មន្ត្រី​រដ្ឋាភិបាល​ចាត់​ទុក​របាយការណ៍​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ថា​មាន​ចរិត​នយោបាយ

ដោយ យាង សុជាមេត្តា
2017-05-30
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ក្នុង​កិច្ច​ប្រជុំ​នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Hang Savyouth
អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ក្នុង​កិច្ច​ប្រជុំ​នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Hang Savyouth
RFA/Hang Savyouth

មន្ត្រី​រដ្ឋាភិបាល​ចាត់​ទុក​របាយការណ៍​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ដែល​រិះគន់​រដ្ឋាភិបាល​កម្ពុជា ថា​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​ធ្វើ​បាប​បក្ស​ប្រឆាំង និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នោះ ថា​ជា​របាយការណ៍​ដែល​មាន​ចរិត​នយោបាយ។ ទោះ​ជា​យ៉ាង​ណា មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស ថា​របាយការណ៍​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ​នេះ ឆ្លុះ​បញ្ចាំង​ពី​ការពិត​នៅ​កម្ពុជា។

ប្រតិកម្ម​ភ្លាមៗ​របស់​មន្ត្រី​រដ្ឋាភិបាល​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការ​លើកលែង​ទោស​អន្តរជាតិ ចេញ​របាយការណ៍​នៅ​ថ្ងៃ​ទី​៣០ ឧសភា ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើ​ជា​ឧបករណ៍​ដើម្បី​គាប​សង្កត់​បក្ស​ប្រឆាំង និង​អ្នក​ដែល​ហ៊ាន​និយាយ​រិះគន់​លើ​រដ្ឋាភិបាល។

ក្នុង​របាយការណ៍​កម្រាស់ ៤០​ទំព័រ​មាន​ចំណង​ជើង​ថា «តុលាការ​នៃ​ភាព​អយុត្តិធម៌៖ ការ​បង្ក្រាប​ភាព​សកម្ម​តាម​រយៈ​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​ក្នុង​ប្រទេស​កម្ពុជា» អង្គការ​លើកលែង​ទោស​អន្តរជាតិ រៀបរាប់​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ដាក់​គំនាប​ទៅ​លើ​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស សមាគម​អាដហុក (ADHOC) និង​អគ្គលេខាធិការ​រង គ..ប លោក នី ចរិយា ព្រម​ទាំង​ការ​ប្រើប្រាស់​តុលាការ​កាត់​ទោស​តំណាង​សហជីព​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោយ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច នៅ​ក្បែរ​បញ្ជាការដ្ឋាន​ទ័ព​អាកាស​ឆត្រ​យោង​៩១១ ក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​នៅ​លើ​កំណាត់​ផ្លូវ​វ៉េងស្រេង ក្បែរ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា កាល​ពី​ដើម​ឆ្នាំ​២០១៤។

អង្គការ​លើកលែង​ទោស​អន្តរជាតិ​រក​ឃើញ​ថា ចាប់​តាំង​ពី​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ មក មាន​មន្ត្រី សកម្មជន​បក្ស​ប្រឆាំង និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចំនួន ២៧​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ ខណៈ​អ្នក​ផ្សេង​ទៀត​កំពុង​ប្រឈម​នឹង​ផ្លូវ​ច្បាប់។ អង្គការ​លើកលែង​ទោស​អន្តរជាតិ លើក​ឡើង​ថា អ្នក​ទាំងអស់​នេះ​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ដោយសារ​តែ​និន្នាការ​នយោបាយ និង​សកម្មភាព​ការពារ​សិទ្ធិ​មនុស្ស។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​នេះ​រក​ឃើញ​ដែរ​ថា សិទ្ធិ​សេរីភាព​របស់​អ្នក​ទាំងអស់​នេះ ជាពិសេស​សេរីភាព​រួច​ផុត​ពី​ការ​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត និង​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​ជាដើម ក៏​ត្រូវ​បាន​គេ​រំលោភ​បំពាន។

អង្គការ​លើកលែង​ទោស​អន្តរជាតិ ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដែល​ជា​ស្ថាប័ន​នីតិប្រតិបត្តិ បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើ​បាប​បក្ស​ប្រឆាំង និង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស គោរព​ឯករាជភាព​របស់​តុលាការ ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ទាំងអស់​លើ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស និង​បក្ស​ប្រឆាំង និង​បញ្ឈប់​ការ​ប្រើប្រាស់​ការ​ឃ្លាំ​មើល​របស់​តុលាការ ធ្វើ​ជា​មធ្យោបាយ​រឹតត្បិត​លើ​សកម្មភាព​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​សហជីព។

