អ្នក​ភូមិ​នៅ​បាត់ដំបង​ជិត​៣០០​នាក់​ត្រូវ​បាន​រក​ឃើញ​ថា​មាន​​ផ្ទុក​មេរោគ​អេដស៍

ដោយ ហ៊ុំ ចំរើន
2014.12.15
អេដស៍ បាត់ដំបង ៦២០ អ្នក​ភូមិ​នៅ​ស្រុក​សង្កែ នាំ​គ្នា​ធ្វើតេស្ត​ឈាម​រក​​មេរោគ​អេដស៍ (AIDS) នៅ​មណ្ឌល​សុខភាព រកា ក្នុង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១៤ ធ្នូ ២០១៤។
RFA/Hum Chamrouen

អ្នក​ភូមិ​នៅ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង ជិត ៣០០​នាក់ ត្រូវ​បាន​គ្រូពេទ្យ​ធ្វើ​តេស្ត​ឈាម​ហើយ​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​អេដស៍ (AIDS)។ ការ​ត្រួត​ពិនិត្យ​ជំងឺ​នេះ​ កើត​ឡើង​បន្ទាប់​ពី​ពួកគាត់​​ឃើញ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ជា​ច្រើន​នាក់​ដែល​បាន​ធ្វើ​ទៅ​តេស្តឈាម​​កន្លង​មក​ មាន​ផ្ទុក​មេរោគ​អេដស៍​ដោយ​មិន​ដឹង​មូលហេតុ។ បញ្ហា​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​សង្ស័យ​និង​ស៊ើបអង្កេត​បន្ត។

ក្រោយ​ពី​គ្រូពេទ្យ​ពិនិត្យ​ឈាម​​​អ្នក​ជំងឺ​​មិន​បាន​ប៉ុន្មាន​ផង ក្នុង​នោះ​​លទ្ធផល​ដំបូង​បង្ហាញ​ថា អ្នក​ជំងឺ​ក្មេង​ចាស់​ប្រុស​ស្រី​​ដែល​ធ្វើ​តេស្តឈាម​​ភាគ​ច្រើន​មាន​ផ្ទុក​មេរោគ​អេដស៍។

អ្នក​ភូមិ​ម្នាក់​​ដែល​សង្ស័យ​ថា ផ្ទុក​មេរោគ​អេដស៍​រស់​នៅ​ឃុំ​រកា ស្រុក​សង្កែ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ក្នុង​ទឹក​មុខ​ស្លេកស្លាំង​បន្ទាប់​ពី​ទទួល​លទ្ធផល​ឈាម​នៅ​មណ្ឌល​សុខភាព​ឃុំ​រកា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ធ្នូ ថា លទ្ធផល​ធ្វើ​តេស្តឈាម​ដំបូង​នេះ​បង្ហាញ​ថា មាន​ផ្ទុក​មេ​រោគ​អេដស៍។

ពលរដ្ឋ​រូប​នេះ​បន្ត​ថា សមាជិក​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្លួន​ជា​មនុស្ស​ស្អាតស្អំ​គឺ​ពុំ​មាន​នរណា​ម្នាក់​ធ្លាប់​​មាន​ប្រវត្តិ​មិន​ល្អ​ទៅ​ប៉ះ​ពាល់​មនុស្ស​ដែល​ផ្ទុក​មេរោគ​ដ៏​កាច​សាហាវ​បែប​នេះ​នោះ​ឡើយ។ អ្នក​ភូមិ​រូប​នេះ​ឲ្យ​ដឹង​ទៀត​​​ថា ជំងឺ​នេះ​កើត​ឡើង​ប្រហែល​ជា​ឆ្លង​តាម​​ម្ជុល​ចាក់​ថ្នាំ​​របស់​គ្រូពេទ្យ​ដែល​បាន​ព្យាបាល​ជំងឺ​កាល​ពី​ប្រមាណ ៦​​ខែ​កន្លង​ទៅ៖ «ខ្ញុំ​មិន​ដឹង​ថា គ្រូពេទ្យ​ដែល​ខ្ញុំ​ចាក់​ថ្នាំ​កន្លង​មក​ហ្នឹង​យ៉ាង​ម៉េច​ទេ គឺ​គ្រាន់​តែ​ដឹង​ថា គាត់​គ្រូពេទ្យ​ចាក់​ថ្នាំ​ឲ្យ​អ្នក​ភូមិ​ជា​ប្រចាំ។ អ្នក​មាន​ផ្ទុក​មេរោគ​អេដស៍​ហ្នឹង​មិន​ដឹង​ថា គាត់​មាន​មេរោគ ឬ​មិន​មាន​នោះ​ទេ ប៉ុន្តែ​ឃើញ​គេ​មក​ធ្វើ​តេស្តឈាម ហើយ​មាន​រោគ​សញ្ញា​មេរោគ​ច្រើន ខ្ញុំ​ក៏​មក​ដែរ​ទៅ»

​​​​​​​​ទាក់​ទង​នឹង​បញ្ហា​នេះ​ប្រធាន​កម្មវិធី​អេដស៍​ស្រុក​សង្កែ លោក ហ៊ា ស៊ិ មាន​ប្រសាសន៍​បញ្ជាក់​ថា លទ្ធផល​ឈាម​ដែល​ពិនិត្យ​នេះ លទ្ធផល​​ដំបូង​ពុំ​ទាន់​ជាក់​ច្បាស់​នៅ​ឡើយ​ទេ​ គឺ​ត្រូវ​​បញ្ជូន​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​បាត់ដំបង ម្ដង​ទៀត ទើប​សន្និដ្ឋាន​ថា ជា​ជំងឺ​អ្វី​ជាក់​ច្បាស់។ ទោះ​យ៉ាង​នេះ​ក្ដី​លោក​ថា អាជ្ញាធរ​ពាក់​ព័ន្ធ​កំពុង​ព្រួយ​បារម្ភ​ចំពោះ​ការ​លទ្ធផល​ឈាម​ដំបូង​នេះ​​ដែល​រក​ឃើញ​​ថា មាន​អ្នក​ជំងឺ​ជា​ច្រើន​នាក់​ផ្ទុក​មេរោគ​អេដស៍ ហើយ​ការ​ផ្ទុក​មេរោគ​​នេះ​ដោយ​​​ពុំ​ដឹង​មូល​ហេតុ​បណ្ដាល​មក​ពី​​អ្វី​ច្បាស់​លាស់​នោះ​​​ទេ៖ «ព័ត៌មាន​ដែល​ខ្ញុំ​ទទួល​បាន​គឺ​ជំងឺ​នេះ​ពុំ​មែន​ឆ្លង​ពី​ចាក់​វ៉ាក់សាំង​នោះ​ទេ គឺ​ជំងឺ​នេះ​ប្រហែល​ជា​ឆ្លង តាម​រយៈ​ការ​ចាក់​ថ្នាំ​របស់​គ្រូពេទ្យ​ដែល​ព្យាបាល​អ្នក​ជំងឺ​តាម​ភូមិ​កន្លង​មក។ ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​ការ​សន្និដ្ឋាន មិន​ទាន់​ជា​ការ​ពិត​នៅ​ឡើយ​ទេ»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ មេ​ឃុំ​រកា អ្នកស្រី ស៊ឹម ពៅ មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ដែល​សង្ស័យ​ថា ផ្ទុក​មេរោគ​អេដស៍ ហើយ​ទៅ​ពិនិត្យ​ឈាម​នៅ​មណ្ឌល​សុខភាព​នោះ​ ភាគ​ច្រើន​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​រកា តែម្ដង។ អ្នកស្រី​បន្ត​ថា ដំបូង​ឡើយ​​ប្រជាពលរដ្ឋ​ពុំ​បាន​ចាប់​អារម្មណ៍​​ទៅ​ពិនិត្យ​ឈាម​រក​មេ​រោគ​អេដស៍​នោះ​ទេ គឺ​ពួកគាត់​ទៅ​ពិនិត្យ​ឈាម​ដើម្បី​ព្យាបាល​ជំងឺ​ប្រចាំ​កាយ​ធម្មតា៖ «ដំបូង​ប្រជាពលរដ្ឋ​ទៅ​ពិនិត្យ​រក​មើល​មេរោគ​ស្វាយ​និង​ប្រមេះ​ទេ ប៉ុន្តែ​ពេល​ទៅ​​ពិនិត្យ​ក៏​ប្រទះ​ឃើញ​ផ្ទុក​មេរោគ​អេដស៍​នោះ​តែ​ម្ដង ហើយ​ក៏​ផ្អើល​នាំ​គ្នា​ធ្វើ​តេស្តឈាម​ជា​បន្តបន្ទាប់​ទៅ ហើយ​ការ​ពិនិត្យ​ឃើញ​ថា អ្នក​ផ្ទុក​មេរោគ​អេដស៍​មាន​ទាំង​មនុស្ស​ចាស់​មាន​ទាំង​កូន​ក្មេង»

ចាប់​តាំង​ពី​ធ្វើ​តេស្ត​ឈាម​រក​ឃើញ​​​មុខ​សញ្ញា​មេរោគ​អេដស៍​មក ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ក្នុង​ឃុំ​រកា សម្រុក​​ទៅ​ពិនិត្យ​ឈាម​ជា​បន្តបន្ទាប់។ មេ​ឃុំ​ឲ្យ​ដឹង​ថា រហូត​មក​ទល់​ពេល​នេះ​គ្រូពេទ្យ​ធ្វើ​តេស្ត​ឈាម​ហើយ​រក​ឃើញ​ថា ប្រជាពលរដ្ឋ​ដែល​សង្ស័យ​ផ្ទុក​មេរោគ​អេដស៍​ក្នុង​ខ្លួន​ប្រមាណ​ជិត ៣០០​នាក់ ប៉ុន្តែ​ចំនួន​នេះ​អាច​នឹង​កើន​ទៀត។ បច្ចុប្បន្ន​អ្នក​ដែល​សង្ស័យ​ផ្ទុក​មេរោគ​ទាំង​នោះ​ មួយ​ចំនួន​ធំ​ត្រូវ​មន្ត្រី​សុខាភិបាល​ស្រុក​សង្កែ និង​អាជ្ញាធរ​ពាក់ព័ន្ធ​នាំ​ទៅ​ធ្វើ​តេស្តឈាម​​បន្ត​នៅ​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។