ជនជាតិ​ម៉ុងតាញ៉ា​១៣​នាក់​ត្រូវ​បាន​ដឹក​ទៅ​ដល់​ស្រុក​កំណើត​នៅ​វៀតណាម​វិញ

ដោយ យាង សុជាមេត្តា
2017-08-10
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ស្នាក់នៅ​ក្រោម​ការ​ឧបត្ថម្ភ​របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) នៅ​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Yeang Socheametta
ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ស្នាក់នៅ​ក្រោម​ការ​ឧបត្ថម្ភ​របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) នៅ​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Yeang Socheametta
RFA/Yeang Socheametta

ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា-វៀតណាម ចំនួន ១៣​នាក់ ត្រូវ​បាន​កម្ពុជា បញ្ជូន​ទៅ​ដល់​ស្រុក​កំណើត​នៅ​វៀតណាម វិញ​ហើយ ក្រោម​ការ​សម្របសម្រួល​របស់​អង្គការ​សហប្រជាជាតិ។ ការ​បញ្ជូន​នេះ ក្រោយ​ពី​ពួក​គេ​មិន​ទទួល​បាន​ឋានៈ​ជា​ជន​ភៀស​ខ្លួន​នៅ​កម្ពុជា។

នៅ​ទីបំផុត ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា-វៀតណាម ១៣​នាក់​ក្នុង​ចំណោម ៤៩​នាក់​ដែល​ប្ដឹង​ឧទ្ធរណ៍​ជំទាស់​ទៅ​នឹង​ការ​សម្រេច​របស់​អាជ្ញាធរ​ខ្មែរ ដែល​ឲ្យ​ពួក​គេ​ធ្លាក់​នៅ​ក្នុង​ជុំ​ទី​១ ពេល​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​វៀតណាម ហើយ។

មន្ត្រី​ផ្នែក​ព័ត៌មាន​សាធារណៈ​ប្រចាំ​តំបន់​របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន អ្នកស្រី វីវៀន តាន់ (Vivian Tan) ឲ្យ​អាស៊ីសេរី​ដឹង​តាម​សារ​អេឡិចត្រូនិក (Email) ថា ជនជាតិ​ម៉ុងតាញ៉ា ទាំង ១៣​នាក់​នេះ បាន​ឆ្លង​ដែន​ចូល​ទៅ​កាន់​ប្រទេស​វៀតណាម រួច​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ សីហា។ ពួក​គេ​ត្រូវ​បាន​ដឹក​ចេញ​ពី​ព្រំដែន​ដោយ​មន្ត្រី​អន្តោប្រវេសន៍ និង​អាជ្ញាធរ​វៀតណាម មក​ពី​ខេត្ត​ដែល​ពួក​គេ​រស់នៅ។

អ្នកស្រី វីវៀន តាន់ បញ្ជាក់​ថា ពួក​គេ ១៣​នាក់​នេះ​បាន​ធ្លាក់​មិន​ទទួល​បាន​ឋានៈ​ជា​ជន​ភៀស​ខ្លួន​ឡើយ ហើយ​ពួក​គេ​យល់ព្រម​ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម វិញ​ដោយ​ស្ម័គ្រ​ចិត្ត ក្រោម​ការ​សម្របសម្រួល និង​គាំទ្រ​របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន។

យ៉ាង​ណា​ក៏ដោយ​ចុះ មាន​សេចក្តី​រាយការណ៍​ថា ក្នុង​ចំណោម​ជនជាតិ​ម៉ុងតាញ៉ា ១៣​នាក់ ក៏​មាន​អ្នក​ខ្លះ​មិន​ចង់​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម វិញ​ឡើយ ព្រោះ​តែ​ខ្លាច​ការ​ធ្វើ​បាប​ពី​អាជ្ញាធរ​វៀតណាម នៅ​ពេល​ទៅ​ដល់​វៀតណាម វិញ។ ប៉ុន្តែ​ពួក​គេ​ថា​ដោយសារ​តែ​គ្មាន​ជម្រើស ទើប​សម្រេច​ចិត្ត​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ។

ចំពោះ​បញ្ហា​នេះ អ្នកស្រី វីវៀន តាន់ ឆ្លើយតប​ថា អង្គការ​សហប្រជាជាតិ​សម្រួល​ការ​ត្រឡប់​ទៅ​វិញ​ចំពោះ​តែ​ជនជាតិ​ម៉ុងតាញ៉ា​ដែល​ស្ម័គ្រ​ចិត្ត​ត្រឡប់​ទៅ​វិញ​ប៉ុណ្ណោះ។ អ្នកស្រី​បន្ត​ថា មុន​ពេល​សម្រេច​ចិត្ត​ទៅ​វិញ មន្ត្រី​អង្គការ​សហប្រជាជាតិ បាន​ពន្យល់​នូវ​ជម្រើស​ដែល​ពួក​គេ​ចង់​បាន មាន​ន័យ​ថា ពួក​គេ​អាច​ជ្រើស​ការ​ត្រឡប់​ទៅ​វិញ​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​របស់​អង្គការ​សហប្រជាជាតិ រួម​មាន​ការ​ដឹក​បញ្ជូន​ទៅ​ព្រំដែន និង​ការ​ផ្តល់​នូវ​ចំណី​អាហារ ជាដើម។

