អ្នក​ស្វាយរៀង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហួសចិត្ត​រឿង​ទំនិញ​មាន​ជាតិ​គីមី​ខណៈ​ការ​នាំចូល​​ពី​វៀតណាម​ដោយ​សេរី

ដោយ អាស៊ីសេរី
2017.10.03
ហ៊ុន សែន ២០១៧ ៦២២ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​វេទិកា​ជាតិ​លើក​ទី​ពីរ​ស្ដីពី "ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ" នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។
Photo courtesy of PM Hun Sen's Facebook Page

ពលរដ្ឋ​រស់នៅ​ស្រុក​រមាសហែក ខែត្រ​ស្វាយរៀង សម្ដែង​ការ​ហួសចិត្ត​នៅ​គ្រា​ដែល​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន ផ្ដាំ​ឲ្យ​ពលរដ្ឋ​កុំ​ទិញ​ទំនិញ​ផ្ទុក​សារធាតុ​គីមី។ ពួកគាត់​ចាត់​ទុក​ការ​លើក​ឡើង​នេះ ថា មិនបាន​សិក្សា​ឲ្យ​គ្រប់​ជ្រុងជ្រោយ និង​មិន​ទទួលខុសត្រូវ ខណៈ​ពលរដ្ឋ​រស់​ខ្មែរ​ភាគច្រើន​មិន​ប្រាកដ​ថា ទំនិញ​ប្រភេទ​ណា​ផ្ទុក​សារធាតុ​គីមី និង​ពុំ​មាន​សារធាតុ​គីមី​នោះ​ទេ។

ក្រុម​អាជីវករ និង​ពលរដ្ឋ​រស់នៅ​ស្រុក​រមាសហែក ខែត្រ​ស្វាយរៀង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ តុលា ថា ពាណិជ្ជករ​វៀតណាម​បាន​នាំ​ទំនិញ​មក​លក់​នៅ​ផ្សារ​នានា​ខែត្រ​ស្វាយរៀង​រយៈពេល ២​ឆ្នាំ​មក​ហើយ កម្រ​ឃើញ​អាជ្ញាធរ​រដ្ឋាភិបាល​ណា​ត្រួត​ពិនិត្យ​គុណភាព​ទំនិញ​ទាំងនោះ ឲ្យ​បាន​ត្រឹមត្រូវ​ទេ គឺ​ឃើញ​តែ​ចាំ​ទទួល​ផល​ប្រយោជន៍​តាម​ច្រក​ព្រំដែន ជា​ថ្នូរ​នាំ​ទំនិញ​ចូល​ដោយ​សេរី។

អាជីវករ​នៅ​ផ្សារ​កំពង់ត្រាច នៃ​ស្រុក​រមាសហែក ខែត្រ​ស្វាយរៀង លោក ព្រាប សុខា ត្អូញ​ថា ការ​បណ្ដោយ​ឲ្យ​ពាណិជ្ជករ​វៀតណាម​លក់​ទំនិញ​នៅ​ផ្សារ​ស្រុក​ខ្មែរ​ដោយ​សារី​បែបនេះ បង្ក​ប៉ះពាល់​ដល់​មុខរបរ​ពលរដ្ឋ​នៅ​មូលដ្ឋាន ត្បិត​ទំនិញ​នាំចូល​ពី​វៀតណាម​ផ្ទុក​សារជាតិ​គីមី និង​មាន​តម្លៃ​ថោក។ លើស​ពី​នេះ ទំនិញ​ទាំងនោះ​មាន​ដូច​ជា បន្លែ​ត្រី​សាច់ ផ្លែឈើ និង​ម្ហូបអាហារ​ជាដើម។ លោក​រក​ឃើញ​ថា មន្ត្រី​កាំកុងត្រូល និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិនបាន​យកចិត្តទុកដាក់ ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​ទប់ស្កាត់​ទំនិញ​ទាំងនោះ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ ដែល​នាំ​ឲ្យ​ប៉ះពាល់​មុខរបរ សុខភាព និង​អាយុជីវិត​ពលរដ្ឋ។

ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ជាប់​ព្រំដែន​កម្ពុជា​វៀតណាម នៃ​ស្រុក​រមាសហែក ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​បារម្ភ​ថា រាល់​ឆ្នាំ​ដល់​រដូវ​មង្គលការ​ម្តងៗ គេ​ឃើញ​ពលរដ្ឋ​ខ្មែរ​ច្រើន​ប្រើប្រាស់​ទំនិញ​មកពី​វៀតណាម ព្រោះ​មាន​តម្លៃ​ថោក ដោយ​មិនបាន​គិត​ពី​ផល​ប៉ះពាល់​សុខភាព​នោះ​ទេ។ ទំនិញ​ទាំងនោះ​ដូចជា ជើងមាន់ ភ្លៅ​មាន់ សាច់​ជ្រូក និង​បន្លែ​ផ្លែឈើ​ជាដើម។ ចំណែក​ទំនិញ​របស់​ពលរដ្ឋ​ខ្មែរ​វិញ ដូចជា​ត្រី​សាច់ បន្លែ និង ជ្រូក​ជាដើម​ត្រូវ​ពាណិជ្ជករ​វៀតណាម​ចាំ​ទទួល​ទិញ​ពី​ពលរដ្ឋ​ខ្មែរ ដឹកជញ្ជូន​ត្រឡប់​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​វិញ។ លោក​សម្ដែង​ការ​ហួសចិត្ត​ចំពោះ​ប្រសាសន៍​លោក ហ៊ុន សែន ដោយ​ចាត់ទុកថា មិនបាន​សិក្សា​ឲ្យ​គ្រប់​ជ្រុងជ្រោយ និង​គេចវេះ​មិន​ទទួលខុសត្រូវ ខណៈ​ចំណេះដឹង​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​នៅ​មាន​កម្រិត ទិញ​ទំនិញ​នាំចូល​ពី​ក្រៅ​ប្រទេស​ដោយ​មិនបាន​គិត​ពី​គុណភាព និង​សុវត្ថិភាព​នោះ​ទេ​៖ «ពលរដ្ឋ​រាប់​សិប​អ្នក​គាត់​មាន​ពេលណា​ត្រួត​ពិនិត្យ​គាត់​ទិញ​បន្តិចបន្តួច​ទៅ ស្ល​ហូប​ៗ ប៉ះពាល់​លែង​និយាយ។ ហួសចិត្ត​ត្រង់​ថា ផ្ដោត​ដាក់​កំហុស​តែ​ពលរដ្ឋ បើ​តាម​ពិត​គេ​បន្ទោស ប្រទេស​ជឿនលឿន​អី​គេ​បន្ទោស​ថ្នាក់ដឹកនាំ តែ​បន្ទោស​ពលរដ្ឋ​យល់ដឹង​មាន​កម្រិត»

បុរស​ដដែល​បន្ត​ថា ជនជាតិ​វៀតណាម​បាន​យក​ទំនិញ​មក​លក់​នៅ​ផ្សារ​កំពង់ត្រាច ផ្សារ​ជីភូ ផ្សារ​កណ្ដៀង​រាយ ផ្សារ​ប្រសូត្រ និង​ផ្សារ​នៅ​ទី​រួម​ខែត្រ​ស្វាយរៀង ដោយ​សេរី​នៅ​រយៈពេល ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ព្រោះ​កន្លងមក​ទំនិញ​ដែល​នាំចូល​ពី​វៀតណាម គេ​ឃើញ​លក់​បន្ត​ឲ្យ​អាជីវករ​ខ្មែរ៖ «រដូវ​បុណ្យ​ការ ប៉ះពាល់​បំផុត​មាន់​ក្លាសេ ជាពិសេស​ពោះ​គោ​មិន​ដឹង​មក​ពី​ណា​ទេ ស្ល​គ្រប់​រោងការ​តែ​ម្ដង ហើយ​រោងការ​នីមួយៗ​មិនមែន​ហូប​តែ​ម្នាក់​ឯង​ទេ វា​ប៉ះពាល់​រាប់​សិប​អ្នក»

កាល​ពី​ពេល​ថ្មី​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ដាំ​ទៅ​ពលរដ្ឋ​ដែល​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​មាន​វិធានការ​ទប់ស្កាត់​ទំនិញ​នាំចូល​ពី​ក្រៅ​ប្រទេស​ផ្ទុក​សារធាតុ​គីមី និង​ផុត​សុពលភាព​នោះ​ថា សូម​ឲ្យ​ពលរដ្ឋ​កុំ​ទិញ​ទំនិញ​ដែល​មាន​ជាតិគីមី។ លោក​ថា ដោយសារ​ពលរដ្ឋ​សម្រុក​ទិញ​ទំនិញ​មាន​ជាតិគីមី​ហើយ ដែល​ជា​មូលហេតុ​គាំទ្រ​ឲ្យ​មាន​ការ​លក់​បន្ត​ទៀត រួចហើយ​ចោទ​តែ​រដ្ឋាភិបាល៖ «សុំ​ត្រឡប់​ទៅវិញ សុំ​ពលរដ្ឋ​រួមគ្នា​ពហិការ​កុំ​ទិញ​របស់​ណា អ្នកលក់​ណា ដែល​ដាក់​លក់​ដោយមាន​សារធាតុ​គីមី​។ ខ្ញុំ​មាន​ពេល​ខ្លះ​ខ្ញុំ​ថា ដូចជា​ពេក​ហើយ​មិន​ដឹង​ទេ​អី សំណូម​ពរ​ខ្លះ​ដូចជា​ជ្រុល​ពេក​ហើយ ក្រែង​ទិញ​ខ្លួនឯង ស្ល​ខ្លួនឯង បែរជា​បន្ទោស​តែ​រដ្ឋាភិបាល​មួយ​មុខ»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថា រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា បាន​ចែង​ថា រដ្ឋ​មាន​កាតព្វកិច្ច​ការពារ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុខុមាលភាព​ពលរដ្ឋ។ លោក​អង្កេត​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​មិន​មាន​មធ្យោបាយ​ពិនិត្យមើល​បន្លែ និង​ទំនិញ​ណា​ដែល​មាន​សារធាតុ​គីមី ឬ​មិន​មាន​នោះ​ទេ ហេតុនេះ​រដ្ឋាភិបាល​ត្រូវ​មាន​វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​នាំ​ទិញ​ខូចគុណភាព និង​មាន​សារធាតុ​គីមី​ចរាចរ​មក​ស្រុក​ខ្មែរ ដើម្បី​ការពារ​សុខភាព និង​អាយុជីវិត​ពលរដ្ឋ៖ «នៅ​ពេល​ដែល​ជា​កាតព្វកិច្ច​របស់​រដ្ឋ​ហើយ ការ​ការពារ ការ​នាំចូល​ទំនិញ​តាម​ព្រំដែន​ហ្នឹង ជាពិសេស​ត្រី​សាច់​បន្ថែ​ជាដើម ចាំបាច់​ត្រូវ​តែ​មាន​ការពារ​ឲ្យ​បាន​ហ្មត់ចត់ ហើយ​ជំរុញ​ការ​ដាំដុះ​ក្នុងស្រុក​ឲ្យ​បាន​ខ្លាំងក្លា​ជាង​មុន​ទៅ»

