គ្រួសារ​ពលករ​ជាប់​គុក​នៅ​ថៃ​ស្នើ​អាដហុក​ខេត្ត​បន្ទាយមានជ័យ​ជួយ​សាច់ញាតិ​ចេញ​ពី​គុក

ដោយ ហ៊ុំ ចំរើន
2017-07-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សាច់ញាតិ​របស់​ពលករ​ដែល​តុលាការ​ប្រទេស​ថៃ ផ្ដន្ទាទោស​ដាក់​គុក ៦​ឆ្នាំ រក​អន្តរាគមន៍​ពី​មន្ត្រី​សម្របសម្រួល​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា (ឆ្វេង) នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៧។ Photo ADHOC
សាច់ញាតិ​របស់​ពលករ​ដែល​តុលាការ​ប្រទេស​ថៃ ផ្ដន្ទាទោស​ដាក់​គុក ៦​ឆ្នាំ រក​អន្តរាគមន៍​ពី​មន្ត្រី​សម្របសម្រួល​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា (ឆ្វេង) នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៧។ Photo ADHOC
Photo ADHOC

សាច់ញាតិ​ពលករ​ដែល​ចាញ់​បោក​មេ​ខ្យល់​ធ្វើ​លិខិត​ឆ្លង​ដែន​នាំ​ទៅ​ប្រទេស​ថៃ ចំនួន ៥​នាក់​នៅ​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ កក្កដា រក​កិច្ច​អន្តរាគមន៍​ពី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​នេះ ដើម្បី​ឲ្យ​ជួយ​ផ្លូវ​ច្បាប់​ដាក់​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ឲ្យ​សាច់ញាតិ​របស់​ខ្លួន​ឆាប់​បាន​ចេញ​ពី​ពន្ធនាគារ​នៅ​ប្រទេស​ថៃ ត្រឡប់​មក​កម្ពុជា វិញ។ តុលាការ​ថៃ បាន​ផ្ដន្ទាទោស​ឲ្យ​សាច់ញាតិ​របស់​ពួក​គេ​ជាប់​គុក​ម្នាក់​ចំនួន ៦​ឆ្នាំ ពី​បទ​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ​ចូល​ប្រទេស​ថៃ។

សាច់ញាតិ​ពលករ​នៅ​ស្រុក​មង្គលបូរី លើក​ឡើង​ថា សាច់ញាតិ​របស់​ពួក​គេ​មិន​គួរ​ជាប់​គុក ៦​ឆ្នាំ​ទេ ព្រោះ​ពេល​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ តាម​រយៈ​មេ​ខ្យល់​នោះ ពួក​គេ​ពុំ​បាន​ដឹង​ថា​កាន់​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ​នោះ​ទេ។

ពលរដ្ឋ​ឈ្មោះ សឿន កាន់ ថ្លែង​ថា ពលករ​ខ្មែរ​ចំនួន ១០​នាក់ នៅ​ខេត្ត​បាត់ដំបង ៥​នាក់ និង​ខេត្ត​បន្ទាយមានជ័យ ៥​នាក់ ក្នុង​នោះ​ក៏​មាន​សាច់ញាតិ​របស់​លោក​ចំនួន ៤​នាក់​ផង​ដែរ គឺ​ប្រុស​ម្នាក់ និង​ស្រី ៣​នាក់ ត្រូវ​បាន​តុលាការ​ខេត្ត​សុរិន្ទ របស់​ថៃ ផ្ដន្ទាទោស​ដាក់​គុក​ម្នាក់​ចំនួន ៦​ឆ្នាំ ក្រោម​បទ​ចោទ​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់។ លោក​អះអាង​ថា កាល​ពី​ថ្ងៃ​ទី​២៨ មេសា ឆ្នាំ​២០១៧ សាច់ញាតិ​របស់​លោក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ តាម​រយៈ​មេ​ខ្យល់​ឈ្មោះ ដា ភេទ​ស្រី រស់នៅ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង ដោយ​ឲ្យ​មេ​ខ្យល់​ម្នាក់​ប្រមាណ ៣០​ម៉ឺន​រៀល ដើម្បី​ឲ្យ​ជួយ​នាំ​ឆ្លង​ដែន។

