ពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ទៅ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​នៅ​ខេត្ត​សុរិន្ទ​ប្រទេស​ថៃ​កាន់​តែ​ច្រើន​ឡើង

ដោយ ហង្ស សាវយុត
2017.07.10
ឆ្លង​ដែន​ទៅ​សុរិន្ទ ថៃ ២០១៧ ១៤៤០ ពលរដ្ឋ​ខ្មែរ​ឈរ​រង់ចាំ​ប៉ូលិស​អន្តោប្រវេសន៍​ថៃ បោះ​ត្រា​អនុញ្ញាត​ឲ្យ​ឆ្លង​ព្រំដែន​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៧។
RFA/Hang Savyouth

សព្វថ្ងៃ​នេះ មន្ត្រី​សំខាន់ៗ​របស់​រដ្ឋាភិបាល​ខ្មែរ​ខ្លះ​តែង​ចេញ​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​បរទេស ដូចជា​ប្រទេស​សិង្ហបុរី ឬ​ក៏​ប្រទេស​បារាំង ជាដើម។ ចំណែក​ប្រជាពលរដ្ឋ​ខ្មែរ​វិញ​កាល​ពី ៦-៧​ឆ្នាំ​មុន បាន​នាំ​គ្នា​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​ឯ​ប្រទេស​វៀតណាម ក៏ប៉ុន្តែ​បច្ចុប្បន្ន​បាន​ងាក​មក​រក​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​ឯ​ប្រទេស​ថៃ វិញ។

តើ​មូលហេតុ​អ្វី​បាន​ជា​ប្រទេស​កម្ពុជា មាន​គ្រូពេទ្យ និង​មន្ទីរពេទ្យ​ដែរ បែរ​ជា​ពលរដ្ឋ​ខ្លួន​ឯង​សុខ​ចិត្ត​ចំណាយ​ធនធាន​ទៅ​ព្យាបាល​នៅ​ឯ​ប្រទេស​ជិត​ខាង​ទៅ​វិញ?

មន្ត្រី​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ពលរដ្ឋ​ខ្មែរ​កាន់​តែ​ច្រើន​ឡើងៗ​បាន​នាំ​គ្នា​ឆ្លង​ដែន​ទៅ​ពិនិត្យ​សុខភាព និង​ព្យាបាល​ជំងឺ​នៅ​ឯ​ខេត្ត​សុរិន្ទ របស់​ប្រទេស​ថៃ។

គេ​ប៉ាន់​ប្រមាណ​ថា ក្នុង​មួយ​ថ្ងៃៗ​យ៉ាង​ហោច​ណាស់​ក៏​មាន​ពលរដ្ឋ​ចំនួន​ពី ១០០​នាក់​ទៅ ១៥០​នាក់ ទាំង​រស់នៅ​ខេត្ត​ឧត្តរមានជ័យ និង​មក​ពី​ខេត្ត​ផ្សេងៗ បាន​ឆ្លង​ដែន​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​ឯ​ខេត្ត​សុរិន្ទ។

ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ទៀត​ដែល​មក​ពី​ខេត្ត​កំពង់ធំ ហើយ​ឆ្លង​ដែន​ទៅ​ព្យាបាល​ជំងឺ​នៅ​ខេត្ត​សុរិន្ទ គឺ​លោកស្រី ឌី សុផល។ លោកស្រី​មាន​ប្រសាសន៍​ថា គាត់​មាន​ជំងឺ​អាស៊ីដ​ក្នុង​ក្រពះ ឬ​រលាក​ក្រពះ​រយៈពេល ៤​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅ​ស្រុក​ខ្មែរ​គាត់​មិន​ព្យាបាល​ទេ គឺ​គ្រាន់​តែ​ទិញ​ថ្នាំ​មក​លេប​បន្តិចបន្តួច​ប៉ុណ្ណោះ។ លោកស្រី សុផល បញ្ជាក់​ថា ការ​ដែល​លោកស្រី​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ ពីព្រោះ​តែ​លោកស្រី​មាន​ទំនុក​ចិត្ត​ទៅ​លើ​សមត្ថភាព​គ្រូពេទ្យ​របស់​គេ៖ «ដូច​ថា​យើង​ព្យាបាល​អ៊ីចឹង​ទៅ គ្រូពេទ្យ​ថៃ គេ​ឲ្យ​ក្រដាស​មួយ​សន្លឹក ដើម្បី​ថែទាំ​សុខភាព​របស់​យើង​ក្នុង​រយៈពេល​ដែល​ព្យាបាល។ ខ្ញុំ​មាន​បញ្ហា​អាស៊ីដ​ក្នុង​ក្រពះ​តាំង​ពី​ឆ្នាំ​២០១៣ មក»

បុរស​ម្នាក់​ទៀត​មក​ពី​ខេត្ត​កំពង់ធំ ដែរ លោក ព្រំ ផាន់នី មាន​ប្រសាសន៍​ថា លោក​ធ្លាប់​ទៅ​ព្យាបាល​ជំងឺ​នៅ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ចំនួន​ពីរ​ដង​ហើយ។ ការ​ដែល​លោក​ចូល​ចិត្ត​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ ពីព្រោះ​តែ​វា​ហាក់​ដូចជា​គ្រូពេទ្យ​បរទេស​មើល​ថែ​ជំងឺ​សម​ប្រកប និង​មាន​វិជ្ជាជីវៈ​ជាង​ពេទ្យ​ស្រុក​ខ្មែរ៖ «ខ្ញុំ​យល់​ថា​ទៅ​ព្យាបាល​ជំងឺ​នៅ​ស្រុក​ថៃ គឺ​វា​មាន​ប្រសិទ្ធភាព​ជាង នេះ​គ្រាន់​តែ​ជា​ការ​ជឿជាក់​របស់​ខ្ញុំ​ទេ។ អ្នក​ខ្លះ​ទៀតចូល​ចិត្ត​ទៅ​មើល​ជំងឺ​នៅ​ស្រុក​ថៃ គឺ​បាន​ដើរ​លេង​នៅ​ស្រុក​គេ​ផង»

ប្រធាន​ទីស្នាក់ការ​ច្រក​ទ្វារ​ព្រំដែន​អូរស្មាច់ លោក គឹម កន ឲ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃ​យ៉ាង​ហោច​ណាស់​ក៏​មាន​ពលរដ្ឋ​ខ្មែរ​ចំនួន​ពី ១០០​នាក់​ទៅ ១៥០​នាក់ ដែល​នាំ​គ្នា​ឆ្លង​ដែន​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ។ ថ្វីត្បិតតែ​គ្មាន​តួលេខ​នៅ​ក្នុង​ដៃ ប៉ុន្តែ​ប្រធាន​ទីស្នាក់ការ​ច្រក​ទ្វារ​ព្រំដែន​អះអាង​ថា ចំនួន​ពលរដ្ឋ​ខ្មែរ​ដែល​ចេញ​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ គឺ​មាន​ការ​កើន​ឡើង៖ «ខ្ញុំ​គិត​ថាឆ្នាំ​នេះ​អាច​ច្រើន​ជាងឆ្នាំ​មុនៗ ដូច​ថា​គាត់​ទៅ​ព្យាបាល​ជំងឺ​កាក់កប ហើយ​តម្លៃ​ព្យាបាល​សមរម្យ ជាដើម»

បច្ចុប្បន្ន កុំ​ថា​ឡើយ​តែ​ពលរដ្ឋ សូម្បី​តែ​មន្ត្រី​រដ្ឋាភិបាល​សំខាន់ៗ​ខ្លះ ដូចជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស ដូចជា​ទៅ​សិង្ហបុរី និង​ប្រទេស​បារាំង ជាដើម។ មូលហេតុ​ដែល​ពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស​នេះ អាច​បណ្ដាល​មក​ពី​មូលហេតុ​គ្មាន​ការ​ជឿ​ទុក​ចិត្ត​ទៅ​លើ​សមត្ថភាព​គ្រូពេទ្យ​ខ្មែរ។

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​រឿង​ពលរដ្ឋ​ខ្មែរ​ចេញ​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា។

កាល​ពី ៦-៧​ឆ្នាំ​មុន ពលរដ្ឋ​ខ្មែរ​ជាច្រើន​ធ្លាប់​នាំ​គ្នា​បាក់​ទៅ​ព្យាបាល​ជំងឺ​នៅ​ឯ​ប្រទេស​វៀតណាម ប៉ុន្តែ​រយៈពេល​ជាង ២​ឆ្នាំ​ចុង​ក្រោយ​នេះ ពលរដ្ឋ​ខ្មែរ​ភាគច្រើន​បាន​នាំ​គ្នា​ងាក​មក​រក​ការ​ព្យាបាល​ជំងឺ​ពី​គ្រូពេទ្យ​ថៃ វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។