សកម្មជនគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង សម្រេចផ្អាកយុទ្ធនាការប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាបណ្ដោះអាសន្ន។ ការផ្អាកយុទ្ធនាការ គឺដោយសារសមត្ថកិច្ចខេត្តបាត់ដំបង បានរារាំងសកម្មជនគណបក្សនេះពេលចុះប្រមូលស្នាមមេដៃជាបន្តបន្ទាប់។ គណបក្សប្រឆាំង ប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋដើម្បីស្នើទៅព្រះមហាក្សត្រ ជួយធ្វើព្រះរាជអន្តរាគមន៍ដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប និងមន្ត្រីបក្សប្រឆាំងចំនួន ១៥រូប ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ស្រុកភ្នំព្រឹក អ្នកស្រី នី ភឿន ប្រាប់វិទ្យុអាស៊ីសេរី នៅមុខទីស្នាក់ការគណបក្សនាខេត្តបាត់ដំបង ថ្ងៃទី២៥ ឧសភា ថា មន្ត្រីនគរបាលស្រុកភ្នំព្រឹក នៅព្រឹកថ្ងៃទី២៤ ឧសភា បានបង្ខំអ្នកស្រីឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដើរប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋបន្តទៀត។ អ្នកស្រីអះអាងថា សកម្មជនគណបក្សសង្គ្រោះជាតិ ប្រមូលស្នាមមេដៃពីពលរដ្ឋ ធ្វើឡើង ដោយពុំមានការបង្ខិតបង្ខំឡើយ៖ « ហើយតែប៉ុណ្ណឹងគេចោទខ្ញុំថាធ្វើការអូសទាញពលរដ្ឋចូលបក្ស បានជាគេចាប់ខ្ញុំនោះ។ ហើយថែមទាំងគំរាមខ្ញុំថា បើបំភ្លឺត្រូវដោះលែង តែបើបំភ្លឺខុស ឃុំខ្លួន ២៤ម៉ោង » ។
ឆ្លើយតបនឹងបញ្ហានេះ អធិការនគរបាលស្រុកភ្នំព្រឹក លោក សុង សុភ័ក្រ មានប្រសាសន៍ថា មូលហេតុដែលអាជ្ញាធរឲ្យសកម្មជនបក្សប្រឆាំង បញ្ឈប់សកម្មភាពប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ ដោយសារលោកព្រួយបារម្ភក្រែងសកម្មភាពនេះបន្តយូរទៅ នឹងបង្កអសន្តិសុខនៅក្នុងសង្គមជាតិនៅពេលខាងមុខ៖ « ព្រោះអីជួនកាលគាត់មិនបានប្រាប់ប្រជាពលរដ្ឋ ដូចដែលគាត់និយាយឯណា។ តាមពិតគាត់ប្រាប់ក្នុងន័យផ្សេងអីទៅ។ ហើយប្រជាពលរដ្ឋគាត់មិនយល់ពីការងារនេះ គាត់បានផ្ដិតចូលរួមទៅ។ អ៊ីចឹងបានថាឲ្យនីតិវិធី » ។
សមត្ថកិច្ចរារាំងសកម្មជនគណបក្សប្រឆាំង មិនឲ្យប្រមូលស្នាមមេដៃនេះ កើតឡើងនៅគ្រប់ស្រុកក្នុងខេត្តបាត់ដំបង។
សកម្មជនគណបក្សសង្គ្រោះជាតិ ស្រុកមោងឫស្សី ម្នាក់ទៀត គឺលោក អ៊ុត ជឿន ថ្លែងថា មន្ត្រីនគរបាលស្រុកមោងឫស្សី បានឃាត់សកម្មជនរបស់លោកចំនួនបីនាក់ យកទៅសាកសួរប្រមាណ ២ម៉ោង ខណៈពួកគេចុះប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋនៅភូមិម៉ាណោក ឃុំតាលាស់ ស្រុកមោងឫស្សី កាលពីព្រឹកថ្ងៃទី២៤ ឧសភា៖ « នៅពេលយើងទៅផ្ទះប្រជាពលរដ្ឋ យើងបានប្រាប់ហេតុផលទៅគាត់ និងបានអានឯកសារឲ្យគាត់ស្ដាប់។ ដល់អ៊ីចឹង គាត់យល់ ហើយចូលរួមដោយគាត់យល់ថា មន្ត្រីសិទ្ធិមនុស្សធ្លាប់ជួយពួកគាត់ពីមុនមក » ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា ការប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋដោយពុំមានការបង្ខិតបង្ខំ ដើម្បីស្នើទៅព្រះមហាក្សត្រអន្តរាគមន៍ដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប និងមន្ត្រីនយោបាយជាប់ពន្ធនាគារព្រៃស គឺពុំខុសច្បាប់ឡើយ៖ « ការដែលផ្ដិតស្នាមមេដៃដោយស្ម័គ្រចិត្តនេះ វាអត់ឃើញមានច្បាប់អីចែងថាមានបទល្មើសអីសោះ ! អ៊ីចឹងអ្នកដែលទៅចាប់ទៅឃាត់ខ្លួន ឬក៏ទៅគំរាមកំហែងគេទេ ជាអ្នកប្រព្រឹត្តបទល្មើសទៅវិញ » ។
គណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង ធ្វើយុទ្ធនាការប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋតាំងពីថ្ងៃទី១៦ ឧសភា។ តាមគម្រោង គណបក្សនេះនឹងប្រមូលស្នាមមេដៃពីពលរដ្ឋឲ្យបានពី ២០ ទៅ ៣០ភាគរយនៃចំនួនពលរដ្ឋមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ក្នុងចំណោមពលរដ្ឋជាង ៧សែន ៤ម៉ឺននាក់ (៧៤៤.៥២០នាក់) ក្នុងខេត្តបាត់ដំបង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។