លីកាដូ៖ អ្នក​ការពារ​សិទ្ធិ​មនុស្ស​និង​បុគ្គល​មួយ​ចំនួន​ក្លាយ​ជា​ជន​រងគ្រោះ​នយោបាយ

ដោយ វ៉ាន វណ្ណដេត
2017.07.03
ដោះ​លែង មន្ត្រី​អាដហុក ៤​រូប ១៤៤០ ២០១៧ ពី​ឆ្វេង៖ មន្ត្រី​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា លោក នី សុខា និង​អ្នកស្រី លឹម មុន្នី ត្រូវ​បាន​ព្រះសង្ឃ​ប្រោះព្រំ​តាម​បែប​សាសនា​បន្ទាប់​ពី​ចេញ​ពី​ពន្ធនាគារ​ព្រៃស កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Tin Zakariya
RFA/Tin Zakariya

អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា លីកាដូ (LICADHO) បាន​ចេញ​របាយការណ៍​សង្ខេប​ស្ដីពី​ការ​រំលោភ​បំពាន​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​រយៈពេល ២​ឆ្នាំ​នៅ​ខែ​កក្កដា ដោយ​បាន​រក​ឃើញ​ថា អ្នក​ការពារ​សិទ្ធិ​មនុស្ស បុគ្គល​ឯករាជ្យ និង​មនុស្ស​ល្បីៗ​នៅ​ក្នុង​សង្គម បាន​ក្លាយ​ទៅ​ជា​ជន​រងគ្រោះ ខណៈ​ដែល​ស្ថានការណ៍​នយោបាយ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា មាន​ភាព​ផុយ​ស្រួយ។ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ទាត់​ចោល​របាយការណ៍​នេះ និង​បាន​ហៅ​របាយការណ៍​នេះ​ជា​ការ​សរសេរ​ដើម្បី​សុំ​លុយ​ជំនួយ​ពី​បរទេស។

របាយការណ៍​របស់​អង្គការ​លីកាដូ រក​ឃើញ​ថា អ្នក​ការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ប្រឈម​មុខ​នឹង​បទ​ចោទ​ប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ ហើយ​យក​ទៅ​ដាក់​ឃុំ​ក្នុង​ពន្ធនាគារ ឬ​ប្រឈម​មុខ​នឹង​ការ​រំលោភ​បំពាន ការ​បំភិត​បំភ័យ និង​ការ​តាមដាន​ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ។

ចំណែក​បុគ្គល​ឯករាជ្យ និង​ជន​ល្បីៗ​វិញ រង​ការ​បាញ់​សម្លាប់ និង​ចាប់​ដាក់​ពន្ធនាគារ ដូចជា​ករណី​លោក​បណ្ឌិត កែម ឡី ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ អ្នក​វិភាគ​នយោបាយ លោក គឹម សុខ ត្រូវ​បាន​ចោទ​ប្រកាន់ និង​ចាប់​ដាក់​ពន្ធនាគារ អ្នក​វិភាគ​នយោបាយ លោក អ៊ូ វីរៈ រង​ការ​ចោទ​ពី​បទ​បរិហារ​កេរ្តិ៍​ពាក់ព័ន្ធ​នឹង​មតិ​ដែល​បាន​បញ្ចេញ។

អ្នក​តំណាង​សហគមន៍​ជម្លោះ​ដីធ្លី​រង​ការ​បង្ក្រាប គំរាម និង​ចាប់​ដាក់​ពន្ធនាគារ សកម្មជន​ការពារ​បរិស្ថាន ត្រូវ​បាន​រង​ការ​វាយ​ប្រហារ អាជ្ញាធរ​រារាំង ចាប់​ខ្លួន ឃាត់​ខ្លួន និង​និរទេស​ចេញ​ពី​ប្រទេស។ និស្សិត និង​បុគ្គលិក​អង្គការ​មិន​មែន​រដ្ឋាភិបាល រង​ការ​រារាំង គំរាម​កំហែង​ដោយ​កាំភ្លើង មេ​ដឹកនាំ​សហគមន៍​ត្រូវ​បាន​តុលាការ​កោះ​ហៅ និង​អាជ្ញាធរ​ឃាត់​ខ្លួន អ្នក​តវ៉ា​ជំទាស់​ច្បាប់​ស្ដីពី​អង្គការ​សមាគម ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្តបន្ទាប់ អ្នក​រិះគន់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​បណ្ដាញ​សង្គម រង​ការ​ចាប់​ខ្លួន អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ត្រូវ​បាន​ចាប់​ខ្លួន និង​រង​ការ​វាយ​ដំ បន្ទាប់​មក​តុលាការ​កោះ​ហៅ​ក្នុង​ឋានៈ​ជា​ជន​សង្ស័យ អ្នក​តវ៉ា​សិទ្ធិ​មនុស្ស​ត្រូវ​បាន​ឃាត់​ខ្លួន សកម្មជន​រង​របួស​ក្នុង​ពេល​តវ៉ា​ដីធ្លី​ត្រូវ​តុលាការ​ផ្ដន្ទាទោស។