លោក​បន្ថែម​ថា នៅ​ពេល​ចេញ​ដំណើរ មេ​ខ្យល់​បាន​ឲ្យ​លិខិត​ឆ្លង​ដែន​ពលករ​កាន់​ចូល​ទៅ​ប្រទេស​ថៃ ដោយ​ពុំ​ដឹង​ថា​ជា​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ ស្រាប់​តែ​ប៉ូលិស​ថៃ បាន​ត្រួត​ពិនិត្យ និង​ចាប់​ខ្លួន​នៅ​ក្នុង​ទឹកដី​ខេត្ត​សុរិន្ទ តែ​ម្ដង៖ «គាត់​បាន​ប្រាប់​ប៉ូលិស​ថៃ ដែរ​ថា មេ​ខ្យល់​នាំ​មក ហើយ​ខាង​ថៃ តាម​ចាប់​រយៈពេល ៣​ខែ​ហើយ តែ​ចាប់​មិន​បាន គេ​ក៏​សម្រេច​កាត់​ក្ដី​ពលករ​ទាំង ១០​នាក់​តែ​ម្ដងមុន​ដំបូង​គេ​កាត់​ក្ដី​ជាប់ ១២​ឆ្នាំ តែ​ដោយសារ​ពួក​គាត់​សារភាព តុលាការ​ក៏​បាន​សម្រាល​ទោស​មក​នៅ ៦​ឆ្នាំ​វិញបើ​ទោះ​ជា​ជាប់ ៦​ឆ្នាំ ខ្ញុំ​គិត​ថា​យូរ​ណាស់ គ្មាន​អ្នក​ណារក​ស៊ី​ចិញ្ចឹម​កូន​ចៅ​របស់​ពួក​គាត់​ទេ»

អាស៊ីសេរី ពុំ​អាច​រក​ប្រភព​ទាក់ទង​មេ​ខ្យល់​ឈ្មោះ ដា ដើម្បី​ឆ្លើយតប​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៧ កក្កដា។

សាច់ញាតិ​ពលករ​ដាក់​ពាក្យ​ស្នើ​អន្តរាគមន៍​ឲ្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ជួយ​តាម​ផ្លូវ​ច្បាប់ ដើម្បី​ឲ្យ​ពលករ​ខ្មែរ​បាន​ត្រឡប់​មក​កម្ពុជា វិញ។

មន្ត្រី​សម្របសម្រួល​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ក្នុង​ករណី​នេះ ពលករ​ទាំង ១០​នាក់​ពុំ​មាន​ចេតនា​ប្រើ​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ​នោះ​ទេ តែ​ជា​កំហុស​របស់​មេ​ខ្យល់​ដែល​ប្រគល់​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ​ឲ្យ​ពលករ​ចូល​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់៖ «យើង​ឃើញ​ថាមិន​គួរចាប់​គាត់ដាក់​គុក​ទេ គួរ​តែ​ស៊ើបសួរ ហើយ​ដោះលែង​គាត់នៅ​ពេលខាង​មុខ ក្រោយ​ពេល​យើង​សាកសួរ​ពួក​គាត់​រួច យើង​បញ្ជូន​ឯកសារ​ទៅ​ស្នាក់ការ​កណ្ដាល​អាដហុក​នៅ​ភ្នំពេញ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ក្រសួង​ការ​បរទេស​ខ្មែរ​ទាក់ទង​ជាមួយ​ស្ថានទូត​កម្ពុជា នៅ​ទីក្រុង​បាងកក ផ្ដល់​មេធាវី​ជួយ​ការពារ​ក្ដី​ឲ្យ​ពួក​គាត់ ដើម្បី​ឲ្យ​រួច​ទោស ព្រោះ​តាម​ពិត​ពួក​គាត់​ចាញ់​បោក​មេ​ខ្យល់​ទេ»

បច្ចុប្បន្ន ពលករ​ខ្មែរ​ទាំង ១០​នាក់ ត្រូវ​បាន​តុលាការ​ថៃ បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​សុរិន្ទ។

អាស៊ីសេរី ពុំ​អាច​ទាក់ទង​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៧ កក្កដា ដោយ​ទូរស័ព្ទ​ពុំ​មាន​អ្នក​ទទួល។

លោក ស៊ុំ ច័ន្ទគា លើក​ឡើង​ថា ករណី​នេះ​សមត្ថកិច្ច​ពាក់ព័ន្ធ​អាច​ជួយ​អន្តរាគមន៍​ទៅ​ខាង​ភាគី​ថៃ ឲ្យ​ពលករ​រួច​ទោស​ត្រឡប់​មក​កម្ពុជា វិញ​បាន ព្រោះ​តុលាការ​មិន​ទាន់​ចេញ​សាលក្រម​ស្ថាពរ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល