ក្លឹប​អ្នក​កាសែត​ចាត់​ទុក​ការ​បណ្ដេញ​អ្នក​កាសែត​ថា​រំលោភ​បំពាន​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​សេរីភាព

ដោយ អ៊ុក សាវបូរី
2015.07.02
ឈាង វុន ដេញ​អ្នកកាសែត ៦២០ លោក ឈាង វុន តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត​ក្នុង​បរិវេណ​រដ្ឋសភា នៅ​ថ្ងៃ​ទី​០១ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Brach Chev

ក្លឹប​អ្នក​កាសែត​កម្ពុជា ប្រតិកម្ម​នឹង​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បណ្ដេញ​អ្នក​កាសែត​មិន​ឲ្យ​សម្ភាស​នៅ​ក្នុង​បរិវេណ​រដ្ឋសភា។ ក្លឹប​អ្នក​កាសែត​មួយ​នេះ​ចាត់​ទុក​ថា ការ​បណ្ដេញ​អ្នក​កាសែត​ដែល​កំពុង​បំពេញ​តួនាទី​តាម​វិជ្ជាជីវៈ គឺ​ជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​សេរីភាព​របស់​អ្នក​កាសែត ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ចំណែក​មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស ក៏​មិន​គាំទ្រ​ចំពោះ​សកម្មភាព​នេះ​ដែរ។

ក្លឹប​អ្នក​កាសែត​កម្ពុជា នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ចេញ​សេចក្តី​ថ្លែងការណ៍​ប្រឆាំង​នឹង លោក ឈាង វុន តំណាង​រាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋសភា ដែល​បាន​បណ្ដេញ​អ្នក​សារព័ត៌មាន​ចេញ​ពី​បរិវេណ​រដ្ឋសភា ដោយ​គ្មាន​បញ្ជាក់​ហេតុផល។

ស្ថាប័ន​នេះ ចាត់​ទុក​ការ​បណ្ដេញ​អ្នក​កាសែត​ពេល​បំពេញ​ការងារ ជា​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​សេរីភាព​របស់​អ្នក​សារព័ត៌មាន ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

សេចក្តី​ថ្លែងការណ៍​នេះ បាន​ចេញ​មួយ​ថ្ងៃ​ក្រោយ​ពី លោក ឈាន វុន បាន​បណ្ដេញ​អ្នក​កាសែត និង​រារាំង​អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ពេល​ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត ហើយ​សកម្មភាព​នេះ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) និង​សារព័ត៌មាន​មួយ​ចំនួន​ទៀត កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា។

នាយក​ប្រតិបត្តិ​នៃ​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ឆាយ សុផល ថ្លែង​ថា រដ្ឋសភា​មុន​នឹង​អនុញ្ញាត​ឲ្យ​អ្នក​កាសែត​ចូល​ទៅ​យក​ព័ត៌មាន គឺ​មាន​ការ​រឹតត្បិត​ឆែកឆេរ​តឹងតែង ប៉ុន្តែ​បែរ​ជា​មន្ត្រី​ជាន់​ខ្ពស់ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋសភា​រូប​នោះ ប្រើ​ពាក្យ​សម្ដី និង​បញ្ចេញ​ឥរិយាបថ​ខុស​ប្រក្រតី ក្នុង​នាម​ជា​មន្ត្រី​ស្ថាប័ន​កំពូល​របស់​ជាតិ ទៅ​កាន់​អ្នក​សារព័ត៌មាន​ដែល​កំពុង​តែ​បំពេញ​បេសកកម្ម​តាម​វិជ្ជាជីវៈ។ លោក​ថា ទង្វើ​របស់ លោក ឈាង វុន នោះ​ជា​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​សេរីភាព​របស់​អ្នក​សារព័ត៌មាន៖ «ដូច្នេះ​យើង​ពិនិត្យ​ឃើញ​ថា ការ​បណ្ដេញ​អ្នក​កាសែត​ដែល​កំពុង​បំពេញ​តួនាទី​តាម​វិជ្ជាជីវៈ ចេញ​ពី​បរិវេណ​រដ្ឋសភា​នេះ គឺ​វា​គ្មាន​ហេតុផល​ច្បាស់លាស់។ មាន​ពេល​ខ្លះ គាត់​ខឹង​គោ មក​វាយ​រទេះ។ តួនាទី​របស់​អ្នក​សារព័ត៌មាន លោក​ក៏​បាន​ចូល​ទៅ​ក្នុង​រដ្ឋសភា​នោះ​តាម​រយៈ​សន្តិសុខ ហើយ​លោក​មាន​បង្ហាញ​កាត ប័ណ្ណ​ព័ត៌មាន​ដែល​ចេញ​ដោយ​ក្រសួង​ព័ត៌មាន។ ដូច្នេះ​អ្នក​សារព័ត៌មាន លោក​មាន​តួនាទី​ក្នុង​ការ​ប្រមូល​យក​ព័ត៌មាន ទោះ​បី​ជា​អ្នក​ណា​ផ្តល់​សន្និសីទ​កាសែត ផ្តល់​ព័ត៌មាន​យ៉ាង​ណា​ក៏ដោយ នៅ​ទីណា​ក៏ដោយ គឺ​លោក​មាន​តួនាទី​ក្នុង​ការ​ប្រមូល​ព័ត៌មាន​ចម្រុះ​សម្បូរ​បែប​ជូន​ដល់​សាធារណជន។ ដូច្នេះ ការ​ដែល​បណ្ដេញ​អ្នក​សារព័ត៌មាន​ឲ្យ​ចេញ​ដោយ​គ្មាន​ហេតុផល​បែប​នេះ វា​គឺ​ជា​ឥរិយាបថ​ដែល​គ្មាន​វិជ្ជាជីវៈ»

វិទ្យុ​អាស៊ីសេរី ព្យាយាម​សុំ​ការ​បំភ្លឺ​ពី លោក ឈាង វុន តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋសភា ជុំវិញ​បញ្ហា​នេះ ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​កក្កដា។

ករណី​ស្រដៀង​នេះ​ដែរ សន្តិសុខ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក៏​បាន​បណ្ដេញ​ក្រុម​អ្នក​កាសែត​ដែល​កំពុង​សម្ភាស​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​បរិវេណ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​ទី​២ កក្កដា នេះ​ដែរ។ ក្រុម​សន្តិសុខ​ទាំង​នោះ​អះអាង​ថា អ្នក​តំណាង​រាស្ត្រ និង​អ្នក​កាសែត​នៅ​ទីនោះ ហួស​ម៉ោង​ធ្វើ​ការ​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កំណត់។

អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ថ្លែង​ថា លោក​មាន​ការ​សោកស្ដាយ​ចំពោះ​មនុស្ស​ចេះ​ដឹង​ច្បាប់ និង​ជា​អ្នក​បាន​អនុម័ត​គ្រប់​ច្បាប់ បែរ​ជា​រំលោភ​ច្បាប់​ស្ដីពី​សារព័ត៌មាន។ លោក​បន្ត​ថា ការ​ប្រជុំ​នៅ​រដ្ឋសភា​គ្មាន​អ្វី​លាក់​កំបាំង ដែល​អ្នក​សារព័ត៌មាន​មិន​អាច​ចូល​យក​ព័ត៌មាន ដើម្បី​ផ្សព្វផ្សាយ​នោះ​ទេ។ លោក​ថា ក្រៅ​ពី​បណ្ដេញ​អ្នក​សារព័ត៌មាន លោក ឈាង វុន ក៏​បាន​ដេញ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ដែរ។ លោក​បន្ត​ថា ទង្វើ​របស់ លោក ឈាង វុន នេះ ជា​អត្តចរិត​មនុស្ស​ចង់​សម្ដែង​ឫក​ផង រើសអើង​គេ​ឯង​ផង និង​ហាក់​ដូច​ទាញ​ទម្លាក់​វប្បធម៌​សន្ទនា​ដែល​មេ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ទើប​នឹង​ខំ​ផ្ដួចផ្ដើម​ឡើង​កាល​ពី​មុន​ចូល​ឆ្នាំ​ខ្មែរ ២០១៥ នេះ​ទេ៖ «ពីព្រោះ​គាត់​ជា​អ្នក​ធ្លាប់​ធ្វើ​ការ​នៅ​បរទេស ហើយ​គាត់​មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់ ហើយ​ទង្វើ​នេះ​គ្រាន់​តែ​ជា​ការ​បង្ហាញ​ឥទ្ធិពល បង្ហាញ​នូវ​អំណាច​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋសភា​តែ​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ​បើ​យើង​និយាយ​អំពី​វប្បធម៌ ឬ​ក៏​សីលធម៌ ក្រម​សីលធម៌​នៃ​អ្នក​តំណាង​រាស្ត្រ គឺ​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ»

