ក្រសួង​សុខាភិបាល​ណែ​នាំ​ឱ្យ​ពលរដ្ឋ​ថែរក្សា​សុខភាព​ស្រប​ពេល​អាកាសធាតុ​ចុះ​ត្រជាក់

ដោយ រាជ វិញ្ញូ
2016.12.31
មន្ទីរពេទ្យ​គន្ធបុប្ផា ៦២០ កុមារ​ដែល​មាន​ជំងឺ​កំពុង​រង់ចាំ​ចូល​ទទួល​សេវា​ព្យាបាល​ពី​មន្ទីរពេទ្យ​គន្ធបុប្ផា រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៥។
Photo: RFA

ក្រសួង​សុខាភិបាល​ជំរុញ​ឱ្យ​ពលរដ្ឋ​ទូទៅ​ប្រុង​ប្រយ័ត្ន​បន្ថែម​ចំពោះ​បញ្ហា​សុខភាព ជាពិសេស​ទារក កុមារ និង​មនុស្ស​មាន​វ័យ​ចំណាស់ ហើយ​អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​បេះ​ដួង ត្រូវ​អនុវត្ត​វិធី​ការពារ​សុខភាព ស្រប​ពេល​អាកាសធាតុ​បាន​ប្រែប្រួល​ចុះ​ត្រជាក់។ ក្រសួង​សុខាភិបាល ក៏​បាន​បង្ហាញ​វិធីសាស្ត្រ​មួយ​ចំនួន​ដើម្បី​ការពារ​សុខភាព​នៅ​ក្នុង​រដូវ​រងា​ដែរ។

​​ទារក កុមារ និង​មនុស្ស​មាន​វ័យ​ចំណាស់ ងាយ​នឹង​មាន​ជំងឺ​បណ្ដាល​មក​ពី​អាកាសធាតុ​ត្រជាក់ ហើយ​ទារក​នឹង​បាត់បង់​កម្ដៅ​រាង​កាយ​រហ័ស​ជាង​មនុស្ស​ធំ។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា មនុស្ស​មាន​វ័យ​ចំណាស់ ជា​ញឹកញាប់ មាន​កម្ដៅ​រាងកាយ​តិច ដោយសារ​តែ​ការ​រំលាយ​អាហារ​ក្នុង​រាងកាយ​យឺត និង​សកម្មភាព​រាងកាយ​មាន​តិច ឬ​ចុះ​ថយ ដែល​អាច​ធ្វើ​ឱ្យ​សីតុណ្ហភាព​ក្នុង​រាងកាយ​ថយ​ចុះ​ជាង​ធម្មតា។ មនុស្ស​វ័យ​ចំណាស់ ងាយ​នឹង​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត ដោយសារ​តែ​ការ​ឆ្លើយ​តប​យឺត​របស់​រាង​កាយ​ជាមួយ​ភាព​ត្រជាក់ ជាពិសេស​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​បេះដូង។

ក្រសួង​សុខាភិបាល បន្ត​ថា រី​ឯ​ទារក​អាយុ​តិច​ជាង​មួយ​ឆ្នាំ មិន​គួរ​ឱ្យ​ដេក​នៅ​ក្នុង​បន្ទប់​ត្រជាក់​ទេ។ គួរ​ផ្ដល់​សម្លៀក​បំពាក់​ដែល​កក់​ក្ដៅ និង​ដណ្ដប់​ភួយ​សម្រាប់​ទារក​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​រក្សា​សីតុណ្ហភាព​ឱ្យ​បាន​កក់ក្ដៅ ទាំង​ខ្លួន​ប្រាណ និង​បន្ទប់​របស់​ទារក។

សេចក្ដី​ណែនាំ​ជូន​សាធារណជន​ទូទៅ​របស់​ក្រសួង​​សុខាភិបាល ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ បាន​អះអាង​ថា ក្នុង​ការ​ប្រុង​ប្រយ័ត្ន​ការពារ​សុខភាព​នៅ​អំឡុង​ពេល​អាកាសធាតុ​ចុះ​ត្រជាក់ កុមារ និង​មនុស្ស​មាន​វ័យ​ចំណាស់ គួរ​តែ​ស្លៀក​ពាក់​ឱ្យ​បាន​ច្រើន​ជាន់ ឬ​ក្រាស់ៗ ដើម្បី​រក្សា​ភាព​កក់​ក្ដៅ​ក្នុង​ខ្លួន ហើយ​ចៀសវាង​ការ​ស្លៀកពាក់​តឹង ព្រោះ​អាច​រំខាន​ដល់​ចរាចរណ៍​ឈាម​ក្នុង​រាងកាយ និង​បណ្ដាល​ឱ្យ​បាត់បង់​កម្ដៅ​រាងកាយ។ កុមារ និង​មនុស្ស​មាន​វ័យ​ចំណាស់ គួរ​ពាក់​មួក និង​ស្រោមជើង​នៅ​ពេល​ចេញ​ទៅ​ខាង​ក្រៅ ដើម្បី​រក្សា​កម្ដៅ​ក្នុង​រាង​កាយ​ដែល​អាច​បាត់បង់​តាម​រយៈ​ដៃ ក្បាល និង​ជើង។ ម្យ៉ាង​វិញ​ទៀត ត្រូវ​ពិសា​ទឹក​ឱ្យ​បាន​ញឹកញាប់ ដើម្បី​ចៀសវាង​ការ​បាត់បង់​ជាតិ​ទឹក​នៅ​ពេល​សរីរាង្គ​ខិតខំ​ទប់ទល់​ទៅ​នឹង​ភាព​ត្រជាក់។

