ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ កំពុង​សម្រាក​ព្យាបាល​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល

ដោយ មាន ឫទ្ធិ
2017-11-14
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
និមិត្តសញ្ញា​អាស៊ីសេរី
និមិត្តសញ្ញា​អាស៊ីសេរី
Photo: RFA

ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​ព្រះកាយ​នៅ​ក្នុង​មន្ទីរពេទ្យ​រ៉ូយ៉ាល់ ភ្នំពេញ ដោយសារ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ដែល​បណ្ដាល​ឲ្យ​ព្រះអង្គ​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល។

ខុទ្ទកាល័យ​ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ ឲ្យ​ដឹង​តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​ផ្សាយ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ថា ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ បាន​យាង​ចូល​សម្រាក​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​នេះ​តាំង​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​៦ វិច្ឆិកា មក​ម្ល៉េះ។

យ៉ាង​ណា​ក៏ដោយ ទីប្រឹក្សា​របស់​ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ លោក​ជំទាវ ម៉ម ដាថាលីណែត ថ្លែង​ប្រាប់​អាស៊ីសេរី ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១៤ វិច្ឆិកា ថា គិត​មក​ទល់​ពេល​នេះ ស្ថានភាព​ជំងឺ​របស់​ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ មាន​ភាព​ប្រសើរ​ឡើង​ជា​បណ្ដើរៗ​ហើយ ក៏ប៉ុន្តែ​ព្រះអង្គ​នៅ​ពុំ​ទាន់​អាច​កម្រើក​ព្រះ​កាយ​ផ្នែក​ខាង​ឆ្វេង​បាន​នៅ​ឡើយ​ទេ។ ទីប្រឹក្សា​ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ ដដែល​រូប​នេះ​បន្ត​ថា បញ្ហា​ជំងឺ​របស់​ព្រះអង្គ​កំពុង​ស្ថិត​ក្នុង​ការ​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​ពី​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ ហើយ​ថា ជំងឺ​របស់​ព្រះអង្គ​នឹង​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ បើ​ទោះ​បី​ជា​លោក​ជំទាវ​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា នៅ​ពេល​ណា​ឲ្យ​ពិត​ប្រាកដ​ទើប​ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ អាច​យាង​ចេញ​ពី​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នេះ​ហើយ​អាច​ចូល​បម្រើ​ការងារ​ដូច​ធម្មតា​ឡើង​វិញ​នោះ។

ក្រៅ​ពី​តួនាទី​ជា​ឧត្ដម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បច្ចុប្បន្ន ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ ក៏​មាន​តួនាទី​ជា​សមាជិក​មួយ​រូប​ក្នុង​ចំណោម​សមាជិក ៩​រូប​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ។ ព្រះអង្គ​ក៏​ជា​ស្ថាបនិក និង​​ជា​ព្រះប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព (CICP) ដែល​ជា​វិទ្យាស្ថាន​ក្រុមប្រឹក្សា​យោបល់ និង​ស្រាវជ្រាវ (Think-Tank) ដ៏​ល្បី​ឈ្មោះ​របស់​កម្ពុជា។

ក្នុង​ពេល​អតីតកាល ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ ធ្លាប់​បម្រើ​តួនាទី​ជា​សហឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​សហ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ជា​សមាជិក​ព្រឹទ្ធ​សភា និង​ជា​សមាជិក​រដ្ឋ​សភា។

ព្រះអង្គ​បាន​យាង​ចូល​បម្រើ​ក្នុង​វិស័យ​នយោបាយ​ជា​លើក​ដំបូង​តាំង​ពី​ឆ្នាំ​១៩៧១ មក​ម្ល៉េះ។ ព្រះអង្គ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ​ល្បី​ឈ្មោះ​មួយ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ ព្រះអង្គ​ម្ចាស់ នរោត្តម សិរិវុឌ្ឍ គឺ​ជា​ព្រះ​អនុជ​មាតា​ទីទៃ​របស់​អតីត​ព្រះមហាក្សត្រ​សម្ដេច​ព្រះ​បរម​រតនកោដ្ឋ នរោត្តម សីហនុ។ បច្ចុប្បន្ន ព្រះអង្គម្ចាស់ នរោត្តម សិរិវុឌ្ឍ មាន​ព្រះជន្ម ៦៦​ព្រះវស្សា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ទោះបីគាត់មិនជា ឬស្លាប់ ក៏មិនគួរឲ្យស្តាយដែរ ព្រោះគាត់​បាន​ចូលដៃ​ជាមួយបក្សពួកហ៊ុនសែន លើកដៃអនុម័តច្បាប់រំលាយ​គណបក្សដែលហ៊ុនសែនរៀបចំសម្រាប់រំលាយសង្គ្រោះជាតិ។ គាត់​ជាតំណាង​ឲ្យព្រះមហាក្សត្រ ហើយមិនដើរ​នយោបាយ​កណ្តាល អព្យាក្រិតនោះទេ។ រហូតមកដល់ពេលនេះ ទើបខ្ញុំមើលឃើញ​យ៉ាង​ច្បាស់ថា ខ្សែរាជវង្សស្រុកខ្មែរត្រូវបានមនុស្សថោកអស់នេះបំផ្លាញ ដូច​ជាព្រះអង្គម្ចាស់សិរីវុឌ្ឍ ព្រះអង្គម្ចាស់ចក្រពង្យ ព្រះអង្គម្ចាស់​នរោត្តមបុប្ភាទេវី និង ព្រះអង្គម្ចាស់នរោត្តមរណឬទ្ធិ សុទ្ធតែអន់ជាង​ពលរដ្ឋសាមញ្ញម្នាក់ទៅទៀត។ គឺពួកនេះគិតតែប្រយោជន៍ផ្ទាល់ខ្លួន ពិសេសព្រះអង្គម្ចាស់នរោត្តមរណឬទ្ធិ គិតតែរឿងស្រីអត់កេរ្តិខ្មាស មិនដែលហ៊ានតស៊ូ​ពុំមាននរណាម្នាក់បោះឆ្នោតឲ្យផង ហ៊ុនសែន​ឲ្យ​ ធ្វើអ្វីក៏ធ្វើដែរ ឲ្យតែបានដុល្លាពីហ៊ុនសែន ដេកក្នុងវីឡា ហើយ​បែរ​ជា​ចង់បានកៅអីតំណាងរាស្រ្តរបស់សង្គ្រោះជាតិទៅវិញ។ នេះគេហៅ ថា អ្នកទទួលផលចោរកម្ម ក៏ជាចោរដែរ។ គ្មាននរណា​គេជឿ​លើ​ខ្សែរាជវង្សខ្មែរទៀតទេ កុំយល់សប្តិ។

Nov 15, 2017 01:12 PM

គេហទំព័រ​ទាំងមូល