សេចក្តី​ថ្លែងការណ៍​របស់​ក្លឹប​អ្នក​កាសែត​កម្ពុជា អំពាវនាវ​ដល់​ថ្នាក់​ដឹក​នាំ​គ្រប់​ស្ថាប័ន រួម​ទាំង​តំណាង​រាស្ត្រ និង​មន្ត្រី​រាជការ​គ្រប់​លំដាប់​ថ្នាក់ ឲ្យ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អនុវត្ត​ច្បាប់ និង​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បញ្ចេញ​អាកប្បកិរិយា ឬ​ពាក្យ​សម្ដី​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ស្រប​ច្បាប់​របស់​អ្នក​សារព័ត៌មាន។

គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ-សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ទទូច​ឲ្យ លោក ឈាង វុន គោរព​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​របស់​តំណាង​រាស្ត្រ

នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា នេះ​ដែរ គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ-សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) ទទូច​ឲ្យ លោក ឈាង វុន គោរព​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​របស់​តំណាង​រាស្ត្រ​ដទៃ​ទៀត។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​មួយ​នេះ លើក​ឡើង​ថា សកម្មភាព​របស់​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នក​នាំ​ពាក្យ​របស់​រដ្ឋសភា លោក ឈាង វុន ដែល​បាន​ហាម​ឃាត់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន មិន​ឲ្យ​ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​ក្នុង​មន្ទីរ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​១ កក្កដា ថា​ជា​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ដល់​សេរីភាព​សម្ដែង​មតិ សេរីភាព​ក្នុង​ការ​មាន​មតិ និង​សិទ្ធិ​ក្នុង​ការ​ប្រឆាំង​តវ៉ា។

គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ-សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា អំពាវនាវ​ដល់​តំណាង​រាស្ត្រ​ទាំងអស់ បញ្ឈប់​នូវ​ការ​ជ្រៀតជ្រែក និង​រំលោភ​បំពាន​លើ​សិទ្ធិ និង​ឯក​សិទ្ធិ​របស់​តំណាង​រាស្ត្រ​ដទៃ​ទៀត ក្នុង​ការ​ផ្តល់​បទសម្ភាសន៍​ឲ្យ​អ្នក​សារព័ត៌មាន និង​បម្រើ​ផល​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ដែល​ពួក​គេ​ធ្វើ​ជា​អ្នក​តំណាង។

អង្គការ​មួយ​នេះ សង្ឃឹម​ដែរ​ថា សមាជិក​សភា​ទាំងអស់​គោរព​តាម​រដ្ឋធម្មនុញ្ញ និង​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា ដើម្បី​រក្សា​នូវ​បរិយាកាស​សន្តិភាព និង​ប្រកាន់​ខ្ជាប់​នូវ​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំង​ពីរ។ ពួក​គេ​ក៏​អំពាវនាវ​ឲ្យ​រដ្ឋសភា រៀបចំ​ទីកន្លែង​សមស្រប​ណា​មួយ​នៅ​ក្នុង​បរិវេណ​រដ្ឋសភា សម្រាប់​ភ្នាក់ងារ​សារព័ត៌មាន និង​សម្រាប់​សមាជិក​រដ្ឋសភា អាច​សម្ដែង​មតិ​ជា​សាធារណៈ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។