អ្នក​ជំនាញ​ថា រដ្ឋាភិបាល​គឺ​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​ការ​ទប់ស្កាត់​ចំណី​អាហារ​​​មាន​គីមី

ដោយ អាស៊ីសេរី
2017-10-03
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ដុត​នំ​ចំណី​ដែល​គ្មាន​គុណភាព​ចោល កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ដុត​នំ​ចំណី​ដែល​គ្មាន​គុណភាព​ចោល កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Den Ayuthyea

អ្នក​ជំនាញ​ផ្នែក​កសិកម្ម ផ្ដល់​យោបល់​មួយ​ចំនួន​ឆ្លើយតប​ចំពោះ​ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​អោយ​ពលរដ្ឋ​ពិចារណា​ឈប់​ទិញ​ទំនិញ ជាពិសេស​ផលិតផល​កសិកម្ម​ដែល​មាន​សារធាតុ​គីមី។

លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី២ ខែ​តុលា បាន​ថ្លែង​ជា​សាធារណៈ​ថា ករណី​បន្លែ​បង្ការ​ដែល​មាន​ផ្ទុក​សារធាតុ​គីមី មាន​ដាក់​លក់​នៅ​តាម​ទីផ្សារ មិនមែន​ជា​បញ្ហា​ដែល​ត្រូវ​បន្ទាស​រដ្ឋាភិបាល​របស់​លោក​ឡើយ គឺ​ជា​ការទទួលខុសត្រូវ​របស់​ពលរដ្ឋ​គ្រប់​រូប ដោយ​លោក​លើកឡើង​ថា បើ​គ្មាន​អ្នក​សម្រុក​ទៅ​ទិញ​ក៏​គ្មាន​អ្នក​យក​មក​លក់​ដែរ។

ប៉ុន្តែ​ចំពោះ​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម និង​អ្នក​ជំនាញ​ផ្នែក​កសិកម្ម​នៅ​តែ​ចាត់​ទុក​បញ្ហា​នេះ​ជា​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល។ ចំណែក​ក្នុង​ច្បាប់​កំពូល​របស់​ជាតិ​ក៏​មាន​ចែង​ដែរ​ថា រដ្ឋាភិបាល​គឺ​ជា​អ្នក​ធានា​សុខុមាលភាព​របស់​ពលរដ្ឋ។

ទាំង​អ្នក​ជំនាញ​ផ្នែក​កសិកម្ម និង​អ្នក​សិក្សា​ការអភិវឌ្ឍន៍​នៅ​តែ​មើល​ឃើញ​ថា​អាជ្ញាធរ​រដ្ឋាភិបាល​ពាក់ព័ន្ធ​មួយ​ចំនួន គឺ​ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​ការទប់ស្កាត់​ទំនិញ បន្លែ ត្រី​សាច់ ដែល​មាន​ផ្ទុក​សារធាតុ​គីមី​នាំ​អោយ​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​លោក បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ក្នុង​នាម​ជា​ពលរដ្ឋ​ម្នាក់​លោក​ថា ការទប់ស្កាត់​នាំ​ចូល​បន្លែ​បង្ការ អាហារ​មាន​សារជាតិ​គីមី គឺ​ជា​ការ​ទទួលខុស​ត្រូវ​របស់​រាជរដ្ឋាភិបាល ហើយ​ពលរដ្ឋ​គ្មាន​សមត្ថកិច្ច​ណាមួយ​ទេ៖ «យើង​មិន​ដឹង​ថា គាត់​ទទួលខុសត្រូវ​ឬ មិន​ទទួល​ខុស​ត្រូវ​ទេ ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​យើង​មើល​ឃើញ​ថា នេះ ជា​ការ​ទទួលខុសត្រូវ​រាជរដ្ឋាភិបាល។ បើ​យើង​និយាយ​ឱ្យ​ចំ​ទៅ ព្រោះ​អី​ពលរដ្ឋ​មិន​​អាច​ទៅ​បញ្ឈប់បន្លែ​ទាំងអស់​នេះ​បាន​ទេ»