ជាមួយ​គ្នា​នោះ ក្រសួង​សុខាភិបាល ក៏​បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​ទូទៅ ត្រូវ​ស្លៀក​ពាក់​ខោអាវ​ក្រាស់ៗ រុំ​ក​នឹង​កន្សែង ពាក់​មួក​និង​ស្រោមដៃ និង​ស្វែង​រក​ការ​ព្យាបាល​នៅ​គ្រឹះស្ថាន​សុខាភិបាល ប្រសិនបើ​មាន​រោគសញ្ញា​ពិបាក​ដក​ដង្ហើម គ្រុនក្ដៅ ក្អក ឈឺ​ក និង​ឈឺ​សាច់​ដុំ ឬ​មាន​បញ្ហា​សុខភាព​ផ្សេង​ទៀត។

ចំណែក​ពលរដ្ឋ​ដែល​មាន​សុខភាព​ល្អ​វិញ ប្រសិនបើ​គិត​ថា មាន​ជំងឺ​ផ្ដាសាយ ឬ​មិន​ស្រួល​ខ្លួន គួរ​ពន្យារ​ផែនការ​ធ្វើ​ដំណើរ រហូត​ដល់​មាន​សភាព​ស្រួលបួល យ៉ាង​ហោច​ណាស់ ២៤​ម៉ោង ក្រោយ​ពី​មាន​ស្ថានភាព​មិន​ស្រួល​ខ្លួន ហើយ​មិន​ត្រូវ​ប្រើប្រាស់​ឱសថ​ប្រភេទ​អង់ទីប៊ីយ៉ូទីក ដោយ​គ្មាន​វេជ្ជបញ្ជា​ឡើយ។

​ក្រសួង​សុខាភិបាល ក៏​បាន​បញ្ជាក់​ទៀត​ថា នៅ​ពេល​ក្អក ឬ​កណ្ដាស់ ត្រូវ​ខ្ទប់​មាត់​ជាមួយ​ក្រដាស ក្រណាត់ ឬ​កន្សែង​ស្អាត បើ​គ្មាន​ក្រណាត់ ឬ​កន្សែង ត្រូវ​ក្អក ឬ​កណ្ដាស់​ដោយ​យក​ដៃ​អាវ​ខ្ទប់​មាត់ មិន​ត្រូវ​ប្រើ​ដៃ​ទទេ​របស់​នោះ​ទេ។ ត្រូវ​លាង​សម្អាត​ដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក ហើយ​ចៀសវាង​យក​ដៃ​ទៅ​ប៉ះពាល់​ភ្នែក ច្រមុះ និង​មាត់ ប្រសិនបើ​មិន​ទាន់​បាន​លាង​សម្អាត​ទេ​នោះ។ ម្យ៉ាង​វិញ​ទៀត ក្នុង​លក្ខខណ្ឌ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ជំងឺ ត្រូវ​ចេះ​ការពារ​ខ្លួន​កុំ​ឱ្យ​មាន​ការ​ចម្លង​រោគ ដោយ​មិន​ត្រូវ​នៅ​ជិតស្និទ្ធ​ពេក​ឡើយ។

​សេចក្ដី​ណែនាំ​នេះ គឺ​ជំរុញ​ពិសេស​ពលរដ្ឋ​រស់​នៅ​តាម​តំបន់​ដែល​មាន​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង ដើម្បី​យក​ទៅ​អនុវត្ត ចៀសវាង​ផុត​ពី​ជំងឺតម្កាត់​ដែល​អាច​កើត​មាន​ជាយថាហេតុ បណ្ដាល​មក​ពី​អាកាសធាតុ​ត្រជាក់។ ក្រសួង​សុខាភិបាល ក៏​បាន​រំលឹក​ថា នៅ​ពេល​អាកាសធាតុ​ចុះ​ត្រជាក់​នៅ​ចន្លោះ​ពី​ខែ​ធ្នូ ដល់​ខែ​មករា គឺ​ភាគ​ច្រើន​កើត​មាន​ជំងឺ​ផ្លូវ​ដង្ហើម ដែល​មិន​ត្រូវ​នឹង​អាកាសធាតុ​ត្រជាក់ ឬ​ជា​ប្រភេទ​អាលែកហ្ស៊ី និង​ជំងឺ​ផ្លូវ​ដង្ហើម​បណ្ដាល​មក​ពី​វីរុស និង​មេរោគ​ស្ត្រិបតូកូក ដែល​បង្ក​ឱ្យ​មាន​រោគសញ្ញា ដូចជា គ្រុនផ្ដាសាយ ហៀរ​សំបោរ រលាក​បំពង់ក ក្អក និង​រលាក​ក្រពះ ពោះវៀន ដោយ​ពពួក​វីរុស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។