ពេទ្យ​ឆ្មប​ស្រុក​ឈូក​ត្រូវ​បាន​ប្ដឹង​ទាក់ទង​ការ​ស្លាប់​ម្ដាយ​និង​កូន​ពេល​ឆ្លង​ទន្លេ

ដោយ វោហារ ជាតិ
2015-04-05
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

លោកគ្រូ​ម្នាក់​បាន​ប្ដឹង​ពេទ្យ​ឆ្មប​ស្រុក​ឈូក ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រពន្ធ​របស់​គាត់ ដែល​ស្លាប់​ទាំង​ម្ដាយ​ទាំង​កូន​​ពេល​ឆ្លង​ទន្លេ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នេះ ដើម្បី​រក​យុត្តិធម៌។ ក៏​ប៉ុន្តែ​លោក​អធិការ​ប៉ូលិស​ស្រុក​ឈូក ឆ្លើយ​ថា លោក​មិន​បាន​ទទួល​ពាក្យ​បណ្ដឹង​រឿង​នេះ​ទេ។

លោក យឿង ភឿន អាយុ ៣១​ឆ្នាំ ជា​គ្រូបង្រៀន​នៅ​ស្រុក​ឈូក ខេត្ត​កំពត អះអាង​ថា ប្រពន្ធ​របស់​លោក​ដែល​ជា​អ្នក​គ្រូបង្រៀន​ដែរ​នោះ ឈ្មោះ គង់ វណ្ណាត​ អាយុ ២៨​ឆ្នាំ បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ឈូក កាល​ពី​ថ្ងៃ​ទី​១២ មីនា ឆ្នាំ​២០១៥ នៅ​ពេល​សម្រាល​កូន​ដំបូង។

លោកគ្រូ​អ្នកគ្រូ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​រស់​នៅ​ភូមិ​ត្រពាំងតាសេក ឃុំ​បានាវ ស្រុក​ឈូក ខេត្ត​កំពត។

លោកគ្រូ យឿង ភឿន បាន​ចោទ​ប្រកាន់​អ្នក​គ្រូពេទ្យ​ឆ្មប​នៅ​មន្ទីរពេទ្យ​នោះ​ថា មិន​មាន​ជំនាញ​ពេទ្យ​ផ្នែក​សម្ភព​ត្រឹម​ត្រូវ ហើយ​បណ្ដោយ​ឲ្យ​ប្រពន្ធ​គាត់​ហូរ​ឈាម​ស្លាប់​យ៉ាង​វេទនា​ទាំង​ម្ដាយ និង​កូន​ង៉ែត៖ «ដល់​ពេល​សម្រាល​ហ្នឹង សម្រាល​តាម​ធម្មជាតិ​អត់​បាន​ទេ គាត់​បាន​យក​កន្ត្រៃ​កាត់​ទ្វារមាស​ប្រពន្ធ​ខ្ញុំ កាត់​ហើយ​នៅ​តែ​សម្រាល​មិន​បាន​ទៀត ពេទ្យ​ហ្នឹង​ក៏​យក​ប្រដាប់​បូម​កូន​ចេញ​មក ពេល​បូម​កូន​មក កូន​ហ្នឹង​ខូច​បាត់​ហើយ។ ក្រោយ​ពេល​បូម​មាន​ពេទ្យ​ម្នាក់​ក្មេង គាត់​បាន​យក​ដៃ​គាត់​ហ្នឹង​លូក​ក្នុង​ទ្វារមាស​ប្រពន្ធ​ខ្ញុំ ទាញ​យក​សុក​ចេញ​មក ដល់​ពេល​ទាញ​មក​គាត់​ថា ទាញ​មក​ដាច់​រញ៉េរញ៉ៃ​អស់​ហើយ គាត់​អត់​ចេះ​ទេ។ ដល់​ពេល​អ្នក​គ្រូពេទ្យ​នៅ​បានាវ​ហ្នឹង គាត់​ឆ្លើយ​ថា ធ្វើ​អី​អ៊ីចឹង? មើល​ទុក​អញ​ធ្វើ​ម្ដង។ ដល់​ពេល​អ្នក​គ្រូពេទ្យ​ហ្នឹង​ទៅ​ធ្វើ​ ខ្ញុំ​ឃើញ​គាត់​យក​កន្ត្រៃ​ទៅ​កាត់​ប៉ិតៗ កាត់​សុក​ចេញ​មក ដល់​ពេល​ក្រោយ​ពី​កាត់​ហ្នឹង ប្រពន្ធ​ខ្ញុំ​ហូរ​ឈាម​រហូត​ដល់​ពេល​ហូរ​ឈាម​រហូត​អ៊ីចឹង អ្នក​គ្រូពេទ្យ​ហ្នឹង​ស្លន់ស្លោៗ។ ខ្ញុំ​ថា​បើ​មិន​កើត​ទេ បញ្ជូន​ប្រពន្ធ​ខ្ញុំ​ទៅ​កំពត ម៉េច​ក៏​នៅ​ដើរ​រ៉េរ៉​អ៊ីចឹង? គាត​ថា ចាំ​ដុកទ័រ​មក​សិន ខ្ញុំ​តេ​ទៅ​ដុកទ័រ​ប្រចាំការ​ហ្នឹង​គេ​អត់​មក​ទេ»