មេ​ដឹកនាំ​សហគមន៍ ត្រូវ​តុលាការ​ចោទ​ពី​បទ​ឈូស​ឆាយ​ដី​ព្រៃ​របស់​រដ្ឋ កម្មករ​កាត់ដេរ និង​សហជីព ត្រូវ​បាន​បុគ្គលិក និង​សន្តិសុខ​រោងចក្រ ស្ដារ​ឡែថ័ អឹភឺរិល (Starlight Apparel) វាយ​ប្រហារ​ដោយ​បំពង់​ដែក ដំបង និង​កាំបិត នៅ​ពេល​ប្រមូល​ផ្ដុំ​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​ល្អ​ជាង​មុន អ្នក​តវ៉ា​ដោយ​សន្តិវិធី​រង​ការ​វាយ​ដំ​ដោយ​ជន​ពាល និង​ចាប់​ខ្លួន មេ​ដឹកនាំ​សហជីព​ត្រូវ​បាន​ផ្ដន្ទាទោស សមាជិក​សហជីព​ត្រូវ​ឃាត់​ខ្លួន និង​វាយ​ដំ​ឲ្យ​សារភាព សកម្មជន​ក្នុង​សហគមន៍​រង​ការ​គំរាម​កំហែង បុគ្គលិក​អង្គការ​មិន​មែន​រដ្ឋាភិបាល ត្រូវ​បាន​រារាំង​មិន​ឲ្យ​បណ្ដុះបណ្ដាល​សហគមន៍​ជនជាតិ​ដើម​ភាគតិច សកម្មជន​បរិស្ថាន ត្រូវ​បាន​វាយ​ប្រហារ សមាជិក​រដ្ឋាភិបាល​ព្រមាន​សង្គម​ស៊ីវិល​ជា​សាធារណៈ និង​ចោទ​ប្រកាន់​របាយការណ៍​របស់​សង្គម​ស៊ីវិល មន្ត្រី គ..ប ត្រូវ​ជាប់​ឃុំឃាំង នគរបាល​រារាំង​សកម្មភាព​ជួប​ប្រជុំ អាជ្ញាធរ​ចុះ​រារាំង​ការ​អប់រំ​ពី​ការ​បោះឆ្នោត ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​រង​ការ​រារាំង គណនី​ប្រព័ន្ធ​អេឡិចត្រូនិក​របស់​សកម្មជន​សិទ្ធិ​មនុស្ស និង​ដីធ្លី រង​ការ​លុកលុយ និង​ការ​ចាប់​ខ្លួន​យុវជន​ពាក់ព័ន្ធ​ការ​បញ្ចាំង​វីដេអូ​ពី​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ជាដើម។

អង្គការ​លីកាដូ ក៏​រក​ឃើញ​ថា អំពើ​ហិង្សា​ដែល​កង​សន្តិសុខ​ប្រដាប់​ដោយ​ដំបង ឬ​យា​ដៃ​វាយ​សំពង​លើ​អ្នក​តវ៉ា​អហិង្សា​មាន​ការ​គាំទ្រ​ដោយ​អាជ្ញាធរ។ កង​សន្តិសុខ​បាន​ប្រព្រឹត្ត​ហិង្សា​ម្ដង​ហើយ​ម្ដង​ទៀត​ដោយ​គ្មាន​ការ​ផ្ដន្ទាទោស។ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជាប់​ឃុំឃាំង​យូរ​ជាង​អ្នក​វាយ​តំណាងរាស្ត្រ​ទៅ​ទៀត។ អាជ្ញាធរ​បាន​បន្ត​ប្រើប្រាស់​មាត្រា​មួយ​ចំនួន​នៃ​ក្រម​ព្រហ្មទណ្ឌ​ដោយ​មិន​ត្រឹមត្រូវ ដើម្បី​បំបិទ​មាត់​អ្នក​ការពារ​សិទ្ធិ​មនុស្ស រាប់​តាំង​ពី​ការ​បកស្រាយ​មិន​ត្រឹមត្រូវ​លើ​ភាព​ស្រប​ច្បាប់​នៃ​ការងារ​សិទ្ធិ​មនុស្ស ថា​ជា​អំពើ​សូកប៉ាន់​សាក្សី ហើយ​ការ​បកស្រាយ​មិន​ត្រឹមត្រូវ​នៃ​ច្បាប់​ព្រហ្មទណ្ឌ​នេះ បាន​បង្ហាញ​ពី​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ស្ថាប័ន​រដ្ឋ និង​គណបក្ស​កាន់​អំណាច ហើយ​អាច​ជា​ឧបករណ៍​ដើម្បី​បំភ័យ និង​រារាំង​សង្គម​ស៊ីវិល។