អង្គការ​លើកលែង​ទោស​អន្តរជាតិ លើក​ឡើង​ថា ក្នុង​បរិបទ​ដែល​កម្ពុជា កំពុង​ត្រៀម​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នេះ ស្ថានភាព​អាច​នឹង​កាន់​តែ​អាក្រក់​ថែម​ទៀត​ក៏​ថា​បាន បើ​រដ្ឋាភិបាល​នៅ​តែ​ប្រើប្រាស់​តុលាការ​ជា​ឧបករណ៍​របស់​ខ្លួន​នោះ។

ប្រតិកម្ម​ទៅ​នឹង​ការ​អះអាង​នេះ មន្ត្រី​រដ្ឋាភិបាល និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ចាត់​ទុក​របាយការណ៍​នេះ​ថា​មាន​ចរិត​នយោបាយ ជាជាង​ជា​របាយការណ៍​ដែល​ចូលរួម​ចំណែក​កសាង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។ ផ្ទុយ​ទៅ​វិញ លោក​ថា​រដ្ឋាភិបាល​កំពុង​ធ្វើ​តាម​ច្បាប់«យើង​មិន​សូវ​ចាប់​អារម្មណ៍​ទេ​ចំពោះ​ការ​វាយ​តម្លៃ​នេះ ពីព្រោះ​វា​មិន​ឆ្លើយតប​ទៅ​នឹង​អ្វី​ដែល​ជា​ដំណើរការ​របស់​តុលាការ ដែល​ឈរ​ទៅ​លើ​អង្គ​ហេតុ​ដែល​ជន​នោះ​ប្រព្រឹត្ត»

កន្លង​ទៅ ពលរដ្ឋ​មួយ​ចំនួន ពិសេស​អ្នក​ទទួល​រង​អំពើ​អយុត្តិធម៌​ដោយ​ការ​សម្រេច​របស់​តុលាការ បាន​ចាត់​ទុក​តុលាការ​កម្ពុជា ថា​ជា​តុលាការ​តេឡេ មាន​ន័យ​ថា ជា​តុលាការ​ដែល​រង់ចាំ​ស្តាប់​តែ​បញ្ជា ឬ​ធ្វើ​តាម​ការ​ណែនាំ​របស់​អ្នក​មាន​អំណាច។

អ្នក​នាំ​ពាក្យ​សមាគម​អាដហុក លោក សំ ច័ន្ទគា យល់​ថា របាយការណ៍​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ គឺ​ឆ្លុះ​បញ្ចាំង​ពី​ការពិត​នៅ​កម្ពុជា។ លោក​ថា បើ​ទោះ​ជា​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​បែងចែក​អំណាច​តុលាការ​ដាច់​ស្រឡះ​ពី​អំណាច​នីតិប្រតិបត្តិ ឬ​រដ្ឋាភិបាល​ក្តី ប៉ុន្តែ​តុលាការ​នៅ​តែ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ទទួល​រង​ឥទ្ធិពល​ពី​អ្នក​នយោបាយ​មាន​អំណាច«យើង​ឃើញ​ថា​មួយ​រយៈ​នេះ ស្ថាប័ន​ទាំង​៣ លែង​ជា​មុំ​ចង្ក្រាន​ហើយ វា​ទៅ​ជា​បង្គោល​របង​វិញ ដើម្បី​ការពារ​អំណាច​ឲ្យ​រដ្ឋាភិបាល​វិញ ហ្នឹង​ហើយ​យើង​មើល​ឃើញ​ថា ប្រព័ន្ធ​តុលាការ​អត់​រឹងមាំ​ទេ ឋិត​ក្រោម​ការ​ចាត់ចែង ឬ​បញ្ជា​របស់​អ្នក​មាន​អំណាច​ទៅ​វិញ»

កន្លង​ទៅ​ឲ្យ​តែ​មាន​របាយការណ៍​រិះគន់​រដ្ឋាភិបាល​កម្ពុជា ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស ឬ​រិះគន់​ទៅ​លើ​ប្រព័ន្ធ​តុលាការ​ជាដើម​នោះ មន្ត្រី​រដ្ឋាភិបាល​តែង​ចាត់​ទុក​ថា​ជា​របាយការណ៍​មិន​ឆ្លុះ​បញ្ចាំង​ពី​ការពិត ឬ​ជា​របាយការណ៍​ព្រៃ ជាដើម។

ទោះ​ជា​យ៉ាង​ណា លោក សំ ច័ន្ទគា យល់​ថា រដ្ឋាភិបាល​គួរ​បើក​ចិត្ត​ឲ្យ​ទូលាយ​ទទួល​យក​ការ​រិះគន់​របស់​អង្គការ​ជាតិ និង​អន្តរជាតិ ហើយ​ធ្វើ​ការ​កែ​តម្រូវ​បើ​មើល​ឃើញ​ថា ខ្លួន​ពិត​ជា​មាន​កំហុស​ឆ្គង​មែន​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ខ្ញំូសំុមកលោកផៃ សីុផានមេត្តារកនូវរបៀបដោះសារបែបអន់ៗដាក់បន្ទូកឲ្យដល់គណបក្សប្រជាជនអោយបានច្រើនជាងនេះ ព្រោះអ្វី? ព្រោះថា បើវាមានបន្ទូកធ្ងន់លើសទម្ងន់ បក្សនេះងើបមុខក៏លែងរួចដែរ ដូច.......វាមិនខ្វះទេយុទ្ធសាស្ត្រ បែបនេះ, លើកលែងតែលោកមិនចង់ឆ្លើយតបមនុស្សដែល...,,,,ជាភាសាអង់គ្លេស៍មានលោកម្នាក់ដែលស្ទាត់........បើជាភាសាបារាំងគឺ ទុកឲ្យលោកឈាន វុុន ។ ហើយជាយោបល់ខ្ញំូផ្ទាល់ ខ្ញំូសំុផ្តាំថា សុំលោកកុំឆ្លើយផ្តាច់មុខជំនាញរបស់គេ នាំឲ្យគេអន់ចិត្ត ណាលោក !!!

May 31, 2017 05:16 AM

អ្នក​អាន​អនាមិក

well, well, all Khmer can do at right now is keep all the records of CPP said then one day Khmer will use that records to rub his face.

May 31, 2017 04:52 AM

អ្នក​អាន​អនាមិក

ផៃ ស៊ីផាន "You and your guys never admitted grime that y'all have done to Cambodian peoples"

May 31, 2017 03:40 AM

ភវវ្ម័ន

ពី បាវិត ស្វាយ​រៀង​

ត្រឹម​ត្រូវ​ហើយ​ដែល​លោក​ផៃស៊ីផាន ថា​ របាយ​ការណ៍​របស់​អង្គការ​លើក​លែង​ទោស​អន្ដរជាតិ​មាន​ចរិត​នយោបាយ​! ព្រោះ​អង្គការ​អន្ដរជាតិ​​បាន​បក​ស្រាយ​ពី​ចរិត​នយោបាយ​ជួជាតិ​បំភាន់​មតិ​ជាតិ​និងអន្ដរជាតិ​របស់​រដ្ឋាភិបាល​ហ្នឹង​ហើយ​!យើង​លើក​តែ​ករណី​១​ចំនុច​ដែល​​តុលាការបក្ខជននៃ​របប​នេះ​​បាន​ ឃុំ​ខ្លួន​និង​បន្ដឃុំ​ខ្លួន​ សមាជិក​អង្គការ​សិទ្ធិ​មនុស្ស​និង​មន្រ្ដី​គ.ជ.ប​ទាំង​៥រូប​ លើស​ពី​១​ឆ្នាំទៅ​១៨​ខែ​គឺ​គ្រាន់តែ​ ទុក​កាត់​ក្ដីតាម​ទំនើង​ចិត្ត​របស់​តុលាការ​បក្ខ​ជន​តែប៉ុណ្ណោះ!
​​នៅ​សូរ​អី​ទៀត ត្រង់​នេះ​ហើយ​ តែ១​ចំណុច​គឺគ្រប់គ្រាន់​ដែល​បញ្ជាក់​ពី​នយោបាយ​ជួរជាតិ​ដ៏​អយុត្តិធម៌នោះ!

May 30, 2017 10:35 PM

អ្នក​អាន​អនាមិក

ពី បាត់ដំបង

ខ្ញុំដូចជាមិនយល់ ពួកអ្នកខាងរដ្ឌាភិបាល តែងតែយកហេតុផលថា គេមានចារិតនយោបាយ..បើសិនជាគេលំអៀង..ម៉េចគេមិនលំអៀងទៅខាងបក្សកាន់អំណាចដែលមានលុយមានអំណាចវិញ..តើចំណេញអីដល់គេ ដែលកាន់ជើងបក្សប្រឆំាងដែល ក្ររហាម ហើយគ្មានអំំណាចអ្វីសោះ!

May 30, 2017 09:18 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល