ម៉ុងតាញ៉ា៣៦នាក់បាត់ខ្លួនបន្ទាប់ពីអ្នកភូមិខ្មែរជួយជម្លៀសចេញពីព្រៃខេត្តរតនគិរី
2015.02.27
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សខេត្តរតនគិរី អំពាវនាវសុំឲ្យអាជ្ញាធរស៊ើបអង្កេតករណីបាត់ខ្លួនម៉ុងតាញ៉ា ៣៦នាក់ បន្ទាប់ពីពួកគេត្រូវបានអ្នកភូមិជួយទំនុកបម្រុងជម្លៀសចេញពីកន្លែងលាក់ខ្លួន ហើយធ្វើដំណើរតាមរថយន្តបំណងស្វែងរកកិច្ចសង្គ្រោះពីអង្គការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងភ្នំពេញ។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីជនភៀសខ្លួន ៣៦នាក់បាត់ដំណឹង ខណៈពួកគេបានចាកចេញពីកន្លែងលាក់ខ្លួនតែប៉ុន្មានម៉ោង តាមរថយន្តប្រភេទសាំយ៉ុងមួយគ្រឿង ដឹកជញ្ជូនពួកគេចូលមកដល់តំបន់មួយជិតទីរួមស្រុកលំផាត់។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (adhoc) លោក ឆាយ ធី នៅថ្ងៃទី២៨ ខែកុម្ភៈ រៀបរាប់ថា ការស៊ើបអង្កេតបឋមរបស់លោករកឃើញថា អ្នកភូមិខ្មែរដែលជួយលាក់បំពួនម៉ុងតាញ៉ា-វៀតណាម ក្នុងព្រៃ បានរៀបចំគម្រោងជម្លៀសពួកគេ ៣ក្រុម មានគ្នា ៣៦នាក់ពីស្រុកអូរយ៉ាដាវ និងស្រុកលំផាត់ កាលពីរាត្រីថ្ងៃទី២៥ ខែកុម្ភៈ ក៏ប៉ុន្តែខណៈពួកគេធ្វើដំណើរតាមផ្លូវលំមួយពីឃុំសេដា មកដល់ឃុំកាឡែង ទំនាក់ទំនងតាមទូរស័ព្ទរវាងអ្នកភូមិខ្មែរដែលនាំផ្លូវ មិនអាចទាក់ទងបានរហូតមកទល់នឹងថ្ងៃទី២៨ ខែកុម្ភៈ នេះ។ លោកអះអាងដែរថា មិនមានប្រភពព័ត៌មានណាបញ្ជាក់ថា ពួកគេបានទៅដល់ទីក្រុងភ្នំពេញ ឬយ៉ាងណានោះទេ។
អ្នកភូមិខ្មែរម្នាក់ដែលចូលរួមលាក់បំពួនម៉ុងតាញ៉ា ទទួលស្គាល់ថា នៅរាត្រីថ្ងៃទី២៥ នោះ ពួកគេបានជួលរថយន្តដឹកអ្នកដំណើរមួយគ្រឿងមានចំណុះ ១៥កៅអី មកដឹកជញ្ជូនម៉ុងតាញ៉ា មួយក្រុមមានគ្នា ១៨នាក់ នៅចំណុចឃុំយ៉ាទុង បន្ទាប់មករថយន្តបានមកទទួលយកម៉ុងតាញ៉ា មួយក្រុមទៀតមានមនុស្ស ៨នាក់ នៅចំណុចឃុំសឺង និងបន្តមកទទួលយកជនភៀសខ្លួនមួយក្រុមចុងក្រោយនៅចំណុចឃុំសេដា ទើបបន្តដំណើរឆ្ពោះមកទីរួមស្រុកលំផាត់ បំណងមកភ្នំពេញ។
សាក្សីមួយរូបសុំមិនបញ្ចេញឈ្មោះឲ្យដឹងថា ម៉ុងតាញ៉ាទាំង ៣៦នាក់ ធ្វើដំណើរជាមួយអ្នកនាំផ្លូវម្នាក់ និងអ្នកបើកបររថយន្តម្នាក់ ក៏ប៉ុន្តែដំណឹងពួកគេបានដាច់ទំនាក់ទំនង បន្ទាប់ពីទូរស័ព្ទចុងក្រោយបញ្ជាក់ថា ពួកគេមកដល់ចំណុចឃុំកាឡែង ចម្ងាយប្រមាណ ៥គីឡូម៉ែត្រពីទីរួមស្រុកលំផាត់។ សាក្សីបន្តទៀតថា ពួកគេបានព្យាយាមទូរស័ព្ទទៅអ្នកភូមិរួមដំណើរជាមួយម៉ុងតាញ៉ា ជាបន្តបន្ទាប់ ប៉ុន្តែទូរស័ព្ទអ្នកនាំផ្លូវនោះមិនអាចទាក់ទងបាន។
ទាក់ទងការបាត់ខ្លួនក្រុមម៉ុងតាញ៉ា ៣៦នាក់នេះ អ្នកនាំពាក្យសាលាខេត្តរតនគិរី សម្ដែងការភ្ញាក់ផ្អើល និងចាត់ទុកថាមិនមែនជារឿងធម្មតា។ លោកបដិសេធថា អាជ្ញាធរមិនបានចាប់ខ្លួនពួកគេទេ។
ចាប់ពីចុងឆ្នាំ២០១៤ រហូតបច្ចុប្បន្ន មានម៉ុងតាញ៉ា ១៣នាក់ ត្រូវបានក្រុមសិទ្ធិមនុស្សអង្គការសហប្រជាជាតិ សង្គ្រោះពីក្នុងព្រៃខេត្តរតនគិរី នាំទៅទីក្រុងភ្នំពេញ។ ចំណែកពីរក្រុមទៀតមានគ្នា ៧នាក់ បានភៀសខ្លួនទៅដល់ការិយាល័យអង្គការសិទ្ធិមនុស្សឯទីក្រុងភ្នំពេញ និងមានម៉ុងតាញ៉ា សរុប ៩នាក់ ត្រូវបានអាជ្ញាធរខេត្តរតនគិរី ចាប់បញ្ជូនទៅប្រទេសវៀតណាម វិញ។ ដោយឡែកម៉ុងតាញ៉ា បាត់ខ្លួន ៣៦នាក់ រួមទាំងម៉ុងតាញ៉ា នៅសល់ ១៣នាក់ កំពុងលាក់ខ្លួនក្នុងព្រៃខេត្តរតនគិរី៕