មិន​ខុសគ្នា​ពី​លោក មាស នី ទេ ពលរដ្ឋ​មួយ​ចំនួន ដែល​កំពុង​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​លើក​ឡើង​ដែរ​ថា ពលរដ្ឋ​ភាគ​ច្រើន​ពុំ​មាន​ជម្រើស​ផ្សេង​ពី​ការទិញ​ផលិតផល​ទាំង​នោះ​ទេ លើស​ពី​នេះ​ពួកគាត់​ពុំ​មាន​ចំណេះ ជំនាញ ឬ​បច្ចេកទេស​ណា​ទៅ​ពិនិត្យ​សារធាតុ​គីមី​នៅ​លើ​ផលិតផល​ទាំងនោះ​ថែមទៀត។ ស្របគ្នា​នេះ​ចំពោះ​អ្នក​លក់​បន្លែ បង្ការ ត្រី​សាច់​ក៏​តែង​លើក​ឡើង​ថា​ការនាំចូល​ទំនិញ​ពី​ក្រៅ​ប្រទេស​ដែល​មាន​ផ្ទុក​សារធាតុ​គីមី គឺ​ជា​រឿង​ដែល​មិន​អាច​ចៀស​ផុត នៅ​ពេល​ដែល ការផលិត​ក្នុង​ស្រុក​នៅ​មិន​ទាន់​អាច​ផ្គត់ផ្គង់​ទីផ្សារ​បាន​ទាន់​ពេល ទាន់​តម្រូវការ​នៅ​ឡើយ នេះ​មិន​ទាន់​និយាយ​ដល់​ផលិតផល​កសិកម្ម​ដែល​ជា​ប្រភេទ​ដាំដុះ​ដោយ​ធម្មជាតិ ដែល​ត្រូវការ​ពេល​យូរ និង​ពិបាក​ក្នុង​ការថែទាំ​នោះ​ផង។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី២ ខែ តុលា នៅ​ក្នុង​ឱកាស​សម្ពោធ​សណ្ឋាគារ​សុខា សៀមរាប នា​ខេត្ត​សៀមរាប​ថា សុំ​ឱ្យ​ពលរដ្ឋ​បញ្ឈប់​ការ​ទិញ​បន្លែ​បង្ការ អាហារ​មាន​សារធាតុ​គីមី ដើម្បី​បញ្ចប់​ការ​នាំ​ចូល​ផលិតផល ដែល​មាន​សារធាតុ​ជាតិគីមី​ទាំងនោះ ហើយ​មុន​នឹង​ទិញ​ត្រូវ​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់៖ «ដោយសារ​តែ​យើង​សម្រុក​ទៅ​ទិញ​អា​គីមី​ហ្នឹង ដូច្នេះ គេ​ចេះ​តែ​លក់​តទៅ​ទៀត​ហើយ។ រួច​ហើយ​មក​ចោទ​តែ​រដ្ឋាភិបាល។ រួច​ចុះ​ខ្លួន​ឯង​អ្នក​ទទួល​ទាន​ហ្នឹង​ម្ដេច​ក៏​មិន​មើល​ផង។ រួច​ចេះ​តែ ចោទ​រដ្ឋាភិបាល​ថា ចេះ​តែ​ទុក​អោយ​អ្នក​នោះ​ផលិត​ដោយ​ដាក់​ជី​គីមី​ច្រើន ឬ​មាន​ការ​នាំ​ចូល​បន្លែ​បង្ការ ដោយ​មាន​គីមី​ច្រើន។ ចុះ​បើ​យើង​អ្នក​ទៅ​ទិញ​កុំ​ទៅ​ទិញ​ទៅ​វា​មាន​ម៉េច? អា​ហ្នឹង​មិន​មែន​របស់​យើង​យក​ទៅ​ចែក​ឯណា!»

