ក្រុម​អ្នក​ជំនាញ​ពិភាក្សា​និង​វាយ​តម្លៃ​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

ដោយ សាន សែល
2017.06.29
ពិភាក្សា​អនុសាសន៍​សិទ្ធិ ២០១៧ ១៤៤០ ក្រុម​អ្នក​ជំនាញ​ដែល​មាន​សមាសភាព​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​អង្គការ​សហប្រជាជាតិ ពិភាក្សា​គ្នា​ពី​អនុសាសន៍​ដែល​ត្រូវ​បាន​ស្នើ​ឡើង​ជូន​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
RFA/San Sel

ក្រុម​អ្នក​ជំនាញ​ដែល​មាន​សមាសភាព​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​ទី​២៩ មិថុនា ពិភាក្សា​គ្នា​ពី​អនុសាសន៍​ដែល​ត្រូវ​បាន​ស្នើ​ឡើង​ជូន​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ឆ្នាំ​២០១៤ ដើម្បី​ជួយ​ជំរុញ​រដ្ឋាភិបាល​ធានា​ពី​ការ​គោរព​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ។

ប្រធានបទ​សិទ្ធិ​មនុស្ស​សំខាន់ៗ​មួយ​ចំនួន​ដែល​ត្រូវ​ជជែក រួម​មាន​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ សិទ្ធិ​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ និង​សេរីភាព​ខាង​ការ​ជួបជុំ សិទ្ធិ​ដីធ្លី កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ និង​សិទ្ធិ​ស្ត្រី និង​សិទ្ធិ​កុមារ។

នេះ​ជា​ការ​ពិគ្រោះ​យោបល់ និង​វាយ​តម្លៃ​ពាក់​កណ្ដាល​អាណត្តិ​លើ​ការ​អនុវត្ត​អនុសាសន៍ ក្រោយ​ការ​ត្រួត​ពិនិត្យ​ជា​សកល​តាម​កាលកំណត់ ឬ យូ.ភី.(UPR = Universal Periodic Review) របស់​ប្រទេស​កម្ពុជា។

វា​ជា​ការ​ពិនិត្យ​តាមដាន​ការ​អនុវត្ត​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ពង្រឹង​ស្ថានភាព​សិទ្ធិ​មនុស្ស​សំខាន់ៗ​នៅ​តាម​បណ្ដា​ប្រទេស​សមាជិក ក្នុង​មួយ​អាណត្តិ​រយៈពេល​ប្រាំ​ឆ្នាំ។

ដោយ​បញ្ជាក់​ក្នុង​ឯកសារ​កម្រង​អនុសាសន៍​របស់​យន្តការ​សិទ្ធិ​មនុស្ស​សហប្រជាជាតិ ចំពោះ​ប្រទេស​កម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan Hea Lee) តំណាង​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ នៅ​កម្ពុជា កាល​ពី​ឆ្នាំ​២០១៤ បាន​បញ្ជាក់​ថា អនុសាសន៍​ទាំងនេះ​អាច​ក្លាយ​ជា​ឧបករណ៍​នៃ​ការ​តស៊ូ​មតិ​ដ៏​មាន​អំណាច​បំផុត​សម្រាប់​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់។

ថ្លែង​ជាមួយ​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​កម្មវិធី​បើក​កិច្ច​ពិភាក្សា អ្នកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) សង្កេត​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា ទទួល​យក​អនុសាសន៍​ចំនួន ១៦៣ ក្នុង​ចំណោម ២០៥ ពី​អង្គការ​សហប្រជាជាតិ ដើម្បី​លើក​កម្ពស់​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក៏ប៉ុន្តែ​សម្រាប់​អ្នកស្រី ការ​យក​អនុសាសន៍​នោះ​មក​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ជា​រឿង​សំខាន់​ដែល​ត្រូវ​តាមដាន និង​វាយ​តម្លៃ។

អ្នកស្រី​កត់​សម្គាល់​ថា រយៈពេល​ចុង​ក្រោយ​នេះ បរិយាកាស​ខាង​ការ​បញ្ចេញ​មតិ និង​សេរីភាព​ខាង​ជួបជុំ​កំពុង​រួម​តូច​ទៅ ពិសេស​មុន​ការ​បោះឆ្នោត​មក​ដល់ និង​ការ​គាប​សង្កត់​លើ​អ្នក​មាន​ទស្សនៈ​ផ្សេង​ពី​រដ្ឋាភិបាល«ចង់​ឲ្យ​មាន​ការ​សហការ​មួយ​រវាង​អង្គការ​សង្គម​ស៊ីវិល ជាមួយ​នឹង​រដ្ឋាភិបាល តាម​រយៈ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា របស់​រដ្ឋាភិបាល ដើម្បី​យើង​អាច​មាន​ឱកាស​ក្នុង​ការ​ពិនិត្យ​មើល​ទាំងអស់​គ្នា ថា​តើ​អ្វី​ជា​សមិទ្ធផល​របស់​រដ្ឋាភិបាល ឆ្លើយតប​នឹង​អនុសាសន៍​ហ្នឹង ហើយ​អ្វី​ទៀត​ដែល​ជា​ចំណុច​ប្រឈម​ដែល​រដ្ឋាភិបាល​ពិបាក​ក្នុង​ការ​អនុវត្ត ឬ​មួយ​ក៏​តួនាទី​របស់​អង្គការ​សង្គម​ស៊ីវិល​អាច​ចូលរួម​ក្នុង​ការ​បំពេញ ឬ​ក៏​សហការ​រួម​គ្នា»

