លោក ហ៊ុន សែន មិន​ទាន់​ជឿ​ថា​អ្នក​បាត់ដំបង​ឆ្លង​មេរោគ​អេដស៍

ដោយ អាន ស៊ីថាវ
2014.12.18
ហ៊ុន សែន ៦២០ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ក្នុង​សន្និសីទ​ប្រឆាំង​អំពើពុករលួយ​ក្នុង​តំបន់​អាស៊ី​-ប៉ាស៊ីហ្វិក រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៣ កញ្ញា ២០១៤។
RFA/Vann Vichar

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ទាន់​ជឿ​ថា អត្រា​ឆ្លង​ជំងឺ​អេដស៍​នៅ​ភូមិ​រកា ក្នុង​ខេត្ត​បាត់ដំបង មាន​កម្រិត​ធ្ងន់ធ្ងរ​នោះ​ទេ។ ស្រប​ពេល​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​ជុំវិញ​បញ្ហា​នេះ លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រក្សា​ភាព​ស្ងៀមស្ងាត់ ដោយ​កុំ​ទាន់​ដាក់​កំហុស​ទៅ​លើ​អ្នក​ណា​ម្នាក់​នោះ​ទេ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​១៨ ធ្នូ បាន​ប្រកាស​ថា លោក​មិន​ទាន់​ជឿ​បាន​ចំពោះ​អត្រា​ឆ្លង​មេរោគ​អេដស៍​ខុស​ពី​ធម្មតា ស្ថិត​នៅ​ភូមិ​រកា ក្នុង​ខេត្ត​បាត់ដំបង ដែល​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​រហូត​ដល់​ជាង ១០០​នាក់ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ១​ពាន់​នាក់ ដែល​បាន​ធ្វើ​តេស្ដ​ឈាម​នោះ​ទេ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា អ្នក​ពាក់ព័ន្ធ​ត្រូវ​ស្វែងរក​មូលហេតុ​ឲ្យ​ច្បាស់​លាស់ មុន​នឹង​សន្និដ្ឋាន​ទម្លាក់​កំហុស​ទៅ​លើ​អ្នក​ណា​ម្នាក់​នោះ ឬ​ជៀសវាង​ប្រើ​ហិង្សា​ដល់​គ្រូពេទ្យ​ភូមិ ព្រោះ​នៅ​ពេល​នេះ គ្មាន​ភស្តុតាង​សម្រាប់​ចោទ​ប្រកាន់​នៅ​ឡើយ។ ម្យ៉ាង​វិញ​ទៀត បើ​ការ​ឆ្លង​នោះ​តាម​រយៈ​ម្ជុល​ចាក់​ថ្នាំ​ត​គ្នា​នោះ ក៏​មិន​អាច​ជឿ​បាន​ដែរ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សន្និដ្ឋាន​ថា អត្រា​ឆ្លង​ជំងឺ​អេដស៍​ច្រើន​នៅ​ពេល​នេះ អាច​ពាក់ព័ន្ធ​នឹង​ម៉ាស៊ីន​តេស្ដ​ឈាម។ លោក​បញ្ជាក់​ថា បើ​រឿង​នេះ គឺ​ជា​រឿង​ពិត បញ្ហា​ឆ្លង​មេរោគ​អេដស៍ គឺ​ជា​រឿង​ធ្ងន់ធ្ងរ​បំផុត។

ចំណែក​ប្រធាន​អង្គការ​សម្ព័ន្ធភាព​ខ្មែរ ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ លោក អ៊ុំ សុភាព ក៏​មាន​ប្រសាសន៍​ស្រដៀង​គ្នា​នេះ​ដែរ​ថា អត្រា​ឆ្លង​មេរោគ​អេដស៍​នៅ​ភូមិ​រកា នៅ​ខេត្ត​បាត់ដំបង គឺ​ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​ងឿង​ឆ្ងល់​បំផុត ព្រោះ​រយៈពេល​ប្រមាណ ៣០​ឆ្នាំ​មក​នេះ ប្រទេស​កម្ពុជា មាន​ការ​អប់រំ និង​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​អំពី​ការ​ទប់ស្កាត់ នៃ​ការ​រីក​រាល​ដាល​នៃ​មេរោគ​អេដស៍​មាន​កម្រិត​ខ្ពស់។ លោក​បញ្ជាក់​ទៀត​ថា បើ​ការ​ឆ្លង​តាម​ការ​ចាក់​ថ្នាំ​តៗ​គ្នា ដូច​ដែល​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង អះអាង​មែន​នោះ ក៏​មិន​អាច​ជឿ​បាន​ដែរ។ លោក​បញ្ជាក់​ថា ការ​ទុក​ម្ជុល​មាន​រយៈ​យូរ​ដែល​មាន​មេរោគ​អេដស៍ ហើយ​យក​មាន​ប្រើ​វិញ គឺ​អត្រា​ឆ្លង​មេរោគ​អេដស៍​មាន​កម្រិត​តិចតួច​ណាស់។