លោក​ក៏​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ជំរុញ​ការ​ដាំដុះ​បន្លែ​គ្មាន​ជាតិគីមី ការ​ចិញ្ចឹម​សត្វ និង​ផលិតផល​ផ្សេងទៀត ដើម្បី​ផ្គត់ផ្គង់​នៅ​តាម​សណ្ឋាគារ និង​កន្លែង​ផ្ដល់​សេវាកម្ម​ទេសចរ។ លោក​បន្ថែម​ថា សំណូមពរ​របស់​ពលរដ្ឋ​ខ្លះ​គឺ​ជា​រឿង​ជ្រុល​ហួសហេតុ ត្បិត​នៅ​ពេល​ទៅ​ទិញ​បន្លែ បង្ការ ឬ​ចំណី​អាហារ ​គឺ​ពួកគាត់​ទិញ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​បែរ​ជា​មក​បន្ទោស​រាជរដ្ឋាភិបាល៖ «ឥឡូវ​ខ្ញុំ​សុំ​ត្រឡប់​ទៅវិញ​សុំ​ប្រជាពលរដ្ឋ​រួម​គ្នា ពហិការ​កុំ​ទិញ​របស់​ណា អ្នក​លក់​ណា​ដែល​ដាក់​លក់ ដោយ​មាន​សារធាតុ​គីមី មុន​នឹង​ទិញ​ពិនិត្យ​មើល​អោយ​វា​ច្បាស់​ទៅ​មើល។ ពេលខ្លះ​ខ្ញុំ​ថា​វា​ដូច​ជា​(ជ្រុល)​ពេក​ហើយ​ទេ​ដឹង សំណូមពរ​ខ្លះ​ដូច​ជា​ជ្រុល​ពេក ក្រែង​ទៅ​ទិញ ទិញ​ខ្លួន​ឯង ស្ល​ក៏​ស្ល​ខ្លួន​ឯង បន្ទោស​តែ រដ្ឋាភិបាល​តែ​មួយ​មុខ បើ​របស់​ហ្នឹង​រដ្ឋាភិបាល​យក​ទៅ​ចែក អា​ហ្នឹង​ចាំ​បន្ទោស»

អ្នក​ជំនាញ​ផ្នែក​កសិកម្ម និង​ជា​ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោកបណ្ឌិត យ៉ង សាំងកុមារ ត្រូវ​គេហទំព័រ​របស់​គណបក្ស​នេះ​ស្រង់​សម្ដី​មក​ចុះ​ផ្សាយ​ថា ការ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដាំដុះ​បន្លែបង្ការ និង​ចិញ្ចឹម​សត្វ និង​បញ្ចប់​ការ​នាំ​ចូល​បន្លែ ដែល​មាន​សារធាតុ​គីមី ពី​ប្រទេស​ជិត​ខាង​គឺ​ជា​រឿង​ល្អ។ ប៉ុន្តែ​ការ​ស្ដីបន្ទោស​ពលរដ្ឋ​គឺ​ហាក់​បង្ហាញ​ពី​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល។ លោក​ថា​ក្រសួង​ជំនាញ​របស់​ដ្ឋាភិបាល​រួម​មាន​ក្រសួងកសិកម្ម និង​ក្រសួង​ពាណិជ្ជកម្ម​ជាពិសេស​កាំកុងត្រូល ត្រូវ​មាន​ភារកិច្ច​ពន្យល់​ពលរដ្ឋ និង​ត្រូវ​ពិនិត្យ​ទប់ស្កាត់​ការ​នាំចូល​ចំណី​អាហារ​មាន​ជាតិ​គីមី ហើយ​បន្ទោស​ទៅ​លើ​តែ​ពលរដ្ឋ តើ​បង្កើត​ក្រសួង​ទាំង​នេះ​មក​ធ្វើ​អ្វី?

នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ជំពូក​ទី៥ ស្ដីពី​សេដ្ឋកិច្ច​ត្រង់​មាត្រា​៦២ ៦៣ និង​៦៤ ចែង​ថា រដ្ឋ​យកចិត្ត​ជួយ​ដោះស្រាយ​មធ្យោបាយ​ផលិត ការពារ​ថ្លៃ​ផលិតផល និង​ជួយ​រក​ទីផ្សារ។ រដ្ឋ​យក​ចិត្ត​ទុកដាក់​គ្រប់គ្រង​ទីផ្សារ ជួយ​អោយ​ជីវភាព​ពលរដ្ឋ​មាន​កម្រិត​សមរម្យ។ រដ្ឋ​ហាមឃាត់ និង​ផ្ដន្ទាទោស​ជា​ទម្ងន់ ដល់​ជន​ណា ដែល​នាំចូល លក់ដូរ​គ្រឿង​ញៀន ទំនិញ​ក្លែងក្លាយ ហួស​រយៈពេល​ប្រើ​ដែល​ប៉ះពាល់​ដល់​អាយុជីវិត​អ្នក​ប្រើ។ រីឯ​ជំពូក​ទី៦ ស្ដីពី​អប់រំ វប្បធម៌ និង​សង្គមកិច្ច​ត្រង់​មាត្រា​៧២ ចែង​ថា សុខភាព​របស់​ពលរដ្ឋ​ត្រូវ​បាន​ធានា។ រដ្ឋ​យកចិត្ត​ទុកដាក់​ដល់​ការ​ការពារ​ជំងឺ និង​ព្យាបាល​ជំងឺ។

