សាក្សី​អះអាង​ថា​ម៉ុងតាញ៉ា​៣៦​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម

ដោយ រដ្ឋា វិសាល
2015.02.28
ម៉ុងតាញ៉ា ៥​នាក់ ៦២០ ក្រុម​ម៉ុងតាញ៉ា ៥​នាក់ ដែល​លួច​ឆ្លងដែន​ចូល​មក​លាក់​ខ្លួន​ក្នុង​ព្រៃ​ខេត្ត​រតនគិរី រង់ចាំ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ២០១៤។
Adhoc Photo

សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​អះអាង​ថា ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា ចំនួន ៣៦​នាក់ ត្រូវ​ប៉ូលិស​ក្នុង​ខេត្ត​រតនគិរី ចាប់​ខ្លួន​នៅ​តាម​ផ្លូវ​ចេញ​ពី​ខេត្ត​នេះ​ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ។

ជន​ភៀស​ខ្លួន​ទាំង ៣៦​នាក់​នោះ ត្រូវ​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​បញ្ជាក់​ថា បាន​បាត់​ខ្លួន​ខណៈ​ពលរដ្ឋ​ខ្មែរ​ជួយ​ជម្លៀស​ពួក​គេ​ពី​កន្លែង​លាក់​ខ្លួន​ក្នុង​ព្រៃ​ខេត្ត​រតនគិរី បំណង​ទៅ​កាន់​ទីក្រុង​ភ្នំពេញ ដើម្បី​ស្វែងរក​ការ​គាំពារ​ពី​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ។

សាក្សី​បញ្ជាក់​ថា ជន​ភៀស​ខ្លួន​ចំនួន ៣៦​នាក់​រួម​ទាំង​ពលរដ្ឋ​ខ្មែរ​អ្នក​ជូន​ដំណើរ​ម្នាក់​ផង ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ខេត្ត​រតនគិរី ចាប់​ខ្លួន ហើយ​បញ្ជូន​ចេញ​ទៅ​ប្រទេស​វៀតណាម ភ្លាមៗ​តាម​ច្រក​ព្រំដែន​ស្រុក​អូរយ៉ាដាវ។

សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​អះអាង​ថា ជន​ភៀស​ខ្លួន​ចំនួន ៣៦​នាក់ និង​អ្នក​នាំ​ផ្លូវ​ម្នាក់​ជិះ​ក្នុង​រថយន្ត​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ម៉ាក​សាំយ៉ុង ពីរ​គ្រឿង ចេញ​ពី​ស្រុក​លំផាត់ ត្រូវ​ប៉ូលិស​ប្រមាណ ១០​នាក់​ស្ទាក់​ចាប់​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៧៨​អា ចំណុច​ផ្លូវ​ឡើង​ទួល​ភ្នំ​កូនមុំ ក្នុង​ស្រុក​កូនមុំ កាល​ពី​វេលា​ម៉ោង​ប្រមាណ ១​យប់​ឆ្លង​ចូល​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ។ បន្ទាប់​មក ក្រុម​សមត្ថកិច្ច​បាន​ជួល​រថយន្ត​មួយ​គ្រឿង​បន្ថែម មក​ដឹក​ជញ្ជូន​មនុស្ស​ទាំង ៣៧​នាក់​ឆ្លង​ចូល​ទៅ​ទឹក​ដី​ប្រទេស​វៀតណាម។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (adhoc) ខេត្ត​រតនគិរី លោក ឆាយ ធី មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​បាន​អង្កេត​ករណី​នេះ​បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​ថា ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា បាន​បាត់​ខ្លួន​កាល​ពី​រាត្រី​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​២៥ ឆ្លង​ចូល​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ។ លោក​កត់​សម្គាល់​ថា សាក្សី​ក្នុង​ហេតុការណ៍​នេះ​បាន​ទទួល​ស្គាល់​ថា ម៉ុងតាញ៉ា និង​អ្នក​នាំ​ផ្លូវ​ពិត​ជា​ត្រូវ​ចាប់​ខ្លួន៖ «ថ្ងៃ​នេះ​យើង​បាន​ស៊ើប​អង្កេត​បឋម​មួយ យើង​បាន​ព័ត៌មាន​ពី​ប្រភព​សាក្សី​ផង ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​ផង បញ្ជាក់​ថា ក្រុម​ចារ៉ាយ ភៀស​ខ្លួន​វៀតណាម គឺ​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​តាម​ព្រំដែន​ស្រុក​អូរយ៉ាដាវ»