លើស​ពី​នេះ អ្នកស្រី​ថា​ខាង​ភាគី​វៀតណាម ក៏​បាន​ធានា​ជាមួយ​អង្គការ​សហប្រជាជាតិ ដែរ​ថា ជនជាតិ​ម៉ុងតាញ៉ា ដែល​ត្រឡប់​ទៅ​វិញ​នេះ នឹង​មិន​ទទួល​រង​នូវ​ការ​ផ្ដន្ទាទោស​ដោយសារ​តែ​បាន​រត់​ចេញ​ពី​ប្រទេស​ដោយ​ខុស​ច្បាប់​នោះ​ទេ។ ក្នុង​ពេល​ជាមួយ​គ្នា វៀតណាម បាន​ធានា​ថា មន្ត្រី​អង្គការ​សហប្រជាជាតិ នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ដែល​បាន​ត្រឡប់​ទៅ​វិញ​ទាំងអស់​នេះ ដោយ​គ្មាន​ការ​រារាំង​ឡើយ។

មន្ត្រី​អង្គការ​សហប្រជាជាតិ រូប​នេះ​អះអាង​ថា ចំពោះ​ជនជាតិ​ម៉ុងតាញ៉ា មិន​ទទួល​បាន​ឋានៈ​ជា​ជន​ភៀស​ខ្លួន ហើយ​មិន​ព្រម​ត្រឡប់​ទៅ​វិញ​តាម​ការ​សម្របសម្រួល​របស់​អង្គការ​សហប្រជាជាតិ នោះ ពួក​គេ​អាច​ប្រឈម​នឹង​ការ​អនុវត្ត​ច្បាប់​ដោយ​អាជ្ញាធរ​កម្ពុជា។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ព័ត៌មាន​បន្ថែម​បញ្ហា​នេះ​ពី​ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ លោក តាន់ សុវិជ្ជា បាន​ទេ​នៅ​ថ្ងៃ​ទី​១០ សីហា ដោយ​លោក​បញ្ជាក់​ថា​កំពុង​ជាប់​រវល់។ ទោះ​ជា​យ៉ាង​ណា លោក​ធ្លាប់​បញ្ជាក់​ថា ជា​គោលការណ៍ ជនជាតិ​ម៉ុងតាញ៉ា ដែល​មិន​ទទួល​បាន​ឋានៈ​ជា​ជន​ភៀស​ខ្លួន​ក្រោយ​ការ​ប្រកាស​របស់​អាជ្ញាធរ ពួក​គេ​ត្រូវ​ចាកចេញ​ពី​កម្ពុជា ក្នុង​រយៈពេល ១៥​ថ្ងៃ។

ក្រោយ​ការ​ចាកចេញ​របស់​ជនជាតិ​ម៉ុងតាញ៉ា ១៣​នាក់​នៅ​ពេល​នេះ​ទៀត បច្ចុប្បន្ន​គឺ​មាន​ជនជាតិ​ម៉ុងតាញ៉ា ចំនួន ៣៩​នាក់​កំពុង​ឋិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោម​ការ​គ្រប់គ្រង​របស់​អង្គការ​សហប្រជាជាតិ ក្នុង​នោះ ៣​នាក់​ត្រូវ​បាន​ឋានៈ​ជា​ជន​ភៀស​ខ្លួន​រួច​ហើយ ចំណែក ៣៦​នាក់​ផ្សេង​ទៀត​កំពុង​ឋិត​ក្រោម​ការ​ពិនិត្យ​បណ្ដឹង​ឧទ្ធរណ៍។

នៅ​ក្នុង​ដំណាក់កាល​នៃ​បណ្ដឹង​ឧទ្ធរណ៍​ដែល​ជា​ការ​សម្រេច​បិទ​ផ្លូវ​តវ៉ា​នេះ អាជ្ញាធរ​ខ្មែរ​ធ្លាប់​បញ្ជាក់​ថា ប្រសិន​បើ​ជនជាតិ​ម៉ុងតាញ៉ា​ទាំងអស់​នេះ​មិន​មាន​ឯកសារ ឬ​ភស្តុតាង​ដាក់​បន្ថែម​នោះ​ទេ ពួក​គេ​នឹង​មិន​ទទួល​បាន​ឋានៈ​ជា​ជន​ភៀស​ខ្លួន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល