ក្រសួង​សុខាភិបាល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​ផ្ដាសាយ​បក្សី H5N1

ដោយ អាស៊ីសេរី
2018.01.13
ផ្ដាសាយ​បក្សី ៦២២ ស្ត្រី​កម្ពុជា ផ្ដល់​ចំណី​ដល់​សត្វ​មាន់​ដែល​គាត់​ចិញ្ចឹម​លក្ខណៈ​គ្រួសារ។ រូបថត​ឯកសារ
Photo: RFA

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​ផ្ដាសាយ​បក្សី ប្រភេទ អេច្ឆ.ហ្វាយ.អិន.វ័ន (H5N1)។

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល លោក លី សូវ៉ាន់ បាន​ប្រកាស​នៅ​លើ​គេហទំព័រ​ថា ថ្មីៗ​នេះ​មាន​ការ​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី H5N1 កើត​លើ​សត្វ​បក្សី​ជា​បន្តបន្ទាប់​គឺ​ផ្ទុះ​នៅ​ស្រុក​ព្រៃឈរ និង​ស្រុក​ចំការលើ នៃ​ខេត្ត​កំពង់ចាម ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ហើយ​ចុង​ក្រោយ​ជំងឺ​នេះ​កើត​ឡើង​នៅ​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។ ករណី​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី​ប្រភេទ អេច្ឆ.ហ្វាយ.អិន.វ័ន ​ទាំង​បួន​កន្លែង​នេះ នៅ​ពុំ​ទាន់​រក​ឃើញ​ថា មាន​ការ​ឆ្លង​មក​លើ​មនុស្ស​នៅ​ឡើយ​ទេ។ ប៉ុន្តែ​មន្ត្រី​ជំនាញ​ក្រសួង​សុខាភិបាល កំពុង​បន្ត​តាមដាន​ស្ថានភាព​ជំងឺ និង​សុខភាព​ពលរដ្ឋ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។

ការ​ប្រកាស​ដដែល​ស្នើ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​អំពី​ការ​ចម្លង​ជំងឺ​នេះ ជាពិសេស​ក្នុង​អំឡុង​ពិធី​បុណ្យ​ផ្សេងៗ ដែល​នឹង​ឈាន​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ ដូច​ជា​ពិធី​បុណ្យ​ចូល​ឆ្នាំ​របស់​ពលរដ្ឋ​ខ្មែរ​កាត់​ចិន។ សូម​កុំ​យក​មាន់ ទា ឬ​សត្វ​បក្សី​ឈឺ ឬ​ងាប់ មក​រៀបចំ​ជា​អាហារ ឫ​លក់​បន្ត ត្រូវ​អនុវត្ត​អនាម័យ​ក្នុង​ការ​បោច​រោម និង​ចម្អិន​ជាប់​ជានិច្ច ហើយ​រាយការណ៍​ជា​បន្ទាន់​ទៅ​មន្ត្រី​ជំនាញ។

ចាប់​តាំង​ពី​ឆ្នាំ​២០០៥ ដល់ ២០១៤ ក្នុង​ប្រទេស​កម្ពុជា ធ្លាប់​កើត​មាន​ជំងឺ​ផ្ដាសាយ​បក្សី​ដែល​បាន​ឆ្លង​ពី​សត្វ​បក្សី​មក​មនុស្ស​ចំនួន ៥៦​ករណី​ដែល​ក្នុង​នោះ ៣៧​ករណី បាន​ស្លាប់។ ដោយ​ឡែក​គ្រាន់​តែ​ឆ្នាំ​២០១៣ មាន​ឆ្លង​លើ​មនុស្ស​ចំនួន ២៦​ករណី ក្នុង​នោះ​មាន ១៤​ករណី​បាន​ស្លាប់ និង​ក្នុង​ឆ្នាំ​២០១៤ មាន ៩​ករណី និង ៤​ករណី​បាន​ស្លាប់។

បុគ្គល​ដែល​មាន​រោគសញ្ញា​គ្រុនក្ដៅ​លើស​ពី ៣៨,៥ អង្សាសេ និង​មាន​រោគសញ្ញា ក្អក ឬ ឈឺ​ក ឬ ដក​ដង្ហើម ហត់ និង​មាន​ប្រវត្តិ​ប៉ះពាល់​ជាមួយ​បក្សី​ឈឺ ឬ​ងាប់ ក្នុង​កំឡុង​ពេល ៧​ថ្ងៃ​មុន​ចេញ​រោគ​សញ្ញា ចាត់​ទុក​ថា ជា​ករណី​សង្ស័យ ត្រូវ​ប្រញាប់​បញ្ជូន​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ជិត​បំផុត​ដើម្បី​ព្យាបាល ហើយ​ក្រសួង​មាន​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​នេះ។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ទូរស័ព្ទ​លេខ ១១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។