មូលនិធិ​ប្រទេស​អូស្ត្រាលី​ជួយ​វះ​កាត់​ជំងឺ​ភ្នែក​ដល់​ពលរដ្ឋ​នៅ​កំពង់ឆ្នាំង

ប្រជាពលរដ្ឋ​នៅ​តំបន់​ជនបទ​នៃ​ខេត្ត​កំពង់ឆ្នាំង រាប់​រយ​នាក់​ដែល​មាន​ជំងឺ​ភ្នែក បាន​នាំ​គ្នា​ធ្វើ​ដំណើរ​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង ដើម្បី​ទទួល​ការ​ព្យាបាល និង​ការ​វះកាត់​ដោយ​ឥត​គិត​ថ្លៃ​ពី​ក្រុម​គ្រូពេទ្យ​នៃ​មូលនិធិ​ហ្វ្រេដហូឡូវ (The Fred Hollows Foundation) នៃ​ប្រទេស​អូស្ត្រាលី។
ដោយ មណ្ឌល កែវ
2012-08-14
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​រាប់​រយ​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ សីហា បាន​នាំ​គ្នា​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​បរិបូណ៌ ដើម្បី​ទទួល​ការ​ព្យាបាល និង​វះ​កាត់​ជំងឺ​ភ្នែក។

លោក ឡេង វណ្ណៈ ជា​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ចក្ខុរោគ​នៃ​មូលនិធិ​ហ្វ្រេដហូឡូវ ប្រទេស​អូស្ត្រាលី ប្រចាំ​ប្រទេស​កម្ពុជា។ លោក​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៣ សីហា ថា វេជ្ជបណ្ឌិត និង​គ្រូពេទ្យ​ជំនាញ​ផ្នែក​ចក្ខុរោគ​នៃ​មូលនិធិ​ហ្វ្រេដហូឡូវ ប្រចាំ​ប្រទេស​កម្ពុជា​មួយ​ក្រុម មាន​គ្នា ៦​នាក់ បាន​មក​ធ្វើ​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ភ្នែក​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បរិបូណ៌ តាម​សំណូមពរ​របស់​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ក្នុង​រយៈពេល ៥​ថ្ងៃ។

លោក ឡេង វណ្ណៈ៖ «ថ្ងៃ​នេះ​ខាង​ខ្ញុំ​សហការ​ជាមួយ​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង ចុះ​មក​ធ្វើ​ការ​ពិនិត្យ​ភ្នែក និង​វះ​ភ្នែក​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង។ យើង​ធ្វើ​កម្មវិធី​នេះ​ Free (ឥត​គិត​ថ្លៃ) ដោយ​មាន​ការ Support (គាំទ្រ) ពី​ខាង​មូលនិធិ​ហ្វ្រេដហូឡូវ ប្រទេស​អូស្ត្រាលី...»

ជំទប់​ទី​១ ឃុំ​ត្រពាំងចាន់ លោក សាំង ខាត់ មាន​ប្រសាសន៍​ថា ភ្នែក​លោក​កើត​ជំងឺ​កន្ទុយ​ថ្លែន​អស់​រយៈពេល​ជាង ៣​ឆ្នាំ​ហើយ មិន​ទាន់​បាន​ព្យាបាល​ដោយសារ​កង្វះ​ថវិកា និង​ដោយ​ការងារ​ក្នុង​មូលដ្ឋាន​មមាញឹក។

លោក​ថា ការ​មក​ធ្វើ​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ភ្នែក​ជូន​ប្រជាពលរដ្ឋ​របស់​មូលនិធិ​ហ្វ្រេដហូឡូវ គឺ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​រូប​លោក៖ «ភ្នែក​ខ្ញុំ​វា​កើត​កន្ទុយ​ថ្លែន វា​ចេះ​តែ​ផ្សា ហើយ​ក្ដៅ និង​រមាស់ មើល​ទៅ​ឃើញ​ស្រវាំងៗ។ តែ​ខ្ញុំ​នៅ​លេខ​រៀង​ទី ២៣០ ខ្ញុំ​នៅ​ចាំ​ខាង​ក្រៅ​នៅ​ឡើយ។ ក្នុង​អារម្មណ៍​ខ្ញុំ​រីករាយ ព្រោះ​ខ្ញុំ​មិន​ចាំ​បាច់​ទៅ​ឆ្ងាយ ហើយ​ក៏​មិន​ចាំបាច់​ចំណាយ​លុយ​ទៀត​ផង...»

បុរស​អ្នក​ភូមិ​ឈ្មោះ ពិន ពៅ នៅ​ភូមិ​ម៉ុងបារាំង សង្កាត់​ផ្អេរ ក្រុង​កំពង់ឆ្នាំង ដែល​កំពុង​រង់​ចាំ​លេខ​រៀង​ចូល​ពិនិត្យ​ជំងឺ​ភ្នែក​នោះ បាន​ឲ្យ​ដឹង​ថា គាត់​សប្បាយ​ចិត្ត​ព្រោះ​ការ​ពិនិត្យ និង​ព្យាបាល​នេះ​គាត់​ពុំ​ចាំបាច់​ចំណាយ​ប្រាក់​នោះ​ទេ៖ «លោក​គ្រូពេទ្យ​ដែល​គាត់​មក​ពិនិត្យ​ជំងឺ​នោះ គាត់​មិន​យក​លុយ​ទេ ហើយ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​មក​ពិនិត្យ។ ប្រជាពលរដ្ឋ​មក​ច្រើន​ណាស់...»

ប្រធាន​ការិយាល័យ​សុខាភិបាល​ស្រុក​បរិបូណ៌ លោក​វេជ្ជបណ្ឌិត ឈុន ប៊ុនថា បាន​ឲ្យ​ដឹង​ថា ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ភ្នែក​ជូន​ប្រជាពលរដ្ឋ​នេះ នឹង​ដំណើរ​ការ​រយៈ​ពេល ៥​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៧ សីហា ដោយ​ឥត​មាន​បង់​ថ្លៃ​សេវា​អ្វី​ទាំង​អស់។ លោក​ថា មូលនិធិ​ហ្វ្រេដហូឡូវ នៃ​ប្រទេស​អូស្ត្រាលី ប្រចាំ​ប្រទេស​កម្ពុជា ជា​អ្នក​ឧបត្ថម្ភ​ទាំង​ស្រុង​ក្នុង​ការ​ពិនិត្យ​ការ​ព្យាបាល និង​ការ​វះ​កាត់​ជូន​ប្រជាពលរដ្ឋ ដោយ​សហការ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ផ្នែក​ចក្ខុរោគ នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង និង​ស្រុក​បរិបូណ៌។

មូលនិធិ​ហ្វ្រេដហូឡូវ មាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា តាំង​ពី​ឆ្នាំ​១៩៩៨។ ការ​ស្រាវជ្រាវ​របស់​មូលនិធិ​ហ្វ្រេដហូឡូវ បង្ហាញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង ១៦៦.០០០​នាក់ មាន​ជំងឺ​ងងឹត​ភ្នែក ហើយ ៦៥% នៃ​ចំនួន​នេះ បណ្ដាល​មក​ពី​ជំងឺ​ភ្នែក​ឡើង​បាយ ឬ (Cataract)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល