សមាគម​មួយ​នៅ​ប៉ោយប៉ែត​គ្រោង​ដាក់​លិខិត​ស្នើ​អន្តរាគមន៍​រឿង​ប៉ូលិស​អុកឡុក​ការ​ជួបជុំ

ដោយ ហ៊ុំ ចំរើន
2016.10.20
សមាគម អាយឌា ៨៥៥ ប៉ូលិស​ចុះ​សាកសួរ​មន្ត្រី​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ខណៈ​ជួបជុំ​គ្នា​ជ្រើសរើស​ប្រធាន​ថ្មី​នៅ​ភូមិ​ផ្សារកណ្ដាល សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១៨ តុលា ឆ្នាំ​២០១៦។
Photo provided

មន្ត្រី​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ហៅ​កាត់​ថា​ អាយឌា (IDEA) នៅ​ក្រុង​ប៉ោយប៉ែត ​ខេត្ត​បន្ទាយមានជ័យ​ នឹង​ដាក់​សំណើ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ក្នុង​ខេត្ត​នេះ​ ដើម្បី​ឲ្យ​ជួយ​សម្រួល​កុំ​ឲ្យ​សមត្ថកិច្ច​រារាំង​រំខាន​​រាល់​ការងារ​ជួប​គ្នា​របស់​សមាគម​​បន្ត​ទៀត។ ប៉ូលិស​ក្រុង​ប៉ោយប៉ែត បង្ក​ការ​​រំខាន​អុកឡុក​ដល់​​សមាគម​នេះ​ ក្នុង​ការ​ប្រជុំ​ជ្រើសរើស​​ប្រធាន​ថ្មី​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា។

​​​​​​​​​​​មន្ត្រី​សមាគម​អាយឌា ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ ហៅ​ការ​រំខាន​ពី​សំណាក់​​សមត្ថកិច្ច​​​នេះ​ ថា​ជា​ការ​រារាំង​បិទ​សិទ្ធ​សេរីភាព​ក្នុង​ការ​ជួប​ជុំ​គ្នា​របស់​អង្គការ​សង្គម​ស៊ីវិល។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ លោក កង ណាកន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ថា មន្ត្រី​ប៉ូលិស មេ​ភូមិ និង​ប្រជា​ការពារ​ភូមិ​នៅ​ក្រុង​ប៉ោយប៉ែត ប្រមាណ ​១៥​នាក់ អុកឡុក​រំខាន​​​សមាគម​អាយឌា មិន​ឲ្យ​រៀបចំ​ពិធី​ជួប​ជុំ​គ្នា​ដែល​មាន​មនុស្ស​ចូល​រួម​ប្រមាណ ១០០​នាក់​ នៅ​ភូមិ​ផ្សារ​កណ្ដាល សង្កាត់​ផ្សារ​កណ្ដាល ដើម្បី​​ជ្រើសរើស​ប្រធាន​ថ្មី កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា នោះ​ទេ។

លោក​អះអាង​​​ថា សមាគម​អាយឌា កំពុង​​រៀបចំ​លិខិត​អន្តរាគមន៍​ដើម្បី​ដាក់​​​ទៅ​សាលា​​ក្រុង​ប៉ោយប៉ែត​ និង​សាលា​​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ឲ្យ​ជួយ​សម្រួល​កុំ​ឲ្យ​សមត្ថកិច្ច​បង្ក​ការ​រំខាន​ដល់​ការងារ​របស់​ខ្លួន​​នៅ​ថ្ងៃ​ក្រោយ​ទៀត៖ «យើង ៣​ឆ្នាំ បោះឆ្នោត​ម្ដងៗ ហើយ​ជា​អាណត្តិ​លើក​ទី​៤​ហើយ​ ដែល​បាន​បោះឆ្នោត មិន​ដែល​មាន​ការ​អុកឡុក​ទេ ទើប​លើក​នេះ​​​ដែល​សមត្ថកិច្ច​រំខាន។ ខ្ញុំ​ចង់​បាន​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ឲ្យ​គាត់​គោរព​សិទ្ធិ សេរីភាព​ប្រជាពលរដ្ឋ​ក្នុង​បញ្ចេញ​មតិ​​ និង​ការ​ជួប​ជុំ​ឲ្យ​បាន​ទូលំទូលាយ​ជាង​នេះ»

