ក្រសួង​សុខាភិបាល​អាមេរិក​ព្រមាន​បុរស​អំពី​គ្រោះថ្នាក់​នៃ​ការ​ឆ្លង​ជំងឺ​ហ្ស៊ីកា​ដល់​កំណើត​ទារក

ដោយ ម៉ៅ សុធានី
2016.10.04
រូប​មូស​ខ្លា ៨៥៥ រូប​មូស​ខ្លា​ជា​ប្រភព​នៃ​ការ​ចម្លង​ជំងឺ​គ្រុន​ឈាម ត្រូវ​ក្រុម​យុវជន​គូរ​ដាក់​លើ​បដា​នៅ​ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ជំងឺ​គ្រុន​ឈាម ក្នុង​សង្កាត់​អំពិល ជាយ​ក្រុង​សៀមរាប ខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៣។
RFA

ក្រសួង​សុខាភិបាល​អាមេរិក ព្រមាន​បុរស​អំពី​គ្រោះថ្នាក់​នៃ​ការ​ឆ្លង​ជំងឺ​ហ្ស៊ីកា (Zika) ដល់​កំណើត​របស់​ទារក។ មជ្ឈមណ្ឌល​ការពារ និង​ត្រួត​ពិនិត្យ​ជំងឺ​នៃ​សហរដ្ឋ​អាមេរិក ហៅ​កាត់​ថា ស៊ី.ឌី.ស៊ី (CDC) បាន​រក​ឃើញ​ថា បុរស​ដែល​រស់នៅ ឬ​ក៏​ធ្វើ​ដំណើរ​ទៅ​តំបន់​ដែល​មាន​ការ​រាតត្បាត​នៃ​ជំងឺ​ហ្ស៊ីកា ត្រូវ​រង់ចាំ​យ៉ាង​តិច ៦​ខែ​សិន មុន​ព្យាយាម​ចង់​បាន​កូន​ជាមួយ​ដៃគូ​ស្នេហា ឬ​ភរិយា មិន​ថា​តែ​បុរស​នោះ​ទទួល​ការ​ព្យាបាល​ជំងឺ​ហ្ស៊ីកា ឬ​ក៏​មាន​រោគ​សញ្ញា​ហ្ស៊ីកា ពីព្រោះ​ជំងឺ​នេះ​ភាគច្រើន​ពុំ​មាន​បង្ហាញ​ពី​រោគ​សញ្ញា​អ្វី​ឡើយ។

សេចក្តី​ថ្លែងការណ៍​របស់ ស៊ី.ឌី.ស៊ី បន្ត​ថា មន្ត្រី​សុខាភិបាល​នៅ​ទីក្រុង​រ៉ូម បាន​អះអាង​ថា មេរោគ​ហ្ស៊ីកា អាច​នៅ​មាន​ជីវិត​ក្នុង​ទឹកកាម​បុរស​រយៈពេល ៦​ខែ បន្ទាប់​ពី​គេ​បាន​រក​ឃើញ​បុរស​ជនជាតិ​អ៊ីតាលី ម្នាក់​ដែល​បាន​ឆ្លង​ជំងឺ​ហ្ស៊ីកា​ពី​ប្រទេស​ហៃទី។ អាស្រ័យ​ហេតុនេះ ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​ជំងឺ​ហ្ស៊ីកា​ដល់​ស្ត្រី​ដែល​មាន​គភ៌ មជ្ឈមណ្ឌល​ការពារ និង​ត្រួត​ពិនិត្យ​ជំងឺ​នៃ​សហរដ្ឋ​អាមេរិក ផ្តល់​ដំបូន្មាន​ដល់​បុរស ត្រូវ​ការពារ​សុវត្ថិភាព​នៃ​ការ​រួម​ភេទ​រយៈពេល ៦​ខែ។

មជ្ឈមណ្ឌល​ការពារ និង​ត្រួត​ពិនិត្យ​ជំងឺ​នៃ​សហរដ្ឋ​អាមេរិក ប្រកាស​អាសន្ន​ដោយ​ស្នើសុំ​ឲ្យ​ស្ត្រី​ជនជាតិ​អាមេរិក ដែល​មាន​ផ្ទៃពោះ ផ្អាក​ធ្វើ​ដំណើរ​ឆ្លង​ដែន​ដែល​មិន​ចាំបាច់​ទៅ​ប្រទេស​ចំនួន​១១ នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដោយសារ​តែ​ព្រួយ​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​ហ្ស៊ីកាប្រទេស​ទាំងនោះ​រួម​មាន កម្ពុជា ថៃ វៀតណាម និង​ប្រទេស​ផ្សេង​ទៀត។

កាល​ពី​ថ្ងៃ​សុក្រ ទី​៣០ កញ្ញា សប្ដាហ៍​មុន មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​សុខាភិបាល​ថៃ បាន​បញ្ជាក់​ថា ទារក​ចំនួន​ពីរ​នាក់​ដែល​ម្តាយ​ឆ្លង​ជំងឺ​ហ្ស៊ីកា កើត​មក​មាន​ក្បាល​តូច​ខុស​ពី​ធម្មតាអង្គការ​សុខភាព​ពិភពលោក ជំរុញ​ឲ្យ​ប្រទេស​ដែល​មាន​ឆ្លង និង​កើត​ជំងឺ​ហ្ស៊ីកា ចាត់​វិធានការ​ដោយ​ប្រុង​ប្រយ័ត្ន ដើម្បី​កាត់​បន្ថយ​ជំងឺ​ហ្ស៊ីកា និង​ការ​ឆ្លង​ដល់​ទារក​ក្នុង​ផ្ទៃ​ម្តាយ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។