អ្នក​ឃ្លាំ​មើល៖ គម្រោង​បញ្ជូន​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី​មក​កម្ពុជា​​ពុំ​មាន​សុវត្ថិភាព

ដោយ សុជីវី
2014.04.08
រដ្ឋមន្ត្រី​អូស្ត្រាលី ៦១០ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishob) ក្នុង​ពេល​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង នា​រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
RFA/Van Vichar

ក្រុម​ឃ្លាំ​មើល​ការ​គោរព​សិទ្ធិ​មនុស្ស ចាត់​ទុក​គម្រោង​ការ​នៃ​ការ​បញ្ជូន​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្ត្រាលី មក​កម្ពុជា គឺ​រុញ​ច្រាន​ពួក​គេ​អោយ​មក​រក​កន្លែង​ពុំ​មាន​សុវត្ថិភាព។ ការ​លើក​ឡើង​នេះ គឺ​ស្រប​ពេល​ដែល​សារព័ត៌មាន​បរទេស​ជាច្រើន​បាន​ស្រង់​សម្ដី​របស់​ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍​អូស្ត្រាលី ទៅ​ផ្សព្វផ្សាយ​ថា ពិត​មែន​ថា​កម្ពុជា ពុំ​មែន​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ឈាន​មុខ​ជា​ប្រទេស​អភិវឌ្ឍន៍ ប៉ុន្តែ​ជា​ទី​កន្លែង​មាន​សុវត្ថិភាព។

អ្នក​ឃ្លាំ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស និង​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ ញូសោតវែល (NSW) លោក ខាល ថាយយ័រ (Carl Thayer) ត្រូវ​សារព័ត៌មាន​ក្នុង​ប្រទេស​អូស្ត្រាលី ស្រង់​សម្ដី​មក​ចុះ​ផ្សាយ​ថា លោក​រន្ធត់​ក្នុង​ចិត្ត​នៅ​ពេល​រដ្ឋាភិបាល​អូស្ត្រាលី ប្រាថ្នា​ជ្រើស​រើស​កម្ពុជា ជា​កន្លែង​បញ្ជូន​ជន​ភៀស​ខ្លួន។ លោក​ថា បញ្ជូន​ពួក​គេ​ទៅ គឺ​ប្រៀប​បាន​នឹង​ដាក់​ពួក​គេ​ទៅ​ក្នុង​គ្រោះថ្នាក់ ដោយ​សំអាង​ថា កម្ពុជា ពុំ​មាន​ស្ថិរភាព​នយោបាយ។

រដ្ឋមន្ត្រី​អន្តោប្រវេសន៍​ប្រទេស​អូស្ត្រាលី លោក ស្កុត ម៉ូរីសសុន (Scott Morrison) បាន​ជួប​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា លោក ស ខេង កាល​ពី​សប្ដាហ៍​មុន ប៉ុន្តែ​លទ្ធផល​យ៉ាង​ណា​ពុំ​ត្រូវ​បង្ហាញ​ជា​សាធារណៈ​ឡើយ។ លោក ម៉ូរីសសុន បាន​ប្រាប់​អ្នក​សារព័ត៌មាន បន្ទាប់​ពី​បាន​ត្រឡប់​ទៅ​ដល់​ប្រទេស​អូស្ត្រាលី វិញ​នោះ​ថា ទីកន្លែង​រដ្ឋាភិបាល​គ្រោង​បញ្ជូន​ជន​ភៀស​ខ្លួន​ជា​កន្លែង​ពិត​មែន​ថា​ពុំ​ជា​ប្រទេស​អភិវឌ្ឍន៍ ប៉ុន្តែ​មាន​សុវត្ថិភាព។

បើ​ទោះ​ជា​យ៉ាង​ណា មក​ដល់​ពេល​នេះ​រដ្ឋាភិបាល​កម្ពុជា នៅ​មិន​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​សំណើ​បញ្ជូន​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី ដែល​បាន​ស្នើ​ឡើង​តាម​រយៈ​រដ្ឋមន្ត្រី​ការ​បរទេស អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishob) កាល​ពី​ខែ​កុម្ភៈ។