ទន្ទឹម​ពេល​នេះ​ដែរ លោក​ក៏​បាន​ស្ដី​បន្ទោស​ក្រុម​គ្រូពេទ្យ​ឆ្មប​នៅ​មណ្ឌល​សុខភាព​ឃុំ​បានាវ ស្រុក​ឈូក ដែរ​ថា បាន​ទុក​ប្រពន្ធ​គាត់​ឲ្យ​ឈឺ​ធ្ងន់ តាំង​ពី​ព្រឹក​រហូត​ដល់​យប់ ទើប​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​ស្រុក​ឈូក។

នៅ​ពេល​ឡាន​ពេទ្យ​ដឹក​ប្រពន្ធ​របស់​លោក​ទៅ​មន្ទីរពេទ្យ ស្រុក​ឈូក លោក យឿង ភឿន បាន​ទទូច​សុំ​ឲ្យ​លោកគ្រូ​ពេទ្យ​ដឹក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពត តែម្ដង ដោយ​សង្ឃឹម​ថា នៅ​មន្ទីរពេទ្យ​ខេត្ត​អាច​មាន​គ្រូពេទ្យ​ជំនាញ​ជួយ​សង្គ្រោះ​ជីវិត​ប្រពន្ធ​លោក​បាន​ទាន់​ពេល។ ក៏ប៉ុន្តែ​លោក​ថា ការ​ទាមទារ​របស់​គាត់​ត្រូវ​គ្រូពេទ្យ​បដិសេធ​រហូត​ទាល់តែ​ប្រពន្ធ​គាត់​ធ្ងន់ធ្ងរ ទើប​គ្រូពេទ្យ​នៅ​ទី​នោះ ព្រម​បញ្ជូន​ទៅ​ពេទ្យ​ខេត្ត តែ​ប្រពន្ធ​គាត់​បាន​ដាច់​ខ្យល់​ស្លាប់​នៅ​តាម​ផ្លូវ​បាត់​ទៅ​ហើយ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង ប្រធាន​មណ្ឌល​សុខភាព​ឃុំ​បានាវ និង​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក​ឈូក បាន​នៅ​ថ្ងៃ​ទី​៥ មេសា ដើម្បី​សុំ​ការ​ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

ចំណែក​អធិការ​ស្រុក​ឈូក លោក សំរិទ្ធ សីលាវិបុល ឆ្លើយ​ថា លោក​ក៏​មិន​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី លោក យឿង ភឿន ដែរ។

ជា​រឿយៗ គេ​តែង​តែ​ឮ​សេចក្ដី​រាយការណ៍​អំពី​ម្ដាយ ឬ​ទារក​ស្លាប់​ពេល​សម្រាល​កូន​នៅ​តាម​គ្លីនិក​ឯកជន និង​នៅ​តាម​មណ្ឌល​សុខភាព​មួយ​ចំនួន​នៅ​តាម​ខេត្ត ខណៈ​ដែល​រដ្ឋាភិបាល​ប្រកាស​ថា ​ខ្លួន​កំពុង​ប្រឹងប្រែង​បង្កើន​គុណភាព​សេវា​សុខាភិបាល​សាធារណៈ​ឲ្យ​បាន​ដល់​មូលដ្ឋាន​ភូមិ​ឃុំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល