ស្ថានទូត​សហរដ្ឋ​អាមេរិក​មិន​ទាន់​ដឹង​អំពី​ការ​និរទេស​ពលរដ្ឋ​កម្ពុជា​បន្ថែម​នៅ​ឡើយ

ដោយ រាជ វិញ្ញូ
2017.03.30
គេហទំព័រ​ស្ថានទូត​សហរដ្ឋ​អាមេរិក ៨៥៥ គេហទំព័រ​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា។ Screenshot
Screenshot

មន្ត្រី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា មិន​ទាន់​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ប្រហែល ៣០​នាក់​ទៀត​នឹង​ត្រូវ​បញ្ជូន​មក​ដល់​កម្ពុជា នៅ​ពេល​ណា​ឡើយ ក្រៅ​ពី​ដឹង​ថា ទើប​បញ្ជូន​បាន ៥​នាក់​កាល​ពី​ថ្ងៃ​ទី​២៩ មីនា។ ចំណែក​អតីត​ជន​ភៀស​ខ្លួន​ពលរដ្ឋ​កម្ពុជា ដែល​ត្រូវ​បាន​និរទេស​ចេញ​ពី​សហរដ្ឋ​អាមេរិក ចាត់​ទុក​ថា គឺ​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​ពួក​គេ។

បើ​ទោះ​បី​ជា​ក្រសួង​មហាផ្ទៃ ធ្លាប់​អះអាង​ថា ពលរដ្ឋ​ខ្មែរ​ចំនួន ៣៦​នាក់ ដែល​ជា​ជន​ភៀស​ខ្លួន នឹង​ត្រូវ​បញ្ជូន​ចេញ​ពី​ទឹកដី​សហរដ្ឋ​អាមេរិក មក​កម្ពុជា វិញ​នៅ​ក្នុង​ខែ​មីនា នេះ​ក្ដី ប៉ុន្តែ​មក​ដល់​ពេល​នេះ គឺ​មាន​តែ​ចំនួន ៥​នាក់ ដែល​គេ​បាន​ដឹង​ថា បាន​បញ្ជូន​មក​ដល់​ប្រទេស​កម្ពុជា វិញ។

មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក ជេ រ៉ាម៉េន (Jay Raman) បាន​បញ្ជាក់​យ៉ាង​ខ្លី​ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក ឬ​អ៊ីមែល (Email) នៅ​ថ្ងៃ​ទី​៣០ មីនា ថា ក្រៅ​តែ​ពី​ពលរដ្ឋ​កម្ពុជា ចំនួន ៥​នាក់ ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា វិញ​នៅ​ថ្ងៃ​ទី​២៩ មីនា ដោយ​ក្រសួង​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក (U.S Department of Homeland Security) លោក​ក៏​មិន​ទាន់​ដឹង​ថា អ្នក​ដទៃ​ទៀត​នឹង​ត្រូវ​បញ្ជូន​មក​ដល់​កម្ពុជា នៅ​ពេល​ណា​នៅ​ឡើយ​ដែរ។

ពលរដ្ឋ​ខ្មែរ​ជា​ជន​ភៀស​ខ្លួន​ដែល​សហរដ្ឋ​អាមេរិក ចាប់​បញ្ជូន​កន្លង​មក​នេះ ដោយសារ​ពួក​គេ​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ និង​ធ្លាប់​ជា​អ្នក​ជាប់​ពន្ធនាគារ​នៅ​សហរដ្ឋ​អាមេរិក ពី​ករណី​ឈ្លោះ​វាយ​តប់​គ្នា និង​ការ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ជាដើម។ បើ​គិត​ពី​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០១៦ មាន​ពលរដ្ឋ​កម្ពុជា ចំនួន ៥៣៨​នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ជន​អន្តោប្រវេសន៍​សហរដ្ឋ​អាមេរិក សម្រេច​ចាប់​បញ្ជូន​មក​ប្រទេស​កម្ពុជា វិញ បើ​ទោះ​ជា​ពួក​គេ​ប្រឆាំង​មិន​ចង់​ត្រឡប់​មក​វិញ​ក្ដី។

អតីត​ជន​ភៀស​ខ្លួន​ដែល​ត្រូវ​បញ្ជូន​ចេញ​ពី​សហរដ្ឋ​អាមេរិក និង​ជា​ស្ថាបនិក​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​កុំ​ឲ្យ​មាន​ការ​ចាប់​បញ្ជូន​ពលរដ្ឋ​កម្ពុជា ពី​សហរដ្ឋ​អាមេរិក បន្ថែម​ទៀត លោក ហេង សុភា ចាត់​ទុក​គោល​នយោបាយ​សហរដ្ឋ​អាមេរិក ដែល​និរទេស​ខ្លួន​ពលរដ្ឋ​កម្ពុជា នៅ​ពេល​នេះ ថា​ជា​រឿង​ដ៏​អយុត្តិធម៌​មួយ ព្រោះ​ធ្វើ​ឲ្យ​មាន​ការ​ព្រាត់ប្រាស​គ្រួសារ ហើយ​គ្រួសារ​នឹង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ ព្រោះ​អ្នក​ខ្លះ​គឺ​ជា​ប្ដី និង​ឪពុក​ដែល​សកម្ម​ខាង​រក​លុយ​ទំនុក​បម្រុង​ក្នុង​គ្រួសារ។ លោក​បន្ត​ថា អ្នក​ដែល​ត្រូវ​បញ្ជូន​ទាំងនោះ គឺ​ធ្លាប់​ជាប់​ពន្ធនាគារ​នៅ​សហរដ្ឋ​អាមេរិក ចាប់​ពី ៣ ទៅ ២០​ឆ្នាំ មុន​នឹង​បញ្ជូន​មក​កម្ពុជា វិញ៖ «ដូចជា​រំលោភ​សិទ្ធិ​របស់​អ្នក​ដែល​បញ្ជូន​មក ព្រោះ​ពួក​គាត់​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក តាំង​ពី​ក្មេង​ពី​អាយុ ២ ទៅ ៣​ឆ្នាំ ហើយ​របៀប​របប​រស់នៅ​របស់​ពួក​គាត់ គឺ​អាមេរិកាំង»