ករណី​នេះ អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក៏​មាន​ការ​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​មួយ​ចំនួន ដែល​អាច​កើត​ឡើង​ចំពោះ​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ទាំង​នោះ ប្រសិន​បើ​ពួក​គេ​ពិត​ជា​ត្រូវ​បញ្ជូន​មក​កម្ពុជា មែន​នោះ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា កម្ពុជា អាច​ចំណេញ​លើ​ផ្នែក​សេដ្ឋកិច្ច ជា​ថ្នូរ​នឹង​ទទួល​អ្នក​ភៀស​ខ្លួន។ ប៉ុន្តែ បញ្ហា​ដែល​អាច​នឹង​ចោទ​ឡើង គឺ​សិទ្ធិ​របស់​អ្នក​ភៀសខ្លួន៖ «ប៉ិន​រឿង​ចំណេញ​ហ្នឹង​មិន​ប្រាកដ​ថា​យើង​ត្រូវ​ទទួល​យក យើង​ត្រូវ​តែ​សប្បាយ​ចិត្ត​ទេ ប្រសិន​បើ​ការ​ចំណេញ​ហ្នឹង​ថា​ឈាន​ទៅ​មាន​ការ​រំលោភ​សិទ្ធិ​ជន​ភៀស​ខ្លួន។ គេ​រិះគន់​ត្រង់​ហ្នឹង យើង​ឆ្ងល់​ថា ហេតុ​អី​អូស្ត្រាលី មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ជន​ភៀស​ខ្លួន​តាម​ច្បាប់​អន្តរជាតិ។ ប្រសិន​បើ​អូស្ត្រាលី​បញ្ជូន​មក​កម្ពុជា អូស្ត្រាលី ត្រូវ​តែ​ធានា​ថា កម្ពុជា មិន​បញ្ជូន​ពួក​គាត់​បន្ត​អោយ​ជួប​គ្រោះថ្នាក់​ឡើយ ហ្នឹង​បាន​ទៅ​រួច»

សារព័ត៌មាន ឌឹ ហ្ការឌាន (The guardian) បាន​ចុះ​ផ្សាយ​ថា កម្ពុជា ទំនង​នឹង​អាច​ទទួល​យក​អ្នក​ភៀស​ខ្លួន​ដល់ ១០០​នាក់ ជា​ថ្នូរ​នឹង​ប្រាក់ ៤០​លាន​ដុល្លារ។

ករណី​នេះ អ្នក​វិភាគ​សង្គម លោក ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា កម្ពុជា ពិត​ជា​ធ្លាប់​មាន​បទ​ពិសោធន៍​ក្នុង​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ដែល​ស្វែង​រក​សិទ្ធិ​ជ្រក​កោន គេច​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស។ ម្យ៉ាង​ទៀត បើ​កម្ពុជា ព្រម​ទទួល​យក​អ្នក​ភៀស​ខ្លួន​ដែល​ពុំ​មាន​បំណង​មក​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​កម្ពុជា ផង​នោះ គឺ​ប្រៀប​បាន​នឹង​កម្ពុជា ហាក់​ពុំ​គិតគូរ​ពី​កិត្តិសព្ទ​ខ្លួន​ឯង៖ «គឺ​យើង​គួរ ហើយ​ត្រូវ​តែ​ទទួល​ជន​ភៀស​ខ្លួន​ដែល​តម្រង់​មក​ប្រទេស​យើង​តែ​ម្ដង​គោលដៅ។ ឬ​មួយ​ក៏​ប្រើ​ភាសា​អសុរោះ​ទៅ គឺ​យើង​គឺ​ដូច​ជា​ប្រទេស​ទី​២ ឬ​កាន់​តែ​អាក្រក់​ទៅ​ជា​ប្រទេស​ជជុះ»

វិទ្យុ​អាស៊ីសេរី ព្យាយាម​ទាក់ទង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ដើម្បី​សុំ​ការ​អធិប្បាយ​លើ​បញ្ហា​នេះ តែ​មិន​បាន​លទ្ធផល​ទេ​នៅ​ថ្ងៃ​ទី​៨ ខែ​មេសា។

កាល​ពី​ឆ្នាំ​២០០៩ កម្ពុជា ធ្លាប់​បញ្ជូន​ជនជាតិ​អ៊ុយហ្គរ៍ (Uyghur) ២០​នាក់ ទៅ​អោយ​ប្រទេស​ចិន វិញ ដោយ​ពុំ​បាន​គិត​ពី​សុវត្ថិភាព​របស់​ពួក​គេ​នៅ​ពេល​ត្រឡប់​ទៅ​វិញ​នោះ​ឡើយ។ ពួក​គេ​ទាំង​នោះ​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន ដើម្បី​គេច​ផុត​ពី​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ចិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។