អ្នក​ភូមិ​ខ្មែរ​ដែល​ជួយ​លាក់​បំពួន​ម៉ុងតាញ៉ា នៅ​ស្រុក​អូរយ៉ាដាវ ឲ្យ​ដឹង​ថា អ្នក​ភូមិ​ជនជាតិ​ដើម​ចារ៉ាយ-ខ្មែរ​ឈ្មោះ ក្លាន ហឺន រស់នៅ​ភូមិ​សោមត្រក គឺ​ជា​អ្នក​រៀបចំ​គម្រោង​នាំ​ផ្លូវ​ដឹក​ជញ្ជូន​ម៉ុងតាញ៉ា បី​ក្រុម​មាន​មនុស្ស ៣៦​នាក់ ពី​ស្រុក​អូរយ៉ាដាវ និង​ស្រុក​លំផាត់ កាល​ពី​រាត្រី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ។ ក៏ប៉ុន្តែ ពួក​គេ និង ក្លាន ហឺន មិន​អាច​ទាក់ទង​តាម​ទូរស័ព្ទ​បាន​ទៀត ក្រោយ​ពេល ក្លាន ហឺន បញ្ជាក់​ចុង​ក្រោយ​ថា រថយន្ត​ពួក​គេ​បាន​មក​ដល់​ជិត​ទី​រួម​ស្រុក​លំផាត់។

ទាក់ទិន​ករណី​ចាប់​ខ្លួន​ម៉ុងតាញ៉ា នេះ អធិការ​ប៉ូលិស​ស្រុក​កូនមុំ លោក ភោគ បូរិទ្ធ មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​មិន​បាន​ដឹង​ពី​ករណី​នេះ​ទេ។

ចំណែក​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​រតនគិរី លោក មឹង ស៊ីនាត ថ្លែង​ថា មិន​មាន​ក្រុម​សមត្ថកិច្ច​ណា​មួយ​នៃ​អាជ្ញាធរ​ខេត្ត អះអាង​ពី​ការ​ចាប់​ខ្លួន​ម៉ុងតាញ៉ា និង​អ្នក​នាំ​ផ្លូវ​នោះ​ទេ៖ «ដូច​ចោរ​លួច​សេះ​អ៊ីចឹង សួរ​ទៅ​ខាង​ណា​ក៏​គេ​អត់​ដឹង​ដែរ​ហ្នឹង បើ​មាន​ខ្ញុំ​ជម្រាប​ជូន​ហើយ​ហ្នឹង»

ទាក់ទិន​ការ​បាត់​ខ្លួន​នេះ​ដែរ ប្អូន​បង្កើត​របស់ ក្លាន ហឺន គឺ​លោក ក្លាន ដុំ អាយុ ៣៨​ឆ្នាំ​ទទួល​ស្គាល់​ថា បង​ប្រុស​គាត់​បាន​បាត់​ខ្លួន​មិន​ដឹង​មូលហេតុ។ នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ លោក​បាន​មក​កាន់​ការិយាល័យ​សមាគម​អាដហុក ដើម្បី​ផ្តល់​ព័ត៌មាន​នេះ៖ «បងស្រី​ប្រពន្ធ​គាត់​ថា ខ្ញុំ​ទូរស័ព្ទ​អត់​ចូល​សោះ ឯង​ជួយ​រក​បង​ឯង​មើល។ តាំង​ពី​មុនៗ គាត់​ចេញ​ទៅ​ណា​គាត់​ទូរស័ព្ទ​ចូល​ថា​នៅ​កន្លែង​នេះៗ គាត់​អត់​បារម្ភ»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ប្រធាន​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្រុក​អូរយ៉ាដាវ លោក ឡុង រុក្ខា មាន​ប្រសាសន៍​បញ្ជាក់​ថា មិន​មាន​ជន​អន្តោប្រវេសន៍ ឬ​ជន​ភៀស​ខ្លួន​ណា​ម្នាក់​ត្រូវ​បញ្ជូន​ចេញ​តាម​ច្រក​ទ្វារ​ព្រំដែន​នេះ​ទេ ចាប់​ពី​ដើម​សប្ដាហ៍​រហូត​ដល់​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ។ លោក​ថា មិន​អាច​ធ្វើ​ទៅ​រួច​ឡើយ ប្រសិន​ការ​បញ្ជូន​ជន​បរទេស​ណា​មួយ​ឆ្លង​ដែន​ដោយ​មិន​មាន​លិខិត​ស្នាម​បញ្ជាក់​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។