ក្រសួង​សុខាភិបាល​ព្រមាន​អំពី​ការ​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី​ក្នុង​រដូវ​វស្សា

ដោយ ឡេង ម៉ាលី
2017.07.24
លី សូវ៉ាន់ ៨៥៥ ២០១៦ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ថ្លែង​ក្នុងសិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​ជំងឺ​ហ្ស៊ីកា (ZIKA)នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
Photo: RFA

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​កក្កដា ព្រមាន​អំពី​ការ​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី​ក្នុង​រដូវ​វស្សា​នេះ។ ការ​ព្រមាន​នេះ គឺ​ស្រប​ពេល​ដែល​មាន​ជំងឺ​ផ្ដាសាយ​តាម​រដូវ​ផង និង​ជា​ពេល​ដែល​រដូវ​បុណ្យ​ទាន​ជិត​មក​ដល់​ផង។

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​ថា ជំងឺ​ផ្ដាសាយ​បក្សី​ប្រភេទ H5N1 នៅ​តែ​បន្ត​កើត​មាន​នៅ​លើ​សត្វ​បក្សី​ក្នុង​ទ្វីប​អឺរ៉ុប អាហ្វ្រិក និង​អាស៊ី​នៅ​ឡើយ បើ​ទោះ​ជា​ការ​ឆ្លង​ជំងឺ​ទៅ​លើ​មនុស្ស​លែង​មាន​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

វេជ្ជបណ្ឌិត លី សូវ៉ាន់ បន្ត​ថា បញ្ហា​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ពី​ការ​លំបាក​ទប់ស្កាត់ និង​ត្រូវ​តាមដាន គឺ​ជំងឺ​ផ្ដាសាយ​បក្សី​ប្រភេទ​ថ្មី​បង្ក​ឡើង​ដោយ​មេរោគ វីរុស ប្រភេទ H7N9 ដែល​ជា​អនុ​ក្រុម​របស់​ផ្ដាសាយ​បក្សី H5N1«ចំពោះ​យើង H5N1 យើង​អាច​ទប់ស្កាត់​ហើយ​ឥឡូវ​នេះ ប៉ុន្តែ H7N9 ហេតុ​អី​បាន​ជា​ពិបាក​ទប់? H5N1 កាលណា​វា​ឆ្លង​ទៅ​ទា ឬ​មាន់ ឃើញ​ស្លាប់​ភ្លាមៗ។ ដូច្នេះ​ឃើញ​ងាប់​ភ្លាមៗ យើង​អាច​ទប់ស្កាត់។ តែ H7N9 ទៅ​ជា​មាន់​យើង​អត់​ងាប់ វា​ឆ្លង​ទៅ​មាន់​ទា​អត់​ងាប់។ វា​ផ្ទុក​នៅ​វា តែ​វា​ឆ្លង​មក​មនុស្ស។ អា​ហ្នឹង​ដែល​ពិបាក។ អ៊ីចឹង​ហើយ​បាន​ជា​យើង​កំពុង​ព្រួយ​បារម្ភ ហើយ​យើង​មាន​ប្រព័ន្ធ​តាមដាន​ជានិច្ច»

ជំងឺ​ផ្ដាសាយ​បក្សី​ប្រភេទ H7N9 កើត​មាន​រប៉េះរប៉ោះ​នៅ​ក្នុង​ប្រទេស​ចិន ដែល​គេ​រក​ឃើញ​ដំបូង​នៅ​ឆ្នាំ​២០១៣ ហើយ​ឆ្លង​មក​ប្រទេស​ឡាវ និង​វៀតណាម ភាគ​ខាង​ជើង។ តារាង​របាយការណ៍​ពី​អង្គការ​សុខភាព​ពិភពលោក​បង្ហាញ​ថា ប្រទេស​កម្ពុជា មិន​មាន​ករណី​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី​ទេ ចាប់​តាំង​ពី​ឆ្នាំ ២០១៤ ស្រប​ពេល​ដែល​ប្រទេស​អេហ្ស៊ីប បន្ត​មាន​រហូត​មក​ដល់​ឆ្នាំ​២០១៧។ រី​ឯ​ជំងឺ​ផ្ដាសាយ​បក្សី​ប្រភេទ H7N9 គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៧ នៅ​លើ​ពិភពលោក​មាន​ករណី​សរុប ១.៥៣៣​ករណី ហើយ​ស្លាប់ ៥៩២​នាក់។ ក៏​ប៉ុន្តែ​វេជ្ជបណ្ឌិត លី សូវ៉ាន់ បញ្ជាក់​ថា ករណី​ជំងឺ​ផ្ដាសាយ​បក្សី ប្រភេទ H7N9 នេះ មិន​ទាន់​រក​ឃើញ​​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ឡើយ​ទេ។

