អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ មានប្រសាសន៍នៅរសៀលថ្ងៃទី៣១ ខែសីហា ថា គណបក្សរបស់លោកនឹងធ្វើពិធីទទួលថ្នាក់ដឹកនាំសំខាន់ៗ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលចាកចេញពីគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស នៅថ្ងៃទី១ ខែកញ្ញា។ លោក ញឹក ប៊ុនឆៃ បញ្ជាក់ថា សមាជិកថ្មីទាំងនេះ គឺធ្លាប់ជាសមាជិកចាស់របស់គណបក្សហ៊្វុនស៊ិនប៉ិច ជាអ្នកដែលស្រឡាញ់រាជានិយម ហើយការត្រឡប់មកវិញនេះ គឺនៅក្រោយពេលដែលមានព័ត៌មានពីការច្របាច់បញ្ចូលគ្នារវាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សជាតិនិយម អតីតគណបក្ស នរោត្តម រណឫទ្ធិ។
លោក ញឹក ប៊ុនឆៃ រំពឹងថា ចំនួនអ្នកដែលនឹងទៅចូលរួមជាមួយគណបក្សរាជានិយម អាចនឹងមានកើនឡើងទៀត៖ «មែនទែនពួកនោះសុទ្ធតែហ៊្វុនស៊ិនប៉ិច ខ្ញុំតាំងពីមុនតើ។ ដល់ពេលដែលហ៊្វុនស៊ិនប៉ិច វាបែកបាក់គ្នាអីទៅណេះទៅណោះទៅ គាត់ក៏ទៅនេះទៅនោះ ទៅខាងសិទ្ធិមនុស្ស ទៅខាង សម រង្ស៊ី អីទៅ។ ដល់ទៅអ៊ីចឹង គាត់ត្រឡប់មកវិញ ពួកនោះដល់ទៅឃើញខ្ញុំរួបរួមគ្នាអីទៅ គាត់ក៏ត្រឡប់មកវិញ»។
ការអះអាងពីការចុះចូលរបស់សមាជិកជាង១ពាន់នាក់ នៃគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដែលទៅចូលរួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិច បានកើតឡើងនៅមួយសប្ដាហ៍ក្រោយពីមានការអះអាងថា សមាជិកគណបក្សហ៊្វុនស៊ិនប៉ិច នៅក្នុងខេត្តកំពត ជាច្រើននាក់ បានទៅចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សរួបរួមគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។