ចំណែក​អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) លោក ថេង សាវឿន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​៣ ខែ​តុលា ថា គឺ​រដ្ឋាភិបាល​ត្រូវ​ជា​អ្នក​មាន​តួនាទី​បិទ​ការ​នាំ​ចូល​បន្លែ⁣ ​និង​សាច់ ដែល​មាន​ជាតិ​គីមី​ពី​ប្រទេស​ជិតខាង ហើយ​ឲ្យ​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ចុះ​ដឹកនាំ​កសិករ​នៅ​តាម​សហគមន៍​ដាំ​បន្លែ⁣ និង​បង្រៀន​អំពី​បច្ចេកទេស​វេច​ខ្ចប់។ លោក សាវឿន ក៏​បាន​លើក​ឡើង​ពី​យុទ្ធសាស្ត្រ​មួយ​ចំនួន​ទៀត​ដែល​រដ្ឋាភិបាល​ត្រូវ​អនុវត្ត​ក្នុង​ការ​បង្កើន​ផលិតភាព​កសិកម្ម​ក្នុង​ស្រុក​ដែល​ក្នុង​នោះ​រួម​មាន បង្កើន​ថវិកាជាតិ​សម្រាប់​គាំទ្រ​ដល់​កសិករ​ទាំង​ទុន និង⁣​បច្ចេកទេស​ដើម្បី​ដាំ​បន្លែ​ធម្មជាតិ បង្កើត​គោលនយោបាយ​ច្បាស់លាស់​ពី​ទីផ្សារ​បន្លែ​ធម្មជាតិ​សហគមន៍ ស្ដារ​ប្រព័ន្ធ​ធារាសាស្ត្រ​ដែល​មាន​ស្រាប់ និង​ដោះដូរ​បទពិសោធន៍​ជាមួយ​ប្រទេស​ដែល​ជោគជ័យ​ផលិត​បន្លែ​សរីរាង្គ។

រីឯ​លោក​បណ្ឌិត យ៉ង សាំងកុមារ ក៏​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​៣ ខែ តុលា ដែរ​ថា ដើម្បី​លើក​ស្ទួយ​សុវត្ថិភាព​ចំណី​អាហារ សុខភាព​សាធារណៈ និង​សេដ្ឋកិច្ច​ជាតិ​មាន​ចំណុច​សំខាន់​៣ ដែល​រដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុកដាក់​រួម​មាន៖ គាំទ្រ​ដល់​ការ​អភិវឌ្ឍ​កសិកម្ម​សរីរាង្គ​ទាំង​ផ្នែក​បច្ចេកទេស ទុន និង​ទីផ្សារ រៀបចំ​ឲ្យ​មាន​ស្តង់ដារ​សុវត្ថិភាព​ចំណីអាហារ​និង​ស្តង់ដារ​កសិកម្ម​សរីរាង្គ​ជាតិ ព្រមទាំង​ការពារ​កុំ​ឲ្យ​មាន​ការ​នាំចូល និង​​ធ្វើ​ពាណិជ្ជកម្ម​នូវ​ចំណី​អាហារ ដែល​ខុស​ស្តង់ដារ​សុវត្ថិភាព​ចំណី​អាហារ។

ដោយឡែក​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ហៅ​កាត់​ថា សេដាក (CEDAC) លោក សម វិទូ ធ្លាប់​បាន​ប្រាប់​អាស៊ីសេរី កាល​ពី​ខែ​មិថុនា ថា បើ​និយាយ​ពី​ការ​ជំរុញ​អោយ​ពលរដ្ឋ​ដាំដុះ​បន្លែបង្ការ ដើម្បី​បំពេញ​តាម​តម្រូវការ​ទី​ផ្សា ប្រាកដ​ណាស់​គឺ​ជា​តួនាទី​របស់​រដ្ឋាភិបាល ដ្បិត​រដ្ឋាភិបាល​មាន​ទាំង​ថវិកា មាន​ទាំង​មន្ត្រី​ជំនាញ ដែល​អាច​ជួយ​ដល់​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស៖ «អាណត្តិ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​គឺ​តាម​រយៈ​ជំនួយ​បរទេស។ ប្រសិន​បើ​រដ្ឋាភិបាល គឺ​ក្រសួង​កសិកម្ម​ដើរ​តួនាទី​ហ្នឹង ហើយ​រៀបចំ​ផែនការ​ផលិត​ក្នុង​ការ​ផ្គត់ផ្គង់​ទីផ្សារ យើង​មិន​ចាំបាច់​ថា​ទី​ផ្សារ​ក្នុង​ក្រុង​ភ្នំពេញ​ទេ តែ​ទីផ្សារ​ក្នុង​តំបន់ ដូច​ជា​នៅ​ស្អាង កោះធំ ថា​គាត់​ត្រូវការ​អី​ខ្លះ? ហើយ​រៀបចំ​ការផលិត​អោយ​ទៀង​ទៅ​តាម​ស្រុក​នីមួយៗ​ហ្នឹង​ទៅ​គឺ​កសិករ​គាត់​អាច​ធ្វើ​បាន ហើយ​អាច​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​របស់​យើង​បាន»