មន្ត្រី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​មួយ​រូប​ទៀត គឺ​វេជ្ជបណ្ឌិត តេង ស្រី មាន​ប្រសាសន៍​ថា ជំងឺ​ផ្ដាសាយ​បក្សី​ទាំង​ពីរ​ប្រភេទ​នៅ​តែ​មាន​នៅ​លើ​សត្វ​មាន់​ទា ឯ​រោគសញ្ញា​ជំងឺ​ផ្ដាសាយ​បក្សី​ទាំង​ពីរ​ប្រភេទ និង​ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈិម​បូព៌ា ហៅ​ថា មើស (MERS) គឺ​បង្ហាញ​ឡើង​ចន្លោះ​ពី ៧ ទៅ ១៤​ថ្ងៃ​បន្ទាប់​ឆ្លង«គ្រុន​ក្ដៅ ក្អក ហើយ​និង​ពិបាក​ដក​ដង្ហើម ឈឺ​សាច់​ដុំ ឈឺ​សន្លាក់។ រយៈពេល​រហូត​ដល់ ១៤​ថ្ងៃ​ដូច​គ្នា​រវាង​ផ្ដាសាយ​ទាំង​ពីរ​ហ្នឹង ដូច​ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈិម​បូព៌ា​ដែរ។ ជួនកាល​ពីរ​បី​ថ្ងៃ​រហូត​ដល់ ១៤​ថ្ងៃ បាន​ចេញ​រោគ​សញ្ញា។ ប៉ុន្តែ​ជាទូទៅ ក្រោម​ថ្ងៃ​គឺ​ចេញ​ហើយ»

វេជ្ជបណ្ឌិត តេង ស្រី ក៏​អំពាវនាវ​ដល់​អ្នក​កាន់​សាសនា​មូស្លីម ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈិម​បូព៌ា​ហៅ​ថា មើស (MERS) ដែរ ពេល​ទៅ​ចូលរួម​បុណ្យ​ហាជ នៅ​ប្រទេស​អារ៉ាប់«ដោយសារ​តែ​ចុង​ខែ​៨ រហូត​ដល់​ខែ​៩ មួយ​ខែ​ហ្នឹង គាត់​គោរព​សាសនា​របស់​គាត់ អ៊ីចឹង​គាត់​មាន​ឱកាស​ទៅ​ប្រទេស​អារ៉ាប់ ដើម្បី​ចូលរួម​ក្នុង​ពិធី​បុណ្យ​ហ្នឹង។ អ៊ីចឹង​ពេល​ចូលរួម​អាច​ប្រឈម​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈិម​បូព៌ា​ហ្នឹង។ ជំងឺ​ហ្នឹង​បណ្ដាល​មក​ពី​កូរ៉ូណា វីរុស។ គេ​រក​ឃើញ​នៅ​ឆ្នាំ​២០១២ នៅ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត វា​ចម្លង​ពី​សត្វ​មក​មនុស្ស ហើយ​សត្វ​ដំបូង​ដែល​ផ្ទុក​ហ្នឹង គេ​ឃើញ​ទៅ​លើ​សត្វ​អូដ្ឋ​ប្រទេស​អារ៉ាប់ ហើយ​ពេល​បច្ចុប្បន្ន​ហ្នឹង គេ​ថា​ជម្រក​ធំ​បំផុត​នៅ​លើ​សត្វ​អូដ្ឋ»

វេជ្ជបណ្ឌិត លី សូវ៉ាន់ បញ្ជាក់​ថា ក្រសួង​សុខាភិបាល បាន​ដាក់​ម៉ាស៊ីន​ស្កេន​សម្រាប់​តាម​ដាន​ជំងឺ​ឆ្លង​ផ្ដាសាយ​នៅ​តាម​ច្រក​ចេញ​ចូល​អន្តរជាតិ​សំខាន់ៗ ដូច​ជា​នៅ​វាល​យន្តហោះ កំពង់ផែ និង​ច្រក​ព្រំដែន។

ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​ទាំង​នេះ​ឆ្លង វេជ្ជបណ្ឌិត​ទាំង​ពីរ​ណែនាំ​កុំ​ឲ្យ​សត្វ​ដែល​ឈឺ​ងាប់ លាង​ដៃ​មុន​ពេល​បរិភោគ​អាហារ ខ្ទប់​មាត់​ពេល​ក្អក ឬ​កណ្ដាស់ ទទួល​ទាន​សាច់​ឆ្អិន និង​កុំ​បរិភោគ​សាច់​សត្វ​ឈឺ ឬ​ងាប់ និង​ដាក់​កុមារ​ឲ្យ​ឆ្ងាយ​ពី​មាន់ ឬ​ទា​ឈឺ ឬ​ងាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។