទុះ​ក្រោយ​មក​ស្ត្រី​រូប​នេះ​ថប់​ដង្ហើម​ស្លាប់​ភ្លាមៗ​តែម្ដង។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦ ព្រមាន​ចាត់​វិធានការ​តឹងរ៉ឹង​ចំពោះ​គ្រូពេទ្យ​ណា​ដែល​រំលោភ​បំពាន​ក្រម​សីលធម៌​វិជ្ជាជីវៈ។ លោក​ថា បើ​ការ​ប្រព្រឹត្ត​ខុស​ក្នុង​ករណី​ធ្ងន់ធ្ងរ នឹង​ឈាន​ដល់​ការ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​គណៈ​គ្រូពេទ្យ​កម្ពុជា និង​បញ្ឈប់​មិន​ឲ្យ​ប្រកប​របរ​វិជ្ជាជីវៈ​គ្រូពេទ្យ​តទៅ​ទៀត។ ករណី​នេះ ក្រុម​គ្រួសារ​ជនរងគ្រោះ​នឹង​រង់ចាំ​មើល​ចំណាត់ការ​របស់​ក្រសួង​សុខាភិបាល ថា​តើ​ក្រសួង​នឹង​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ដើម្បី​ចុះ​ទៅ​ស៊ើប​អង្កេត​ពី​ករណី​ស្ត្រី​នេះ​ស្លាប់​ដែរ ឬ​យ៉ាង​ណា?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល