អ្នកទោសស្ត្រី១៥នាក់មានកូនតូចនិងម្នាក់មានផ្ទៃពោះនឹងត្រូវស្នើសុំលើកលែងទោស
2015.02.27
តួលេខដែលផ្ដល់ដោយក្រសួងយុត្តិធម៌ បង្ហាញថា ស្ត្រីដែលកំពុងជាប់ឃុំក្នុងពន្ធនាគារដោយមានកូនតូចរស់នៅជាមួយ និងស្ត្រីកំពុងមានផ្ទៃពោះ សរុបទូទាំងប្រទេសមានចំនួនជាង ៤០នាក់។
ក្នុងចំណោមនោះមានស្ត្រីចំនួន ១៦នាក់មានលក្ខណៈសម្បត្តិរាប់ចូលក្នុងបញ្ជីស្នើសុំលើកលែងទោស ដែលនឹងបញ្ជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសម្រេចស្នើសុំព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ។
ស្ត្រីចំនួន ១៦នាក់ដែលកំពុងជាប់ពន្ធនាគារ នឹងត្រូវរដ្ឋាភិបាលស្នើឲ្យមានការលើកលែងទោសឲ្យទាន់ទិវាអន្តរជាតិនារីថ្ងៃទី៨ ខែមីនា។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព មានប្រសាសន៍ថា ស្ត្រីទាំង ១៦នាក់នោះមាន ១៥នាក់ជាអ្នកដែលមានកូនតូចកំពុងរស់នៅជាមួយ និងម្នាក់ជាស្ត្រីមានផ្ទៃពោះ។ ពួកគេជាទណ្ឌិតដែលមានសាលក្រមស្ថាពរពីតុលាការ។ លោកថា នេះជាជំហានសាកល្បង ហើយក្រុមការងារដែលដឹកនាំដោយក្រសួងយុត្តិធម៌ នឹងពិនិត្យបន្តទៀតចំពោះស្ត្រីជាប់ឃុំ ដោយមិនទាន់មានដីកាស្ថាពរ ប៉ុន្តែកំពុងមានផ្ទៃពោះ ឬមានកូនតូចរស់នៅជាមួយ៖ «សំឡេង»។
លោក គឹម សន្តិភាព បញ្ជាក់ថា ក្រុមការងារដែលពិនិត្យស្ថានភាពស្ត្រីទាំងជាង ៤០នាក់នោះ ពុំបានកំណត់លក្ខខណ្ឌអ្វីច្រើនទេ គឺត្រឹមតែពិនិត្យថា បើពួកគេមានសាលក្រមស្ថាពរពីតុលាការ គឺនឹងត្រូវបញ្ចូលក្នុងបញ្ជីដែលនឹងបញ្ជូនទៅនាយករដ្ឋមន្ត្រី ពោលគឺមិនបានគិតថា ពួកគេមានទោសស្រាល ឬទោសធ្ងន់ឡើយ៖ «សំឡេង»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈកាលពីថ្ងៃទី២៤ កុម្ភៈ ថា នឹងពុំអនុញ្ញាតឲ្យមានវប្បធម៌កូនតូចនៅជាមួយម្ដាយក្នុងពន្ធនាគារ។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត ដែលសាទរចំណាត់ការនេះ ធ្លាប់មានប្រសាសន៍ថា ក្រៅពីការលើកលែងទោស ស្ថាប័នជំនាញគួររៀបចំឲ្យមានវិធានការបន្ទាប់ទៀត ប្រសិនបើចង់បញ្ឈប់វប្បធម៌កូនតូចនៅជាមួយម្ដាយក្នុងពន្ធនាគារ៖ «សំឡេង»។
របាយការណ៍ថ្មីមួយរបស់អង្គការសិទ្ធិមនុស្សលីកាដូ រកឃើញថា កុមារក្នុងពន្ធនាគារកំពុងប្រឈមបញ្ហាសុខភាព និងការលូតលាស់ផ្នែកបញ្ញាស្មារតី។ កុមារអាយុចន្លោះពីមួយខែ ដល់ ៤ឆ្នាំ ដែលកំពុងតាមម្ដាយក្នុងពន្ធនាគារខ្វះការថែទាំ ខ្វះការអប់រំ មានការលូតលាស់ផ្នែករាងកាយយឺតយ៉ាវ និងប្រឈមខ្លាំងបញ្ហាប្រាជ្ញាស្មារតី៕