សហភាព​អឺរ៉ុប​បន្ត​គាំទ្រ​គម្រោង​អ៊ីនធឺណិត​កាហ្វេ​សម្រាប់​អ្នក​សារព័ត៌មាន​កម្ពុជា

0:00 / 0:00

គម្រោង​អ៊ីនធឺណិត​កាហ្វេ (Internet Café) គឺ​ជា​គម្រោង​របស់​ក្លឹប​អ្នក​កាសែត​កម្ពុជា ក្រោម​ជំនួយ​ពី​សហភាព​អឺរ៉ុប ដែល​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ចាប់​ពី​ឆ្នាំ​២០០៨។ គម្រោង​នេះ ដើម្បី​បង្កើន​សមត្ថភាព​ដល់​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា។ ទន្ទឹម​គ្នា​នេះ ចង់​ឲ្យ​អ្នក​សារព័ត៌មាន​កម្ពុជា មាន​ចំណេះ​ដឹង​បន្ថែម​ទៀត។ សហភាព​អឺរ៉ុប នឹង​បន្ត​គាំទ្រ​ទាំង​ធនធាន និង​សម្ភារៈ លើ​ការ​បន្ត​អនុវត្ត​គម្រោង​អ៊ីនធឺណិត​កាហ្វេ​នេះ។

សហភាព​អឺរ៉ុប ចាត់​ទុក​គម្រោង​អ៊ីនធឺណិត​កាហ្វេ ថា​ដើរ​តួ​ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​កុំព្យូទ័រ និង​អ៊ីនធឺណិត​ដ៏​សំខាន់ សម្រាប់​អ្នក​សារព័ត៌មាន​កម្ពុជា។ ការ​លើក​ឡើង​របស់​សហភាព​អឺរ៉ុប នៅ​ពេល​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ប្រកាស​អំពី​ការ​បន្ត​គម្រោង​របស់​ខ្លួន ពី​កិច្ច​គាំទ្រ​ដល់​ការ​ភ្ជាប់​សេវា​អ៊ីនធឺណិត​សម្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២៧ ខែ​មករា។

ថ្លែង​ក្នុង​ពិធី​នេះ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​ប្រទេស​កម្ពុជា លោក ច្សច អេដហ្គា (George EDGAR) មាន​ប្រសាសន៍​ថា ធនធាន​មនុស្ស​ផ្នែក​សារព័ត៌មាន​នៅ​កម្ពុជា នៅ​មាន​កម្រិត ពិសេស​អ្នក​សារព័ត៌មាន នៅ​តែ​ពិបាក​ស្វែងរក​ព័ត៌មាន ឬ​សិក្សា​ស្រាវជ្រាវ​បាន​ទូលំទូលាយ​នៅ​ឡើយ បើ​ប្រៀបធៀប​នឹង​បណ្ដា​ប្រទេស​ដទៃ​ទៀត។ បញ្ហា​នេះ សហភាព​អឺរ៉ុប យល់​ថា ដើម្បី​បង្កើន​ធនធាន​មនុស្ស​ផ្នែក​សារព័ត៌មាន​ឲ្យ​គ្រប់គ្រាន់ និង​ជួយ​ជំរុញ​ឲ្យ​អ្នក​សារព័ត៌មាន​មាន​សមត្ថភាព​ពេញ​លេញ ដើម្បី​បំពេញ​វិជ្ជាជីវៈ​របស់​ខ្លួន​បាន​ល្អ មាន​តែ​បន្ត​គម្រោង​អ៊ីនធឺណិត​កាហ្វេ​សម្រាប់​អ្នក​សារព័ត៌មាន​ប៉ុណ្ណោះ។

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​ប្រទេស​កម្ពុជា រូប​នេះ រំពឹង​ថា អ៊ីនធឺណិត​កាហ្វេ​មិន​ត្រឹម​តែ​ជា​វេទិកា​ដ៏​មាន​ប្រយោជន៍ ដែល​អ្នក​សារព័ត៌មាន​កម្ពុជា អាច​ស្វែងរក​ព័ត៌មាន និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​និពន្ធ​នាយក​របស់​ខ្លួន អ្នក​សារព័ត៌មាន​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់ និង​នៅ​ក្នុង​ពិភពលោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ដើរ​តួ​ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​កុំព្យូទ័រ និង​អ៊ីនធឺណិត​ដ៏​សំខាន់​សម្រាប់​អ្នក​សារព័ត៌មាន​កម្ពុជា ផង​ដែរ៖ «នេះ គឺ​ជា​គម្រោង​មួយ​ដ៏​មាន​សារសំខាន់ ថា​មាន​អ្នក​កាសែត​មួយ​ចំនួន គាត់​មិន​ទាន់​មាន​ចំណេះ​ជំនាញ​ពិត​ប្រាកដ ក្នុង​ការ​សរសេរ​អត្ថបទ​ដ៏​ល្អ​សម្រាប់​អ្នក​សារព័ត៌មាន។ ចឹង​គម្រោង​អ៊ីនធឺណិត​កាហ្វេ​នេះ អាច​ឲ្យ​អ្នក​កាសែត​ស្វែង​យល់ ពង្រឹង​សមត្ថភាព​របស់​ខ្លួន​បន្ថែម​ទៀត ទទួល​បាន​វគ្គ​បណ្តុះបណ្តាល ពិសេស​អាច​សរសេរ​អត្ថបទ​ប្រកប​ដោយ​គុណភាព​ល្អ ជំរុញ​ឲ្យ​ការ​អភិវឌ្ឍ​ប្រទេស​កាន់​តែ​រីក​ចម្រើន»

ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា (CCJ) លោក ប៉ែន បូណា សាទរ​ចំពោះ​ការ​បន្ត​គាំទ្រ​ទាំង​ធនធាន និង​សម្ភារៈ ដល់​ដំណើរ​ការ​គម្រោង​អ៊ីនធឺណិត​កាហ្វេ​នេះ ព្រោះ​អាច​ឲ្យ​អ្នក​សារព័ត៌មាន​ជាច្រើន​នៅ​កម្ពុជា ទទួល​បាន​ការ​បណ្តុះបណ្តាល បង្កើន​ចំណេះ​ដឹង​ផ្ទាល់​ខ្លួន ខណៈ​កម្ពុជា ចូល​ជា​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន៖ «យើង​ឥឡូវ​ហ្នឹង យើង​ចូល​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន។ ចឹង​បើ​អ្នក​កាសែត​យើង​អត់​ចេះ​អ៊ីនធឺណិត អត់​ចេះ​ស្រាវជ្រាវ​តាម​រយៈ​បច្ចេកវិទ្យា​ផ្សេង វា​ពិបាក​ណាស់។ ហេតុ​នេះ​វា​ចាំបាច់​ណាស់​លើ​វិជ្ជាជីវៈ​សារព័ត៌មាន ហើយ​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា គម្រោង​នឹង​ផ្តល់​ប្រយោជន៍​ដល់​អ្នក​សារព័ត៌មាន ដរាប​ណា​អ្នក​សារព័ត៌មាន​នៅ​តែ​ត្រូវ​ការ»

ចំណែក​អ្នក​សារព័ត៌មាន​ម្នាក់​ដែល​តែង​តែ​មក​ស្រាវជ្រាវ​តាម​រយៈ​គម្រោង​អ៊ីនធឺណិត​កាហ្វេ លោក សុខ សុវណ្ណ មក​ពី​កាសែត​កម្ពុជា​ថ្មី និយាយ​ថា អ៊ីនធឺណិត​កាហ្វេ​បាន​ផ្តល់​ជូន​នូវ​សម្ភារៈ​មួយ​ចំនួន ដូចជា ម៉ាស៊ីន​កុំព្យូទ័រ និង​ម៉ាស៊ីន​បោះពុម្ព អាច​បង្ក​ភាព​ងាយ​ស្រួល​ដល់​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា ស្វែងរក​ព័ត៌មាន​ដើម្បី​ឆ្លើយ​តប​ចំពោះ​តម្រូវ​ការ​របស់​ខ្លួន ឬ​ស្ថាប័ន​របស់​ពួក​គេ៖ «គិត​ថា​គម្រោង​ហ្នឹង​ល្អ អាច​ឲ្យ​អ្នក​សារព័ត៌មាន​នានា​មក​ជួប​ជុំ​គ្នា​ស្រាវជ្រាវ​ការងារ និង​ចែក​រំលែក​បទពិសោធន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ដែរ»

ក្លឹប​អ្នក​កាសែត​កម្ពុជា បាន​អំពាវនាវ​ដល់​អ្នក​សារព័ត៌មាន​កម្ពុជា ដែល​ខ្វះខាត​សេវា​អ៊ីនធឺណិត ឬ​ចង់​ស្រាវជ្រាវ​បន្ថែម​ទៀត​ពី​ចំណេះ​ដឹង​ផ្សេងៗ អាច​មក​ប្រើប្រាស់​សេវា​អ៊ីនធឺណិត​កាហ្វេ​នៃ​ក្លឹប​អ្នក​កាសែត​កម្ពុជា ដែល​មាន​ទីតាំង​នៅ​សង្កាត់​ទួលទំពូង១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ បាន​ជា​រៀង​រាល់​ថ្ងៃ ដោយ​មិន​ចំណាយ​ថវិកា​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។