អ្នកស្រី ចក់ សុភាព យល់​ថា ការ​គោរព និង​ស្តាប់​មតិ​រិះគន់ អាច​ពង្រឹង​សិទ្ធិ និង​សេរីភាព​ប្រជាពលរដ្ឋ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួង​មហាផ្ទៃ ពិនិត្យ​មើល​ពី​ភាព​ស្រប​ច្បាប់​របស់​ក្រុម​ការងារ​របស់​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល និង​វាយ​តម្លៃ​ការ​បោះឆ្នោត បន្ទាប់​ពី​ក្រុម​នេះ​បាន​រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ក្នុង​ដំណើរការ​រៀបចំ​បោះឆ្នោត។

តុលាការ​បាន​កោះ​ហៅ​អ្នក​កាសែត​ដើម្បី​សួរ​នាំ បន្ទាប់​ពី​ចុះ​ទៅ​យក​ព័ត៌មាន ហើយ​មន្ត្រី​យុត្តិធម៌​បាន​បង្ហាញ​ពី​កម្រិត​ទោស​ទណ្ឌ​ដែល​អាច​ត្រូវ​ជាប់​ពន្ធនាគារ។

ការ​ប្រមូល​ផ្តុំ​នៅ​តាម​ទី​សាធារណៈ ដែល​ពលរដ្ឋ​ធ្វើ​ឡើង​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ត្រូវ​បាន​ហាមប្រាម។ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​ព្យាយាម​បញ្ចេញ​យោបល់​ជជីក​សួរ​រក​ហេតុផល​ចំពោះ​ករណី​ភាព​អយុត្តិធម៌​សង្គម​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ដោយ​អង្គការ​សហប្រជាជាតិ ហៅ​ថា​ជា​ការ​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត។

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ដែល​រិះគន់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ឬ​រដ្ឋាភិបាល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ។

អ្នក​វិភាគ​ដែល​ជជីក​វែកញែក​រក​អ្វី​នៅ​ពី​ក្រោយ​នៃ​ការ​វិវឌ្ឍន៍​ស្ថានភាព​សង្គម និង​នយោបាយ​ខ្លះ ត្រូវ​គេ​សម្លាប់ ខ្លះ​ទៀត​កំពុង​ជាប់​ពន្ធនាគារ ខ្លះ​ទៀត​កំពុង​ជាប់​ពាក្យ​បណ្ដឹង​នៅ​តុលាការ។

ចំណែក​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​ជា​ស្ថាប័ន​របស់​រដ្ឋាភិបាល​យល់​ឃើញ​ថា ការ​សហការ​គ្នា​រវាង​ភាគី​ពាក់ព័ន្ធ​ជា​ការ​ចាំបាច់ ដើម្បី​ជួយ​លើក​ស្ទួយ​សិទ្ធិ​របស់​ពលរដ្ឋ​កម្ពុជា«ខ្ញុំ​សូម​ទាក់ទាញ​ឲ្យ​ផ្តល់​យុត្តិធម៌ ផ្តល់​យុត្តិធម៌​ជូន​ប្រមុខ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​ការងារ​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​សិទ្ធិ​មនុស្ស។ បើ​សិន​ជា​យើង​ចាប់​ផ្ដើម​បិទ​តែ​ម្តង យើង​ចាប់​ផ្ដើម​គិត​ថា ជា​គំនុំ ឬ​ដោយសារ​និន្នាការ​នយោបាយ។ នេះ​ជា​ការ​ពិបាក»

តំណាង​រង​ប្រចាំ​ប្រទេស​កម្ពុជា នៃ​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ អ្នកស្រី ម៉ារៀ ឌូមីនិក ប៉ារ៉ង់ (Marie-Dominique Parent) បញ្ជាក់​នៅ​ក្នុង​ពិធី​បើក​កិច្ច​ពិភាក្សា​រយៈពេល ២​ថ្ងៃ​ថា អ្នកស្រី​សង្ឃឹម​ថា ភាគី​ពាក់ព័ន្ធ​នឹង​រួម​គ្នា​រក​ដំណោះស្រាយ​កាន់​តែ​ប្រសើរ ដើម្បី​ពង្រឹង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា«យើង​នឹង​រង់ចាំ​មើល​ពី​លទ្ធផល​ពី​កិច្ច​ពិភាក្សា​នេះ ថា​តើ​វា​នឹង​ដំណើរការ​ទៅ​យ៉ាង​ដូចម្តេច? មិន​ថា​ការ​ពិភាក្សា​ដោយ​ផ្ទាល់ ឬ​ប្រយោល​ដើម្បី​តាមដាន ហើយ​មើល​ពី​អ្វី​ដែល​អាច​ធ្វើ​បន្ថែម​ទៀត​បាន ដើម្បី​សម្រេច​អនុសាសន៍​ដែល​បាន​ស្នើ​ឡើង​ក្នុង​រយៈពេល​ខ្លី និង​វែង»

ប្រទេស​កម្ពុជា ត្រូវ​បាន​ពិនិត្យ​ដំបូង​ក្រោម​ដំណើរការ​ត្រួត​ពិនិត្យ​ជា​សកល​តាម​កាលកំណត់ ឬ យូ.ភី.អ កាល​ពី​ឆ្នាំ​២០០៩៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។