ម៉ុងតាញ៉ា-វៀតណាម​១៣​នាក់​ទៀត​នឹង​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ

ដោយ សុ ជីវី
2017.08.09
ជនជាតិ​ម៉ុងតាញ៉ា ៦២០ ជនជាតិ​ម៉ុងតាញ៉ា ៩​នាក់ ដែល​រត់​ភៀស​ខ្លួន​ពី​ប្រទេស​វៀតណាម មក​ដល់​ទីក្រុង​ភ្នំពេញ​កាល​ពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០១៥។ រូបថត​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៥
RFA/Tha Kitya

ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា (Montagnard) វៀតណាម ចំនួន ១៣​នាក់​ទៀត នឹង​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​វៀតណាម វិញ។

មន្ត្រី​ផ្នែក​ព័ត៌មាន​សាធារណៈ​ប្រចាំ​តំបន់​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន អ្នកស្រី វីវៀន តាន់ (Vivian Tan) ឲ្យ​អាស៊ីសេរី ដឹង​តាម​សារ​អេឡិចត្រូនិក (Email) នៅ​យប់​ថ្ងៃ​ទី​៩ ខែ​សីហា ថា ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា-វៀតណាម ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន​ចំនួន ១៣​នាក់​ទៀត​ដែល​ធ្លាក់​ការ​សម្ភាស បាន​ស្ម័គ្រ​ចិត្ត​ត្រឡប់​ទៅ​វៀតណាម ដោយ​មាន​ការ​គាំពារ​ពី​អង្គការ​សហប្រជាជាតិ។

ទោះ​ជា​យ៉ាង​ណា អ្នកស្រី​បញ្ជាក់​យ៉ាង​ខ្លី​ថា អ្នក​ទាំង ១៣​នាក់​នោះ​នៅ​មិន​ទាន់​ត្រូវ​បញ្ជូន​ទៅ​វិញ​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា នេះ ហើយ​អ្នកស្រី​ក៏​មិន​បាន​ឲ្យ​ដឹង​ពី​ពេលវេលា​ជាក់លាក់​ដែល​នឹង​បញ្ជូន​អ្នក​ទាំងនោះ​នៅ​ឡើយ​ដែរ។

អ្នកស្រី​ឲ្យ​ដឹង​ដែរ​ថា មន្ត្រី​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន នឹង​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​រស់នៅ​របស់​ក្រុម​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា ដែល​បាន​វិល​ត្រឡប់​ទៅ​វៀតណាម វិញ​រួច​ហើយ ដែល​ជា​ការ​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​វៀតណាម។

អ្នកស្រី វីវៀន តាន់ បន្ត​ថា សុវត្ថិភាព​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា ដែល​បញ្ជូន​ត្រឡប់​ទៅ​វិញ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​ការពារ​របស់​រដ្ឋាភិបាល​ពួក​គេ ដែល​បាន​ធានា​ថា ពួក​គេ​មិន​រង​ទារុណកម្ម​ដោយសារ​ការ​ចាកចេញ​ពី​ប្រទេស​នោះ​ទេ និង​ផ្ដល់​លទ្ធភាព​ឲ្យ​អង្គការ​សហប្រជាជាតិ​អាច​ទៅ​ពិនិត្យ​ស្ថានភាព​ពួក​គេ​បាន។

បច្ចុប្បន្ន​មាន​ជនជាតិ​ម៉ុងតាញ៉ា ៥២​នាក់ បាន​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោម​ការ​គ្រប់គ្រង​របស់​អង្គការ​សហប្រជាជាតិ។ ក្នុង​ចំណោម ៥២​នាក់​នេះ​មាន ៣​នាក់​ត្រូវ​បាន​ផ្ដល់​ឋានៈ​ជា​ជន​ភៀស​ខ្លួន​រួច​ហើយ ខណៈ​ដែល ៤៩​នាក់​បាន​ធ្លាក់​សម្ភាស​កាល​ពី​ខែ​មិថុនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។