ពាក់ព័ន្ធ​នឹង​របាយការណ៍​ដែល​អង្គការ​លីកាដូ រក​ឃើញ​រយៈពេល ២​ឆ្នាំ​នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ហៅ​របាយការណ៍​នេះ​គ្រាន់​តែ​ជា​ការ​សរសេរ​ដើម្បី​សុំ​លុយ​ជំនួយ​តែ​ប៉ុណ្ណោះ។ លោក ផៃ ស៊ីផាន ហៅ​ការ​ចាប់​ខ្លួន និង​ការ​បង្ក្រាប​របស់​អាជ្ញាធរ​ដើម្បី​សន្តិសុខ​សង្គម«ការ​លើក​ឡើង​នេះ​ជា​ការ​លើក​ឡើង​ប្រាសចាក​ពី​ការពិត គ្រាន់​តែ​យក​រាជ​រដ្ឋាភិបាល​ជា​សត្រូវ។ យើង​សោកស្ដាយ​ដែល​គាត់​លើក​ឡើង​ដូច្នេះ។ យើង​តែងតែ​សហការ​ជាមួយ​ជានិច្ច​នៅ​ពេល​ដែល​អង្គការ​ទាំងនោះ​មាន​ភាព​សុចរិត ក្នុង​ការ​បម្រើ​ការងារ​របស់​គេ​ដោយ​មិន​លម្អៀង។ បើ​សិន​ជា​គេ​ធ្វើ​ទៅ​តាម​អ្វី​ដែល​ជា​ការងារ​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល យើង​តែងតែ​ជួយ​ជានិច្ច»

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
RFA

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត បញ្ជាក់​ថា របាយការណ៍​ដែល​លីកាដូ​ចេញ​ផ្សាយ បាន​លើក​យក​ករណី​ជាក់ស្ដែង ហើយ​ការ​ចេញ​របាយការណ៍​នេះ​មិន​មែន​ចង់​រិះគន់ ឬ​បន្តុះបង្អាប់​រដ្ឋាភិបាល​នោះ​ទេ តែ​ចេញ​ក្នុង​នាម​កែលំអ​ឲ្យ​មាន​ភាព​ប្រសើរ​ជាង​នេះ​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​គួរ​តែ​ពិនិត្យ​មើល និង​រក​ដំណោះស្រាយ ជៀសវាង​ការ​លាប​ពណ៌​ដាក់​គ្នា ព្រោះ​សង្គម​ស៊ីវិល​គឺ​ជា​ដៃគូ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល«ទាំង​របាយការណ៍​របស់​អង្គការ​ជាតិ​ក្ដី អន្តរជាតិ​ក្ដី រហូត​ទៅ​ដល់​ការ​រិះគន់​របស់​សហគមន៍​អឺរ៉ុប ក៏ដូចជា​អង្គការ​សហប្រជាជាតិ ពី​រឿង​រំលោភ​បំពាន​ទៅ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស គឺ​ខាង​រដ្ឋាភិបាល​គឺ​តែងតែ​មាន​ការ​បដិសេធ។ ខ្ញុំ​គិត​ថា ដំណោះស្រាយ​អ្វី​ជា​ការ​ល្អ គួរ​តែ​យើង​ពិនិត្យ​មើល​ថា​អ្វី​ដែល​មិន​ទាន់​បាន​កែលំអ ឬ​ខ្វះ​ចន្លោះ យើង​ខិតខំ​កែប្រែ​ទាំងអស់​គ្នា»

បើ​ទោះ​ជា​របាយការណ៍​អង្គការ​លីកាដូ បាន​ចេញ​ផ្សាយ​ថា អ្នក​ការពារ​សិទ្ធិ​មនុស្ស​រង​ការ​គំរាម​រំលោភ​បំពាន ឬ​មាន​ហានិភ័យ​នៅ​ពេល​ហ៊ាន​បញ្ចេញ​មតិ​រិះគន់​ក៏ដោយ លោក អំ សំអាត ប្រាប់​ថា លោក​ធ្លាប់​ឆ្លង​កាត់​ហានិភ័យ​នេះ​ច្រើន​ហើយ ប៉ុន្តែ​លោក​មិន​មាន​ភាព​តក់ស្លុត​នោះ​ទេ ព្រោះ​លោក​យល់​ថា នេះ​ជា​ការ​ជួយ​ដល់​សិទ្ធិ​របស់​ពលរដ្ឋ និង​មិន​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​នោះ​ទេ។

ចំណែក​មន្ត្រី​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ៤​នាក់​ដែល​ធ្លាប់​រង​ការ​ឃុំឃាំង​ជាង ១​ឆ្នាំ​លើ​ការងារ​ផ្នែក​សិទ្ធិ​មនុស្ស ហើយ​ត្រូវ​បាន​តុលាការ​ដោះលែង​កាល​ពី​ចុង​ខែ​មិថុនា ក៏​ប្ដេជ្ញា​នៅ​តែ​បន្ត​តួនាទី​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដដែល ដោយ​គ្មាន​ភាព​ភ័យ​ខ្លាច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។