ក្រសួង​មហាផ្ទៃ​ថា​កម្ពុជា​អនុវត្ត​តាម​ច្បាប់​ចំពោះ​ជនជាតិ​ម៉ុងតាញ៉ា-វៀតណាម

ដោយ យាង សុជាមេត្តា
2017.05.07
ម៉ុងតាញ៉ា រតនគិរី ៦២០ ជនជាតិ​​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ចំនួន ៨​នាក់ ជួប​មន្ត្រី​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នា​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៤។
RFA

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ អះអាង​នៅ​ថ្ងៃ​ទី​៦ ឧសភា ថា កម្ពុជា បាន​អនុវត្ត​ត្រឹមត្រូវ​នូវ​កាតព្វកិច្ច​របស់​ខ្លួន​តាម​ច្បាប់​កំណត់ ចំពោះ​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​ម៉ុងតាញ៉ា-វៀតណាម។ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) កាល​ពី​ថ្ងៃ​ទី​៥ ឧសភា ផ្សព្វផ្សាយ​សលាកបត្រ​ព័ត៌មាន​ស្ដីពី​ស្ថានភាព​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​ម៉ុងតាញ៉ា-វៀតណាម នៅ​កម្ពុជា ហើយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​គោរព​កាតព្វកិច្ច​ចំពោះ​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​ទាំងនោះ។

ឆ្លើយតប​នឹង​កង្វល់​របស់​សង្គម​ស៊ីវិល​ចំពោះ​ស្ថានភាព​របស់​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា-វៀតណាម អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់​ថា កម្ពុជា បាន​ទទួល​ពួក​គេ ហើយ​អនុញ្ញាត​ឲ្យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ជា​អ្នក​គ្រប់គ្រង​ជនជាតិ​ម៉ុងតាញ៉ា ទាំងអស់​នោះ។

ចំពោះ​ការ​ស្នើ​របស់​សង្គម​ស៊ីវិល ដែល​ឲ្យ​កម្ពុជា ធានា​ថា អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​ទាំងអស់​នៅ​កម្ពុជា មាន​ឱកាស​ដាក់​ពាក្យ​ស្នើសុំ​សិទ្ធិ​ជ្រកកោន និង​ទទួល​បាន​ការ​សម្រេច​ប្រកប​ដោយ​យុត្តិធម៌ ចំពោះ​សំណើ​សុំ​ការពារ​របស់​ពួក​គេ​ដោយ​អនុលោម​តាម​ច្បាប់​អន្តរជាតិ​នោះ លោក ខៀវ សុភ័គ អះអាង​ថា អាជ្ញាធរ​ខ្មែរ​បាន​ទទួល​ជនជាតិ​ម៉ុងតាញ៉ា សម្ភាស ហើយ​សំណួរ​ដែល​អាជ្ញាធរ​ខ្មែរ​សួរ គឺ​ធ្វើ​ឡើង​តាម​ស្តង់ដារ (Standard) ឬ​តាម​ការ​កំណត់​ដែល​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ដាក់​ឲ្យ។

ប៉ុន្តែ​លោក​ថា ក្រោយ​ពី​បាន​សាកសួរ ពិនិត្យ និង​វាយ​តម្លៃ ជនជាតិ​ម៉ុងតាញ៉ា​ភាគច្រើន​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​ឋានៈ​ជា​ជន​ភៀស​ខ្លួន​នោះ​ទេ។ លោក​បញ្ជាក់​បន្ថែម​ថា រហូត​មក​ទល់​ពេល​បច្ចុប្បន្ន មាន​ជនជាតិ​ម៉ុងតាញ៉ា តែ ១៣​នាក់​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ឋានៈ​ជា​ជន​ភៀស​ខ្លួន។ អ្នក​ទាំង ១៣​នាក់​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​រស់នៅ​ក្នុង​ប្រទេស​ហ្វីលីពីន (Philippines) ដើម្បី​រង់ចាំ​ទៅ​តាំង​ទីលំនៅ​ថ្មី​ក្នុង​ប្រទេស​ទី​បី។ លោក​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ប្រទេស​ណា​ព្រម​ទទួល​យក​អ្នក​ទាំង ១៣​នាក់​នោះ​នៅ​ឡើយ៖ «ពេល​ដែល​ម៉ុងតាញ៉ា ទៅ​វិញ រដ្ឋាភិបាល​ប្រទេស​ដែល​ម៉ុងតាញ៉ា រស់នៅ​គេ​បើក​ទូលាយ​តើ! យើង​បាន​សួរ​នាំ​គាត់​ហើយ ធ្លាក់​នឹង​សំណួរ​ដែល​ជា​ស្តង់ដារ​ហ្នឹង ឯកសារ​នៅ​ក្រសួង​មហាផ្ទៃ ទាំងអស់»

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អះអាង​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០១ មក មាន​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា-វៀតណាម ប្រមាណ ៣​ពាន់​នាក់​ឆ្លង​ដែន​ចូល​មក​ប្រទេស​កម្ពុជា ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន។ រលក​នៃ​ការ​រត់​ឆ្លង​ដែន​ចុង​ក្រោយ គឺ​នៅ​ចុង​ឆ្នាំ​២០១៤ ដែល​ចាប់​ពី​ពេល​នោះ​មក​មាន​ជនជាតិ​ម៉ុងតាញ៉ា មិន​តិច​ជាង ២០០​នាក់​ទេ​ដែល​បាន​ឆ្លង​ដែន​ចូល​កម្ពុជា ជា​បន្តបន្ទាប់ តាម​ព្រៃ​ក្នុង​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​រតនគិរី របស់​កម្ពុជា ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ខេត្ត​យ៉ាឡាយ (Gia Lai) ខេត្ត​ដាក់ឡាក់ (Dak Lak) និង​ខេត្ត​កនតុម (Kon Tum) ភាគ​កណ្ដាល​ប្រទេស​វៀតណាម។

សង្គម​ស៊ីវិល​រិះគន់​ថា បើ​ទោះ​ជា​កម្ពុជា ជា​ភាគី​នៃ​អនុសញ្ញា​ស្ដីពី​ជន​ភៀស​ខ្លួន​ឆ្នាំ​១៩៥១ ក្តី តែ​ជា​រឿយៗ កម្ពុជា មិន​ទាន់​បាន​អនុវត្ត​ពេញលេញ​នូវ​កាតព្វកិច្ច​របស់​ខ្លួន​នៅ​ឡើយ​ទេ ហើយ​ថែម​ទាំង​បាន​ចាប់​បញ្ជូន​ដោយ​បង្ខំ​ជនជាតិ​ម៉ុងតាញ៉ា ទៅ​កាន់​ប្រទេស​វៀតណាម ដែល​នៅ​ទីនោះ ពួក​គេ​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម។

បច្ចុប្បន្ន មាន​ជនជាតិ​ម៉ុងតាញ៉ា ចំនួន ៩១​នាក់​កំពុង​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោម​ការ​គ្រប់គ្រង​របស់​អង្គការ​សហប្រជាជាតិ។

សង្គម​ស៊ីវិល​ស្នើ​ឲ្យ​កម្ពុជា គោរព​ឲ្យ​បាន​ពេញលេញ​តាម​គោលការណ៍​ជា​មូលដ្ឋាន​នៃ​ការ​មិន​បញ្ជូន​ចេញ​ដោយ​បង្ខំ និង​ដាក់​ចេញ​បទបញ្ជា​ភ្លាមៗ ដើម្បី​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​ជនជាតិ​ម៉ុងតាញ៉ា បើ​ទោះ​ជា​ដោយ​ស្ម័គ្រ​ចិត្ត​ក៏ដោយ រហូត​ទាល់​តែ​អ្នក​សង្កេតការណ៍​អន្តរជាតិ​អាច​ធ្វើ​ការ​ឃ្លាំ​មើល​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​ធានា​ថា ជីវិត និង​សេរីភាព​របស់​ពួក​គេ​មិន​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម គំរាម​កំហែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។