លោក សន ជ័យ បន្ថែម​ថា នៅ​ប្រទេស​លោក​ខាង​លិច ឬ​ប្រទេស​ទៅ​ទ្វីប​អឺរ៉ុប រដ្ឋាភិបាល​ប្រទេស​គេ បាន​ចាត់វិធានការ​បន្ទាន់​មិន​ឲ្យ​មានការ​នាំចូល​ទំនិញ​ពី​ក្រៅ​ប្រទេស​ផ្ទុក​សារធាតុ​គីមី​ទេ ក្នុង​បំណង​ការពារ​សុខភាព​ពលរដ្ឋ​របស់​ប្រទេស​គេ ដែល​ផ្ទុយ​ពី​មេដឹកនាំ​នៅ​កម្ពុជា៖ «អ្វី​ដែល​គេ​ធ្វើ​ដើម្បី​ការពារ​សុខុមាលភាព​របស់​គេ គេ​មិន​ឲ្យ​ពលរដ្ឋ​គេ​មាន​បញ្ហា​ដោយសារ​រឿង​ម្ហូបអាហារ ត្រី​សាច់​ដែល​នាំ​ពី​ក្រៅ​ប្រទេស​អ៊ីចឹង​ទៅ​ទេ នៅ​ពេល​ដែល​យើង​ប្រៀបធៀប​ពី​ការទទួលខុសត្រូវ​របស់ មេដឹកនាំ​គេ និង​មេដឹកនាំ​នៅ​កម្ពុជា ខ្ញុំ​មើល​ឃើញ​ថា ផ្ទុយគ្នា។ ខុសគ្នា​ត្រង់​ថា គេ​រក​មធ្យោបាយ​សព្វបែបយ៉ាង​ដើម្បី​ឲ្យ​ពលរដ្ឋ​រស់នៅ ឬ​បរិភោគ​មិន​មាន​សារធាតុ​គីមី»

រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា ៤៦ ចែងថា រដ្ឋ​ត្រូវ​ហាមឃាត់ និង​ផ្ដន្ទាទោស​ជា​ទម្ងន់​ដល់​ជន​ណា​ដែល​នាំចូល ផលិត​លក់ដូរ​គ្រឿងញៀន ទំនិញ​ក្លែងក្លាយ ហួស​រយៈពេល​ប្រើ ដែល​ប៉ះពាល់​សុខភាព និង អាយុជីវិត​អ្នក​ប្រើ។ ចំណែក​មាត្រា ៧២ ចែងថា សុខភាព​របស់​ប្រជារាស្ត្រ​ត្រូវ​បាន​ធានា រដ្ឋ​យកចិត្តទុកដាក់​ដល់​ការពារ​ជំងឺ និង​ព្យាបាល​ជំងឺ។ ក៏ប៉ុន្តែ​ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​រក​ឃើញ​ថា រដ្ឋាភិបាល​ហាក់​មិនបាន​យកចិត្តទុកដាក់ ធានា​សុខភាព​ពលរដ្ឋ​កម្ពុជា​នោះ​ទេ ដែល​បណ្ដោយ​ឲ្យ​ទំនិញ​គេច​ពន្ធ ផុត​សុពលភាព និង​មាន​សារ​ធាតុគីមី​លក់​នៅ​ស្រុក​ខ្មែរ​ដោយ​សេរី​ច្រើន​ឆ្នាំ​មក​ហើយ បង្ក​ខាត​ប្រយោជន៍​របស់​ពលរដ្ឋ និង​សង្គមជាតិ​ធ្ងន់ធ្ងរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។