ពលករ​ខ្មែរ​រួច​ជីវិត​ពី​ការ​ប៉ង​សម្លាប់​លើ​ទូក​នេសាទ​ថៃ​បាន​ទៅ​ដល់​ភូមិ​កំណើត​វិញ

ដោយ ឡេង ម៉ាលី
2017.05.15
កម្មករ​លោត​ចូល​សមុទ្រ ១៤៤០ កម្មករ​ទូក​នេសាទ​ដែល​លោត​ចូល​សមុទ្រ​គេច​ពី​ការ​សម្លាប់។
Photo: RFA

ពលករ​ខ្មែរ​ដែល​បាន​រួច​ជីវិត​ពី​ការ​ប៉ង​សម្លាប់​នៅ​លើ​ទូក​នេសាទ​ថៃ ហើយ​ហែល​តែលតោល​ក្នុង​លំហ​សមុទ្រ លោក វឿន វ៉ុន ទីបំផុត​លោក​បាន​ទៅ​ដល់​ភូមិ​កំណើត​វិញ​ហើយ នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ឧសភា នេះ។

លោក វឿន វ៉ុន ថ្លែង​ថា លោក​រំភើប​ណាស់​ពេល​លោក​មាន​ជីវិត​បាន​មក​ដល់​ផ្ទះ​វិញ នៅ​ឯ​ភូមិ​ខ្វាវ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជួប​បង​ប្អូន​សាច់ញាតិ និង​អ្នក​ភូមិ៖ «បាន​ជាន់​ដី​ខ្មែរ​ដូច​កើត​ម្ដង​ទៀត»

លោក វឿន វ៉ុន ដែល​ជា​កសិករ​វ័យ ៣៦​ឆ្នាំ ឲ្យ​ដឹង​ថា លោក​ចាកចេញ​ពី​ភូមិ​កំណើត​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៦ ទៅ​ធ្វើ​ការ​នៅ​លើ​ទូក​នេសាទ​នៅ​តំបន់​ប៉ាកណាម ខេត្ត​សាមុតប្រាកាន ប្រទេស​ថៃ តាម​រយៈ​មេ​ខ្យល់​ម្នាក់​ឈ្មោះ គក់។ លោក​ត្រូវ​អ្នក​នៅ​លើ​ទូក​នេសាទ​ដូច​គ្នា​ប៉ង​សម្លាប់ ដោយសារ​តែ​មេ​ខ្យល់​ចង់​បំបិទ​មាត់​លោក​ក្នុង​ជម្លោះ​រឿង​បាត់​លុយ ដែល​លោក​ផ្ញើ​មក​ម្ដាយ​នៅ​ឯ​ផ្ទះ។ លោក​សម្រេច​លោត​ចូល​ទឹក​សមុទ្រ​ដែល​មាន​ចម្ងាយ​ប្រមាណ ១៣៧​គីឡូម៉ែត្រ​ពី​ឆ្នេរ ដោយ​ឱប​ធុង​ស្ពេត្រូ​ជាប់​ខ្លួន ហើយ​ត្រូវ​បាន​ទាហាន​ជើង​ទឹក​ប្រ៊ុយណេ ជួយ​ស្រង់​ឲ្យ​រួច​ជីវិត​ពី​ក្នុង​លំហ​សមុទ្រ​នោះ។

លោក វឿន វ៉ុន បាន​មក​ដល់​កម្ពុជា វិញ​នៅ​រសៀល​ថ្ងៃ​ទី​១៤ ឧសភា បន្ទាប់​ពី​មន្ត្រី​ទូត​កម្ពុជា សហការ​ជាមួយ​សេនានុព័ន្ធ​យោធា​ប្រ៊ុយណេ និង​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​សិង្ហបុរី ជួយ​បញ្ជូន​លោក​តាម​យន្តហោះ​មក​កម្ពុជា។

ទន្ទឹម​គ្នា​នឹង​ក្ដី​រំភើប​ពេល​បាន​មក​ផ្ទះ លោក វឿន វ៉ុន លោក​ហាក់​នៅ​វិលវល់​ក្នុង​ចិត្ត​នៅ​ឡើយ។ លោក​ថ្លែង​ថា លោក​នៅ​មិន​ទាន់​គិត​ឃើញ​ទេ​ថា លោក​នឹង​ធ្វើ​អ្វី​នៅ​ថ្ងៃ​ទៅ​មុខ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។