អង្គការ​ស្បៀងអាហារ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ បង្ហាញ​ថា បរិមាណ​បន្លែ​ដែល​ផ្គត់ផ្គង់​ប្រចាំ​ឆ្នាំ​នៅ​កម្ពុជា ចំនួន​ជិត ១​លាន (០,៩៣​លាន)តោន ក្នុង​នោះ​បរិមាណ​បន្លែ​ក្នុង​ស្រុក​៤៤% ចំណែក​បន្លែ​នាំចូល​ពី​ក្រៅ​ប្រទេស​៥៦%។ ការសិក្សា​ដោយឡែក​មួយ​បង្ហាញ​ដែរ​ថា បរិមាណ​បន្លែ​របស់​ប្រទេសជិតខាង​ដែល​នាំ​ចូល​មក​ក្រុងភ្នំពេញ ប្រមាណ​២០០​តោន ទៅ​៣០០​តោន ក្នុង​មួយថ្ងៃ។

ទាក់ទិន​នឹង​ការ​បង្កើន​លទ្ធភាព​ផលិត​ក្នុង​ស្រុក​នេះ​ក្រសួង​ពាណិជ្ជកម្ម កាល​ពី​ខែ​ឧសភា បាន​ចាប់​ផ្ដើម​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច ឬ​អែមស៍ (AIMS=Accelerating Inclusive Markets for Smallholders) ដែល​ក្រសួង​រំពឹង​ថា នឹង​ជំរុញ​ការ​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម ដូចជា​បន្លែ សាច់​មាន់ សម្រាប់​ទីផ្សារ​ក្នុង​ស្រុក ដែល​បច្ចុប្បន្ន​គ្រប​ដណ្ដប់​ដោយ​ផលិតផល​នាំ​ចូល​ពី​ក្រៅ​បរទេស។ ក្រសួង​ពាណិជ្ជកម្ម​បញ្ជាក់​ថា គម្រោង​នេះ​មាន​តម្លៃ ៦១​លាន​ដុល្លារ​សហរដ្ឋអាមេរិក អនុវត្ត​រយៈពេល ៦​ឆ្នាំ ពី​ឆ្នាំ​២០១៧ ដល់​​ឆ្នាំ​២០២២ ហើយ​គ្រួសារ​ចំនួន ៧,៥​ម៉ឺន​គ្រួសារ​ទូទាំង​ប្រទេស នឹង​ទទួល​បាន​ប្រយោជន៍​ពី​គម្រោង​នេះ

ព័ត៌មាន (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពលរដ្ឋគ្មានសមតកិច្ចនិងសមត្ថភាពដើម្បីឃាត់និងពិនិត្យទេ។ប៉ុន្តែវាពិតជាកាតព្វកិច្ចរបស់រដ្ឋាភិបាល(គាត់សុីប្រាក់ខែរាស្រ្តត្រូវធ្វើការដើម្បីរាស្រ្ត)

Oct 04, 2017 06:53 AM

អ្នក​អាន​អនាមិក

ពលរដ្ឋគ្មានសមតកិច្ចនិងសមត្ថភាពដើម្បីឃាត់និងពិនិត្យទេ។ប៉ុន្តែវាពិតជាកាតព្វកិច្ចរបស់រដ្ឋាភិបាល(គាត់សុីប្រាក់ខែរាស្រ្តត្រូវធ្វើការដើម្បីរាស្រ្ត)

Oct 04, 2017 06:52 AM

អ្នក​អាន​អនាមិក

That what peoples say if Hun Sen can't do the job, he should walk out from his job now. What a sham.

Oct 03, 2017 08:39 AM

គេហទំព័រ​ទាំងមូល