លោក​បន្ថែម​ថា​ សមាគម​អាយឌា មាន​គម្រោង​រៀបចំ​ការ​ប្រជុំ​ជ្រើសរើស​ប្រធាន​ថ្មី​នៅ​ភោជនដ្ឋាន​មួយ​កន្លែង​ក្នុង​ក្រុង​ប៉ោយប៉ែត ក៏​ប៉ុន្តែ​មិន​អាច​ដំណើរ​ការ​ទៅ​បាន​ ដោយសារ​សមត្ថកិច្ច​រារាំង ហើយ​ក៏​ប្ដូរ​ទីតាំង​ទៅ​រៀបចំ​នៅ​ផ្ទះ​របស់​មន្ត្រី​សមាគម​នៅ​សង្កាត់​ផ្សារកណ្ដាល វិញ។

​​​​​​ឆ្លើយ​តប​នឹង​បញ្ហា​នេះ អធិការ​រង​នគរបាល​ក្រុង​ប៉ោយប៉ែត លោក ព្រំ ពិសិដ្ឋ មាន​ប្រសាសន៍​ថា សមត្ថកិច្ច​ពុំ​មាន​ចេតនា​ទៅ​រារាំង​សមាគម​នេះ មិន​ឲ្យ​​ជួបជុំ​គ្នា​​ជ្រើសរើស​ប្រធាន​ថ្មី​នោះ​ទេ ប្រសិន​បើ​ពួកគាត់​មាន​ច្បាប់​អនុញ្ញាត​ពី​សមត្ថកិច្ច​នោះ៖ «យើង​ក៏​មិន​មាន​ការ​អុកឡុក​អី​ដែរ គឺ​គ្រាន់​តែ​សំណូមពរ​ឲ្យ​លើក​ទៅ​ធ្វើ​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា វិញ​ទៅ។ ធម្មតា​អាជ្ញាធរ​តែង​តែ​សួរ​នាំ​​អ៊ីចឹង​ហើយ​ដើម្បី​ចង់​ដឹង​ថា មាន​ឆ្លង​រដ្ឋបាល​ក្រុង​អី​ទេ?»

​​​​​​ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ​ លោក ស៊ុំ ច័ន្ទគា អះអាង​ថា ករណី​នេះ​សមាគម​អាយឌា មិន​ចាំបាច់​ទៅ​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ក្រុង​នោះ​ទេ។ លោក​ពន្យល់​ថា​ មូលហេតុ​ដែល​មិន​ចាំបាច់​សុំ​ច្បាប់ ពីព្រោះ​​​ការ​ប្រជុំ​ជ្រើសរើស​ប្រធាន​ថ្មី​របស់​សមាគម​នេះ​​គឺ​មិន​ខុស​ច្បាប់​ឡើយ៖ «ព្រោះ​សមាគម​អាយឌា បាន​ចុះ​បញ្ជី​ស្រប​ច្បាប់ ដែល​ទទួល​ស្គាល់​ពី​ក្រសួង​មហាផ្ទៃ ហើយ​ម្យ៉ាង​ការ​ធ្វើ​នេះ​ ក៏​មិន​ប៉ះពាល់​ដល់​សន្តិសុខ​ប្រទេស​ជាតិ​ដែរ»

ច្បាប់​រដ្ឋធម្មនុញ្ញ មាត្រា​ទី​៣៥ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង ២​ភេទ មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គម​កិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។ សេចក្ដី​ស្នើ​ទាំង​ឡាយ​ណា​របស់​ប្រជាពលរដ្ឋ​ត្រូវ​ទទួល​ការ​ពិនិត្យ​ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។