ពាក់ព័ន្ធ​នឹង​ការ​ចាប់​បញ្ជូន​ពលរដ្ឋ​កម្ពុជា ទាំង ៥​នាក់​នេះ អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បកស្រាយ​ពី​មន្ត្រី​តំណាង​ក្រសួង​មហាផ្ទៃ បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី​៣០ មីនា ប៉ុន្តែ​កន្លង​មក មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ធ្លាប់​បញ្ជាក់​ប្រាប់​អាស៊ីសេរី​ថា រាល់​ការ​បញ្ជូន​ពលរដ្ឋ​កម្ពុជា កន្លង​មក គឺ​អាស្រ័យ​លើ​ភាគី​សហរដ្ឋ​អាមេរិក​ដែល​ជា​អ្នក​រៀបចំ​គ្រប់​កិច្ចការ​ទាំងអស់ ហើយ​ពលរដ្ឋ​កម្ពុជា ខ្លះ​ទៀត មិន​ទាន់​ទាំង​អនុវត្ត​ទោស​ចប់​សព្វគ្រប់​នៅ​ពន្ធនាគារ​ផង។ លោក​បន្ត​ថា ពលរដ្ឋ​ទាំងនោះ ខ្លះ​កើត​នៅ​លើ​ទឹកដី​កម្ពុជា និង​ខ្លះ​ទៀត​កើត​នៅ​ជំរំ​ជន​ភៀស​ខ្លួន​ក្នុង​ប្រទេស​ថៃ មុន​ចាកចេញ​ទៅ​រស់នៅ​ជា​ជន​ភៀស​ខ្លួន​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក។

ចំណែក​ស្ថានទូត​សហរដ្ឋ​អាមេរិក ក៏​ធ្លាប់​អះអាង​ថា នឹង​មាន​កិច្ច​ចរចា​ឡើង​វិញ​ជុំវិញ​សំណើ​សុំ​ការ​កែ​សម្រួល​កិច្ចព្រមព្រៀង​ការ​បញ្ជូន​ខ្លួន​កាល​ពី​ឆ្នាំ​២០០២ រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក បន្ទាប់​ពី​ភាគី​កម្ពុជា បង្ហាញ​ជំហរ​ជំទាស់​ចំពោះ​វិធានការ​ចាប់​បញ្ជូន​ខ្លួន​ពលរដ្ឋ​កម្ពុជា។

លោក ហេង សុភា អតីត​ជន​ភៀស​ខ្លួន​ដែល​ត្រូវ​អាជ្ញាធរ​ចាប់​បញ្ជូន​ចេញ​ពី​សហរដ្ឋ​អាមេរិក បញ្ជាក់​ទៀត​ថា សម្រាប់​ជន​ភៀស​ខ្លួន​ដែល​មិន​ទទួល​បាន​សញ្ជាតិ​ជា​ពលរដ្ឋ​អាមេរិកាំង​ស្រប​ច្បាប់ ហើយ​នៅ​ពេល​មាន​ទោស​ទណ្ឌ​រឿង​បទល្មើស​អ្វី​មួយ នឹង​មាន​ឈ្មោះ​ក្នុង​បញ្ជី​គោល​នយោបាយ​ជន​អន្តោប្រវេសន៍​សហរដ្ឋ​អាមេរិក ដែល​គេ​នឹង​ចាប់​បញ្ជូន​ទៅ​កាន់​ប្រទេស​ដើម​កំណើត​វិញ ថ្វីត្បិតតែ​អ្នក​ទាំងនោះ​ក្រោយ​ពី​អនុវត្ត​ទោស​ចប់​សព្វគ្រប់ និង​បាន​ទៅ​បន្ត​ការ​សិក្សា ឬ​ក៏​រៀបការ​បង្កើត​ជា​គ្រួសារ​ក្ដី។

លោក ហេង សុភា អះអាង​ថា តាម​លោក​ដឹង គឺ​មាន​ពលរដ្ឋ​ខ្មែរ​ជាង ២​ពាន់​នាក់​ទៀត កំពុង​ស្ថិត​ក្នុង​បញ្ជី​គោល​នយោបាយ​ជន​អន្តោប្រវេសន៍​សហរដ្ឋ​អាមេរិក ដែល​ត្រៀម​បញ្ជូន​ត្រឡប់​មក​កម្ពុជា វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។