បច្ចុប្បន្ន ស្ថាប័ន​ជំនាញ​នានា រួម​ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល ជាដើម កំពុង​សិក្សា​ស្រាវជ្រាវ​រក​ហេតុផល​ជាក់​លាក់។

អភិបាល​ខេត្ត​បាត់ដំបង លោក ច័ន្ទ សុផល មាន​ប្រសាសន៍​ថា មាន​ប្រជាពលរដ្ឋ​តិចតួច​ប៉ុណ្ណោះ​ដែល​មក​ពិនិត្យ​ឈាម នៅ​ថ្ងៃ​ទី​១៨ ធ្នូ។ ម្យ៉ាង​វិញ​ទៀត គ្រូពេទ្យ​ជំនាញ​ពិនិត្យ​តេស្ដ​ឈាម​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាង​មុន ដូច្នេះ​អ្នក​ឆ្លង​ជំងឺ​អេដស៍​នៅ​ភូមិ​រកា គឺ​មាន ១០៦​នាក់​ដដែល។ ចំណែក​គ្រូពេទ្យ​ដែល​គេ​សង្ស័យ​ថា ជា​អ្នក​ចម្លង​មេរោគ​អេដស៍ ស្ថិត​នៅ​កន្លែង​មាន​សុវត្ថិភាព បន្ទាប់​ពី​មន្ត្រី​ជំនាញ​បាន​សាកសួរ​រួច​មក។ លោក​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៨ ធ្នូ ការ​ស្រាវជ្រាវ​មិន​ទាន់​មាន​លទ្ធផល​នៅ​ឡើយ​ទេ។

លោក ច័ន្ទ សុផល មាន​ប្រសាសន៍​ថា ក្រុម​ការងារ​ជំនាញ​បាន​សាកសួរ​គ្រូពេទ្យ​ដែល​គេ​សង្ស័យ​នោះ អំពី​របៀប​ដែល​គាត់​បាន​ផ្ដល់​សេវា​ទៅ​កាន់​ប្រជាពលរដ្ឋ​ក្នុង​ភូមិ។

អង្គការ​សហប្រជាជាតិ ដែល​ធ្វើ​ការ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​នៅ​កម្ពុជា អះអាង​ថា មធ្យោបាយ​នៃ​ការ​ឆ្លង​មេរោគ​អេដស៍ គឺ​តាម​រយៈ​ម្ដាយ​ទៅ​កូន ការ​រួម​ភេទ ឬ​ការ​ប្រើ​ថ្នាំ​ញៀន និង​ការ​ប្រើប្រាស់​ម្ជុល​ចាក់​ថ្នាំ​មិន​ស្អាត ជាដើម ហើយ​គ្មាន​មធ្យោបាយ​ចម្លង​ក្រៅ​ពី​នេះ​ទេ។

តាម​ការ​ប៉ាន់ស្មាន​ដោយ​អង្គការ​សហប្រជាជាតិ ដែល​ធ្វើ​ការ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ បាន​បង្ហាញ​ថា អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ប្រទេស​កម្ពុជា បច្ចុប្បន្ន មាន​ចំនួន​ជាង ៧​ម៉ឺន ៣​ពាន់​នាក់ ហើយ​រាជ​រដ្ឋាភិបាល​មាន​កញ្ចប់​ថវិកា​ក្នុង​ការ​ព្យាបាល និង​ផ្ដល់​ថ្នាំ​ពន្យារ​ដល់​អ្នក​ផ្ទុក​ទាំង​នោះ​ចំនួន​ជិត ៤​លាន​ដុល្លារ​អាមេរិក នៅ​ចន្លោះ​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។